×

របរតម្បាញចចូត​នៅ​អន្លង់ព្រីងរក​ចំណូល​បាន​តិច តែ​អ្នក​ភូមិ​នៅ​តែអភិរក្ស

TRAVEL & LIVING 6 years ago
 
 

          ការ​ប្រើ​ប្រាស់​កន្ទេល​នៅ​ក្នុង​សង្គម​ខ្មែរ​មាន​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ។ កន្ទេល​ដែល​ខ្មែរ​ធ្លាប់​ប្រើ​នៅ ពេល​កន្លង​មក រួម​មាន កន្ទេល​ស្លឹក​ត្នោត កន្ទេលកក់មូល កន្ទេលកក់ជ្រុង កន្ទេលចចូត កន្ទេល​ស្លឹក​រុន កន្ទេលផ្តៅ កន្ទេលរំចេក ជា​ដើម ដែល​សុទ្ធ​សឹងតែ​ត្រូវ​បាន​ដាក់​ឈ្មោះ​ទៅ​តាម​រុក្ខ​ជាតិ​ដែល​គេ​យកមក​ត្បាញ។ សព្វ​ថ្ងៃ​យើង សង្កេត​ឃើញ​ថា ប្រពៃណី​តម្បាញកន្ទេល​កាន់​តែថយ​ចុះ​ជាង​សម័យ​មុន ព្រោះ​មាន​ការ​នាំ​ចូល​កន្ទេលនីឡុងពី បរទេស​យ៉ាង​សំបូរ​បែប រីឯ​គ្រឿង​សង្ហារឹម​ដែល​អាច​ប្រើ​ជំនួស​កន្ទេល​បាន​ក៏​ទទួល​បាន​ការ​ពេញ​និយម​ច្រើន​ពីប្រជា ជន​ក្នុង​ស្រុក។ ទោះ​បីជា​យ៉ាង​នេះ​ក្តី ក៏​ប្រជាជន​ខ្មែរ​នៅ​ក្នុង​តំបន់​ខ្លះ​នៅ​តែតស៊ូថែ​រក្សា​ប្រពៃណី​តម្បាញ​មួយ​នេះ​រហូត មក​ដល់​បច្ចុប្បន្ន មិន​ទាន់​បោះ​បង់​ទាំង​ស្រុង​ឡើយ តួ​យ៉ាង ប្រជាជន​ដែល​កំពុង​រស់​នៅ​ភូមិ​ជ្រេស ឃុំ​បឹង​សាលា ខាង​ត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​ជា​ផ្នែក​មួយ​នៃ​សហគមន៍​អេកូ​ទេសចរណ៍​អន្លង់ព្រីង។ តោះ! ទៅ​ស្វែង​យល់​អំពី​ប្រវត្តិ​និង​សកម្មភាព​នៃ​ប្រពៃណី​តម្បាញកន្ទេលចចូត​របស់​ប្រជា​សហគមន៍​ទាំង​អស់​គ្នា​!
         នៅ​ក្នុង​សាលា​ឆទាន​ភូមិ​ជ្រេស​នៃ​សហគមន៍​អន្លង់ព្រីង ស្រ្តី​អ្នក​ភូមិ​វ័យ​កណ្តាល និង  ចំ​ណាស់​មួយ​ចំនួន កំពុង​ជាប់​ដៃ​មមាញឹកត្បាញកន្ទេល និង កន្រ្តក​ធ្វើ​អំ​ពីរុក្ខ​ជាតិ​ចចូត ដែល​ពួក​គាត់​ហៅ​តាម​គ្រាម​ភាសា​ក្នុង​តំបន់​ថា “កញ្ចូត”។ លោក​យាយ សាត ដែល​ជា​អ្នក​តម្បាញ​ប្រចាំ​ភូមិ​យូរ​ឆ្នាំ​មក​ហើយ បាន​មាន​ប្រសាសន៍​ថា “​តាម​ពិត​ទៅ ខ្ញុំ​ចេះ​ត្បាញកន្ទេលកញ្ចូត (ចចូត) តាំង​ពី​នៅ​ក្មេង​ម្ល៉េះ។ ខ្ញុំ​ចេះ​តពី​ចាស់ៗ​ក្នុង​ភូមិ​ពីជំនាន់​មុន​មក។ ម្តាយ​ខ្ញុំ​ក៏​ចេះ​ត្បាញវា​ដែរ។ ពី​ដើម​សម័យ​ប៉ុលពត មាន​ចចូតដុះ​នៅ​ក្នុង​ភូមិ គេ​នាំ​គ្នា​ទៅ​រកវា​យកមក​ត្បាញ​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន មិន​មែន ត្បាញ​ឲ្យ​សហគមន៍ (​ទេសចរណ៍) ដូចឥលូវទេ។”
លោក​យាយ​បាន​បន្ត​ទៀត​ថា លុះ​ដល់​សម័យ​ក្រោយ​មក ចចូត​ចេះ​តែខ្សត់ៗ​ទៅ ព្រោះ​ប្រជា​ពលរដ្ឋ​យកដី​បឹង ដែល​ចចូត​ធ្លាប់​ដុះ​ធ្វើ​ជាដីបង្កបង្កើន​ផល​ស្រូវ (ធ្វើ​ស្រែ) និង ធ្វើ​ជាលំ​នៅ​ដ្ឋាន​ផ្សេងៗ។ ប្រជាជន​ខ្លះ​បាន​បោះ​បង់របរ នេះ រីឯ​ខ្លះ​ទៀត​នៅ​តែតស៊ូ​បន្ត​ប្រពៃណី​ដូនតាដ​ដែល ប៉ុន្តែ​ពួក​គេ​មិន​អាចពឹង​ផ្អែក​លើទិន្នផលចចូត​នៅ​ក្នុង​តំបន់​នេះ ដូច​សម័យ​ដើម​ទៀត​ឡើយ ដូច​នេះ​ពួក​គាត់​ត្រូវ​ចំណាយ​ដើម​ទុន​ដើម្បី​​ទិញ​ចចូតពីឈ្មួញ​ដែល​ច្រូត​យកមក​ពី​ក្រៅ តំបន់​មក​លក់​ឲ្យ​អ្នក​ត្បាញកន្ទេល។


