×

ឯម ច័ន្ទរិទិ្ធកុរ “DoyDoy” កើតពីក្តីស្រលាញ់ដើម្បីការអប់រំបែបវិទ្យាសាស្រ្តសម្រាប់កុមារកម្ពុជា

NEWS 6 years ago
 
 

          “កុំ​ធ្វើ​អ្វី​មួយ​តាម​គ្នា​! ស្វែងរក​ទេពកោសល្យ​ខ្លួន​ឯង ហើយ​សាកល្បង​ធ្វើ​វា យើង​នៅ​ក្មេង​បរា​ជ័យ​ម្តង​អាច​ព្យាយាម​ម្តង​ទៀត​បាន ឲ្យ​តែការ​ងារ​នោះ​គឺជា​សេចក្តី​ស្រលាញ់​ពិត​ប្រាកដ​របស់​យើង​!” ល្បែង​លេង​របស់​កុមារ​មាន​ច្រើន​ប្រភេទ ភាគ​ច្រើន​ត្រូវ​បាន​នាំ​ចូល​មកពី​បរទេស​និង​មាន​តម្លៃ​ថ្លៃ។ ដោយ​មើល​ឃើញ​អំពី​តម្រូវ​ការ​និង​ចង់​សម្រេច​ក្តី​ប្រាថ្នា​របស់​ខ្លួន យុវជន​កម្ពុជា​ម្នាក់​​បាន​បង្កើត​ល្បែង​លេង​មួយ​ឡើង​ដែល​មាន​លក្ខណៈ​​វិទ្យា​សាស្ត្រ​យ៉ាង​​ទាក់​ទាញ​​នោះ​គឺ​សម្ភារ​សម្រាប់​កុមារ​ដែល​មាន​ឈ្មោះ​ថា “DoyDoy”។ បើ​គិត​ដល់​ខែ​កញ្ញា​ឆ្នាំ​២០១៧ DoyDoy​ មាន​អាយុ​កាល​មួយ​ឆ្នាំ​គត់ ប៉ុន្តែ​អ្វី​ដែល​ជាការ​កត់​សម្គាល់ DoyDoy​ត្រូវ​បាន​សាធារណមតិភាគ​ច្រើន​ទទួល​ស្គាល់​ពី​គុណភាព និង​គុណ​តម្លៃ​របស់​សម្ភារ​ក្មេង​លេង​នេះ​ជានិច្ច។ មាន​អាយុ​២១ឆ្នាំ យុវជន ឯម ច័ន្ទរិទិ្ធកុរ ដែល​ជា​ស្ថាបនិក​របស់​DoyDoy បាន​បរិយាយ​អំពី​លក្ខណៈ​​ពិសេស​របស់​ DoyDoy ដូច្នោះ​ថា “DoyDoy គឺ​សម្ភារ​ក្មេង​លេង​ដែល​ផលិត​ឡើង​ដោយ​ពឹង​ផ្អែក​លើទ្រឹស្តី​បែប​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា វិស្វករ និង​គណិត​វិទ្យា ឬ​ហៅ​កាត់​ថា STEM ដែល​ជា​ប្រភព​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍន៍ខួរ​ក្បាល​របស់​កុមារ​ឈាន​ទៅ​រកការ​រីក​ចម្រើន​នា​ពេល​អនាគត​”។ DoyDoy អាច​មាន​អត្ថន័យ​ថា អ្វី​មួយ​ដែល​បង្កើត​សុភមង្គល​ក្នុង​គ្រួសារ។ ក្នុង​មួយ​ប្រអប់ DoyDoy មាន​បំពង់ទុយោប្លាស្ទិច និង​ជ័របង្គំ (ផលិត​ដោយ 3D Printer) ដែល​ធ្វើ​ពីកាកពោត ទុកត​ភ្ជាប់​បំពង់ទុយោនី​មួយៗ ដើម្បី​បង្កើត​ចេញ​ជារូបរាង​អ្វី​មួយ​តាម​ការស្រមៃ​របស់​កុមារ។ ជា​គោល​ការណ៍ DoyDoy បង្កើត​ឡើង​សម្រាប់​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី០៤​ដល់​០៦ឆ្នាំ ប៉ុន្តែ​មនុស្ស​គ្រប់​វ័យ​ក៏​អាច​សាកល្បង​លេង​ល្បែង​នេះ​បាន​ដែរ។ និយាយ​អម​ដោយ​កាយវិការ​យ៉ាង​ស្វាហាប់​ផង​នោះ រិទ្ធិកុរ ជឿ​ជាក់​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​គុណភាព និង​គុណ​តម្លៃ​របស់​សម្ភារ​ក្មេង​លេង​ប្រភេទ​នេះ។ ហេតុ​អ្វី? ទី១ DoyDoy ជួយ​អភិវឌ្ឍខួរ​ក្បាល​កុមារ។ ទី២ DoyDoy បង្កើត​ពេល​វេលា​រីក​រាយ​ក្នុង​គ្រួសារ។ ទី៣ ពង្រឹង​ផ្នែក​វិទ្យា​សាស្ត្រ STEM និង​ទី៤ វត្ថុ​ធាតុ​ដើម​បាន​ពី​ធម្ម​ជាតិ​​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន។

