×

​ស្តេច​ម៉ែ​ស្តេច​កូន លើស​ពីប្រលោម​លោក​ដែល​អ្នក​ធ្លាប់​អាន

NEWS 6 years ago
 
 

          “​អ្នក​ដែល​សប្បាយ​បំផុត​ក៏​ជា​អ្នក​ដែល​កើត​ទុក្ខ​បំផុត​ដែរ ...”
         ស្តេច​ម៉ែ​ស្តេច​កូន គឺជា​ចំណង​ជើង​ប្រលោម​លោក​ថ្មី​របស់ ម៉ានិត ដែល​ទើប​តែ​ចេញ​ផ្សាយ​កាលពី​ដើម​ខែ​មេសា ឆ្នាំ​២០១៨​នេះ។ ក្នុង​រយៈ​ពេល​មួយ​ខែ​នៃ​ការសម្ពោធន៍​លក់​នោះ​សៀវភៅ​ដែល​និពន្ធ​រួម​គ្នា​ដោយ ម៉ានិត និង​កញ្ញា ស្រេង នីរតី លក់​បាន​រហូត​ដល់​ចំនួន​ប្រាំ​ពាន់​ក្បាល។ ដោយ​ចង់​ដឹងពី​លក្ខណៈ​​ពិសេស​របស់ ស្តេច​ម៉ែ​ស្តេច​កូន សូវរីន បាន​ទៅ​ដល់​ហាង ស្រលាញ់​សៀវភៅ​ផ្ទាល់តែ​ម្តង។ គ្រាន់​តែ​បាន​ឃើញ​ក្រុម​ការ​ងារ​ភ្លាម ស្នាម​ញញឹម​របស់​អ្នក​និពន្ធ​វ័យ​ក្មេង​ម្នាក់​នេះ​រីក​ឡើង​យ៉ាង​ស្រស់​បំព្រង។ ពួក​យើង​បាន​លើក​ដៃ​សំពះ​ស្វាគមន៍​គ្នា​មុន​នឹង​ការ​សម្ភាសន៍​ចាប់​ផ្តើម។

សូវរីន ៖ តើ ស្ដេចម៉ែស្ដេច​កូន មាន​លក្ខណៈ​​ពិសេស​អ្វី​ខ្លះ​ពី​សៀវភៅ​មុនៗ?
ម៉ានិត ៖ (សើច​ខ្លាំង) ប្រាកដ​ជា​ខុស​៣៦០ដឺក្រតែ​ម្តង​បង! ស្តេច​ម៉ែ​ស្តេច​កូន គឺជា​ប្រភេទ​រឿង​កំប្លែង ហើយ​កម្សត់ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​រឿង​បែប​គ្រួសារ។ បង​មើល​តែក្រប​សៀវភៅ​នេះ​ទៅ​ដឹង​ហើយ (លើក​សៀវភៅ​ឡើង ដែល​មាន​រូប​អ្នក​នាង ស្វែង សុជាតា និង​ម៉ានិត) បងសុជាតា និង​ខ្ញុំ ប្រៀបបី​ដូចជា​ម្តាយ និង​កូន​មែន​ទែន​អ៊ីចឹង​! បង​ឯង​ដឹងអត់? មាន​មិត្ត​អ្នក​អាន​ខ្លះ​គិត​ថា រឿង​នេះ​គឺជា​រឿង​ពិត​ទាំង​ស្រុង​របស់​ខ្ញុំ​ទៀត​ផង។ តែ​ខ្ញុំ​ចង់​ប្រាប់​ថា ពិត​ខ្លះ​ប្រតិដ្ឋ​ខ្លះ​ទេ។ លើស​ពី​នេះ​ទៀត វាជា​សៀវភៅ​ដំបូង​ដែល​ខ្ញុំ​សហនិពន្ធជា​មួយ​ប្អូនស្រី នីរតី ក្មេង​ស្រី​ដែល​មាន​ទេពកោសល្យ​សរសេរ​ដ៏​ល្អ​ម្នាក់។

