×

កង់ៗបួន ធាក់ម្តង​បួននាក់ ផលិត​ដោយ​កូនខ្មែរ​ម្នាក់​ក្រោម​ឈ្មោះថា​កង់ខ្មែរ​ថែសុខភាព

NEWS 6 years ago
 
 

          ធ្លាប់​តែ​ឃើញ​បរទេស​ផលិត​នូវ​របស់​ប្លែកៗ​ចម្លែក​អារម្មណ៍ ជា​ពិសេស​គឺ​ការ​ផលិត​គ្រឿង​ចក្រ​ដោយ​ខ្លួន​ឯង​ជាមួយ​នឹង​ស្នាដៃ​ខ្លួន​ឯង​ផ្ទាល់ ក៏​ប៉ុន្តែ​បុរស​កូន​ខ្មែរ​ម្នាក់​ក៏​មិន​ចាញ់​បរទេស​ប៉ុន្មាន​ឡើយ ដោយ​លោក​បាន​ផលិត​ជា​កង់​ដែល​មាន​កង់​បួន ហើយ​ធាក់ម្តង​បាន​បួន​នាក់ដែល​មិនធ្លាប់​មានពី​មុន​មក​ឡើយ ហើយ​នេះ​ពិត​ជា​គំនិត​ល្អ​ក្នុង​ការ​ជួយ​សម្រួលដល់​អ្នកនិយម​ធាក់​កង់​ជា​ក្រុម ប្រកប​ដោយភាព​ច្នៃ​ប្រឌិត​ជា​ទី​បំផុត។ ​ច្រវ៉ាក់​ម៉ូតូ ​កង់​ស៊ីក្លូ និងចង្កូត​ឡាន បាន​ផ្គុំផ្សំ​បញ្ជូល​គ្នាបង្កើត​បាន​ជា​កង់​មួយ​ដែលទទឹង​ប្រវែង 1,20 ម៉ែត្រ និងបណ្តោយ 2,90 ម៉ែត្រ ហើយ​ថែម​ទាំង​មានឈ្មោះថា កង់​ខ្មែរ​ថែសុខភាព ទៀត​ផង។ លោក ឯម សុភារៈ គឺ​ជាម្ចាស់​កង់​បាន​បង្ហាញ​ប្រាប់ ​សូវរីន ​ថា គោល​បំណង​ដែល​លោក​បាន​ផលិត​កង់​នេះ​ឡើង​គឺ​ដោយសារ​តែ​លោក​បាន​មើល​ឃើញ លោក​យាយ​លោក​តា​ចាស់ៗ ដែល​គាត់​ចង់​ហាត់​ប្រាណ​ដោយ​ការ​ធាក់​កង់ ក៏​ប៉ុន្តែ​ដោយ​កំលាំង​មិន​ដល់​​ក្នុង​ការ​ទប់​លំនឹង ទើប​លោក​សម្រេច​បង្កើត​ជា​កង់​ដែល​មាន​កង់​បួន​នេះ​ឡើង ព្រោះ​វា​អាច​ទប់​លំនឹង​​បាន​យ៉ាង​ល្អ ម្យ៉ាង​លោក​យាយ​លោក​តា​ក៏​អាច​ជិះ​កង់​លេង​កំសាន្ត​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​លោក​បាន​ផង​ដែរ ដែល​នេះ​គឺ​ជា​ការ​សម្រួល​ក្នុង​ការ​ហាត់​ប្រាណ​ដើម្បី​សុខភាព​និង​បាន​សប្បាយ​រីករាយ​ជាមួយ​គ្នា​ក្នុង​ពេល​តែ​មួយ​ថែម​ទៀត​ផង។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កង់មួយ​នេះ​ក៏​អាច​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​សម្រាប់​ឲ្យ​ភ្ញៀវ​ជិះ​កំសាន្ត​លេង​នៅ​ក្នុង​រមណីយដ្ឋាន​ធំៗ​បាន​ផង​ដែរ។ ដើម្បី​ឲ្យ​កង់​នេះ​កាន់​តែ​ពិសេស​ទៀត​នោះ លោក ​ឯម សុភារៈ​ក៏​បាន​បំពាក់​នូវ​ផ្ទាំង​កញ្ចក់​សូឡា ដែល​មាន​កំលាំង ៥០​វ៉ាត់ ដើម្បី​បញ្ជូល​អាគុយ ដែល​បាន​ផ្តល់​ថាមពល​អគ្គីសនី​សម្រាប់​ជា​ភ្លើង​បំភ្លឺ​ផ្លូវ​នៅ​ពេល​យប់ និង​ទុក​សម្រាប់​ចាក់​តន្រ្តី​យ៉ាង​ពិរោះ​រណ្តំ​ជាមួយ​នឹង​ឧបករណ៏​ចាក់​តន្រ្តី​នៅ​ពី​ក្រោយ​កង់​ថែម​ទៀត​ផង ហើយ​នេះ​ពិត​ជា​គំនិត​សន្សំសំចៃ​មួយ​ដែល​អស្ចារ្យ​ជាទី​បំផុត។          ដោយសារ​តែ​មាន​ចិត្ត​តស៊ូ ភាពអត់ធ្មត់ ការ​ប្រឹងប្រែង​ដោយ​មិន​ខ្លាច​នឿយហត់ និង​មាន​ការ​លើក​ទឹកចិត្ត​ពីសំណាក់​ក្រុម​គ្រួសារ​ទៀត​នោះ បាន​ជម្រុញ​ឲ្យ​បុរស​ដែល​មាន​មាឌ​ល្អិត សម្បុរ​ខ្មៅ​ម្នាក់​នេះ​សម្រេច​បាន​សមិទ្ធិផល​របស់​ខ្លួន​ត្រឹម​រយៈ​ពេល​បី​ខែ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ។ ក្នុង​វ័យ ៣៧ ឆ្នាំ ឯមសុភារៈ សព្វ​ថ្ងៃ​ជា​អ្នកប្រកបរបរ​រត់​រ៉ឺម៉ក​ដឹក​ឥវ៉ាន់ ដោយ​លោក​មាន​រ៉ឺម៉ក​មួយ​ទៀត​សម្រាប់​ជីវិត​ក្រពះ និង​ផ្គត់ផ្តង់​គ្រួសារ។ បើទោះ​បី​ជា​មាន​ជីវភាព​ខ្វះ​ខាត​ក្តី តែ​នេះ​មិន​មែន​ជា​ឧបសគ្គ​សម្រាប់​លោក​ឡើយ ហើយ​ថវិការ​ក្នុង​ការ​ផលិត​នេះទៀត​សោត គឺ​ជា​កំលាំង​ញើស​ឈាម​របស់​លោក ដែល​បាន​សន្សំ​ជា​យូរ​ណាស់​មក​ហើយ ម្យ៉ាង​ដោយ​មាន​ចិត្ត​ចង់​ធ្វើ​និង​បង្ហាញ​ពី​ភាពច្នៃប្រឌិត​របស់​ខ្លួន​ទៀត​នោះ ទើប​លោក​ហ៊ាន​ចំណាយ​ប្រាក់​អស់ $1,200 ក្នុង​ការផលិត​កង់​មួយ​នេះ​ឡើង។ យ៉ាងណាមិញ លោក​ក៏​បាន​បង្ហើប​ប្រាប់​សូវរីន​ពី​បំណង​ដែល​ចង់​លក់​កង់​មួយ​នេះដែរ ដែល​លោក​នឹង​លក់​ក្នុង​តម្លៃ $1,500 ប្រសិន​បើ​មាន​អ្នក​ចង់​ជាវ​នូវ​គំនិត​ច្នៃប្រឌិត​របស់​លោក ហើយ​នេះមិន​ថ្លៃ​ទេ​ប្រសិន​យើង​គិត​ពី​តម្លៃ​នៃ​ការ​ផលិត​និង​អត្ថប្រយោជន៍​របស់​វា។ ជា​ចុង​ក្រោយ លោក​ក៏​បាន​ប្រាប់​ពីគម្រោង​នៅ​ថ្ងៃ​អនាគត ដែល​លោក​នឹង​ផលិត​កង់​បន្ថែម​ទៀត​ប្រសិន​បើ​មាន​ការ​បញ្ជារ​ទិញ​ពី​អ្នក​ដទៃ​ផង​ដែរ៕

Article by KEO SONG


SUGGESTIONS