          រំលឹក​ដល់​មូល​ហេតុ​នៃ​ការបង្កើត DoyDoy ដែល​ពេល​នេះ​បាន​ក្លាយ​ទៅ​ជា​ស្លាកសញ្ញា​ពាណិជ្ជកម្ម​មួយ​ក្នុង​ទី​ផ្សារ​​សម្ភារ​លេង​សម្រាប់​កុមារ​កម្ពុជា គឺ​តាម​រយៈបទពិ​សោធន៍ការ​ងារ​សង្គម​ទាក់​ទង​នឹង​ប្រព័ន្ធ​​អប់រំ​ដែល រិទ្ធិកុរ បាន​អនុ​វត្ត​កន្លង​មកជា​មួយ​មិត្ត​ភក្តិ និង​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន។ គំនិត​អាជីវកម្ម​ដើម​ដែល​មាន​ការ​ណែនាំ​បន្ថែម​ពី USAID រិទ្ធិកុរ បាន​ប្រឹង​ប្រែង​បង្កើត​វា​ឡើង​ដូច​ពេល​សព្វ​ថ្ងៃ​នេះ។

          ដើម្បី​​គិត​ពី​អាជីវកម្ម​មួយ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។ កុរ​កំពុង​សិក្សា​នៅ IFL ឆ្នាំ​ទី៣​នៅ​ឡើយ ហើយ​ថែម​ទាំង​គ្មាន​​ដើម​ទុនគ្រប់​គ្រាន់​ទៀត ជា​ពិសេស​អត់​មាន​បទពិ​សោធន៍​ទាល់តែ​សោះ​ទាក់​ទង​នឹង​ការរក​ស៊ី។ “​ក្រុម​គ្រួសារ​ខ្ញុំ​សុទ្ធ​តែជា​អ្នក​រាជការ។ តើ​ខ្ញុំ​ទៅ​រកបទពិ​សោធន៍​អាជីវកម្ម​នៅ​ទីណា?” សំណាង​ល្អ រិទ្ធិកុរ បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ខ្លះៗ​ទាក់​ទង​នឹង​របៀប​ធ្វើ​អាជីវកម្ម​ពី​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្លាប់​ធ្វើ​ការជា​មួយ រហូត​ចុង​ក្រោយ​ទទួល​បាន​ជ័យ​លាភី​លេខ​១​ក្នុង​កម្មវិធី​គំនិត​អាជីវកម្ម​ថ្មី​ដែល​រៀបចំ​ដោយ​ក្រុម​ហ៊ុន​ប្រព័ន្ធ​​ទូរស័ព្ទ​ក្នុង​ស្រុក​មួយ​ដោយ​ទទួល​បាន​ទឹក​ប្រាក់ ៥០០០​ដុល្លារ។  ពេល​នោះ​ហើយ​ជំនឿ​ចិត្ត និង​ការ​ខិតខំ​ប្រឹង​ប្រែង​បាន​លេច​ចេញ​ពីរូបរាង​កាន់​តែត្រចះត្រ​ចង់។ “​ខ្ញុំ​សន្សំ​បាន​១០០០​ដុល្លារ ហើយ​ឈ្នះ​រង្វាន់​បាន​៥០០០​ដុល្លារ និង​ដើម​ទុនពីប៉ា​ម៉ាក់​ខ្លះ ខ្ញុំ​អាច​ដំណើរ​ការ​មុខ​របរ​នេះ​បាន​ប្រសើរ​!”