សូវរីន៖ តើម៉ានិត​រៀន​បាន​មេ​រៀន​អ្វី​ខ្លះ​ការ​ផលិត​សៀវភៅ​ថ្មី​នេះ?
ម៉ានិត ៖ (បង្ហាញ​នូវ​ស្នាម​ញញឹម​មុន​នឹង) ទី១គឺ​អត្ថន័យ​នៃ​ពាក្យ​ថា គ្រួសារ និង ម៉ែ។ មិត្ត​អ្នក​អាន​ដែល​បាន​អាន​សៀវភៅ ស្តេច​ម៉ែ​ស្តេច​កូន ចប់ ប្រាកដ​ជា​យល់​ពាក្យ​នេះ​មិន​ខាន។ បន្ទាប់មក​ទៀត គឺបទ​ពិសោធន៍​សរសេរ​រួម​គ្នា​ជា​មួយ​នីរតី។ ពី​មុន ខ្ញុំ​សរសេរ​ម្នាក់​ឯង តែ​លើក​នេះ​សរសេរ​២​នាក់ ហើយ​ប្រភេទ​រឿង​ក៏​មាន​លាយឡំ​ជីវិត​ពិត​ខ្លះ​ទៀត ដូច្នេះ​​ខ្ញុំ​ត្រូវ​ចេះ​គ្រប់​គ្រង​អារម្មណ៍​បន្តិច ព្រោះ​បើ​មិន​អ៊ីចឹង​គឺ​ខ្ញុំ​នឹង​មិន​អាច​ស្វែងរក​ពាក្យ​ពេជន៍កំប្លែង និង​កម្សត់​ជូន​ដល់​មិត្ត​អ្នក​អាន​បាន​ទេ។ ខ្ញុំ​ចង់​ប្រាប់​បង​ឯង​ថា បើបង​បាន​មើល Captions របស់​អ្នក​អាន​រឿង​ហ្នឹង​ចប់ លើ Facebook បង​ប្រាកដ​ជា .... (ម៉ានិតសើច​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​សុំ​មិន​សរសេរ)។ ហើយ​មេ​រៀន​សំខាន់​មួយ​ទៀត​នោះ គឺ រឿង​ហ្នឹង​បាន​រំលឹកពី​អនុស្សាវរីយ៍​របស់​ខ្ញុំ និង​ម៉ាក់​ខ្ញុំ​ឡើង​វិញ​យ៉ាង​ច្រើន​ណាស់។ បង​ឯង​ដឹងអត់ ពេល​ខ្លះ ខ្ញុំ និង​ម៉ាក់​ខ្ញុំ គឺ​ដូចជា​មិត្ត​ភក្តិ​នឹង​គ្នា​អ៊ីចឹង​!
អរគុណ​ម៉ាក់​ដែល​បាន​ផ្តល់​មេ​រៀន​ជីវិត​ជា​ច្រើន​ឱ្យ​កូន​!

សូវរីន ៖ តើ ម៉ានិត នឹង​មាន​អ្វី​ថ្មី​ទៀត សម្រាប់​អ្នក​គាំទ្រ​ម៉ានិត?
ម៉ានិត ៖ បាទបង ប្រាកដ​ជា​មាន​! នៅ​ចុង​ឆ្នាំ​២០១៨ នេះ នឹង​មាន​សៀវភៅ​ប្រលោម​លោក​ចំនួន​០២ចំណង​ជើង​ទៀត​ចេញ​ផ្សាយ ដែល​ខ្ញុំ​សរសេរ​ជា​មួយ​ប្អូនៗ​អ្នក​និពន្ធ​ដទៃ​ទៀត។ ហើយ​រឿង​ផ្ទះ​កណ្តាល​បឹង ខ្ញុំ​នឹង​ផលិត​វាជា​ភាសា​អង់គ្លេស។ ខ្ញុំ​មាន​ក្តីស្រមៃ​ចែក​រំលែកស្នា​ដៃ​របស់​ខ្ញុំ​ទាំង​អស់​ដល់​មនុស្ស​លើពិភព​លោក​នេះ។ ក្រៅ​ពីហ្នឹង​ទៀត ខ្ញុំ​ចង់​បង្កើន​ជំនាញ​លើការ​សរសេរ​អត្ថបទ​ភាពយន្ត​ឱ្យ​បាន​ដល់​កម្រិត​ល្អ​មួយ នឹង​ចុង​ក្រោយ​ខ្ញុំ​កំពុង​រៀន​ពីរ​បៀប​សរសេរ​សៀវភៅ​បែប​ជីវប្រវត្តិ។ ហើយ​ពេល​រៀន​ចប់ ខ្ញុំ​នឹង​និពន្ធពី​ជីវិត​របស់​មនុស្ស​ស្រី​ពិសេស​ម្នាក់ ដែល​មហា​ជនភាគ​ច្រើន​កោតសរសើរស្នា​ដៃ​គាត់។ ខ្ញុំ​ជឿថា ខ្ញុំ​បង្ហើបតែ​ប៉ុណ្ណឹង ពួក​គាត់​ស្គាល់​ហើយ​!

