មាននាងក៏ធុញគ្មាននាងក៏ធុញ គឺជាបទចម្រៀងដ៏ល្បីល្បាញបំផុតរបស់តារាចម្រៀង ម៉ុង ម៉ានិត។ ចុះសៀវភៅប្រលោមលោកដ៏ល្បីល្បាញបំផុតប្រចាំឆ្នាំ២០១៦ “បេសកកម្មមួយ” តើជាស្នាដៃរបស់ ម៉ានិត ដែរ? ប្រាកដណាស់ ប្រលោមលោកដែលត្រូវបានទិញសិទ្ធិយកទៅផលិតជាភាពយន្តភាគ ហើយត្រៀមនឹងអង្រួនបេះដូងទស្សនិកជនលើកញ្ចក់ទូរទស្សន៍ក្នុងឆ្នាំ២០១៨ ខាងមុខនេះ ក៏ជាសមិទ្ធផលរបស់ ម៉ានិត ដែរ។ ដូច្នេះ ម៉ានិត របស់ទស្សនិកជននៅទីនេះដដែល ប៉ុន្តែគាត់កំពុងកសាងក្តីស្រមៃថ្មីមួយទៀតដែលបានផ្លាស់ប្តូរគាត់ឲ្យក្លាយជាមនុស្សកាន់តែរឹងមាំទាំងស្មារតី បញ្ញា និងថាមពលផ្លូវចិត្ត។ តើអ្វីជាបុព្វហេតុនាំឲ្យសម្រេចសមិទ្ធផលដ៏ត្រចះត្រចង់នេះ?
ផ្តើមចេញពីការចំណាយពេលហួសហេតុលើបណ្តាញសង្គម ម៉ានិត បានសួរខ្លួនឯងថា តើខ្លួនគួរបន្តមើលរូបភាពគ្រោតគ្រាត ឬអានអត្ថបទដែលមិនបានផ្តល់គុណប្រយោជន៍ដល់ខ្លួន និងគ្រួសារលើបណ្តាញនេះជារៀងរាល់ថ្ងៃឬ? គ្រាហ៍នោះហើយដែលចលនាស្រលាញ់សៀវភៅបានកើតឡើង។ ស្រលាញ់សៀវភៅកើតចេញពីចលនាស្រលាញ់ (ក្រមាខ្មែរ) របស់កញ្ញា មាន សូនីតា ដោយបន្ថែមបេសកកម្មថ្មី (សៀវភៅ) ដែលជាទស្សនវិស័យរបស់ ម៉ានិត ក្នុងការលើកស្ទួយ និងជំរុញការអានរបស់មនុស្សទូទៅ។ គ្រប់យ៉ាងក៏ចាប់ផ្តើមដំណើរការណ៍ ប៉ុន្តែភាពក្មេងខ្ចីលើវិស័យអំណានរបស់ ម៉ានិត បានធ្វើឲ្យគ្រោងការណ៍ជួបឧបសគ្គគួរឱ្យកត់សម្គាល់។
“ខ្ញុំបានស្វែងរកអ្នកឧបត្ថមក្នុងការផលិតសៀវភៅគ្រប់មធ្យោបាយ ប៉ុន្តែមានតែរោងភាពយន្តលេជិនមួយគត់ដែលយល់ព្រមជួយផ្សព្វផ្សាយសៀវភៅដំបូងរបស់ខ្ញុំ។ ខ្ញុំមិនបន្ទោសអ្នកដែលមិនយល់ព្រមសហការនាពេលនោះទេ ព្រោះខ្ញុំគិតថា គ្មាននរណាដែលយល់ព្រមវិនិយោគលើផលិតផលដែលខ្លួនមិនបានស្គាល់ច្បាស់នោះទេ ។ អ្នកទាំងអស់គ្នាដឹងអត់? ខ្ញុំត្រូវខ្ចីប្រាក់ធនាគារដើម្បីធ្វើដើមទុនបោះពុម្ពសៀវភៅដំបូងរបស់ខ្ញុំ។”
