×

The KING OF CATWALK Sinon Loresca

NEWS 6 years ago
 
 

          គ្រប់​គ្នា​ប្រាកដ​ជា​ធ្លាប់​បាន​ទស្សនា​វីដេអូ​របស់​បុរស​ម្នាក់​​ដែល​មាន​សាច់​ដុំ​ធំ និង​តុប​តែង​កាយជា​មនុស្ស​ស្រី ហើយ​ពាក់​ស្បែក​​ជើង​កែងចោតកម្រាស់​ជិត​១តឹក ដើរ​កាច់រាងល្វត់ល្វន់​បង្ហាញ​ម៉ូត​តាម​ដង​ផ្លូវ ឆ្នេរខ្សាច់ និង​ក្នុង​ក្លឹប​ហាត់ប្រាណ​ហើយ​មែន​ទេ? ស្គាល់​ឈ្មោះ​គាត់​អត់? គាត់​ឈ្មោះ Sinon Loresca  ឬ THE KING OF CATWALK​ ។

          Sinon Loresca  ឬ KING OF CATWALK គឺជា​តារា​ទូរទស្សន៍ និង​បង្ហាញ​ម៉ូតភេទទី៣ជន​ជាតិ​ហ្វីលីពីន​ម្នាក់​។ តែអាជីព​ទាំង​នោះ​មិន​បាន​ធ្វើ​ឱ្យ​គាត់​ក្លាយ​ទៅ​ជា​មនុស្ស​ល្បី​ម្នាក់​​ក្នុង​ចំណោម​បុគ្គល​ល្បី​នៅ​ហ្វីលីពីន​តាម​សុបិន​របស់​គាត់​ទេ។ រហូត​ដល់​ថ្ងៃ​មួយ ឧកាស​នោះ​​ក៏​បាន​មក​ដល់ ខណៈ​ដែល​ប្រទេស​ហ្វីលីពីន​ត្រូវ​បាន​ជ្រើសរើស​ជា​ម្ចាស់​​ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​បង្អួតសម្រស់​ខ្នាត​យក្ស Miss Universe 2016 របស់​ពិភព​លោក​ទាំង​មូល. នា​ពេល​នោះ Sinon Loresca បាន​ថត​វីដេអូ​​មួយ​ដោយ​ស្លៀក​តែលីអូ​មនុស្ស​ស្រី ពាក់​ស្បែក​​ជើង​កែងចោត ហើយ​រាំញាក់ ក្នុង​បំណង​លើក​ទឹក​ចិត្ត​ដល់ Miss Universe ហ្វីលីពីន, Maxine Medina. តែ​រឿង​នឹកស្មាន​មិន​ដល់​បាន​កើត​ឡើង ត្រឹម​តែ​មួយ​ថ្ងៃ​សោះ វីដេអូ​នោះ​មាន​ទស្សនា​ជិត​៣លាន​នាក់ និង​បន្ត​កើត​ឡើង​ជារៀង​រាល់​ថ្ងៃ។ Sinon Loresca ភ្ញាក់​ផ្អើល និង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។

          ខណៈ​បារាំង​ទទួល​តំណែង Miss Universe 2016, Sinon Loresca បាន​ថត​វីដេអូ​​មួយ​ទៀត​ដោយ​តុប​តែង​កាយយកលំ​នាំ​តាម Miss Universe 2015 ដែល​ជាជន​ជាតិ​ហ្វីលីពីន​ដើរ​នៅ​លើ​ផ្លូវ​មួយ​ស្វាគមន៍​អ្នក​គាំទ្រ​របស់​គាត់។ ក្រោយ​ព្រឹត្តិការណ៍​នោះ សារពត៌​មាន​ដ៏​ល្បី​របស់​អង់គ្លេស daily mail បាន​ចុះ​ផ្សាយ​ពីទេពកោសល្យ​នោះ និង​ហៅ Sinon Loresca ថា king of catwalk. ជា​បន្ត​បន្ទាប់ សារពត៌​មាន​តូច​ធំ​ជុំ​វិញ​ពិភព​លោក​បាន​ចុះ​ផ្សាយ​ពី Sinon Loresca ហើយ​គាត់​​ក៏​បាន​​ក្លាយ​ទៅ​ជា​មនុស្ស​ដ៏​ល្បីល្បាញ​ម្នាក់​​របស់​ហ្វីលីពីន​តាម​សុបិន​របស់​គាត់។
និយាយ​ដល់​ចំណុច​នេះ តើ​មនុស្ស​ប្រុស​មាន​សាច់​ដុំ​ធំៗ តែបែរជាបញ្ចេញ​ឬ​កម្ញ៉ិកម្ញ៉ក់​ដូចជា​មនុស្ស​ស្រី​បែប​នេះ ពិត​ជា​ទទួល​បាន​ការ​គាំទ្រ​១០០​ភាគរយ? Sinon Loresca ឆ្លើយថា មិន​បាន​១០០%ទេ យ៉ាង​ណា​ក៏​មាន​៣០%​មិន​គាំទ្រ ប៉ុន្តែ​គាត់​គិត​ថា មនុស្ស​មាន​សិទ្ធិ​បញ្ចេញ​មតិ​ទៅ​តាម​ការ​គិត​របស់​គេ​បាន គឺ​ដូចជា​គាត់​ដែល​ធ្វើ​អ្វី​ទៅ​ការ​ស្រឡាញ់​របស់​គាត់​ដែរ។ បណ្តាញ​សង្គម​គឺ​ជាទី​កន្លែង​ដែល​មនុស្ស​អាច​សរសេរ និង​បង្ហាញ​អ្វី​ដែល​គេ​មាន​ជា​សាធារណៈ​បាន ដូច្នេះ វាជា​រឿង​ធម្មតា។ ប្រការ​សំខាន់ គឺ​គាត់​គិត​តែ​បន្ត​សុបិន​របស់​គាត់ ដើម្បី​ភាព​រីក​រាយ និង​សុភមង្គល​របស់​មនុស្ស​គ្រប់​គ្នា ប៉ុណ្ណឹង​គឺគ្រប់​គ្រាន់​ហើយ។ Life is beautiful. Be Kind with all Peoples and Do not forget Be yourself!  រៀង​រាល់​ខែ Sinon Loresca តែង​តែបញ្ចេញ​វីដេអូ​ថ្មីៗ​របស់​គាត់​ដែល​ថត​នៅ​តាម​តំបន់​កម្សាន្ត និង​ប្រទេស នានា ដែល​គាត់​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ។ ក្រៅ​ពីបំ​ពេញ​ការ​ងារ​ក្នុង​អាជីព​របស់​គាត់ Sinon Loresca ​ក៏​បាន​​ចំណាយ​ពេល​ក្នុង​កិច្ចការ​មនុស្ស​ធម៌ជា​មួយ​ក្មេងៗ​នៅ​តាម​ចិញ្ចើម​ផ្លូវ ដោយ​ចែក​អាហារ និង​បង្កភាព​រីក​រាយ​ដល់​ពួក​គេ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ផង​ដែរ។

