×

ប៉ៃលិន​ខេត្ត​មាន​សណ្ឋានដី​កូន​ភ្នំ នឹង​ជាជំរក​នៃ​ធនធាន​រ៉ែត្បូង​មាន​តម្លៃ​ដែល​បង្កប់​រឿង​រ៉ាវ​មិន​អាចបំ​ភ្លេច​មិន​បាន​ជា​មួយ​អេកូ​ទេសចរណ៍​ធម្ម​ជាតិ​ដ៏​ស្រស់​បំព្រង

TRAVEL & LIVING 5 months ago
 
 

          ប៉ៃលិនជា​ខេត្ត​មួយ​ស្ថិត​នៅ​ជ្រុង​ខាង​ជើង​នៃ​ជួរភ្នំក្រវាញ ត្រូវ​ជាភាគពាយ័ព្យ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា មាន​ព្រំប្រទល់​​ជាប់​ជា​មួយ​ប្រទេស​ថៃ​ដែល​មាន​រយៈចម្ងាយ ៣៧៥​គីឡូ​ម៉ែត្រ​ពីរាជធានី​ភ្នំពេញ។ ខេត្ត​នេះ​មាន​ការ​ទាក់​ទាញ​បែប​ធម្ម​ជាតិ​ជា​ច្រើន​បូក​រួម​ទាំង​ទស្សនីយភាពជួរភ្នំ ព្រៃព្រឹក្សា និង ទឹក​ជ្រោះ ។ ចាក​ចេញ​ពីរាជធានី​ភ្នំពេញ​​នៅ​ម៉ោង​៧ព្រឹក ក្រុម​ការ​ងារ​ សូវរីន បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​ប៉ៃលិន​នៅ​ម៉ោង​៣រសៀល។ បច្ចុប្បន្ន​ផ្លូវ​ជាតិ​លេខ​៥៧ពីខេត្ដ​បាត់​ដំបង​ទៅ​ខេត្ដប៉ៃលិន​រហូត​ដល់​ព្រំដែន​កម្ពុជា​ថៃ​បាន​ចាក់​កៅស៊ូ​ស្អាត​រួច​អស់​ហើយ  ដូច្នេះ​មិន​បង្កការ​លំបាក​ដល់​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ដ​នៅ​ខេត្ដប៉ៃលិន​ឡើយ។ ក្រោយ​ពី​ធ្វើ​ដំណើរ​ក្នុង​រយៈចម្ងាយ​ផ្លូវ​ឆ្ងាយ​មក​យើង​ក៏​បាន​ចូល​សម្រាក​នៅ Memoria Palace & Resort ដែល​អម​ទៅ​ដោយ​រុក្ខ​ជាតិ​ពណ៌​បៃតង​យ៉ាង​ខៀវស្រងាត់ គួបផ្សំ​នឹង​ការ​រចនា​ម៉ូដ ផ្ទះ​ស្នាក់​ដែល​មាន​លក្ខណៈ​ជាបាំងហ្គាឡូ​មួយៗដាច់​ដោយ​ឡែកពី​គ្នា​យ៉ាង​ប្រណីត ព្រម​ជា មួយ​អាងហែល​ទឹក​ដែល​យើង​ក្រឡេក​មើល​ទៅ​ហាក់​និម្មិតផុស​ឡើង​ក្រឡែតចំ​កណ្ដាល​ទ្រូងព្រៃ​បៃតង​ឆើត​ល្អ​ឥតគណនា។ គ្រាន់​តែ​បាន​ឈាន​ជើង​ចូល​ដល់​ទឹក​ដីត្បូងទទឹម​មួយ​នេះ​ភ្លាម យើង​ហាក់​មាន​អារម្មណ៍​ស្រស់​ស្រាយ​រសាយ​នូវ​ទុក្ខ​កង្វល់​ទាំង​ពូងអង្រួនដួង​ចិត្ត​ភ្ញៀវ​ទេសចរ តាម​រយៈសម្រស់​ដ៏​ស្រស់​ត្រកាល​នៃ​ព្រៃព្រឹក្សា​ដែល​ជាសមិទ្ធផលធម្ម​ជាតិ​មិន​អាច​កាត់​ថ្លៃបាន។ សូម​រំលឹក​​ផង​ដែរ​ថា​ដើម​ឡើយ​អ្នក​ស្រុក​ប៉ៃលិន​សុទ្ធ​សឹងតែជន​ជាតិ​កុឡា​ទាំង​អស់​មក​រស់​នៅ​ដោយ​សារ​ប្រាថ្នា​មក​ជីក​យក​ត្បូងថ្ម​ដែល​មាន​នៅ​ជាប់​ក្នុង​ដី​ត្រង់​ជ្រលងភ្នំ​នៃ​ភូមិ​ភាគ​នោះ។ តាម​ប្រវត្តិពង្សាវតារ​នៃ​ស្រុក​ប៉ៃលិនថា​ពួក​កុឡា​ទាំង​នេះ​ចាប់​ផ្ដើម​មកប្រតិស្ឋានជា​ភូមិ​ស្រុក​នៅ​តំបន់​នេះ​តាំង​ពីគ.ស១៨៧៦ ប៉ុន្តែ​ដោយ​សារសង្រ្គាម​ស៊ី​វិល​ក្នុង​អំឡុង​ទ.វទី៧០ ពួកគេ​ទាំង​នោះ​បាន​វិល​ត្រឡប់​​ទៅ​រស់​នៅ​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ​អស់​ហើយ។