ការវិនិយោគលើសៀវភៅគឺជារឿងមួយដ៏ស្មុគស្មាញ និងប្រថុយប្រថានខ្លាំងណាស់។ ទំនោរអ្នកអានភាគច្រើនមិនសូវចាប់អារម្មណ៍ទៅលើសៀវភៅប្រលោមលោកក្នុងស្រុកនោះទេ។ ពួកគេដូចជាចាប់អារម្មណ៍ទៅលើសៀវភៅប្រភេទលើកទឹកចិត្ត វិធីសាស្រ្តដើម្បីជោគជ័យក្នុងមុខជំនួញ ឬប្រភេទទ្រឹស្តីទាក់ទងនឹងជំនាញជាក់លាក់ណាមួយច្រើនជាង ដែលជាហេតុធ្វើឲ្យគ្រឹះស្ថានបោះពុម្ពខ្លះទិញសិទ្ធិសៀវភៅបរទេសមកបកប្រែជាភាសាជាតិតែម្តង។ វាមានភាពងាយស្រួល និងមិនប្រឈមនឹងហានិភ័យហិរញ្ញវត្ថុ។ ទិដ្ឋភាពនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីភាពទន់ខ្សោយរបស់អ្នកនិពន្ធប្រលោមលោកក្នុងស្រុកដែលគ្មានលទ្ធភាពនិពន្ធសៀវភៅប្រលោមលោកដែលមានគុណភាពមួយសម្រាប់អ្នកអានបាន។
ម៉ានិត បន្ថែមថា មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែត្រូវការអានសៀវភៅអប់រំគ្រប់ពេលឡើយ។ វត្ថុទាំងអស់តែងតែមានគុណតម្លៃរបស់វាជានិច្ច ប៉ុន្តែបញ្ហាត្រង់ថា តើគ្រប់គ្នារកឃើញតម្លៃនោះទេ? សៀវភៅប្រលោមលោកមួយក្បាលចំណាយពេលនិពន្ធដល់ទៅជិត២ឆ្នាំ តើវាពិតជាគ្មានផ្តល់គុណតម្លៃអ្វីសោះ! ក្នុងព្រលឹងនៃសំណេរប្រលោមលោកគឺបានផ្តល់ឲ្យអ្នកអាននូវការកម្សាន្ត និងការអប់រំដោយប្រយោល។ ឧទាហរណ៍ ដូចជាស្នាដៃប្រលោមលោកទី៣របស់ ម៉ានិត ដែលមានចំណងជើងថា “ផ្ទះកណ្តាលបឹង” សាច់រឿងនោះពណ៌នាពីតថភាពរស់នៅទំនៀមទម្លាប់ សិល្បៈ ប្រពៃណី នៅសម័យបារាំងនឹងការលះបង់របស់បងស្រីចំពោះប្អូនស្រីខ្លួនឯង។ ប្រសិនបើជីវិតពិតយើងជួបប្រទះបញ្ហាស្រដៀងតួអង្គក្នុងសាច់រឿងនោះ យើងអាចសាកល្បងយកវាមកអនុវត្តន៍ផ្ទាល់ក្នុងជីវិតក៏បាន ឬបើយើងចង់ដឹងថា តើសម័យបារាំងគេរស់នៅរបៀបណា ស្លៀកពាក់របៀបណា ប្រារព្ធពិធីសាសនាអ្វីខ្លះ យើងក៏អាចស្វែងរកបាននៅក្នុងសៀវភៅនេះផងដែរ។ ខ្លាចផង រំភើបផង រីករាយផង ទាំងនេះគឺជារសជាតិជីវិតរបស់មនុស្ស!
