×

រាជិនី​ភូមិ​គ្រឹះជា​ខ្សែ​ភាពយន្តភាគ​ដ៏​កម្រ​ដែល​ពណ៌​នាពី​ជីវិត​គ្រួសារ​អភិជន​រស់​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​៤០-៥០

ENTERTAINMENT 4 months ago
 
 

“តើ​ហេតុ​អ្វី​បាន​ជា​ជីវិត​របស់​ខ្ញុំ​ជួប​រឿង​អ​កុសល​បែប​នេះ​ទៅ​វិញ? អ​យុត្តិធម៌​ណាស់​!”

          នេះ​គឺជា​ទំនុកស្រែក​ដ៏​រន្ធត់​របស់​អ្នក​នាង សុគន្ឋ និសា សម្តែង​ជានាដការីរបាំ​បុរាណ អង្គុយ​ទួញសោក​មុខ​ទ្វា​ប្រាសាទ​មួយ​កណ្តាល​ព្រៃ​ជ្រៅ ក្នុង​វីដេអូ​ផ្សព្វ​​ផ្សាយ​ភាពយន្តភាគ​ខ្មែរ រាជិនី​ភូមិ​គ្រឹះ ដែល​ជាស្នា​ដៃ​សម្ដែង​រួម​គ្នា​លើក​ទី២​របស់ សុគន្ធ នីសា និង​លោក ហ្សូណូ។ វីដេអូ​ដែល​បាន​បង្ហាញ​ដំណើរ​រឿង​យ៉ាង​ច្បាស់​ថា កើត​ឡើង​នៅ​សម័យ​បារាំង តាម​រយៈការ​តុប​តែង​កាយ និង​សម្លៀក​បំពាក់​របស់​តួអង្គ​នោះ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​ទស្សនិកជន។ ឆ្លៀត​ពេល​ទំនេរ​នៅ​ថ្ងៃ​ឈប់​សម្រាក​នា​ព្រះ​រាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​វស្សា ព្រះ​មហា​ក្សត្រ​នៃ​យើង​នេះ លោក កៅ សីហា ដែល​ជា​អ្នក​ដឹក​នាំ​ភាពយន្តភាគ​នេះ​បាន​ផ្តល់​បទ​សម្ភាសន៍​ពីលក្ខណៈ​ពិសេស​របស់​ភាពយន្តភាគ​នេះ​ដោយ​សង្ខេបថា “រាជិនី​ភូមិ​គ្រឹះ​ដែល​បាន​ផលិត​ដោយ​ស្ថានីយ៍​ទូរទស្សន៍​ហង្សមាស គឺ​ក្នុង​គោល​បំណង​នាំ​យកចំណីចក្ខុ​ថ្មី​ជូន​ដល់​ទស្សនិកជន ដែល​ជា​អ្នក​ស្រលាញ់​គាំទ្រ​សិល្បៈទី៧​របស់​ខ្មែរ​យើង។ រាជិនី​ភូមិ​គ្រឹះ​ពណ៌​នាពី​ស្ថានភាព​រស់​នៅ​របស់​គ្រួសារ​អភិជន និង​វណ្ណៈ​ផ្សេង​ទៀត នា​អំឡុង​ទសវត្សរ៍​ឆ្នាំ​៤០ ដល់ ៥០ នៅ​កម្ពុជា​ឬ​សម័យ​បារាំង។ ហើយ​តាម​រយៈភាពយន្តភាគ​នេះ ច្បាស់​ណាស់​យើង​ក៏​នឹង​បង្ហាញ​ជូន​ទស្សនិកជន​នូវ​ទម្រង់​សិល្បៈ​វប្បធម៌​ជាតិ​មួយ​ចំនួន ដែល​ជា​ផ្នែក​មួយ​ជួយ​ជំរុញ និង​ផ្សព្វ​​ផ្សាយ​សក្តានុពល​វប្បធម៌ រួម​នឹង​ទេសភាព​ដ៏​ស្រស់​សោភា​របស់​ដែនដី​សុវណ្ណ​ភូមិ​យើង ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​ថែម​ទៀត​ផង។”