          និយាយ​បណ្តើរ​ញញឹម​បណ្តើរ រិទ្ធិកុរ បាន​ពណ៌​នា​អំពី​ឧបសគ្គ​ដែល​ខ្លួន​បាន​ជួប​ប្រទះដូច្នោះ​ថា “​ខ្ញុំ​គឺជា​និស្សិត​អក្សរ​សាស្ត្រ​អង់គ្លេស ខុស​ជំនាញ ប៉ា​ម៉ាក់​មិន​សូវ​ពេញ​ចិត្ត​នឹង​គំនិត​អាជីវកម្ម​នោះ​! ហើយ​បទពិ​សោធន៍រក​ស៊ី​ក៏​មិន​មាន​ទៀត។ ម្យ៉ាង​ទៀត ស្វែងរក​ក្រុម​ការ​ងារ​ដែល​មាន​ក្តីស្រមៃ​រួម​គ្នា​ក៏​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។ ជួនកាល​ក្នុង​គម្រោង​សរសេរ​១ខែ តែ​ពេល​អនុ​វត្ត​គម្រោង​ក៏​ជួប​បញ្ហា​ជាយថា​ហេតុ​ណា​មួយ​ទៅ​បង។” ក្នុង​ខែ​ដំបូង​នៃ​ការ​ផលិត​របស់​ខ្លួន DoyDoy អាច​លក់​បាន​ចន្លោះ​ពី១០​ប្រអប់ ដល់​២០​ប្រអប់​ប៉ុណ្ណោះ។ ប៉ុន្តែ​ចំនួន​នេះ​បាន​កើត​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នា​បច្ចុប្បន្ន​នេះ ដែល​DoyDoyអាច​លក់​បាន​ក្នុង​រង្វង់ ២០០​ប្រអប់​ក្នុង​១ខែ។ តួ​លេខ​នេះ​អាច​វាស់​វែង​បាន​ពីភាពជោគ​ជ័យ​របស់ DoyDoy បាន​មួយ​កម្រិត។ ក្នុង​នាមសហគ្រិន​វ័យ​ក្មេង​មួយ​រូប រិទ្ធិកុរ ពោល​ថា “ពី​មុន​ខ្ញុំ​ចាយ​លុយ​មិន​ចេះ​គិត​ទេ ដឹងតែលា​ដៃ​សុំ​លុយ​ម៉ាក់តែ​ពេល​នេះ​បាន​ដឹងថា លុយ​លំបាក​រក​ខ្លាំង​ណាស់​! ម្យ៉ាង​ទៀត​យល់​អំពី​និយម​ន័យ​សង្គម​កាន់​តែ​ច្បាស់​ជាង​មុន​ថែម​ទៀត​ផង។” ដូច្នោះ​ដើម្បី​​ស្វែងរក​ក្តីស្រមៃ និង​ភាពលេចធ្លោ​របស់​ខ្លួន​ឯង​លើ​ផ្នែក​ណា​មួយ រិទ្ធិកុរ បាន​លើក​ឡើង​អំពី​ការ​ស្គាល់​ខ្លួន​ឯង ការ​ហ៊ាន​សាកល្បង និង​បង្កើត​គំនិត​ថ្មី​ដែល​ខ្លួន​យើង​មាន​ការជឿ​ជាក់​ថាអាច​នឹង​ធ្វើ​បាន។