អ្នក​មីង ធឿន ដែល​ជា​អ្នក​ភូមិ​ម្នាក់​ទៀត កំពុង​ត្បាញកន្រ្តកចចូត បាន​និយាយ​ថា “​ពួក​ឈ្មួញយកចចូត ពីស្ទឹងហាវ កំពង់សោម ស្រែ​អំបិល កោះ​កុង ខ្លះ​យកពី​ប្រទេស​វៀត​ណាម​ដែរ មក​លក់​ដល់​កន្លែង។ យើង​រង់ចាំ​ទិញ ពី​ពួក​គេ ក្នុង​មួយ​បាច់ (មាន​ចចូតបីដុំ​តូចៗ) ថ្លៃ​១៥០០០​រៀល។ ក្នុង​មួយ​ថ្ងៃ យើង​អាចត្បាញ​បាន​កន្រ្តក​ចំនួន​ប្រហែល ១០កន្រ្តក អាច​តិច​ឬ​ច្រើន​ទៅ​តាម​កម្លាំង​និង​ពេល​ជាក់​ស្តែង ហើយ​កន្រ្តក​មួយ​លក់​បាន​ត្រឹម ៣៥០០ រៀល។”
អ្នក​មីងដ​ដែល​បាន​បញ្ជាក់​ថា កន្រ្តក​ដែល​ត្បាញ​បាន​ត្រូវ​បាន​អង្គការ​ម្លប់​បៃតង​ទិញ​យក ហើយ​អ្នក​ភូមិ​ខ្លះ​ទៀត បាន​អះអាង​ថា វា​ត្រូវ​បាន​ខាង​ឈ្មួញ​នៅ​ខេត្ត​សៀមរាប និង ទី​ក្រុង​ភ្នំពេញ ទិញ​យក​ទៅ​លក់​បន្ត​ផង​ដែរ។ ដោយ​ឡែក​ចំពោះ កន្ទេលចចូត​ក៏​ដូច​គ្នា​ដែរ គឺ​មាន​ឈ្មួញចាំយក​ទៅ​លក់​បន្ត​នៅ​តាម​ខេត្ត​ក្រុង​នានា​ទូ​ទាំង​​ប្រទេស។ រីឯ​ប្រាក់​ចំណេញ​ពីការ​លក់​ផលិត​ផលតម្បាញចចូត​នេះ គឺ​បាន​ត្រឹម​តែ​ពីរ​ឬ​បី​ម៉ឺន​រៀល​ប៉ុន​នោះ​ក្នុង​កន្ទេល​ធំ​មួយ​(កន្ទេលហាល​ស្រូវ​ដែល​មាន​បណ្តោយ​ប្រមាណ​១០​ម៉ែត្រ) ដែល​ពួក​គាត់​ត្រូវ​លះបង់​ពេល​វេលា​អង្គុយ​ត្បាញ និង ប្រើ​ភ្នែក​ទាំង​គូសម្លឹង​មើល​ក្រលាកន្ទេល​យ៉ាង​ប្រុង​ប្រយ័ត្ន​ជាទី​បំផុត​រហូត​ដល់​មួយ​សប្តាហ៍​ទៅ​១០​ថ្ងៃ។
          គួរ​បញ្ជាក់​ផង​ដែរ​ថា កន្ទេល​ដែល​ប្រជា​សហគមន៍​ត្បាញ​មាន​ច្រើន​ទំហំ​ចាប់​ពី២​ម៉ែត្រ​រហូត​ដល់​១០​ម៉ែត្រ​ទៅ តាម​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់ ដែល​ពួក​គាត់​ចែក​ជា​ពីរ​ប្រភេទ​ធំៗ គឺ កន្ទេល​សម្រាប់​ក្រាល​អង្គុយ និង កន្ទេល សម្រាប់​ហាល​ស្រូវ។ ដោយ​ឡែក ចំពោះ​ខ្នាត​កន្រ្តកចចូត គឺ​មាន​ច្រើន​ទំហំ​ដែរ ដូចជា ទំហំ​៤តឹក ៥តឹក ដល់ ៧តឹក។ កន្រ្តក​មធ្យម​អាច​ប្រើ​ជាសម្ពៀត​ដាក់​សៀវភៅ (ជំនួស​កាតាប) រីឯ​កន្រ្តក​ធំៗ​ប្រើ​សម្រាប់​ដាក់​មាន់ជល់​ឬ បន្លែ​បាន​ពី៥ ដល់​១០​គីឡូ​ឯណោះ មាន​សភាពធន់​ជាប់​បាន​យូរ​មិន​ងាយ​ដាច់ ជា​ពិសេស​ដៃ​កន្រ្តក​រឹងមាំ​ដោយ​សារ​អ្នក​ត្បាញវេញ ជាពួរ​ជាប់​ស្វិត​ជាង​ថង់ប្លាស្ទិក​ឬ​ថង់ក្រណាត់។ អ្នក​ត្បាញចចូត​នៅ​ក្នុង​ភូមិ​សុទ្ធ​តែ​អះអាង​ដូចៗ​គ្នា​ថា ពួក​គាត់​អាច ត្បាញកន្ទេល និង វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ធ្វើ​អំពី​ដើម​ចចូត​បាន​គ្រប់ម៉ូដ គ្រប់ក្រលាគោម​ទាំង​អស់ ទៅ​តាម​ចំណង់ ចំណូល​ចិត្ត​របស់​អតិថិជន ប្រសិន​បើ​មាន​ប៉ាន់គំរូ​របស់​ដែល​លោក​អ្នក​ចង់​បាន​ឲ្យ​ពួក​គាត់​ធ្វើ​តាម។