          ឆ្លើយតប​ទៅ​នឹង​ការលើ​ក​ឡើង​របស់​លោក កៅ សីហា ក្នុង​វីដេអូ​នោះ យើង​ឃើញ​មាន​ឈុតរាំរបាំ​បុរាណ សម្តែង​​ល្ខោន​បាសាក់ និង​ល្ខោន​ខោល។ ហើយ​ក្នុង​នោះ​ដែរ​ប្រាសាទ​មួយ​របស់​ក្រុម​ប្រាសាទ​សម្បូរ​ព្រៃ​គុក និង​តំបន់​ទេសចរណ៍​ដ៏​ទាក់​ទាញ​របស់​កម្ពុជា​ផ្សេងៗ​ទៀត​ក៏​នឹង​ត្រូវ​បង្ហាញ​វត្ត​មាន​នៅ​ក្នុង​ខែ្សភាពយន្ត​នេះ​ផង​ដែរ។ ភាពយន្ត​មួយ​នេះ​បាន​រួម​ចំណែក​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​សង្គម​មនុស្ស​ក្នុង​សម័យ​កាល​មួយ និង​ជា​ឧបករណ៍​ផ្សព្វ​​ផ្សាយ​ពីសិល្បៈ​វប្បធម៌​ជាតិ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​នាយុគ​សម័យ​ទំនើប​នេះ។

លោក កៅ សីហា​ អ្នកដឹកនាំរឿង រាជិនី​ភូមិ​គ្រឹះ

          ទម្លាក់កែវ​កាហ្វេ​ពី​ដៃ​ចុះ​វិញ លោក កៅ សីហា បាន​បញ្ជា​ក់​ទៀត​ថា “គ្រប់​ដំណាក់កាល​នៃ​ការ​ផលិត​ភាពយន្តភាគ​នេះ​គឺ​ធ្វើ​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត។ ការ​ផលិត​រឿង​ពី​សម័យ​កាល​ណា​មួយ​​យើង​ត្រូវ​តែ​សិក្សា​ឱ្យ​បាន​លម្អិតពី​សម័យ​នោះ​មិន​ថា ការ​ស្លៀក​ពាក់ សម្ភារ​ប្រើ​ប្រាស់​ផ្សេងៗ ឡាន ម៉ូតូ និង​ផ្ទះ​សម្បែង ជា​ដើម។ ហើយ​ជា​ពិសេស​គឺ​វប្បធម៌​របស់​មនុស្ស​សម័យ​នោះ តើគេសន្ទនា​គ្នា​យ៉ាង​ម៉េច!  គេ​ធ្វើ​កាយវិការ​យ៉ាង​ម៉េច!  គេ​ចូល​ចិត្ត​ញ៉ាំសម្លអី! គេ​មាន​រស​និយម​បែប​ណា! និយាយ​រួម​ទៅ យើង​ធ្វើ​យ៉ាង​ណា​ឱ្យ​ដូច​ជាការ​ពិត​តាម​ដែល​យើង​អាច​ធ្វើ​បាន។”

          និយាយ​ដល់​ត្រឹម​នេះ លោក កៅ សីហា បាន​លើក​ឡើង​ពីផល​លំបាក​ខ្លះៗ​ដែល​ក្រុម​ការ​ងារ​បាន​ជួប​ប្រទះ​ទាំង​មុន និង​អំឡុង​ពេល​ថត។ លោក​ថា “ទី​កន្លែង និង​សម្ភារ​ប្រើ​ប្រាស់​នា​សម័យ​កាល​នោះ​គឺជា​វត្ថុ​លំបាក​រក​បំផុត ព្រោះ​ភាគ​ច្រើន​វា​បាន​បំផ្លាញ​ដោយ​សារសង្រ្គាម​អស់​ទៅ​ហើយ ដូច្នេះ​ទាមទារ​ឱ្យ​គ្រប់ការ​ងារ​សិក្សា​ស្រាវជ្រាវ​តាម​រយៈ​ឯកសារ និង​ភាពយន្តពី​ដើម ហើយ​យកវាមក​ផលិត ឬ​តុប​តែង​ឡើង​វិញ​ទៅ​តាម​អត្ថបទ​ភាពយន្ត និង​ភាព​ជាក់​ស្តែង​នា​សម័យ​កាល​នោះ។ នេះ​យើង​មិន​រាប់ពីផល​លំបាក​មួយ​ចំនួន​តូច​ទៀត ដែល​មិត្ត​អ្នក​អាន​ពិត​ជា​បាន​ដឹង​រួច​មក​ហើយ​ទេ។” តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក កៅ សីហា ពោល​ដោយ​ស្នាម​ញញឹម​ថា “​ចុង​ក្រោយ​ក្រុម​ការ​ងារ​ក៏​អាច​សម្រេច​វា​បាន​ដោយ​រលូន ហើយ​ទស្សនិកជន​ក៏​បាន​ទស្សនា​វីដេអូ​ផ្សព្វ​​ផ្សាយ​នេះ​យ៉ាង​រីក​រាយ​បំផុត​ដូចជា​ពេល​ហ្នឹង​អ៊ីចឹង។”

