×

នារី​ប្រពៃ​ ឬ Proper Woman សៀវភៅរឿង​ពិត​ដែល​បាន​រួមចំណែក​ជម្រុញ​ក្តីស្រមៃ​របស់ស្ត្រី​កម្ពុជា​គ្រប់រូប​

NEWS 6 years ago
 
 

          “ ស្ត្រី​មិន​មែន​កើត​មក​ដើម្បីតែបោស​ផ្ទះ និង​ធ្វើ​ម្ហូប​ឡើយ​! ”

          នារី​ប្រពៃ គឺជា​សៀវភៅ​មួយ ដែល​គេ​ឃើញ​សឹងតែ​នៅ​គ្រប់ទី​កន្លែង​លក់​សៀវភៅ​ទាំង​អស់ និង​សឹងតែ​ឃើញ​គ្រប់កម្មវិធី​ពិព័រណ៍ជា​ច្រើន​នៅ​ប្រទេស​កម្ពុជា​យើង​នេះ។ សៀវភៅ នារី​ប្រពៃ​នេះ​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ជា​ពីរ​ភាសា​ដែល​ក្នុង​នោះ​ក៏​មាន​ជា​ភាសា​អង់គ្លេស​ក្រោម​ចំណង​ជើង​ថា “Proper Women”​ផង​ដែរ។ មែន​ទែន​ទៅ​សៀវភៅ​ដ៏​មាន​ប្រជាប្រិយ​មួយ​នេះ​បាន​ចេញ​ផ្សាយ​ដំបូង​ជា​ភាសា​អង់គ្លេស បន្ទាប់មក​ដោយ​សារតែ​មាន​សារជម្រុញពី​ក្រុម​ការ​ងារ និង​អ្នក​អានគ្រប់ទី​កន្លែង​ជុំ​វិញ​ពិភព​លោក ៥ខែ​ក្រោយ​មក អ្នក​និពន្ធ​ក៏​បាន​​សម្រេច​ចិត្ត​និពន្ធ​រឿង​នេះ​ជា​ភាសា​ខ្មែរ​តែ​ម្តង។

          នារី​ប្រពៃ ឬ Proper Woman គឺជា​សៀវភៅ​ប្រលោម​លោក​បែប​ជីវិត​ពិត​របស់​អ្នក​និពន្ធ​ស្ត្រី​វ័យ​ក្មេង​របស់​កម្ពុជា​មួយ​រូប គឺ​កញ្ញា ថុន ថាវរី ដែល​រៀបរាប់​ពីទស្សន​របស់​ក្មេង​ស្រី​សម័យ​ថ្មី​ក្នុង​ការ​សម្រេច​សុបិន​របស់​ខ្លួន​ឱ្យ​ក្លាយ​ជាការ​ពិត ចាក​ចេញ ពីគំនាប​ប្រពៃណី​មិន​ស្មើ​ភាព​មួយ​ចំនួន ពីការ​គិត​ដែល​ខុស​ប្លែកពីបុព្វការី​របស់​ខ្លួន ហើយ​បង្កើត​​នូវ​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​ជីវិត​ខ្លួន​ឯង​ជារៀងដរាប។ ថាវរី ​ចាប់​ផ្តើម​និពន្ធ​រឿង​នារី​ប្រពៃ​នេះ​ពីបទ​ពិសោធន៍​ជីវិត​ពិត​គ្រួសារ​របស់​ខ្លួន​បីជំនាន់​ចាប់​តាំង​ពីជំនាន់ម៉ា កុង រហូត​ដល់​ជំនាន់​ម្តាយ ឪពុក និង​បងប្អូន​ប្រុស​ទាំង​២ ដែល​សុទ្ធ​សឹងជា​មនុស្ស​មាន​ឥទ្ធិពល​ក្នុង​សំណេរ​របស់​ថាវរី​ទាំង​ស្រុង។

          ជា​កូន​ទី២​ក្នុង​គ្រួសារ​កសិករ​មួយ ដែល​រស់​នៅ​លើដី​កោះ នៃ​ភូមិ​ក្បាល​កោះ ឃុំខ្សាច់​ទន្លា ស្រុកស្អាង ខេត្ត​កណ្តាល ថាវរី ធំ​ធាត់ជា​មួយ​បងប្អូន​ប្រុស​២​នាក់​ទៀត ក្រោម​ការ​ចិញ្ចឹម​បីបាច់ និង​អប់រំ ពី​ឪពុក​ម្តាយ​ដែល​ធ្លាប់​ឆ្លង​កាត់​រស​ជាតិ​​ជីវិត ទាំង​មុន នៅ​កំឡុង​ពេល និង​ក្រោយ​សង្គ្រាម។

