×

ទី​ក្រុង​ប៉ារីស ល្ខោន​ព្រះ​រាជ​ទ្រព្យ​ខ្មែរនាំ​អារម្មណ៍​ទស្សនិកជន​ទៅ​កាន់​សម័យ​១០២ឆ្នាំ​មុន​

TRAVEL & LIVING 6 years ago
 
 

          របាំ​ព្រះ​រាជ​ទ្រព្យ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជីបេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ នៅ​ថ្ងៃ​ទី ០៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៣ ដោយ​អង្គការ​យូនេស្កូ។ នេះ​គឺជា​សញ្ញាណ​នៃ​ការ​ទទួល​ស្គាល់​ពីលក្ខណៈ​ដ៏​ពិសិដ្ឋគ្មាន​២​របស់​ពិភព​លោក​​ចំពោះ​សិល្បៈ​កម្ពុជា។ ខណៈ​មិត្ត​អ្នក​កំពុង​អាន​អត្ថបទ​នេះ ក្រុម​របាំ​ព្រះ​រាជ​ទ្រព្យ​កម្ពុជា ដឹក​នាំ​ដោយ​សម្តេច ព្រះ​រាជ​បុត្រី នរោត្តម បុប្ជាទេវី ចំនួន​៤០​នាក់ កំពុង​សម្តែង​របាំក្បាច់​បុរាណ​ខ្មែរ​នៅ​ប្រទេស​ស្វីស និង​ប្រទេស​បារាំង។ ការសម្តែង​ដ៏​ពិសេស​នោះ គឺ​លើក​យក​រឿង វឌ្ឍនាទេវី ឬ Métamorphosis ដែល​ជាទេវកថា​របស់​ក្រិក Psyche ដោយ​យកលំ​នាំ​សម្តែង​ទាំង​ស្រុង​កាលពី​១០២ឆ្នាំ​មុន មិន​ថាក្បាច់រាំ ការតុប​តែង​ខ្លួន (មុខ​ស) និង​សម្លៀក​បំពាក់។ ការសម្តែង​នោះ​រៀបចំ​ដោយ ក្រុម​ហ៊ុន Zaman Production ដើម្បី​រំលឹក​ដល់​ជំនួប​លើក​ដំបូង​របស់​វិចិត្រករ​ដ៏​ល្បីល្បាញ​បារាំង អូហ្គូស រ៉ូដាំង ជា​មួយ​នឹង​ក្រុម​នាដកា​ល្ខោន​ព្រះ​រាជ​ទ្រព្យ​ខ្មែរ នា​សម័យ​ដែល​ក្រុម​ល្ខោន​ហ្លួង​បាន​ដង្ហែ​ព្រះ​បាទ​ស៊ី​សុវត្ថិ​ទៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៩០៦ និង​ខួប១០០ឆ្នាំ​នៃ​របាំ​ព្រះ​រាជ​ទ្រព្យ​ខ្មែរ​ផង​ដែរ។

          ក្រៅ​ពីការសម្តែង​ដ៏​មហស្ចារ្យ​នោះ មាន​ព្រឹត្តិការណ៍​សំខាន់​២​ទៀត ដែល​ចាត់​ទុកថា គឺជា​ការ​ផ្សព្វ​​ផ្សាយ​ពីអច្ឆរិយ​នៃ​សិល្បៈ​ខ្មែរ​ដែរ​នោះ គឺការ​សម្តែង​របស់​នាដកា៣រូប​នៅ​មុខ​ទ្វារនរក​ក្នុង​សារមន្ទីររ៉ូដាំង និង​ការថតរូប​ដោយ​ស្លៀក​ពាក់​បុរាណ​នៅ​មុខ​អច្ឆរិយៈ​វត្ថុ​របស់​បារាំង (Tour Eiffel)។

 

