×

ម៉ានិត ការ​តែង​និពន្ធ​គឺជា​គ្រឿង​ផ្សំ​ចម្បង​ក្នុង​រស​ជាតិ​​ជីវិត​របស់​ខ្ញុំ​!

NEWS 6 years ago
 
 

          មាន​នាង​ក៏​ធុញ​គ្មាន​​នាង​ក៏​ធុញ គឺជា​បទ​ចម្រៀង​ដ៏​ល្បីល្បាញ​បំផុត​របស់​តារា​ចម្រៀង ម៉ុង ម៉ានិត។ ចុះ​សៀវភៅ​ប្រលោម​លោក​ដ៏​ល្បីល្បាញ​បំផុត​ប្រចាំ​ឆ្នាំ​២០១៦ “បេសកកម្ម​មួយ​” តើជាស្នា​ដៃ​របស់ ម៉ានិត ដែរ? ប្រាកដ​ណាស់ ប្រលោម​លោក​ដែល​ត្រូវ​បាន​ទិញ​សិទ្ធិ​យក​ទៅ​ផលិត​ជាភាពយន្តភាគ ហើយ​ត្រៀម​នឹង​អង្រួនបេះដូងទស្សនិកជន​លើក​ញ្ចក់​ទូរទស្សន៍​ក្នុង​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ក៏​ជាសមិទ្ធផល​របស់ ម៉ានិត ដែរ។ ដូច្នេះ ម៉ានិត របស់​ទស្សនិកជន​នៅ​ទី​នេះ​ដ​ដែល ប៉ុន្តែ​គាត់​កំពុង​កសាង​ក្តីស្រមៃ​ថ្មី​មួយ​ទៀត​ដែល​បាន​ផ្លាស់​ប្តូរ​គាត់​ឲ្យ​ក្លាយ​ជា​មនុស្ស​កាន់​តែ​រឹងមាំ​ទាំង​ស្មារតី បញ្ញា និង​ថាមពល​ផ្លូវ​ចិត្ត។ តើ​អ្វី​ជាបុព្វ​ហេតុ​នាំ​ឲ្យ​សម្រេច​សមិទ្ធផល​ដ៏​ត្រចះត្រ​ចង់​នេះ?
          ផ្តើម​ចេញ​ពីការ​ចំណាយ​ពេល​ហួស​ហេតុ​លើ​បណ្តាញ​សង្គម ម៉ានិត បាន​សួរ​ខ្លួន​ឯង​ថា តើ​ខ្លួន​គួរ​បន្ត​មើល​រូបភាព​គ្រោតគ្រាត ឬ​អាន​អត្ថបទ​ដែល​មិន​បាន​ផ្តល់​គុណ​ប្រយោជន៍​ដល់​ខ្លួន និង​គ្រួសារ​លើ​បណ្តាញ​នេះ​ជារៀង​រាល់​ថ្ងៃ​ឬ? គ្រាហ៍​នោះ​ហើយ​ដែល​ចលនា​ស្រលាញ់​សៀវភៅ​បាន​កើត​ឡើង។ ស្រលាញ់​សៀវភៅ​កើត​ចេញ​ពី​ចលនា​ស្រលាញ់ (ក្រមា​ខ្មែរ) របស់​កញ្ញា មាន សូនីតា ដោយ​បន្ថែម​បេសកកម្ម​ថ្មី (សៀវភៅ) ដែល​ជា​ទស្សនវិស័យ​របស់ ម៉ានិត ក្នុង​ការ​លើក​ស្ទួយ និង​ជំរុញ​ការអាន​របស់​មនុស្ស​ទូ​ទៅ។ គ្រប់​យ៉ាង​ក៏​​ចាប់​ផ្តើម​​ដំណើរ​ការណ៍ ប៉ុន្តែ​ភាព​ក្មេង​ខ្ចី​លើវិស័យអំណាន​របស់ ម៉ានិត បាន​ធ្វើ​ឲ្យ​គ្រោង​ការណ៍​ជួប​ឧបសគ្គ​គួរ​ឱ្យ​កត់​សម្គាល់។  
          “​ខ្ញុំ​បាន​ស្វែងរក​អ្នក​ឧបត្ថម​ក្នុង​ការ​ផលិត​សៀវភៅ​គ្រប់​មធ្យោបាយ ប៉ុន្តែ​មាន​តែរោងភាពយន្តលេជិន​មួយ​គត់​ដែល​យល់​ព្រម​ជួយ​ផ្សព្វ​​ផ្សាយ​សៀវភៅ​ដំបូង​របស់​ខ្ញុំ។ ខ្ញុំ​មិន​បន្ទោស​អ្នក​ដែល​មិន​យល់​ព្រម​សហការ​នា​ពេល​នោះ​ទេ ព្រោះ​ខ្ញុំ​គិត​ថា គ្មាន​នរណា​ដែល​យល់​ព្រម​វិនិយោគ​លើ​ផលិត​ផល​ដែល​ខ្លួន​មិន​បាន​ស្គាល់​ច្បាស់​នោះ​ទេ ។  អ្នក​ទាំង​អស់​គ្នា​ដឹងអត់? ខ្ញុំ​ត្រូវ​ខ្ចី​ប្រាក់​ធនាគារ​ដើម្បី​ធ្វើ​ដើម​ទុន​បោះ​ពុម្ព​សៀវភៅ​ដំបូង​របស់​ខ្ញុំ។”