          ជា​កិច្ចតបស្នង​សម្រាប់​រិទ្ធិកុរ ពី DoyDoy​ បាន​ក្លាយ​ទៅ​ជាសហគ្រិន​វ័យ​ក្មេង​មួយ​រូប ដែល​អាចឈរ​ជើង​ជា​មួយ​សហគ្រិន​ផ្សេងៗ​ទៀត​ក្នុង​ពិភពជំនួញ​នេះ។ អង្គការ​សង្គម​ស៊ី​វិល (USAID), ស្ថាប័ន​ជាតិ​ (ក្រសួង​អប់រំ យុវជន និង​កីឡា) ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា បាន​ទទួល​ស្គាល់​ពីកិច្ច​ខិតខំ​នេះ និង​បាន​ផ្តល់​កិត្តិយស​សហការ​ជា​មួយ​រិទ្ធិកុរ ទៅ​តាម​ប្រភេទ​គម្រោង​របស់​ពួក​គេ។ DoyDoy ​កំពុង​សិក្សា និង​កែច្នៃ​​បន្ថែម​ដើម្បី​​សម្រេច​គម្រោង​ដ៏​ធំ​មួយ​ក្នុង​ការ​កសាង​សំណង់​ប្រាសាទ​អង្គរ​វត្ត ចេញ​ពី​សម្ភារ​ក្មេង​លេង DoyDoy។ លើស​ពី​នេះ​ទៀត រិទ្ធិកុរ ក៏​នឹង​ផលិត​សម្ភារ​លេង​ទាំង​នេះ​សម្រាប់​ប្រធាន​បទ រូបរាងកាយ​មនុស្ស​និង​ផ្នែក​អគ្គិសនី​ផង​ដែរ។ ជា​ពិសេស​ទី​ផ្សារ​អន្តរជាតិ​ក៏​ស្ថិត​ក្នុង​ទស្សនវិស័យ​របស់​អ្នក​ជំនួញ​វ័យ​ក្មេង​នេះ​ដែរ។ ដោយ​ស្ថាបនិក​វ័យ​ក្មេង​នេះ​កំពុង​សិក្សា​អំពី​មធ្យោបាយ​ផលិត​កម្ម​ឲ្យ​អស់​ថ្លៃ​តិច និង​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន។ រិទ្ធិកុរ ជឿ​ជាក់​ថា បើ​ផលិត​ផល​ផលិត​ក្នុង​ស្រុក មាន​គុណភាព ហើយ​តម្លៃ​អាច​ទទួល​យក​បាន​ទៀត​នោះ ប្រាកដ​ណាស់ អតិថិជន​នឹង​គាំទ្រ DoyDoy​ កាន់​តែ​ច្រើន​ជាង​ពេល​នេះ​មិន​ខាន​ឡើយ។ “​ម៉ាក់ប៉ា​គួរ​ជ្រើសរើស​ល្បែង​លេង​ណា​ដែល​ចំណេញ​ទាំង​ការ​កម្សាន្ត និង​ការ​អប់រំ​!” សព្វ​ថ្ងៃ DoyDoy មាន​ក្រុម​ការ​ងារ​ប្រហែល​១០​នាក់។ លោក​អ្នក​អាច​តាម​ដាន​សកម្មភាព​របស់ DoyDoy និង​អាច​ទិញ​បាន​នៅ​លើ​ទំព័រ​ហ្វេស​បុក​របស់​DoyDoy ឬ​តាម​រយៈ Website ២ ទៀត The Buy me local (សម្រាប់​ជន​ជាតិ​ខ្មែរ) និង Style and Soul Cambodia (សម្រាប់​ជន​បរទេស) ឬ​ទៅ​ទិញ​ដោយ​ផ្ទាល់​នៅ​ហាង ENGINOU Cambodia #១១ ផ្លូវ​លេខ​៣១៥។ DoyDoy​នឹង​ពង្រីក​វិសាលភាពតា​មហា​ង​លក់​សម្ភារ​ក្មេង​លេង​ជា​ច្រើន​ទៀត​នៅ​ទូ​ទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

          សូម​រំលឹកថា តាម​រយៈ DoyDoy ឯម ច័ន្ទរិទ្ធិកុរ​ត្រូវ​បាន​ជ្រើសរើស​ជាបេក្ខភាព​ចុង​ក្រោយ​ដើម្បី​​ប្រកួត​យក​ពានរង្វាន់​សហគ្រិន​វ័យ​ក្មេង​នៅ​កម្ពុជា​ឆ្នាំ​២០១៧ (Cambodian Young Entrepreneur Awards 2017)៕

Article by SVAY LEEMENG


SUGGESTIONS