          នារី​ប្រពៃ បើពន្យល់​តាម​អត្ថន័យ​របស់​ពាក្យ​នេះ មាន​ន័យថា ស្ត្រី​គ្រប់លក្ខណ៍ ដែល​ក្នុង​ផ្នត់​គំនិត​ប្រពៃណី​ខ្មែរ ត្រូវ​តែ​ពូកែ​ធ្វើ​ម្ហូប និង​កិច្ចការ​ផ្ទះ​ជា​ច្រើន​ទៀត។ ប៉ុន្តែ​បើ​តាម​ការពន្យល់​របស់ ថាវរី កញ្ញា​ថា អ្នក​អាន​នឹង​ភ្ញាក់​ផ្អើល​នៅ​ពេល​អាន​សៀវភៅ​នេះ​ចប់ ហើយ​នឹង​ឱ្យ​និយម​ន័យចំនង​ជើង នារី​ប្រពៃ ដោយ​ខ្លួន​ឯង​ជាក់​ជា​មិន​ខាន។

           “​ខ្ញុំ​គោរព​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ ប៉ុន្តែ​ទស្សនៈណា​ដែល​បាន​បង្កើត​អសមភាព​រវាង​បុរស និង​ស្ត្រី ខ្ញុំ​មិន​គាំទ្រ​ឡើយ​!”

          នារី​ប្រពៃ​បាន​បោះ​ពុម្ព​ផ្សាយ​ជា​ភាសា​ខ្មែរ​លើក​ទី១​ចំនួន​៤០០០​ក្បាល ដោយ​ក្នុង​នោះ​២៥៣០​ក្បាល សម្រាប់​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ​ដល់​សាលា​រៀន និង​អង្គការ​ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​ការ​អប់រំ ជា​ពិសេស​ការ​លើក​កម្ពស់ការ​អប់រំ​សម្រាប់​ស្រ្តី។ ហើយ​ចំនួន ១៤៧០​ក្បាល​ទៀត សម្រាប់​លក់​ដល់​សាធារណជន​ទូ​ទៅ។ ជា​លទ្ធផល​កញ្ញា​បាន​ទទួល​សារជា​ច្រើន​ពី​អ្នក​អាន ជា​ពិសេស​ពី​ស្ត្រី​ជា​ច្រើន។

          “​សង្គម​មិន​គួរ​កំណត់​ទី​ឱ្យ​មនុស្ស​ស្រី និង​មនុស្ស​ប្រុស​ខុស​គ្នា​ទេ។”

          ថាវរី ចូល​ចិត្ត​គូរ​គំនូរ សរសេរ​រឿង និង​ដើរ​ត្រាច់ចរគ្រប់ទី​កន្លែង​ដើម្បីផ្សងព្រេងរក​អ្វី​ដែល​ថ្មី និង​អស្ចារ្យ​បន្ថែម​ទៀត​សម្រាប់​រស​ជាតិ​​ជីវិត និង​ការ​សរសេរ​របស់​គាត់។ ប្រហែល​ជា​សកម្មភាព​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​អត្ថន័យ​ក្នុង​សៀវភៅ​នារី​ប្រពៃ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដូច្នេះ។ ថាវរី និយាយ​ដោយ​ញញឹម​ថា គាត់​បាន​ឱ្យ​ម្តាយ​របស់​គាត់​អាន​សៀវភៅ​នេះ​មុន​ពេល​បោះ​ពុម្ព​ផ្សាយ។ ហើយ​ម្តាយ​គាត់​បាន​ជួយ​ផ្តល់​មតិកែលម្អ​ដល់​គាត់​វិញ​ទៀត​ផង។ លើស​ពី​នេះ​ទៀត កាលពី​សៀវភៅ ជា​ភាសា​អង់គ្លេស​នេះ​ចេញ​ផ្សាយ​ដំបូង ប្អូន​ប្រុស​របស់​គាត់​គឺជា​អ្នក​បាន​អាន​សៀវភៅ​នេះ​ដំបូង​គេ​ក្នុង​រយៈ​ពេល​តែ​មួយ​យប់​ប៉ុណ្ណោះ។ គ្រប់​គ្នា​នៅ​ក្នុង​គ្រួសារ​សុទ្ធ​តែ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ថាវរី​ធ្វើ​រឿង​ដ៏​អស្ចារ្យ​នេះ​ឡើង។ ពួក​គាត់​គិត​ថា ការ​ចែក​រំលែក​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​ដល់​អ្នក​ដទៃ វាអាច​ជួយ​ឱ្យ​ពួក​គេ​បាន​ដឹងពី​លទ្ធផល​មួយ​ដែល​ពួក​គេ​ត្រូវ​តែ​ជួប​ប្រទះ​នៅ​ពេល​ខាង​មុខ។

