×

តើទង់​ជាតិ​មួយ​ណាជាទង់​ជាតិ​ផ្លូវ​ការ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា?

TRAVEL & LIVING 4 months ago
 
 

            ​កន្លង​មក យើង​សង្កេត​ឃើញ​ថា ជារឿយៗ​តែង​តែ​មាន​ការ​ប្រើ​ប្រាស់​ទង់​ជាតិ​ខុស​ប្លែក​គ្នា​ជា​ច្រើន​ទម្រង់​នៅ​ក្នុង កម្មវិធី​​ផ្សេងៗ​នៅ​តាម​បណ្តា​គ្រឹះស្ថាន​រដ្ឋ និង ឯកជន​នានា​​សូម្បីតែ​រូបភាព​ទង់​ជាតិ​ខ្មែរ​ដែល​ត្រូវ​បាន​បង្ហោះជា​សាធារណៈ​នៅ​លើគេហ​ទំព័រ Google និង ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ក៏​មិន​ស្រប​គ្នា​ទាំង​ស្រុង​ដែរ។ ការ​ប្រើ​ប្រាស់ ទង់​ជាតិ​ដែល​ជានិ​មិត្ត​រូប​អត្ត​សញ្ញាណ​​ជាតិ​ដ៏​សំខាន់​ដោយ​ពុំ​មាន​ការ​ឯកភាព​គ្នា​ដូច្នោះ​តែង​បង្កការភ័ន្តច្រឡំ និង មតិ ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សំណាក់​មហា​ជនជន​រួម​ជាតិ​ខ្មែរ។ ដើម្បី​ជា​ប្រយោជន៍​ដល់​ការកត់​សម្គាល់​មួយ​ណាជាទង់​ជាតិ ផ្លូវ​ការ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា សូវរីន សូម​បង្ហាញ​ជូន​បងប្អូនជន​រួម​ជាតិ​ខ្មែរ​ទាំង​ឡាយ​នូវ​រូបទង់​ជាតិ​ដើម​ដែល ត្រឹម​ត្រូវ​តាម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស ព្រម​ទាំង​មាន​ផ្សារ​ភ្ជាប់​​នូវ​ឯកសារ​យោង​ដូច​ខាង​ក្រោម។

            ​យោង​តាម​ឯកសារ​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវ​បាន​សភាធម្មនុញ្ញអនុម័ត​នៅ​ភ្នំពេញ​ ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ​១៩៩៣ នា​សម័យ​ប្រជុំ​លើក​ទី២ ដោយ​មាន​ហត្ថ​លេខា​របស់​ឯកឧត្តម សឺន សាន ជា​ប្រធាន នៅ​ក្នុង​ឧបសម្ព័ន្ធ​ទី១ ត្រង់​ទំព័រ ទី៦៩ បាន​បង្ហាញ​ថា ទង់​ជាតិ​កម្ពុជា​ជា​ផ្លូវ​ការ​មាន​ផ្ទៃ​ខាង​លើ​និង​ខាង​ក្រោម​ពណ៌​ខៀវ ផ្ទៃ​ចន្លោះ​កណ្តាល​ពណ៌​ក្រហម និង​មាន​រូប​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ផ្ទៃ​ពណ៌​ស​និង​ស្នាមគំនូស​ពណ៌​ខៀវ ស្ថិត​នៅ​ចំ​កណ្តាល។ រូប​ប្រាសាទ​អង្គរ​វត្ត នោះ​មាន​កាំជណ្តើរជា​សម្គាល់​ពិសេស។ ដូច​នេះ មាន​ន័យថា ទង់​ជាតិ​ទាំង​ឡាយណា​ដែល​មាន​រូប​ប្រាសាទ​អង្គរ​វត្ត ផ្ទៃ​ស តែគ្មាន​កាំជណ្តើរ ជាទង់​ជាតិ​ដែល​មិន​ត្រឹម​ត្រូវ​ជា​ផ្លូវ​ការទេ។

            ​ប៉ុន្តែ​បើ​យោង​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​ត្រូវ​បាន​រៀបចំ​ចងក្រង​និង​បោះ​ពុម្ព​ផ្សាយ​ដោយ អគ្គ​លេខា​ធិការដ្ឋាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ខែ​កក្កដា ឆ្នាំ​២០១៥ វិញ នៅ​ក្នុង​ឧបសម្ព័ន្ធ​ទី១ ត្រង់​ទំព័រ​ទី៥៧ ទង់​ជាតិ មាន​រូប​ប្រាសាទ​អង្គរ​វត្ត​ផ្ទៃ​ពណ៌​ស​និង​គែម​ពណ៌​ក្រហម ប៉ុន្តែ​ជណ្តើរ​ប្រាសាទ​មាន​កាំដូចរូប​ក្នុង​ឯកសារ​យោង​ខាង​លើ​ដែរ។