          លោក កៅ សីហា សង្ឃឹម​ថា រាជិនី​ភូមិ​គ្រឹះ នឹង​ធ្វើ​ឱ្យ​ទស្សនិកចំណាំទុក​ក្នុង​បេះដូង ជា ភាពយន្តភាគ​ដែល​មាន​គ្រប់​រស​ជាតិ​​ដ៏​ល្អ​មួយ​របស់​ស្ថានីយ៍​ទូរទស្សន៍​ហង្សមាស​ជាក់​ជា​មិន​ខាន។​ ភាពយន្តភាគ​ដែល​សម្តែង​ចម្រុះ​គ្នា​ដោយ​កំពូល​តារា​ចម្រៀង​របស់​ផលិត​កម្មហង្សមាស និង​តារា​សម្តែង​​ចាស់​ក្មេង​ល្បីៗជា​ច្រើន​រូប​នេះ គឺជា​ស្នា​ដៃ​ដឹក​នាំ​ភាពយន្តភាគ​ដំបូង​របស់ លោក កៅ សីហា។ និយាយ​ដោយ​អស់​សំណើច​បន្តិច លោក​ថា “រាជនី​ភូមិ​គ្រឹះ​គឺជា​វិញ្ញាសា​ធំ​មួយ​សម្រាប់​ជីវិត​ជា​អ្នក​ដឹក​នាំ​របស់​ខ្ញុំ។ ដូច្នេះ ខ្ញុំ​មិន​អាចធ្វេស​ប្រហែស​បាន​ឡើយ​!”

          រាជិនី​ភូមិ​គ្រឹះ ដែល​បាន​ដំណើរ​ការថត​តាំង​ពីខែ​សីហា ឆ្នាំ​២០១៧ គឺជា​ស្នា​ដៃ​និពន្ធ​របស់​លោក យូ សុភា ដែល​ជា​អ្នក​និពន្ធប្រលោម​លោក និង​ភាពយន្តភាគ​ដ៏​ល្បីល្បាញ​មួយ​រូប​ក្នុង​ចំណោម​អ្នក​និពន្ធ​កម្ពុជា។ ក្រៅ​ពី​អ្នក​និពន្ធ​ដ៏​មាន​ទេពកោសល្យ ក្រុម​ការ​ងារ​ផ្នែក​ផ្សេងៗ​ទៀត​ក៏​សុទ្ធ​តែជា​អ្នក​ដែល​មាន​ជំនាញ​លើ​ផ្នែក​របស់​ពួក​គេរៀងៗ​ខ្លួន​ដែរ។

          បើ​តាម​រយៈ​ទំព័រ Hang Meas Khmer Drama រាជនី​ភូមិ​គ្រឹះ គឺជា​ភាពយន្តភាគទី៤ ដែល​ស្ថានីយ​ទូរទស្សន៍​នេះ​បាន​ផលិត និង​ផ្សព្វ​​ផ្សាយ​ជា​ផ្លូវ​ការ ហើយ​ភាពយន្តភាគ​នេះ​នឹង​បញ្ចាំង​ជូន​ទស្សនា​នៅ​ពេល​ឆាប់ៗ​នេះ។

          សូម​បញ្ជា​ក់ថា ស្ថានីយ៍​ទូរទស្សន៍​របស់​កម្ពុជា​ជា​ច្រើន​កំពុង​ញ៉ាប់​ដៃ​ញ៉ាប់​ជើង​ផលិត​ភាពយន្តភាគ​របស់​ខ្លួន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ចង់​បាន​របស់​ទស្សនិកជន​ខ្មែរ ដែល​ប្រាថា្ន​ឃើញ​ភាពយន្ត​របស់​ខ្លួន​មាន​វត្ត​មាន​ច្រើន​លើក​ញ្ចក់​ទូរទស្សន៍ និង​តាម​រោងកុន​ទំនើបៗ គ្រប់ទី​កន្លែង​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា៕

Trailer រឿងរាជិនី​ភូមិ​គ្រឹះ ៖

Article by SVAY LEEMENG



SUGGESTIONS