×

មេធា​ ក្រុម​ស្គរ​នារី​ដំបូង​បំផុត​របស់​កម្ពុជា​ កែ​ច្នៃ​ស្នាដៃ​ដើម្បី​បង្ហាញ​ពី​សក្តានុពល​របស់​ស្ត្រី​ក្នុង​សង្គម​ជាតិ​!

TRAVEL & LIVING 3 days ago
 
 

          នៅ​ក្នុង​តឹកតាងប្រវត្តិសាស្ត្រ​តន្ត្រី ឧបករណ៍​ស្គរ​ត្រូវ​បាន​លេង​ឬ​វាយ​ដោយ​បុរស។ រូបភាព​នេះ​អាច​កើត​ឡើង​ដោយ​យោង​លើ​ស្ថានភាព​នៃ​ឧបករណ៍​តន្ត្រី​នេះ ធំ ធ្ងន់ និង​តម្រូវ​ឲ្យ​អ្នក​លេង​ឬ​វាយ​ស្គរ​ប្រើ​កម្លាំង​ដៃ​ខ្លាំងៗ​ឬ​ស្ពាយ​ជាប់​ខ្លួន​ដើរ​គោះ​ក្នុង​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ជា​ដើម។ ប៉ុន្តែ​រហូត​មក​ដល់​ឆ្នាំ​២០១៧​នេះ សញ្ញាណ​នេះ​ត្រូវ​បាន​ផ្លាស់​ប្តូរ​តាម​រយៈស្នា​ដៃ​របស់​ក្រុម​មេធា។ តើ​ក្រុម​មេធា​គឺជា​នរណា? តើ​អ្វី​គឺជា​ទស្សនវិស័យ​របស់​ក្រុម​មួយ​នេះ?

          ក្រុម​មេធា​គឺជា​ក្រុម​ស្គរ​នារី​ដែល​មាន​សមាជិក​ស្រ្តីចម្រុះ​វ័យ​គ្នា​ចំនួន​០៧​នាក់ និង​​ដឹក​នាំ​​ដោយ​អ្នក​នាង សាំង ស្រី​ពេជ្រ។ ពោល​ដោយ​សម្លេង​ស្រទន់​ក្នុង​ទឹក​មុខ​ញញឹម​ពព្រាយ ស្រី​ពេជ្រ បាន​ពន្យល់​ពីមូល​ហេតុ​នៃ​ការក​កើត​ក្រុម​មេធាថា “​ដើម​ឡើយ​ពួក​យើង​គឺជា​នាដការីរបាំ​បុរាណ​និង​ប្រពៃណី (របាំអប្ស​រាជា​ដើម) ហើយ​អ្នក​ខ្លះ​ទៀត​គឺជា​អ្នក​ប្រគំ​តន្ត្រី (រនាត ជា​ដើម)។ ក្រោយ​ពេល​ពួក​យើង​បាន​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​វគ្គ​ខ្លី​មួយ​លើ​ប្រធាន​បទ​ស្ត្រី​ក្នុង​ភាពជា​អ្នក​​ដឹក​នាំ​​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​រួច​មក ពួក​យើង​(មាន​ការ​ជួយ​ជ្រោមជ្រែងពីបងៗ ដែល​មាន​បទពិ​សោធន​៍​ក្នុង​វិស័យសិល្បៈ​បុរាណ) ក៏​បាន​ផ្តួច​ផ្តើម​គ្នា​បង្កើត​ក្រុម​នេះ​ឡើង​ដោយ​ដាក់​ឈ្មោះ​ក្រុម​ថា ក្រុម​មេធា តែ​ម្តង​ទៅ។” សម្រាប់ ស្រី​ពេជ្រ “មេធា” គឺ​ឈ្មោះ​ល្អ​បំផុត​ក្នុង​ការ​តំណាង​ឲ្យ​ព្រលឹង​របស់​ក្រុម​ខ្លួន។ មេធា មាន​ន័យថា តស៊ូ មោះមុត​និង​ក្លាហាន​ដើម្បី​​ជម្នះ​ឧបសគ្គ​គ្រប់​បែប​យ៉ាង​ដែល​នឹង​កើត​មាន​ឡើង​នៅ​ពេល​ខាង​មុខ។

“​បុរស​ប្រើ​កម្លាំង​វាយ​ស្គរ​បាន ដូច្នោះ​ស្ត្រី​ក៏​មាន​កម្លាំង​វាយ​ស្គរ​បាន​ដែរ​!”