            ​បញ្ហា​គឺ​នៅ​ត្រង់​ថា​ឯកសារ​យោង​ទី១ និង ឯកសារ​យោង​ទី២ មាន​ភាព​ខុស​គ្នា​ត្រង់​ពណ៌​គែម​នៃ​ប្រាសាទ​អង្គរ​វត្ត។ ជុំ​វិញ​បញ្ហា​នេះ លោក ទេព សុវិចិត្រ អ្នក​គូររូបទង់​ជាតិ​កម្ពុជា​ដាក់​ក្នុង​វេបសាយវីគីភីឌៀ (wikipedia)  ដែល​ស្នា​ដៃ​ឌីជីថល​របស់​លោក​ត្រូវ​បាន​គេ​យកមក​ប្រើ​ប្រាស់​ជាទូ​ទៅ​ធ្លាប់​បាន​បក​ស្រាយ​ថា  “បើ​ចង់​បាន​ទង់​ជាតិ​ដែល​ត្រឹម​ត្រូវ ទាល់តែ​មាន​ឯកសារ​កំណត់​សណ្ឋាន និង ទ្រង់ទ្រាយ​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​​ដោយ​កំណត់​លេខ​កូដ​ពណ៌ ប្រវែងបណ្តោយ និង​ទទឹង គម្លាតពីជួរ​ពណ៌​ខៀវ​នឹង​ប្រាសាទ​កំពូល​បី រួម​ទាំង​លក្ខណៈ​លម្អិត​នៃ​ប្រាសាទ។ល។ ព្រោះ​ថា​ប្រាសាទ កំពូល​បី​ក្នុង​ទង់​ជាតិ​យើង​មាន​គំនូស​ច្រើន​ដែល​ចាំបាច់​ត្រូវ​មាន​ការ​កំណត់​ឲ្យ​ច្បាស់​មួយ។”

            ​គួរ​បញ្ជា​ក់​ផង​ដែរ​ថា រូបទង់​ជាតិ​ដែល​លោក​គូរ​នោះ​គឺអាស្រ័យ​ទៅ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ ១៩៩៣ និង​ទង់​ជាតិ ក្រណាត់​ដែល​លក់​នៅ​តាម​ទី​ផ្សារ​​ជាក់​ស្តែង។ ទោះ​បីជា​មាន​ការ​ចែក​រំលែក​រូបភាព​នេះ​ប្រើ​តៗ​គ្នា​ដល់​សព្វ​ថ្ងៃ ហើយ​ម្នាក់ៗ​សុទ្ធ​តែ​អះអាង​ថា វាជាទង់​ជាតិ​ដែល​ត្រឹម​ត្រូវ ក៏​ម្ចាស់​រូបទង់​ជាតិ​ដ​ដែល​នេះ​នៅ​តែ​អះអាង “​អ្វី​ដែល​ខ្ញុំ​ធ្វើ​នេះ​មិន​មែន​ជាទង់​ជាតិ​ត្រឹម​ត្រូវ​ប្រាកដ​១០០​ភាគរយ​នោះ​ទេ តែ​ខ្ញុំ​សូម​ហៅ​ថាជាទង់​ជាតិ​ដែល​ល្អ​ប្រសើរ។”  ដោយ​ឡែក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន បាន​បង្ហោះរូបទង់​ជាតិ​ដែល​មាន​កាំជណ្តើរ(គំនូស​ប្រាសាទ​ពណ៌​ខ្មៅ) នោះ​ឯង​នៅ​លើគេហ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពី​យប់​ថ្ងៃ​អង្គារ ទី០៨ ខែ​ឧសភា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ ហើយ​ទទួល​ស្គាល់​ថា រូបទង់​ជាតិ​ដែល​មាន​កាំជណ្តើរ​នោះ​ជារូបទង់​ជាតិ​ដែល​ត្រឹម​ត្រូវ​ជា​ផ្លូវ​ការ​សម្រាប់​ប្រើ​ប្រាស់៕ ​

Article by SRIN SOKMEAN



SUGGESTIONS