          មិន​បង្អង់​ដំណើរ​កម្សាន្ត​លើ​ទឹក​ដី​ដ៏​សម្បូរ​ដោយ​ភោគផល​ធម្ម​ជាតិ​មួយ​នេះ យើង​បាន​បន្ត​ដំណើរ​ទៅ​កាន់​រមណីយដ្ឋាន​​ទេសចរណ៍​ភ្នំយ៉ាត​ដែល​មាន​រយៈកំពស់៦០​ម៉ែត្រ បណ្តោយ ៧០០​ម៉ែត្រ ទទឹង៣០០​ម៉ែត្រ (មាន​ផ្លូវ​ឡើង​ចំនួន​ពីរ​ខ្សែ​គឺ​ដោយ​រថយន្ត និង​តាម​ជណ្តើរថ្មើរ​ជើង​ដែល​មាន​កាំ​ចំនួន​៤២) ដែល​ជា​មណ្ឌល​ទេសចរណ៍​​វប្បធម៌​ប្រវត្តិសាស្រ្ត​តំណាង​ឲ្យ​ខេត្តប៉ៃលិន​តាំង​ពី​អតីត​កាលមកម្ល៉េះ ​ពី​ព្រោះ​ទី​នេះ​ជា​កន្លែង​វប្បធម៌​ប្រវត្តិសាស្រ្ត​មួយ​ដែល​បានបន្សល់ទុក​នូវ​សំណង់​បេតិកភ័ណ្ឌ​ចាស់ៗ មាន​វត្ត​សាង​សង់​តាម​បែប​ស្ថាបត្យកម្មកូឡា ចេតិយ​តូច​ធំ និង បូជនីយដ្ឋាន​ជា​ច្រើន​​ដើម្បី​​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ​សិក្សា​ស្វែង​យល់​ពី​ទំនៀម​ទម្លាប់​រស់​នៅ​នៃ​បងប្អូនជន​ជាតិ​កុឡានា​សម័យ​កាលឆ្នាំ​១៩២២។ 

