×

សម្រាប់​អ្នក​ស្រលាញ់​សិល្បៈ​ អាហារូបករណ៍​ សិល្បៈ​អមតៈ​ អាន​ ចន​ផន​ ចាប់​ផ្តើម​ជ្រើស​រើស​បេក្ខជន​ជា​ថ្មី​ទៀត​ហើយ​

NEWS 6 months ago
 
 

          អ្នក​ដែល​មាន​និស្ស័យ​​​ស្រលាញ់​ពេញ​ចិត្ត​​លើ​អាជីព​ពាក់ព័ន្ធ​នឹង​​សិល្បៈ​​និង​វប្បធម៌​ នឹងទទួល​បាន​ឱកាស​​អាហារូបករណ៍​​​មួយ​ឈ្មោះ​ថា​ “សិល្បៈ​អមតៈ​ អាន ចនផន” ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​​​បំពេញ​បន្ថែម​​នូវ​តម្រូវ​ការ​សិក្សា​ ដើម្បី​ពង្រឹង​វិជ្ជាជីវៈ​​​​សិល្បៈ​​នា​ថ្ងៃអនាគត​​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​។ គម្រោង​អាហារូបករណ៍​នេះ​បង្កើត​ឡើង​​​រយៈ​ពេល​ជាង​ ១០​ឆ្នាំ​មក​ហើយ​ ដោយ​​អង្គការ​​សិល្បៈ​ខ្មែរ​អមតៈ​ ​ដោយ​ការ​​ផ្តល់​អាហារូបករណ៍​ដល់​បេក្ខជន​១០​រូប​ ជា​រៀង​រាល់​ឆ្នាំ​​ លើ​​អាហារូបករណ៍​អភិវឌ្ឍន៍​ជំនាញ​សិល្បៈ និង​អាហារូបករណ៍​អភិវឌ្ឍនជំនាញ​មិន​មែន​សិល្បៈ​។

          នៅ​ក្នុង​ឱកាស​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​​​កម្មវិធី​អាហារូបករណ៍​សិល្បៈ​អមតៈ​ អាន ចនផន កាល​ពី​ថ្ងៃ​សុក្រ​នេះ​​​នៅ​ឯ​មហាវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ លោក​ ឥន្ទ សម៉ាណាក់ អ្នក​ចាត់ចែង​កិច្ចការ​រដ្ឋបាល​កម្មវិធី​ របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​​​ថ្លែង​ថា​ "(អង្គការ) ចង់​បង្ក​លទ្ធភាព​ដល់​សិស្ស​និស្សិត​សិល្បៈ​ លោក​គ្រូ​អ្នក​គ្រូ​ ឬ​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សិល្បៈ​ឲ្យ​គាត់​ទទួល​បាន​​ ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ និង​ការ​បណ្តុះបណ្តាល ដើម្បី​អភិវឌ្ឍ​ជំនាញ​សិល្បៈ​របស់​គាត់​ ឬ​ជំនាញ​មិន​មែន​សិល្បៈ​របស់​គាត់​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង"។ លោក ​សម៉ាណាក់​​ បន្ត​ទៀត​ថា​ ​អាហារូបករណ៍​ក៏​បាន​ផ្តល់​ជូន​ផង​ដែរ​ ​ដល់​​ការ​អភិវឌ្ឍន៍​ជំនាញ​មិន​មែន​សិល្បៈ​ ដោយ​សារ​​​អ្នក​សិក្សា​ផ្នែក​សិល្បៈ​​មួយ​ចំនួន​មាន​ជំនាញ​សិល្បៈ​មែន​ ប៉ុន្តែ​គាត់​ខ្វះ​ជំនាញ​​បន្ថែម​​​ដើម្បី​ពង្រឹង​អាជីព​របស់​គាត់។ លោក​បន្ថែម​ថា​ "ពេល​ខ្លះ​​អ្នក​ខ្លះ​រៀន​ជំនាញ​សិល្បៈ​ក៏​ពិត​មែន​ ប៉ុន្តែ​ពួក​គាត់​ខ្វះ​ខាត​ថវិកា​ដើម្បី​រៀន​ឲ្យ​ចប់​ ឬ​ដើម្បី​បញ្ចប់​ស្នាដៃ​របស់​គាត់ ដូច្នេះ​កម្មវិធី​អាហារូករណ៍​​គឺ​ជា​ការ​គាំទ្រ​សម្រាប់​ឲ្យ​គាត់​សិក្សា​បញ្ចប់​មុខ​ជំនាញ​របស់​គាត់​​ឲ្យ​បាន​សម្រេច​"។