Images courtesy: Cambodian Living Arts (CLA), អង្គការសិល្បៈខ្មែរអមតៈ

          រហូត​មកទល់​ពេល​នេះ ក្រុម​មេធា​បាន​កែច្នៃ​​បន្ថែម​លើបទភ្លេង​ដើម និង​ក្បាច់រាំ​បុរាណ​ដែល​មាន​ស្រាប់​បាន​ចំនួន​៣ស្នា​ដៃ​គឺ “​ព្រលឹង​ស្គរ​ជ័យ​” “ផ្ដើម​ចេញ​ពី​ខ្ញុំ​” និង “ទិស” ។ ថ្វីត្បិតស្នា​ដៃ​ទាំង​៣​ខាង​លើដំ​ឡើង​ដោយ​ពឹង​ផ្អែក​លើបទភ្លេង​និង​ចង្វាក់រាំ​ដែល​មាន​ស្រាប់​ក៏​ដោយ ប៉ុន្តែ ស្រី​ពេជ្រ បាន​អះអាង​ថា ខ្លួន​និង​ក្រុម​ទាំង​មូល​ក៏​បាន​បញ្ចូល​លក្ខណៈ​​ពិសេស​ទៅ​ក្នុង​ស្នា​ដៃ​ទាំង​នោះ​ដែរ ហើយ​អត្ថន័យ​ថ្មី​គឺជា​អ្វី​ដែល​ស្រី​ពេជ្រ​និង​ក្រុម​ទាំង​មូល​ចង់​បង្ហាញ​ទៅ​ដល់​អ្នក​ទស្សនា។​ពួក​វា​មាន​អត្ថន័យ​ដូចត​ទៅ៖ ស្នា​ដៃ "​ព្រលឹង​ស្គរ​ជ័យ​" ព្រលឹង​ស្គរ​ជ័យ​បាន​បង្រួម​ព្រលឹង​របស់​ស្គរ និង​មនុស្ស​បញ្ចូល​គ្នា។ អ្នក​ស្តាប់​និង​អ្នក​ទស្សនា​អាចដឹងពី​អារម្មណ៍​របស់​អ្នក​វាយ​បាន​យ៉ាង​ច្បាស់​តាម​រយៈចង្វាក់ភ្លេង​ដែល​សិល្បការិនី​ទាំង​៧​បាន​ប្រគំ។ ពេល​ខ្លះ​គឺជា​ទុក្ខ​កង្វល់ ពេល​ខ្លះ​គឺភាព​សប្បាយ​រីក​រាយ និង​ពេល​ខ្លះ​អាចជាសុភមង្គល​ដែល​អ្នក​ប្រគំ​ផ្តល់​ជូន​ទៅ​ធ្វើ​អ្នក​ទស្សនា។ មើល​លើស្នា​ដៃ "ទិស" ទិស​បាន​រំលេច​ឲ្យ​អ្នក​ទស្សនា​បាន​យល់​អត្ថន័យ​អំពី​សាមគ្គី​ភាព។ បើ​ក្រុម​មួយ​មាន​គោល​ដៅ​ទៅ​ទិស​ខាង​ណា ទាំង​អស់​គ្នា​ច្បាស់​ណាស់​នឹង​តស៊ូ​សំដៅ​គោល​ដៅតែ​មួយ​មិន​ខាន​ឡើយ។ និង​ចុង​ក្រោយ​គឺស្នា​ដៃ “ផ្ដើម​ចេញ​ពី​ខ្ញុំ​” ដែល​មាន​អត្ថន័យ​លើក​ស្ទួយ​ដល់​ការ​ស្វែងរក​លក្ខណៈ​​ពិសេស​របស់​ខ្លួន​ឯង។ លើស​ពី​នេះ​ទៀត ស្នា​ដៃ​ដ៏​​ទាក់​ទាញ​​ចុង​ក្រោយ​នេះ លើក​ទឹក​ចិត្ត​ដល់​មនុស្ស​គ្រប់រូប​ថា ភាពជោគ​ជ័យ​កើត​ឡើង​ពី​ខ្លួន​ឯង​ដែល​ស្រប​ទៅ​នឹង​អត្ថន័យ​របស់​ក្រុម​ស្គរ​នារី​មេធា​នេះ​ផង​ដែរ។ ស្នា​ដៃ​ទាំង​៣​នេះ​សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន​ក្នុង​កំឡុង​ពេល​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ចំនួន​២គឺ មហោស្រព​អក្សរ​សិល្បិ៍​ខ្មែរ​លើក​ទី១ និង​មហោស្រព​បុណ្យ​រួម​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​សៀមរាប។