          មុន​នឹង​ឡើង​ទៅ​កាន់​កំពូល​ភ្នំ​យើង​បាន​ចូល​អុជធូបបួងសួងសុំ​សេចក្ដី​សុខ​នៅ​អាស្រម​លោក​យាយយ៉ាត ដែល​ក្នុង​នោះ​ផង​ដែរ​យើង​សង្កេត​ឃើញ​មាន​បងប្អូន​ខ្មែរ​យើង​ជា​ច្រើន​រូប​បាន​ចូល​ទៅ​អុជធូបបន់ស្រន់​តាម​ជំនឿរៀងៗ​ខ្លួន។​ បន្ទាប់​មក​ពួក​យើង​បាន​បន្ត​ឡើង​ទៅ​លើកំពូលភ្នំ​ដើម្បី​​គយគន់​ទេសភាព​ដ៏​ស្រស់​បំព្រង និង​ស្រូបយកខ្យល់​អាកាស​ត្រ​ជាក់​បរិ​សុទ្ធ​នៃ ស្រុក​បរប៉ៃលិន។ កំពុង​តែឈ្លក់​វង្វេងជា​មួយ​មន្ត​ស្នេហ៍​ធម្ម​ជាតិ​ដែល​ស្ថិត​នៅ​ហ៊ុមព័ទ្ធជុំ​វិញ ភ្នំយ៉ាត យើង​ក៏​បាន​រំពៃ​ចោល​ភ្នែក​ក្រឡេក​ទៅ​ពើបប្រទះ​នឹង​អង្គចូឡាមណី​ចេតិយ​ដ៏​ធំ​មហិមា ឬ​ហៅ​ថា​ចេតិយ​ភ្នំយ៉ាត​ដែល​មាន​បាត​ប្រវែង១៦​ម៉ែត្រ​គុណ​នឹង​កម្ពស់២៧​ម៉ែត្រ កសាង​ឡើង​នៅ​សតវត្សរ៍ទី១៩ ក្នុង​អំឡុង​ឆ្នាំ​១៨០០ ក្នុង​គោល​បំណង​​ដើម្បី​​តម្កល់​ព្រះ​សារីរិក​ធាតុ​របស់​ព្រះ​សមណគោតម ដោយ​ជនអន្ដោប្រវេសន៍​មកពី​ប្រទេស​ភូមា​ (កុឡា) ដែល​កាលពី​មុន​ពួក​គេ​បាន​ធ្វើ​ដំណើរ​ផ្សងព្រេងមក​រស់​នៅ​លើ​ទឹក​ដីខេត្ដប៉ៃលិន​​ និង​រក​ស៊ី​ថ្កុំថ្កើង​ក្លាយ​ជាឈ្មួញ​ធំ។ ក្រុម​ការ​ងារ​ហាក់​បី​ដូច​ជា​​ចម្លែក​អារម្មណ៍​បន្តិច​នៅ​ពេល​បាន​ទស្សនា​ចេតិយ​នេះ​ជា​លើក​ដំបូង​ក្នុង​ឆាក​ជីវិត​ព្រោះ​សំណង់​ចេតិយ​ភ្នំយ៉ាត​មាន​រចនា​បថ​ដ៏​អស្ចារ្យស្រដៀង​ទៅ​នឹង​ចេតិយ​ជា ច្រើន​ដែល​គេសាង​សង់​នៅ​ប្រទេស​ភូមា (បច្ចុប្បន្ន​មីយ៉ាន់ម៉ា)។ សំណង់​ចេតិយ​នេះ​មាន​កំពូល​ចំនួន​៥ ក្នុង​នោះ​យើង​សង្កេត​ឃើញ​កំពូល​ធំ​មួយ​មាន​កម្ពស់​ប្រហែល​២៧​ម៉ែត្រ ទទឹង១៦​ម៉ែត្រ​បួនជ្រុង និង​កំពូល​តូចៗ​ចំនួន​៤ មាន​កម្ពស់៤,៥​ម៉ែត្រ​ទទឹង១,៥​ម៉ែត្រ​ដែល​មាន​សរសេរ​ឈ្មោះ​អ្នក​ជួយ​ឧបត្ថម្ភ​កសាង​ជា​ភាសា​ភូមា។ យោង​តាម​កំណត់​ត្រា​របស់​ជន​ជាតិ​ភូមា ចេតិយ​តូចៗ​ទាំង​៤​កសាង​នៅ​ក្នុង​ឆ្នាំ​១៩២៥។ បច្ចុប្បន្ន​ចេតិយ​ភ្នំយ៉ាត​បាន​ក្លាយ​ជាទី​កន្លែង​សក្ការៈបូជា​ដ៏​សំខាន់​បំផុត​សម្រាប់​ប្រជាជន​នៅ​ប៉ៃលិន​ក៏​ដូចជា​អ្នក​មកពី​ទីឆ្ងាយ​ និង​ក្លាយ​ជាបូជនីយដ្ឋានប្រវត្ដិសាស្រ្ដ​ដ៏​ល្អ​ឯក​គ្មាន​ផ្ទឹម​របស់​ខេត្ដ។