          អាហារូបករណ៍​នេះ​នឹង​ផ្តល់​ជូន​នូវ​ថវិកា​ចំនួន ១,២០០​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​ដល់​សិស្ស​អាហារូបករណ៍​មួយ​រូប​ ដើម្បី​ចាត់ចែង​​សម្រាប់​ការ​រៀនសូត្រ​បន្ថែម​ដោយ​ខ្លួន​ឯង។ សិស្ស​អាហារូបករណ៍​​នឹង​តម្រូវ​ឲ្យ​ជ្រើសរើស​ស្ថាប័ន​សិក្សា​ដោយ​ខ្លួន​ឯង​ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​អ្នក​ដែល​ទទួល​បាន​អាហារូបករណ៍​ទាំង​ក្នុង​ក្រុង​និង​តាម​បណ្តា​ខេត្ត​។ បន្ថែម​ពី​នេះ​ ​​អាហារូបករណ៍​ក៏​បាន​បង្កើត​វគ្គ​បណ្តុះ​បណ្តាល​គុណ​តម្លៃ​ សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន ឲ្យមានភាព​ជា​អ្នក​ដឹក​នាំ​ និង​អាជីព​ការងារ​ និង​ការ​ចូល​រួម​ព្រឹត្តិការណ៍​សិល្បៈ​នានា​​ផង​ដែរ។

          ក្នុង​នោះ វគ្គ​សិក្សា​ជំនាញ​សិល្បៈ​ដែល​អាច​ស្នើ​សុំ​ មាន​ដូច​ជា​ ជំនាញ​ តូរ្យ​តន្រ្តី សូនរូប របាំ ល្ខោន សៀក សិល្បៈ​នាដសាស្រ្ត និង​ជំនាញ​សិល្បៈ​ផ្សេង​ទៀត។ បន្ថែម​ពី​នេះ​ សិស្ស​អាហារូបករណ៍​អាច​ស្នើ​សុំ​​សិក្សា​ជំនាញ​មិន​មែន​សិល្បៈ​ ដែល​មាន​ដូច​ជា​ ភាសា​អង់គ្លេស​ទូទៅ​ កុំព្យូទ័រ​ បដិសណ្ឋារកិច្ច​ និង​ទេសចរណ៍ គណនេយ្យ និង​បុរាណ​វិទ្យា។ សិស្ស​និស្សិត​ផ្នែក​សិល្បៈ អ្នក​មាន​ជំនាញ​សិល្បៈ និង​អ្នក​ធ្វើការ​លើ​ការ​លើកស្ទួយ​សិល្បៈ​វប្បធម៌ ដែល​មាន​បទពិសោធន៍​ការសិក្សា​ និង​ការងារ​រយៈ​ពេល​ចាប់​ពី​៣​ឆ្នាំ​ នឹងអាច​​​​ក្លាយ​ជា​បេក្ខជន​អាហារូបករណ៍​នេះ។ លោក ​សម៉ាណាក់​ ក៏​បាន​បញ្ជាក់​​ផង​ដែរ​ថា​ អាហារូបករណ៍​នេះ​ មិន​ផ្តល់​ឱកាស​​ដល់​តែ​​សិស្ស​និស្សិត​ផ្នែក​សិល្បៈ​នោះ​ទេ​ រាល់​អ្នក​និពន្ធ​ក្តី អ្នក​សារព័ត៌មាន​ក្តី​ ដែល​យល់​ថា​ខ្លួន​​មាន​បទពិសោធន៍​​ក្នុង​ការ​បម្រើ​ការងារ​លើ​វិស័យ​សិល្បៈ​និង​វប្បធម៌ សុទ្ធ​តែ​​មាន​លទ្ធភាព​ទទួល​យក​ឱកាស​អាហារូបករណ៍​​នេះ​ដូច​គ្នា។ អាហារូបករណ៍​សិល្បៈ​អមតៈ អាន ចនផន នឹង​ផ្តល់​ជូន​ដល់​​បេក្ខជន ដែល​មាន​វ័យ​ចាប់​ពី​១៦​ឆ្នាំ​ ដែល​មាន​សញ្ជាតិ​ខ្មែរ​​ ​មក​ពី​គ្រប់​បណ្តា​ខេត្ត​ក្រុង​និង​រាជធានី។