Credit: Jean-Francois Mousseau

          ផ្តល់​សម្ភាសន៍​ខ្លីពីទី​ក្រុង​ប៉ារីស ព្រះ​អង្គ​ម្ចាស់​​ស៊ី​សុវត្ថិ តេសូ ទី​ប្រឹក្សា​ពិសេស​របស់​សម្តេច​ព្រះ​រាមបុប្ជាទេវី បាន​មាន​បន្ទូលថា ការរាំ​នៅ​មុខ​ទ្វារនរក​ក្នុង​សារមន្ទីររ៉ូដាំង​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី១៣ ខែ​ឧសភា គឺ​ដើម្បី​រំលឹក​ដល់​វិចិត្រករ អូហ្គូស រ៉ូដាំង ដែល​បាន​ជាប់​ចិត្ត​នឹង​នាដកា​ខ្មែរ ហើយ​តាម​គូររូបនាដកា​ខ្មែរ​គ្រប់ទី​កន្លែង បាន​រហូត​ដល់​ចំនួន​១៥០ផ្ទាំង ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​ព្រះ​បាទ​ស៊ី​សុវត្ថិ​កាលពី​ឆ្នាំ​១៩០៦។ រូប​គំនូរ​ទាំង​នោះ​បាន​បង្ហាញ​ពីថាមពល និង​សម្រស់​នៃ​ក្បាច់រាំ​ដ៏​ល្អ​ឥតខ្ចោះ​របស់​នាដកា​ខ្មែរ​ជំនាន់​នោះ។ ហើយ​១០២ឆ្នាំ​ក្រោយ យើង​ក៏​ចង់​រំលឹក​ព្រឹត្តិការណ៍​នោះ​ឡើង​វិញ ដើម្បី​ឱ្យ​វិចិត្រករ និង​ប្រជាជន​នៅ​សម័យ​នេះ​បាន​ឃើញ តើវា​នឹង​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ? ការណ៍​នេះ​គឺស្រប​គ្នា​នឹង​សារមន្ទីររ៉ូដាំង​បាន​បង្កើត​ពិព័រណ៍​មួយ​ស្តីពី​គំនូរ និង​ចម្លាក់​របស់​វិចិត្រករ អូហ្គូស រ៉ូដាំង នៅ​ក្នុង​សារមន្ទីរ​នេះ។ ជាលទ្ឋផល វិចិត្រករ និង​អ្នក​ចូល​រួម​គូររូប​ទាំង​អស់​សុទ្ធ​តែ​បាន​កោតសរសើរពីប្រណីតភាព​នៃ​របាំក្បាច់​បុរាណ​ខ្មែរ​យ៉ាង​កុះករ។ ​និយាយ​ពី​ព្រឹត្តិការណ៍​ទី២ ដែល​ជាការ​ថតរូប​រួម​គ្នា​របស់​ក្រុម​នាដការបាំ​ព្រះ​រាជ​ទ្រព្យ​ខ្មែរ​នៅ​មុខ​អច្ឆរិយ​វត្ថុ​របស់​បារាំង (ប៉ម Tour Eiffel) វិញ​ម្តង។ ការណ៍​នេះ​, កញ្ញា ចាប ចំរើន​តុលា ដែល​ជា​សមាជិក​ក្រុម​របាំ​ព្រះ​រាជ​ទ្រព្យ​ខ្មែរ​មួយ​រូប និង​ក៏​មាន​វត្ត​មាន​ក្នុង​ការថតរូប​នោះ​ដែរ បាន​ប្រាប់​ថា “មូល​ហេតុ​ដែល​ពួក​យើង​ថតរូប​ដោយ​ពាក់អាវ​ល្ខោន​ចងក្បិន (ឈុត​សម្រាប់​ស្លៀក​នៅ​ពេល​ហាត់របាំ) និង​ទ្រង់គ្រឿង​ទាំង​ស្រុង​ខ្លះ​ផង ព្រោះ​ក្តី​ស្រឡាញ់​របស់​ពួក​យើង​ទៅ​លើរបាំ និង​ចង់​ផ្សព្វ​​ផ្សាយ​ពីសម្រស់​នៃ​ក្បាច់រាំ និង​សម្លៀក​បំពាក់​របស់​អ្នក​របាំ ដែល​ដូនតា​យើង​បាន​បង្កើត​មក​យ៉ាង​អស្ចារ្យ​នេះ​ដល់​ពិភព​លោក​​ទាំង​មូល។ ជា​ពិសេស​ក៏​ដូចជា​ការរំលឹក​ដល់​ដំណើរ​មក​ដល់​ដំបូង​របស់​ក្រុម​នាដកា​ខ្មែរ​នៅ​ទឹក​ដី​បារាំង​កាលពី​១០២ឆ្នាំ​ផង​ដែរ។”

          គួរ​ជាទី​រីក​រាយ​បំផុត រូបថត​ដ៏​ស្រស់​សោភា​ទាំង​នោះ​ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ច្រើន​លើ​បណ្តាញ​សង្គម ដែល​នេះ​អាចជាសញ្ញា​ដ៏​ល្អ​របស់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​កម្ពុជា ដើម្បី​រួម​ចំណែក​ផ្សព្វ​​ផ្សាយ​ពី​វប្បធម៌​ខ្មែរ។ តុលា ក៏​ឆ្លៀតបញ្ចេញ​មតិ​បន្ថែម​ទៀត​ថា ខ្ញុំ​ជឿ​ជាក់​ថា ប្រជាជន​កម្ពុជា​នឹង​រួម​គ្នា​គាំទ្រ​សិល្បៈ​កម្ពុជា​គ្រប់​ទម្រង់ គ្រប់​មធ្យោបាយ គ្រប់​រូបភាព គ្រប់​ពេល​វេលា និង​គ្រប់ទី​កន្លែង។ សូម​រំលឹកថា កាលពី​ឆ្នាំ​១៩០៦ គឺ១០២ឆ្នាំ​មុន ក្រុម​ល្ខោន​ព្រះ​រាជ​ទ្រព្យ​ខ្មែរ​បាន​ដង្ហែ​ព្រះ​បាទ​ស៊ី​សុវត្ថិ​ទៅ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​បារាំង និង​ចូល​រួម​ពិព័រណ៍​របស់​ប្រទេស​ក្រោម​អាណានិគម ដើម្បី​ផ្សព្វ​​ផ្សាយ​ពី​វប្បធម៌​ខ្មែរ។ ឆ្នាំ​នោះ​គឺជា​លើក​ដំបូង​បង្អស់​ដែល​ក្រុម​ល្ខោន​ព្រះ​រាជ​ទ្រព្យ​ខ្មែរ​ទៅ​សម្តែង​នៅ​ប្រទេស​បារាំង។ យើង​សូម​ជូន​ពរ​ឱ្យ​បេសកកម្ម​ផ្សព្វ​​ផ្សាយ​វប្បធម៌​ជាតិ​របស់​ក្រុម​របាំ​ព្រះ​រាជ​ទ្រព្យ​កម្ពុជា​លើក​នេះ​ទទួល​បាន​ជោគ​ជ័យ​​យ៉ាង​ត្រចះត្រ​ចង់​!

Photo by Chap Chamroeun Tola

Article by SVAY LEEMENG


SUGGESTIONS