          ការ​វិនិយោគ​លើស​ៀវភៅ​គឺជា​រឿង​មួយ​ដ៏​ស្មុគស្មាញ និង​ប្រថុយប្រថាន​ខ្លាំង​ណាស់។ ទំនោរ​អ្នក​អានភាគ​ច្រើន​មិន​សូវ​ចាប់​អារម្មណ៍​ទៅ​លើស​ៀវភៅប្រលោម​លោក​ក្នុង​ស្រុក​នោះ​ទេ។ ពួក​គេ​ដូចជា​ចាប់​អារម្មណ៍​ទៅ​លើស​ៀវភៅ​ប្រភេទ​លើក​ទឹក​ចិត្ត វិធី​សាស្រ្ត​ដើម្បី​ជោគ​ជ័យ​​ក្នុង​មុខ​ជំនួញ ឬ​ប្រភេទ​ទ្រឹស្តី​ទាក់​ទង​នឹង​ជំនាញ​ជាក់​លាក់​ណាមួយ​ច្រើន​ជាង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គ្រឹះស្ថាន​បោះ​ពុម្ព​ខ្លះ​ទិញ​សិទ្ធិ​សៀវភៅ​បរទេស​មកបកប្រែជា​ភាសា​ជាតិ​តែ​ម្តង។ វា​មាន​ភាព​ងាយ​ស្រួល និង​មិន​ប្រឈម​នឹង​ហានិភ័យ​ហិរញ្ញ​វត្ថុ។ ទិដ្ឋភាព​នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពីភាពទន់ខ្សោយ​របស់​អ្នក​និពន្ធប្រលោម​លោក​ក្នុង​ស្រុក​ដែល​គ្មាន​លទ្ធភាពនិពន្ធ​សៀវភៅ​ប្រលោម​លោក​ដែល​មាន​គុណភាព​មួយ​សម្រាប់​អ្នក​អាន​បាន។
          ម៉ានិត បន្ថែម​ថា មនុស្ស​គ្រប់​គ្នា​មិន​មែន​សុទ្ធ​តែ​ត្រូវ​ការអាន​សៀវភៅ​អប់រំ​គ្រប់​ពេល​ឡើយ។ វត្ថុ​ទាំង​អស់​តែង​តែ​មាន​គុណ​តម្លៃ​របស់​វាជានិច្ច ប៉ុន្តែ​បញ្ហា​ត្រង់​ថា តើគ្រប់​គ្នា​រក​ឃើញ​តម្លៃ​នោះ​ទេ? សៀវភៅ​ប្រលោម​លោក​មួយ​ក្បាល​ចំណាយ​ពេល​និពន្ធ​ដល់​ទៅ​ជិត​២ឆ្នាំ តើវា​ពិត​ជា​គ្មាន​​ផ្តល់​គុណ​តម្លៃ​អ្វី​សោះ!  ក្នុង​ព្រលឹង​នៃ​សំណេរប្រលោម​លោក​គឺ​បាន​ផ្តល់​ឲ្យ​អ្នក​អាន​នូវ​ការ​កម្សាន្ត និង​ការ​អប់រំ​ដោយ​ប្រយោល។ ឧទាហរណ៍ ដូចជា​ស្នា​ដៃ​ប្រលោម​លោក​ទី៣​របស់ ម៉ានិត ដែល​មាន​ចំណង​ជើង​ថា “​ផ្ទះ​កណ្តាល​បឹង​” សាច់​រឿង​នោះ​ពណ៌​នាពីតថភាព​រស់​នៅ​ទំនៀម​ទម្លាប់ សិល្បៈ ប្រពៃណី នៅ​សម័យ​បារាំង​នឹង​ការលះបង់​របស់​បងស្រី​ចំពោះ​ប្អូនស្រី​ខ្លួន​ឯង។ ប្រសិន​បើ​ជីវិត​ពិត​យើង​ជួប​ប្រទះ​បញ្ហា​ស្រដៀងតួអង្គ​ក្នុង​សាច់​រឿង​នោះ យើង​អាច​សាកល្បងយកវាមក​អនុ​វត្តន៍​ផ្ទាល់​ក្នុង​ជីវិត​​ក៏​បាន ឬ​បើ​យើង​ចង់​ដឹងថា តើ​សម័យ​បារាំង​គេ​រស់​នៅ​របៀបណា ស្លៀក​ពាក់របៀបណា ប្រារព្ធ​ពិធី​សាសនា​អ្វី​ខ្លះ យើង​ក៏​អាច​ស្វែងរក​បាន​នៅ​ក្នុង​សៀវភៅ​នេះ​ផង​ដែរ។ ខ្លាច​ផង រំភើប​ផង រីក​រាយ​ផង ទាំង​នេះ​គឺជា​រស​ជាតិ​​ជីវិត​របស់​មនុស្ស​!