          កញ្ញា មុំ ពេជ្រ​ស្រី​នាង តំណាង​សហគមន៍​ទេសចរណ៍​អន្លង់ព្រីង បាន​ឲ្យ​ដឹងថា សព្វ​ថ្ងៃ​នេះ សហគមន៍​មាន សមាជិក​តម្បាញកន្ទេល​និង​កន្រ្តកចចូត​ចំនួន​៥​នាក់ សម្រាប់​ចូល​រួម​បម្រើ​សកម្មភាព​វិស័យ​ទេសចរណ៍​នៅ​ទី​នោះ។ ពួក​គាត់​អាចរក​ប្រាក់​ចំណូល​សម្រាប់​លើក​ស្ទួយ​ជីវភាព​គ្រួសារ​បន្ថែម​បាន​មួយ​កម្រិត​តាម​រយៈការ​លក់​ផលិត​ផល​ឲ្យ​ទៅ​ភ្ញៀវ​ទេសចរ និង ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​១​ដុល្លារ​ពី​សហគមន៍​នៅ​ពេល​មាន​ភ្ញៀវ​ម្នាក់​ទៅ​ទស្សនា​សកម្មភាព តម្បាញ​របស់​ពួក​គាត់​នៅ​ទី​តាំង​​សហគមន៍​ផ្ទាល់។ កញ្ញា សូម​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​ឲ្យ​ជួយ​គាំទ្រ ផលិត​ផលសិប្បកម្ម​ប្រពៃណី​របស់​ប្រជា​សហគមន៍ ក៍​ដូចជា​ដល់​អង្គការ​ស្ថាប័ន​ពាក់​ព័ន្ធ​​នានា​ឲ្យ​ជួយ​ផ្តល់​ជា​ជំនួយ បច្ចេកទេស​ថ្មីៗ​ដល់​អ្នក​ត្បាញ និង ស្វែងរក​ទី​ផ្សារ​​បន្ថែម​សម្រាប់​ផលិត​ផល​ទាំង​នេះ៕

Article by SRIN SOKMEAN


SUGGESTIONS