          ក្រោយ​ពី​បាន​ដើរ​កម្សាន្ត​គយគន់​ទេសភាព​ដ៏​កម្រ​ហើយ​នោះ យើង​បាន​បន្ត​ដំណើរ​ទៅ​កាន់​វត្ត​រតនៈសោភ័ណ ដែល​មាន​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ​ពី​ជើង​ភ្នំយ៉ាត ដែល​ត្រូវ​បាន​ដាក់សម្ពោធជា​ផ្លូវ​ការ​នៅ​ឆ្នាំ​១៩៦៨​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម ហើយ​ដែល​អ្នក​ស្រុក​ប្រុស​ស្រី ទូ​ទៅ​តែង​និយម​ហៅ​ថា វត្ត​កោងកាង។ វត្ត​នេះ​បាន​ក​កើត​ឡើង​តាំង​ពី​សម័យ​​ពួក​ជន​ជាតិ​កុឡាមក​តាំង​លំ​នៅ​ឋានរក​ស៊ី​ជួញដូរត្បូង​ក្នុង​ខេត្ត​ប៉ៃលិនមកម្ល៉េះ។​ នេះ​ជាភស្ដុតាង​នៃ​ការ​តាំង​ទីលំ​នៅ​របស់​ជន​ជាតិ​ភូមា​ដំបូង​នៅ​ក្នុង​តំបន់​នេះ។ នៅ​ពេល​បាន​ចូល​ទៅ​ទស្សនា​ក្នុង​បរិវេណវត្ត​នេះ យើង​សង្កេត​ឃើញ​ថា​ហាក់​ខុស​ប្លែកពី​វត្ត​ដទៃៗ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ដោយ​វត្ត​នេះ​មាន​សង់​រោងទង​ដែល​មាន​ប្រវែង​ប្រហែល​១៥០​ម៉ែត្រ ហើយ​មាន​ឆ្លាក់រំលេចជា​អក្សរ​ជន​ជាតិ​កូឡា និង​អក្សរ​បាលី។ ចំណែក​នៅ​លើជញ្ជាំងរបងព័ទ្ធជុំ​វិញ​វត្ត​ជា​ចម្លាក់​ដែល​អធិប្បាយ​អំ​ពីរឿងកូរ​សមុទ្រ​ទឹក​ដោះ ដែល​ស្រដៀង​គ្នា​នឹង​ចម្លាក់​នៅ​លើថែវ​ប្រាសាទ​អង្គរ​វត្ត​ផង​ដែរ។​ ព្រះ​ទិនករ​ចាប់​ផ្ដើម​អស្ដង្គត​យើង​ក៏​បាន​វិល​ត្រឡប់​​ទៅ​កាន់​ទី​សំណាក់​នឹង​ទទួល​ទាន អាហារ​ពេល​ល្ងាច​តាម​បែប​អ្នក​ស្រុក​ប៉ៃលិន​ដ៏​ឆ្ងាញ់​ពិសា​ក្រោម​ស្បៃរាត្រី​ដ៏​សែន​ត្រ​ជាក់​នា​រដូវ​វស្សា​នេះ។