          ងាកមក​និយាយ​ពី​កត្តា​ដែល ម៉ានិត គិត​ថា​បាន​ធ្វើ​ឲ្យ​សៀវភៅ​របស់​ខ្លួន​ជោគ​ជ័យ​​ក្នុង​សម័យ​បច្ចេក​វិទ្យា​បណ្តាញ​សង្គម​ដែល​កំពុង​វាយ​លុកលើ​មនុស្ស​គ្រប់​គ្នា​នោះ​គឺ តម្រូវ​ការ​អ្នក​អាន​សាច់​រឿង​ទំនើប ការ​រចនា​សៀវភៅ និង​ទី​ផ្សារ។ ម៉ានិត លើក​សំនួរ៤​ឡើង៖ ១.បើ​យើង​ចង់​បើក​អាជីវកម្ម​មួយ តែ​យើង​មិន​ដឹង​តម្រូវ​ការ​អតិថិជន តើ​អាជីវកម្ម​នោះ​ជោគ​ជ័យ​​ឬ​ទេ? ២.បើ​យើង​ជាសិល្បករតែ​មិន​ខិតខំ​បង្កើត​ស្នា​ដៃ​ថ្មី​តើ​មហា​ជន​នៅ​គាំទ្រ​យើង​ទៀត​ដែរ​ឬ​ទេ? ៣.​ប្រសិន​បើ​យើង​មាន​សាច់​រឿង​ល្អ​មួយ តែក្រប​សៀវភៅ​គ្មាន​ភាព​ទាក់​ទាញ តើ​អ្នក​អាន​នឹង​បើក​ទំព័រ​ខាង​ក្នុង​បន្ត​ទេ? ៤. បើ​យើង​មាន​ផលិត​ផល​មួយ​តែខ្វះការ​ផ្សព្វ​​ផ្សាយ តើ​អតិថិជន​សព្វ​ថ្ងៃ​នឹង​ស្គាល់​ពី​ផលិត​ផល​នោះ​ទេ!
          “​ពេល​ខ្លះ យើង​មាន​ដើម​ទុន​តិច​ក៏​អាច​បង្កើត​​អាជីវកម្ម​មួយ​បាន​ជោគ​ជ័យ​​ដែរ ប្រសិន​បើ​យើង​ចេះ​ប្រើ​ឱកាស និង​ខួរ​ក្បាល​របស់​យើង​ឲ្យ​អស់​លទ្ធភាព”។

          រហូត​មក​ដល់​ពេល​នេះ ស្រលាញ់​សៀវភៅ ចេញ​ផ្សាយ​សៀវភៅ​ប្រលោម​បាន​៣ចំណង​ជើង​ហើយ​គឺ បេសកកម្ម​មួយ (ជំពូក​ផ្តើម), បេសកកម្ម​មួយ​វគ្គ​ទី២ (ទាសករ​ផ្លូវ​ចិត្ត) និង​ផ្ទះ​កណ្តាល​បឹង ហើយ​អ្វី​ដែល​ជាមោទនភាព​របស់ ម៉ានិត នា​ពេល​នេះ គឺ​សៀវភៅ​រឿង​ទី៣អាច​លក់​បាន​រហូត​ដល់​៤​ពាន់​ក្បាល​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ប៉ុណ្ណោះ។ ទោះ​បីជាតួ​លេខ​នេះ​មិន​ទាន់​ស្មើ​តួ​លេខ​របស់​អ្នក​និពន្ធ​នៅ​លើពិភព​លោក​ផ្សេង​ទៀត ប៉ុន្តែ ម៉ានិត បរិយាយ​ដោយ​ញញឹម​ពព្រាយ​ថា នេះ​គឺជា​តួ​លេខ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ទី​ផ្សារ​សៀវភៅ​នៅ​កម្ពុជា។ ម៉ានិត ជឿ​ជាក់​ថាស្នា​ដៃ​ទាំង​អស់​របស់​ខ្លួន​នឹង​បាន​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យសំណេរ​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត​ជាក់​ជា​មិន​ខាន។ ម៉ានិត សន្យាថា​ខ្លួន និង​ក្រុម​ការ​ងារ​ស្រលាញ់​សៀវភៅ​ទាំង​អស់​នឹង​ខិតខំ​សម្រិតសម្រាំងស្នា​ដៃ​ថ្មីៗ ឲ្យ​កាន់​តែ​មាន​គុណភាព​កើន​ឡើង​ជានិច្ច។ ជា​ចុង​ក្រោយ ម៉ានិត សូម​លើក​ទឹក​ចិត្ត​ឲ្យ​យុវ​វ័យ​ទាំង​អស់​ចេះ​ប្រើ​ប្រាស់​ពេល​វេលា​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ជា​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង គ្រួសារ និង​សង្គម​ជាតិ ស្រប​តាម​ទស្សនវិស័យ​សម័យ​បច្ចេក​វិទ្យា​ដែល​បង្កប់​ទៅ​ដោយ​ហានិភ័យ និង​អត្ថ​ប្រយោជន៍​ជា​ច្រើន​នៅ​លាយឡំ​គ្នា៕

Article by SVAY LIMENG

 


SUGGESTIONS