សូវរីន៖ ល្អ​ណាស់​ម៉ានិត អាយុ​២៣ឆ្នាំ​សោះ ពូកែ​អី​ក៏​ពូកែ​យ៉ាង​ហ្នឹង​! សំណួរ​ចុង​ក្រោយ តើម៉ានិត មាន​ពាក្យ​ពេជន៍អី​ចង់​ឱ្យ​អ្នក​អានសើច ដូច​រឿង ស្តេច​ម៉ែ​ស្តេច​កូន អត់?
ម៉ានិត ៖ មាន​តើ តែ​មិន​ដឹងសើច​ឬ​អត់ទេ​! រឿង​កំប្លែង​របស់​ខ្ញុំ​គឺ កុំ​ភ្លេច​មក​លេង​ហាង​ស្រលាញ់​សៀវភៅ ដែល​ជាហាង​លក់​សៀវភៅ​របស់​ខ្ញុំ​ផ្ទាល់។ ហាងហ្នឹង​នៅ​ក្បែរ​វត្ត​ទួលទំពូង មក​លេង​ហើយ​កុំ​ភ្លេច​ទិញ​សៀវភៅ​របស់​អ្នក​និពន្ធ​ខ្មែរ​ជា​ច្រើន​ចំណង​ជើង​នៅ​ទី​នេះ​ផង។

សូវរីន ៖ ប្រូម៉ូសិន​ហាងហ្នឹង​!
ម៉ានិត ៖ បើ​ចង់​បាន​ពាក្យ​ពេជន៍កំប្លែងពីប្អូន បង​ឯង​អាន​រឿង ស្តេច​ម៉ែ​ស្តេច​កូន ទៅ​!

          មិត្ត​អ្នក​អានអាច​ទិញ​ប្រលោម​លោក ដែល​មាន​កម្រាស់២៩៨​ទំព័រ​នេះ នៅ​តាម​បណ្ណាគារ​ធំៗទូ​ទាំង​រាជធានី​ភ្នំពេញ​ និង​នៅ Slanhseavphov Book Store របស់​ម៉ានិត​ក៏​បាន។

សូវរីន ៖ នៅ​សំណួរ​ពិសេស​មួយ​ទៀត តើ ម៉ានិត មាន​គម្រោង​ផលិត​រឿង ស្តេច​ម៉ែ​ស្តេច​កូន ជាភាពយន្តទេ?
ម៉ានិត ៖ (សើច) សុំ​មិន​ឆ្លើយទេបង! តែ​ចង់​ប្រាប់​ថាភាពយន្តភាគ បេសកកម្ម​មួយ​ដែល​និពន្ធ​ចេញ​ពីប្រលោម​លោក​ដំបូង​របស់​ខ្ញុំ ជិត​បញ្ចាំង​ក្នុង​ទូរទស្សន៍​ហើយ បង! 

          តើ​អ្នក​អាន​ទាំង​អស់​គ្នា​ចង់​ឱ្យ​រឿង ស្តេច​ម៉ែ​ស្តេច​កូន ផលិត​ជាភាពយន្តទេ?
          សូម​សរសេរ​ទៅ​កាន់ ម៉ានិត ដោយ​ផ្ទាល់​ចុះ​!... ឯ​រឿង​ដែល​កំប្លែង​បំផុត ក៏​ជា​រឿង​ដែល​យំ​បំផុត​ដែរ​នោះ​គឺប្រលោម​លោក “​ស្តេច​ម៉ែ​ស្តេច​កូន​”៕

Article by SVAY LEEMENG


SUGGESTIONS