          ព្រលឹមស្រាងៗ យើង​បាន​បន្ត​ដំណើរ​ទៅ​កាន់​ស្ទឹងតារាប ជា​កន្លែង​ដែល​អ្នក​ប្រកបរបររែងត្បូង​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់​នៅ។ ខ្លួន​ត្រាំ​ក្នុង​ទឹក​ដៃ​កាន់​កញ្ច្រែង​ដែល​មាន​ដុំគ្រួស​តូចៗ អ្នក​រែងត្បូង​ម្នាក់​​បាន​ថ្លែង​មក​កាន់​ក្រុម​ការ​ងារ​យើង​ថា  “​ថ្ងៃ​ខ្លះ​ពូ​ចំណាយ​ពេល​រហូត​ដល់​ទៅ​ពីរ​ថ្ងៃ​ទើប​រែង​បាន​ត្បូង១​គ្រាប់ ហើយ​លក់​បាន​ក្នុង​តម្លៃ​២​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ​...​ហើយ​ថ្ងៃ​ខ្លះ​ទៀត​សូម្បីតែ​មួយ​គ្រាប់​ក៏​រក​មិន​បាន​ផង​”។ ក្នុង​ស្ទឹងដែល​មាន​ខ្សែ​ទឹក​ហូររេញៗ​លាយឡំ​ជា​មួយ​ផ្ទាំង​សិលា​តូច​ធំ​បង្កើត​​បាន​ជា​អារម្មណ៍​ចម្លែកម្យ៉ាង​នៅ​ពេល យើង​បាន​ជួប​ទិដ្ឋភាព​ផ្ទាល់​នៃ​សកម្មភាព​នៃ​ការ​រែង​យក​ត្បូង​របស់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​នោះ។ គួរ​រំលឹក​ផង​ដែរ​ថាប៉ៃលិន​អតីត​កាលជា​ខេត្ត​ដែល​សម្បូរត្បូង​​មាន​តម្លៃ ជាសម្បត្តិធម្ម​ជាតិ​កប់​នៅ​ក្នុង​ដី ។​មាន​ការ​និយាយ​តៗ​គ្នា​នៅ​ពេល​មាន​ភ្លៀង​គ្រាប់​ត្បូង​មាន​តម្លៃ​នឹង​លេចផុសពីដី​មិន​ពិបាក​ជីកកកាយ​នោះ​ទេ។