          “​ស្ត្រី និង​បុរស​រស់​នៅ​ដើម្បី​បង្កើត​​សង្គម​មួយ​នេះ​ឱ្យ​រីក​ចម្រើន​ជា​មួយ​គ្នា​”

          “បើ​អ្នក​មាន​សុបិន ត្រូវ​តស៊ូ​ឱ្យ​ដល់​ទី​បំផុត។”

          ត្រឹម​រយៈ​ពេល ១៥ខែ និង​២​ថ្ងៃ សៀវភៅ​នារី​ប្រពៃ ឬ Proper Woman ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស​បាន​ទៅ​ដល់​ដៃ​អ្នក​អានគ្រប់ទី​កន្លែង​លើពិភព​លោក ជា​ពិសេស​ដៃ​របស់​អ្នក​អាន​ដែល​ជា​នារី​កម្ពុជា​ទាំង​អស់។ នារី​ប្រពៃ មាន​២០ជំពូក ហើយ​រហូត​មក​ដល់​ពេល​នេះ សៀវភៅ​បែប​លើក​ទឹក​ចិត្ត​នេះ​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ចំនួន​២​លើក​មក​ហើយ និង​ចែក​ចាយជុំ​វិញ​ប្រទេស​កម្ពុជា និង​ទៅ​ក្រៅ​ប្រទេស ប្រហែល​ជិត​១​ម៉ឺន​ក្បាល។ សៀវភៅ​អាន​ទំហំ A3 មួយ​នេះ​មាន​ដាក់​លក់​នៅ​តាម​បណ្ណាគារ​នានា និង​ហាង​កាហ្វេ ឬ​ក៏​អាចកម្មង់​តាម Online ​ក៏​បាន​​ដែរ។ លើស​ពី​នេះ​ទៀត លោក​អ្នក​ក៏​អាច​តាម​ដានពត៌​មាន និង​គម្រោង​ថ្មីៗ​របស់​កញ្ញា ថុន ថាវរី ឬ​នារី​ប្រពៃ នៅ​លើ​បណ្តាញ​ទំនាក់​​ទំនង​សង្គម​ផ្សេងៗ​ផង​ដែរ។

          “អាន​សៀវភៅ​គឺជា​កាតព្វកិច្ច​ដែល​ត្រូវ​ធ្វើ​សម្រាប់​ខួរ​ក្បាល​ជារៀង​រាល់​ថ្ងៃ​!”

          ក្រៅ​ពីការ​សរសេរ អ្នក​និពន្ធ​ស្ត្រី​ដែល​មាន​វ័យ​២៨ឆ្នាំ​រូប​នេះ ក៏​ជា នាយក​គ្រប់​គ្រង​​មួយ​រូប នៅ​ក្រុម​ហ៊ុន​​ទេសចរណ៍​​បែប​ផ្សងព្រេង​មួយ​ផង​ដែរ។ ស្នា​ដៃ​ដំបូង​របស់ ថាវរី គឺជា​ប្រភេទ​រឿង​សម្រាប់​កុមារ​ថា្នក់ទី១ ដែល​មាន​ចំណង​ជើង​ថា ស្បែក​​ជើង​ថ្មី​របស់​កូន​ស្រី បោះ​ពុម្ព​ផ្សាយ​ដោយ​អង្គការ Room To Read កម្ពុជា។

          តើ​មិត្ត​អ្នក​អាន​បាន​អាន​សៀវភៅ​ណាមួយ​របស់​គាត់ ឬ​នារី​ប្រពៃ ចប់​ហើយ​ឬ​នៅ?

Article by Svay LeeMeng


SUGGESTIONS