ងាកមកនិយាយពីកត្តាដែល ម៉ានិត គិតថាបានធ្វើឲ្យសៀវភៅរបស់ខ្លួនជោគជ័យក្នុងសម័យបច្ចេកវិទ្យាបណ្តាញសង្គមដែលកំពុងវាយលុកលើមនុស្សគ្រប់គ្នានោះគឺ តម្រូវការអ្នកអានសាច់រឿងទំនើប ការរចនាសៀវភៅ និងទីផ្សារ។ ម៉ានិត លើកសំនួរ៤ឡើង៖ ១.បើយើងចង់បើកអាជីវកម្មមួយ តែយើងមិនដឹងតម្រូវការអតិថិជន តើអាជីវកម្មនោះជោគជ័យឬទេ? ២.បើយើងជាសិល្បករតែមិនខិតខំបង្កើតស្នាដៃថ្មីតើមហាជននៅគាំទ្រយើងទៀតដែរឬទេ? ៣.ប្រសិនបើយើងមានសាច់រឿងល្អមួយ តែក្របសៀវភៅគ្មានភាពទាក់ទាញ តើអ្នកអាននឹងបើកទំព័រខាងក្នុងបន្តទេ? ៤. បើយើងមានផលិតផលមួយតែខ្វះការផ្សព្វផ្សាយ តើអតិថិជនសព្វថ្ងៃនឹងស្គាល់ពីផលិតផលនោះទេ!
“ពេលខ្លះ យើងមានដើមទុនតិចក៏អាចបង្កើតអាជីវកម្មមួយបានជោគជ័យដែរ ប្រសិនបើយើងចេះប្រើឱកាស និងខួរក្បាលរបស់យើងឲ្យអស់លទ្ធភាព”។
រហូតមកដល់ពេលនេះ ស្រលាញ់សៀវភៅ ចេញផ្សាយសៀវភៅប្រលោមបាន៣ចំណងជើងហើយគឺ បេសកកម្មមួយ (ជំពូកផ្តើម), បេសកកម្មមួយវគ្គទី២ (ទាសករផ្លូវចិត្ត) និងផ្ទះកណ្តាលបឹង ហើយអ្វីដែលជាមោទនភាពរបស់ ម៉ានិត នាពេលនេះ គឺសៀវភៅរឿងទី៣អាចលក់បានរហូតដល់៤ពាន់ក្បាលក្នុងរយៈពេល១០ថ្ងៃប៉ុណ្ណោះ។ ទោះបីជាតួលេខនេះមិនទាន់ស្មើតួលេខរបស់អ្នកនិពន្ធនៅលើពិភពលោកផ្សេងទៀត ប៉ុន្តែ ម៉ានិត បរិយាយដោយញញឹមពព្រាយថា នេះគឺជាតួលេខដ៏អស្ចារ្យមួយក្នុងទីផ្សារសៀវភៅនៅកម្ពុជា។ ម៉ានិត ជឿជាក់ថាស្នាដៃទាំងអស់របស់ខ្លួននឹងបានរួមចំណែកអភិវឌ្ឍន៍វិស័យសំណេរនៅកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខទៀតជាក់ជាមិនខាន។ ម៉ានិត សន្យាថាខ្លួន និងក្រុមការងារស្រលាញ់សៀវភៅទាំងអស់នឹងខិតខំសម្រិតសម្រាំងស្នាដៃថ្មីៗ ឲ្យកាន់តែមានគុណភាពកើនឡើងជានិច្ច។ ជាចុងក្រោយ ម៉ានិត សូមលើកទឹកចិត្តឲ្យយុវវ័យទាំងអស់ចេះប្រើប្រាស់ពេលវេលារបស់ខ្លួនឲ្យបានត្រឹមត្រូវ និងជាប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ស្របតាមទស្សនវិស័យសម័យបច្ចេកវិទ្យាដែលបង្កប់ទៅដោយហានិភ័យ និងអត្ថប្រយោជន៍ជាច្រើននៅលាយឡំគ្នា៕
Article by SVAY LIMENG