          បន្ត​មក​ទៀត​យើង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រមណីយដ្ឋាន បែប​ធម្ម​ជាតិ​នោះ​គឺភ្នំខៀវ​ដែល​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាលស្ថិត​នៅ​មិន​ឆ្ងាយ​ពីទី​រួម​ខេត្ត​ប៉ៃលិន​ប៉ុន្មាន​​ឡើយ។ ប៉ុន្តែ​ដំណើរ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ទឹក​ជ្រោះ​ទាមទារ​ឱ្យ​យើងមាន​ភាពអំណត់​នឹង​ថាមពលរាងកាយ​ច្រើន​គួរ​សម។ នៅ​តាម​ផ្លូវ​ចូល​ទៅ​កាន់​ភ្នំខៀវ​ពោរ​ពេញ​ដោយ​រុក្ខ​ជាតិ​បៃតង​ស្រស់​បំព្រងអម​ដោយ​សម្លេង​ទឹក​ជ្រោះហូររណ្ដំ​ហាក់​សណ្ដំ​អារម្មណ៍​ភ្ញៀវ​ទេសចរ​គ្រប់រូបឈ្លក់​វង្វេងជា​មួយ​សម្រស់​ធម្ម​ជាតិ​មិន​អាចបំ​ភ្លេច​ក្នុង​អារម្មណ៍​បាន។ ចេញ​ពី​ទីប្រជុំជន​ចម្ងាយ​មិន​ដល់​៧​គីឡូ​ម៉ែត្រ​ផង​រថយន្ត​បាន​ទៅ​ដល់​មាត់ច្រក​រមណីយដ្ឋាន​​ទឹក​ជ្រោះភ្នំខៀវស្ថិត​ក្នុង​សង្កាត់​អូរតាវៅ​មុន​នឹង​បន្ត​បរសន្សឹមៗលើ​ផ្លូវ​ជង្ហុកអង្រួន​អស់​ប្រាណ​ដែល​ព័ទ្ធ​ដោយ​ចម្ការ​ចេក អំពៅ ខ្នុរ ស្វាយ និង​ដំឡូងជាហូរហែ។ យើង​បាន​បន្ត​ធ្វើ​ដំណើរ​ថ្នើរ​ជើង​កាត់​វាលស្មៅ​បក់បោយ​ល្វតល្វន់​​តាម​វាយោ​មុន​នឹង​ដល់​ព្រៃព្រឹក្សា​មាន​រុក្ខ​ជាតិ​ធំៗវល្លិពត់ពេន​ផង​នោះ តាម​ផ្លូវ​ឡើង​ទៅ​លើភ្នំគឺ​មាន​អាកាស​ធាតុ​ត្រ​ជាក់ ខ្យល់​អាកាស​បរិ​សុទ្ធ​លាយ​នឹង​ក្លិនបុប្ផាព្រៃក្រអូប​ព្រម​ទាំង​សំឡេង​សត្វ​ល្វើយៗ​ហាក់​បង្កជាបទភ្លេង​ពិរោះសន្សំ​អារម្មណ៍​មិន​ឱ្យ​យើង​មាន​ភាពនឿយណាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ដែល​មាន​រយៈ​ពេល​​ជាង​មួយ​ម៉ោង។ ថ្វីដ្បិតតែការ​ដើរ​នាំ​មក​នូវ​ភាពហត់នឿយ​ក៏​ពិត​មែន ប៉ុន្តែ​ក្រុម​ការ​ងារ​យើង​ស្រាប់តែ​មាន​ថាមពលស្រស់​ស្រាយ​វិញ​ដោយ​រំភើប​នឹង​ទស្សនីយភាព​ទឹក​ជ្រោះអូរតាវៅ​ដ៏​ធំ​ហូរ​កាត់​ផ្ទាំង​ថ្មបង្កជាទស្សនីយភាព​ដ៏​ត្រ​ជាក់​ភ្នែក។ ក្រោយ​ពី​បាន​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​ក្បែរ​ទឹក​ជ្រោះ​ហើយ​នោះ​យើង​ក៏​បាន​បន្ត​ងួត​ទឹក​ធ្លាក់​ដែល​ហាក់​កំពុង​តែប្រឡែងជា​មួយ​ផ្ទាំង​ថ្ម ហើយ​ទទួល​បាន​អារម្មណ៍​ស្រស់​ថ្លាត្រ​ជាក់​ចិត្ត។ ក្រោយ​សម្រាក​បាន​បន្តិច​យើង​បាន​បន្ត​ដំណើរ​ទៅ​ទឹក​ជ្រោះ​ក្បាល​ដំរី ដ៏​ត្រ​ជាក់​ស្រេប​ពណ៌​សក្បុសហូរ​ធ្លាក់​ប្រទាក់​បែកផ្កាត្រែងត្រដុសផ្ទាំង​ថ្មជា​ច្រើន​បន្ទរសូរសៀង​បក្សា​បក្សីខ្ញៀវខ្ញារពីព្រៃព្រឹក្សា​បាន​ប្រគំជាតន្ត្រីធម្ម​ជាតិ ធ្វើ​ឱ្យ​យើង​ហាក់​មាន​អារម្មណ៍​មិន​ចង់​ឃ្លាតឆ្ងាយ​ពីជ្រោះ​ក្បាល​ដំរី​នោះ​ឡើយ។ ព្រះ​អាទិត្យជ្រេទេរ​ទាប​ទៅ​ហាក់​កន្រ្តាក់ អារម្មណ៍​យើង​ទាំង​អស់​គ្នា​ថា ដល់​ពេល​ត្រឡប់​ទៅ​វិញ​ហើយ​នឹង​បញ្ចប់​ដំណើរ​កម្សាន្ត​នៅ​លើភ្នំខៀវ​ដ៏​ស្រស់​ស្អាត​ទាំង​ចិត្ត​អាល័យ។