Images courtesy: Cambodian Living Arts (CLA), អង្គការសិល្បៈខ្មែរអមតៈ

          ទន្ទឹម​នឹង​ការ​គាំទ្រ​របស់​ទស្សនិកជន ស្រី​ពេជ្រ លើក​ឡើង​ថា ខ្លួន​និង​ក្រុម​ទាំង​មូល​ត្រូវ​លះបង់​ពេល​វេលា​ហ្វឹកហាត់​ទាំង​ការរាំ ការ​វាយ​ស្គរ និង​ការ​ស្វែងរក​បទភ្លេង​ដែល​មាន​អត្ថន័យ​សក្តិសម​នឹង​ស្នា​ដៃ​ទាំង​៣។ “បទភ្លេង​ទាំង​នោះ​គឺជា​បទភ្លេង​ដែល​មាន​ស្រាប់ តែ​យើង​ត្រូវ​ស្តាប់​ចង្វាក់​របស់​វា តើសក្តិសម​នឹង​អត្ថន័យ​របស់​ស្នា​ដៃ​ដែល​យើង​ចង់​ដំ​ឡើង​ឬ​អត់? បន្ទាប់​មក យើង​ត្រូវ​ជ្រើសរើស​ក្បាច់រាំ​បុរាណ​ឬ​ប្រពៃណី​ដែល​ពួក​យើង​ធ្លាប់​រាំ​មកពី​មុន។ ប៉ុន្តែ​២​ចំណុច​ខាង​ដើម​នេះ​មិន​សូវជា​លំបាក​ខ្លាំង​ឡើយ។ ការ​លំបាក​បំផុត​គឺការ​ប្រើ​កម្លាំង​ក្នុង​ការ​វាយ​ស្គរតែ​ម្តង។ ពេល​វាយ​ដំបូងៗ ពួក​យើង​មិន​ទាន់​ស៊ាំ ដៃ​ឡើង​ពង និង​ឈឺមកជា​យូរ​ថ្ងៃ ព្រោះ​អ្នក​ខ្លះ​ធ្លាប់​តែរាំ មិន​ធ្លាប់​លេង​ឧបករណ៍​តន្ត្រី ឬ​អ្នក​ខ្លះ​ធ្លាប់​លេង​ដែរ តែ​មិន​ធ្លាប់​វាយ​ស្គរ។ ប៉ុន្តែ​ដោយ​សារឆន្ទៈ​របស់​ពួក​យើង ខ្ញុំ​និង​ក្រុម​ទាំង​មូល​ក៏​អាច​ធ្វើ​បាន។” និយាយ​ដល់​ការ​លំបាក​ខាង​លើ ស្រី​ពេជ្រ ក៏​ឆ្លៀតរំលឹក​ដល់​ថ្ងៃ​ដំបូង​ដែល​ក្រុម​ខ្លួន​ទាំង​មូល​ចូល​មក​កាន់​ឧបករណ៍​ស្គរ។ លោក​គ្រូ​បង្រៀន​​ចេះ​តែបង្អាប់​លេងៗថា ចាំ​មើល​ស្រីៗ​ទាំង​ហ្នឹង​អាច​វាយ​ស្គរ​ធំៗ​យ៉ាង​នេះ​បាន​យូរ​ប៉ុណ្ណា។ ស្រី​ពេជ្រ​ថា ខ្លួន​និង​ក្រុម​ទាំង​មូល​បាន​ត្រឹម​តែសើច​ហើយ​ប្តេជ្ញា​នឹង​កសាង​ក្តីស្រមៃ​មួយ​នេះ​ឲ្យ​បាន​ដល់​គោល​ដៅ ហើយ​នៅ​ពេល​នេះ​លោក​គ្រូ​ក៏​បាន​ទទួល​ស្គាល់​នឹង​លើក​ទឹក​ចិត្ត​ពួក​យើង​បន្ត​ទៀត​ដែរ។