          កញ្ញា​ កេត​ សេង​ហ៊ុយ មក​ពី​ជំនាញ​ផ្នែក​គំនូរ​វិចិត្រកម្ម​ ដែល​បេក្ខជន​ជ័យ​លាភី​ដែល​ទទួល​បាន​អាហារូបករណ៍​សិល្បៈ​អមតៈ​អាន ចន​ផន​ បាន​រៀបរាប់​​ពី​ការ​ប្រើប្រាស់​អាហារូបករណ៍​របស់​ខ្លួន​ថា​ កញ្ញា​បាន​ប្រើប្រាស់​ទឹក​ប្រាក់​មួយ​ផ្នែក​ពី​អាហារូបករណ៍​សម្រាប់​ផ្គត់ផ្គង់​ការ​ចំណាយ​លើ​ការ​ធ្វើ​​និក្ខេបទ​ បញ្ចប់​ថ្នាក់​​បរិញ្ញប័ត្រ​ផ្នែក​គំនូរ​ និង​ទឹក​ប្រាក់​មួយ​ផ្នែក​ទៀត​ សម្រាប់​ការ​បង់​ថ្លៃ​សិក្សា​ភាសា​អង់គ្លេស​​​បន្ថែម។ កញ្ញា​និយាយ​ថា​ កញ្ញា​បាន​ទទួល​បទពិសោធន៍​ជា​ច្រើន​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ ផ្តល់​ប្រឹក្សា​ពីវគ្គ​បណ្តុះបណ្តាល​ ក្នុង​កំឡុងពេល​ទទួល​អាហារូបករណ៍។ បច្ចុប្បន្ន​ កញ្ញា​ក៏​បាន​ចូលរួម​ជាមួយ​នឹង​គម្រោង​បណ្តុះបណ្តាល​សិស្ស​វិទ្យាល័យ​​ពី​សិល្បៈ​ ជាមួយ​អង្គការ​ខ្មែរ​សិល្បៈ ក្នុង​​តួនាទី​ជា​គ្រូ​បណ្តុះបណ្តាល​ផ្នែក​គំនូរ​ នៅសាលារៀន​ជំនាន់​ថ្មីនៃ​​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ។ ​​​​​​​​​

          អាហារូបករណ៍​សិល្បៈ​អមតៈ​ អាន ចនផន កំពុង​តែ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ពី​សំណាក់​សិស្ស​និស្សិត​ ​សិល្បករ និង​អ្នក​ធ្វើ​ការ​លើ​វិស័យ​សិល្បៈ​និង​វប្បធម៌​ ចាប់​ពី​ពេល​នេះ​រហូត​ដល់​បំណាច់​ខែ​​ឧសភា​។ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ ​ជា​អង្គការ​​​ធ្វើ​ការ​​លើ​ការ​លើក​កម្ពស់​​ជំនាញ​សិល្បៈ​​​ប្រមាណ​២០​ឆ្នាំ​មក​ហើយ និង​មាន​សិស្ស​និស្សិត​ជា​ច្រើន​ជំនាន់​ បាន​ទទួល​ឱកាស​សិក្សា​ និង​ការងារ​ បន្ទាប់​ពី​ទទួល​ការ​បណ្តុះបណ្តាល​ពី​អង្គការ​នេះ​។ បច្ចុប្បន្ន​ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ កំពុង​ធ្វើ​ការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដើម្បី​​ពង្រឹង​ជំនាញ​សិល្បៈ​ដល់​យុវជន​ដែល​មាន​និស្ស័យ​លើ​វិស័យ​សិល្បៈ​នៅ​តាម​វិទ្យាល័យ​​៕

Article by VA SONYKA



SUGGESTIONS