          មុន​ត្រឡប់​បញ្ចប់​ដំណើរ​កម្សាន្ត​លើ​ទឹក​ដី​ខេត្ត​សម្បូររតនសម្បត្តិ​ក្រោម​ដី​មួយ​នេះ​យើង​បាន​បន្ត​ដំណើរ​ទៅ​កាន់​រមណីយដ្ឋានកែច្នៃ​មួយ​កន្លែង​ឈ្មោះ​“កុលាបប៉ៃលិន​ហៅ​អាងតាជាវ” ស្ថិត​នៅ​ទិស​ខាង​ត្បូង​ជាប់​ជើង​ភ្នំយ៉ាត​ក្នុង​ភូមិ​អូរតាប្រាង សង្កាត់​ប៉ៃលិន ខេត្ត​ប៉ៃលិន។ រមណីយដ្ឋាន​ដែល​មាន​សណ្ឋានរាង​ដូចជា​បាតខ្ទះ ហើយ​មាន​ស្រះ​ទឹក​ដ៏​ធំ​មួយ​នៅ​ចំ​កណ្ដាល​អម​ទៅ​ដោយ​ទេសភាព​តាម​ជើង​ភ្នំ​ប្រមូល​ផ្ដុំជុំ​វិញ​ដោយ​រុក្ខ​ជាតិ​ហូបផ្លែអមសង​ខាង​ផ្លូវ​ចូល​ទៅ​កាន់​រមណីយដ្ឋានកែច្នៃ​មួយ​នេះ។ ក្នុង​នោះ​យើង​សង្កេត​ឃើញ​ទេសចរ​ប្រុស​ស្រីឥតដាច់​បាន​ទៅ​អង្គុយ​លេង​សម្រាក​លម្ហែ​កាយ​​នៅ​កញ្ចុះ​ក្រោម​ដើម​តាង៉ែនក្បែរមាត់ស្រះ ដើម្បី​​ស្រុសស្រូប​អាហារ​នឹង​ស្រូបយកខ្យល់​បរិ​សុទ្ធ​នាជំនោរមាត់​បឹង​ដែល​មាន​រំលេច​ទៅ​ដោយ​ផ្កាព្រលិត​យ៉ាង​ស្រស់​បំព្រង។ ក្រោយ​ពី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​រួច​យើង បាន​ជិះ​កូន​ទា​កម្សាន្ត​លើ​ផ្ទៃ​ទឹក ក្រោម​ឥទ្ធិពល​នៃ​ខ្យល់​ជំនោរ បង្កជាបរិយាកាស​រីក​រាយ​មួយ​បែប​ផ្សេង​ទៀត។

          ដោយ​ពេល​វេលា​មាន​កំណត់​យើង​បាន បញ្ចប់​ដំណើរ​កម្សាន្ត​រយៈ​ពេល​បី​ថ្ងៃ​លើ​ទឹក​ដី​ខេត្ត​ប៉ៃលិន​រួច​មក​យើង​បាន​ទទួល​នូវ​បទពិ​សោធន៍​ក្នុង​ដំណើរ​កម្សាន្ត​ដ៏​សម្បូរ​បែប។ សូវរីន ជឿ​ជាក់​ថាប្រិយ​មិត្ត​នឹង​មិន​មើល​រំលង​ហើយ​បង្វែរ​ដំណើរ​កម្សាន្ត​មក​កាន់​តំបន់​ខាង​ជើង នៃ​ជួរភ្នំក្រវាញ ត្រូវ​ជាភាគ​ខាង​លិច​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នេះ​វិញ​ម្ដង៕

Article by HENG CHANMAKARA



SUGGESTIONS