          Sinon Loresca បាន​មក​ដល់​កម្ពុជា​កាលពី​យប់​ថ្ងៃ​ទី១៨ ឧសភា ដោយ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ទៅ​ចាំ​ទទួល​ដល់​ព្រលាន​យន្តហោះ។ ជាន់​ទឹក​ដី​កម្ពុជា​ជា​លើក​ដំបូង The King of Catwalk បាន​ចូល​រួម​កម្មវិធី​មនុស្សធម៌​ផ្សេងៗជា​មួយ Miss Universe កម្ពុជា និង​កញ្ញា​ឯក​ផ្សេងៗ​ទៀត និង​​ក៏​បាន​​ចូល​រួម​ក្នុង​កម្មវិធី​របស់​សហគមន៍​ស្រលាញ់​ភេទដូច​គ្នា (LBGT) មួយ​ចំនួន​ដែរ។ តែ​គួរ​ឱ្យ​សោកស្តាយ​សម្រាប់ Sinon Loresca ក្នុង​ដំណើរ​ស្នាក់​នៅ កម្សាន្ត និង​បំ​ពេញ​កិច្ចការ​រយៈ​ពេល​៥​ថ្ងៃ​នៅ​កម្ពុជា​នេះ គាត់​គ្មាន​​ពេល​ទៅ​ទស្សនា​អច្ឆរិយៈ​វត្ថុ​របស់​កម្ពុជា​លើ​ទឹក​ដី​សៀមរាប​ឡើយ។ ពោល​ដោយ​ញញឹម​យ៉ាង​ស្រស់​បំព្រង Sinon Loresca សន្យាថា ខ្លួន​នឹង​វិល​ត្រឡប់​មក​កាន់​កម្ពុជា​ម្តង​ទៀត ដើម្បី​ថតរូបជា​មួយ​ប្រាសាទ​អង្គរ​វត្ត​ឱ្យ​ខានតែ​បាន។

          សម្រាប់ Sinon Loresca កម្ពុជា​គឺជា​ប្រទេស​ដ៏​ស្រស់​ស្អាត​មួយ។ ប្រជាជន​មាន​ភាពរួសរាយរាក់​ទាក់។ ពួក​គេ​ញញឹម​ដាក់​គាត់​គ្រប់​ពេល ហើយ​ម្អូប​ក៏​ឈ្ងុយ​ឆ្ងាញ់​ទៀត។ The King of Catwalk ថា គាត់​នឹង​ផ្សព្វ​ផ្សាយ​ពីភាពអស្ចារ្យ​របស់​កម្ពុជា​ទៅ​កាន់​មិត្ត​ភក្តិ​នៅ​ជុំ​វិញ​ពិភព​លោក​របស់​គាត់។ លើស​ពី​នេះ​ទៀត គាត់​ក៏​មិន​ភ្លេច​លើក​ទឹក​ចិត្ត​ដល់​អ្នក​គាំទ្រ​របស់​គាត់ សូម​បន្ត​រង់ចាំ​ឱកាស​ល្អ​ណា​មួយ​​ដែល​នឹង​កើត​ឡើង​សម្រាប់​ខ្លួន​ឯង ហើយ​ចូរ​ដើរ​តាម​ក្តីស្រមៃ​របស់​ខ្លួន​ឯង​ចុះ​! កុំ​ខ្វល់ពី​សម្តី​មនុស្ស​នៅ​ក្នុង​បណ្តាញ​សង្គម​ច្រើន​ពេក។ ហើយ​ចុង​ក្រោយ THE KING OF CATWALK ក៏​មិន​ភ្លេច​ផ្តល់​ដំបូន្មាន​ដល់​សុភាព​បុរស និង​នារី​ទាំង​ឡាយ ដែល​ប្រាថ្នា​ចង់​បាន​រាងកាយមាំមួន​ដូចជា​រូប​គាត់ សូម​កុំ​ភ្លេច​ទៅ​ហាត់ប្រាណ និង​ជ្រើសរើស​ររបប​អាហារ​ឱ្យ​បាន​ត្រឹម​ត្រូវ​បំផុត។ ជួប​គ្នា​នា​ពេល​ខាង​មុខ​ទៀត​, អ្នក​គាំទ្រ​កម្ពុជា​!

Article by SVAY LEEMENG


SUGGESTIONS