Images courtesy: Cambodian Living Arts (CLA), អង្គការសិល្បៈខ្មែរអមតៈ

          ឧបករណ៍​ស្គរ​ដែល​យកមក​ប្រគំ​ក្នុង​ស្នា​ដៃ​ទាំង​៣​របស់​ក្រុម​មេធា​ត្រូវ​បាន​ស្រាវជ្រាវ​និង​ដកស្រង់​ចេញ​ពី​ជញ្ជាំង​ប្រាសាទ​បាយ័ន។ វា​មាន​ប្រវត្តិជាស្គរហែ​ក្បួន​ទ័ព (ពេល​ទទួល​បាន​ជ័យ​ជម្នះ​ចូល​ព្រះ​នគរ) កាលពី​សម័យ​បុរាណ។ ប្រភេទ​ស្គរ​ទាំង​នោះ​មាន​ឈ្មោះ​ថា ស្គរសាំងណា ស្គរទីមីឡា ស្គរ​ធំ ស្គរ​តូច ស្គរ​ដៃ ហើយ​ស្គរ​ទាំង​អស់​សុទ្ធ​តែ​មាន​ញីឈ្មោល​របស់​វាគ្រប់ៗគូ។ ទាំង​នេះ​គឺជា​លក្ខណៈ​​ពិសេស​របស់​ប្រភេទ​ស្គរ​ដែល​បាន​កន្ទ្រាក់​អារម្មណ៍​និង​អន្ទង​អារម្មណ៍​របស់​អ្នក​ទស្សនា​ឲ្យ​រន្ថើនជា​មួយ​នឹង​ក្បាច់រាំ​ដ៏​រស់​រវើក​របស់​ក្រុម​មេធា​ទាំង​មូល។ ក្រៅ​ពីស្នា​ដៃ​៣​ដែល​បាន​រៀបរាប់​មក​នេះ ក្រុម​មេធា​ក៏​នឹង​មាន​គម្រោង​សិក្សា​ស្រាវជ្រាវ​បន្ថែម​លើ​ប្រភេទ​ឧបករណ៍​តន្ត្រី​ផ្លុំ ដូចជា ខ្យង ត្រែ និង​ស្នែង ជា​ដើម ដើម្បី​​យកមក​ប្រគំបញ្ចូល​គ្នា​ជា​មួយ​ស្គរ។ គម្រោង​នេះ​ក្នុង​ចេតនាបង្កើត​បទភ្លេង​ថ្មី​ទាំង​ស្រុង​ដែល​ជា​របស់​ក្រុម​មេធា​ផ្ទាល់​ដើម្បី​​ឱ្យ​ស្នា​ដៃ​កាន់​តែភាព​ទាក់​ទាញ​ និង​អស្ចារ្យ​មួយ​កម្រិត​ទៀត។

Images courtesy: Cambodian Living Arts (CLA), អង្គការសិល្បៈខ្មែរអមតៈ

          សូម​រំលឹក​ផង​ដែរ​ថា​ក្រុម​ស្គរ​នារី​មេធា​មាន​សមាជិក​ជា​ស្ត្រី​ចំនួន​៧​នាក់។ សមាសភាព​ពួក​គេ​គឺជា​នាដការីរបាំ​បុរាណ​និង​ប្រពៃណី​និង​អ្នក​ប្រគំ​ឧបករណ៍​តន្ត្រី​បុរាណ។ អ្នក​នាង​សាំង ស្រី​ពេជ្រ គឺជា​មេ​ក្រុម។ អ្នក​នាង​គឺជា​នាដការីរបាំ​បុរាណ​និង​ប្រពៃណី​ដ៏​មាន​ទេពកោសល្យ​មួយ​រូប​នៅ​ខេត្ត​សៀមរាប។ អ្នក​នាង​ក៏​មាន​ក្តីស្រមៃ​បង្កើត​សាលា​បណ្តុះ​បណ្តាល​ក្មេង​ជំនាន់​ក្រោយ​លើ​ជំនាញ​សិល្បៈ​បុរាណ​និង​ប្រពៃណី​របស់​កម្ពុជា​ផង​ដែរ៕

Article by SVAY LEEMENG



SUGGESTIONS