×

ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រាសាទ​កោះកែរ​ ដែល​​បានកសាង​ឡើង​ក្នុង​រាងសជី ចាក់គ្រឹះយ៉ាងមាំ​អស់រយៈ​កាលជាងមួយពាន់ឆ្នាំ

TRAVEL & LIVING 4 months ago
 
 

            ​ប្រាសាទ​កោះ​កែរ គឺជា​ប្រាង្គ​ប្រាសាទ​រាងសជី​ដ៏​ធំ​អស្ចារ្យតែ​មួយ​គត់ ដែល​មាន​វត្ត​មាន​នៅ​លើ​ទឹក​ដី​ព្រះ​រាជា​ណា​ចក្រ​អច្ឆរិយ​នៃ​យើង។ ស្ថិត​ក្នុង​ភូមិ​ស្រយ៉ង់​ជើង ឃុំស្រយ៉ង់ ស្រុក​គូលេន ខេត្ត​ព្រះ​វិហារ ដែល​មាន​ចម្ងាយ​ប្រមាណ ១២០ គីឡូ​ម៉ែត្រ ប៉ុណ្ណោះ​ពីទី​រួម​ខេត្ត​សៀមរាប។ រថយន្ដឈ្នួល​យើង​បាន​បើក​បរ​ចេញ​ពី​ក្រុង​សៀមរាប ប្រមាណ​ពីរ​ម៉ោង​ដើម្បី​ទៅ​ដល់​គោល​ដៅកម្សាន្ដ​ថ្ងៃ​នេះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦ បត់​តាម​ច្រក​ផ្លូវ​លេខ​៦៤ ត្រង់​ចំណុច​ផ្សារ​ដំដែក ស្រុក​សូត្រនិគមន៍ ខេត្ត​សៀមរាប ឆ្ពោះ​ទៅ​ទិស​ខាង​ជើង កាត់​តាម​ស្រុក​ស្វាយ​លើ និង​បន្ត​ទៅ​កាន់​ស្រុក​គូលេន ខេត្ត​ព្រះ​វិហារ។ ត្បិតតែ​ត្រូវ​ចំណាយ​ពេល​រៀង​យូរ​បន្ដិច តែ​ទេសភាព​ស្រែ​ចម្ការ​ពណ៌​បៃតង​ក្នុង​ស្រុក​ភូមិ​តាម​ដង​ផ្លូវ​បាន​កំដរ​អារម្មណ៍​ខ្ញុំ​រហូត លើស​ពី​នេះ​ទៅ​ទៀត ផ្លូវ​កៅស៊ូ​ស្អាត​ល្អ​បាន​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​យើង​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។ ធម្ម​ជាតិ​ព្រៃ​ព្រឹក្សា ក៏​ហាក់​បញ្ចេញ​សម្រស់​យ៉ាង​ស្រស់​បំព្រង​ក្រោម​ពន្លឺ​ព្រះ​សុរិយា​ដ៏​ភ្លឺចែងចាំង​ផង​ដែរ។

            រថយន្ដឈ្នួល​យើង​បាន​បរមក​ដល់​ទឹក​ដីពិសិដ្ឋ​នេះ​ហើយ ដោយ​ឆ្លង​កាត់​តាម​រុក្ខវិថី​ដ៏​ខៀវ​ស្រងាត់​យ៉ាង​ត្រ​ជាក់​ភ្នែក បត់បែន​រហូត​ផុត​ថ្នល់​កៅស៊ូ ចូល​ដល់​ផ្លូវ​ដីក្រហម​វិញ​ម្ដង ហើយ​​ព្រៃ​ឈើ​ទាំង​សង​ខាង​​ក៏​បាន​ប្រែ​ទៅ​ជា​ពណ៌​លឿង បង្កជា​ទេសភាព​ពណ៌​មាស សម្រាប់​ដំណើរ​ចរ​ដ៏​សោភ័ណ​ព្រឹក​នេះ។ ម៉ោង ១០ព្រឹក យើង​បាន​ឈាន​ជើង​មក​ដល់​មុខ​ក្លោងទ្វារ​ប្រាសាទ​ដែល​បាក់រលំបិទ​ផ្លូវ​ដំណើរ​យើង អម​ដោយ​ដើម​ឈើ​ខ្ពស់​សន្លឹម ដ៏​គួរ​ឲ្យ​ស្រណោះ​ស្រណោក។ ដើម្បី​ចូល​កាន់​ប្រាសាទ​កោះ​កែរ យើង​ត្រូវ​ដើរ​ឆ្លង​តាម​ជណ្ដើរ​ឈើ (ដែល​សង់​ថ្មី​សម្រាប់​ជំនួយ​ក្នុង​ការ​ដើរ) ឯច្រក​ខាង​ឆ្វេង។ មក​ដល់​ចំណុច​នេះ យើង​អាច​ឃើញ​តួ​ប្រាសាទ​ថ្មភក់បាក់​បែក​តូចៗ​ពីរ​នៅ​សង​ខាង​នៃ​ច្រក​ដែល​បិទ​ជិត​នោះ ដោយ​មាន​គ្រោង​ឈើទ្រតួ​ប្រាសាទ​ដែល​សេសសល់​ដើម្បី​កុំ​ឲ្យ​ដួលរលំ។ នៅ​ពី​មុខ​នោះ គឺ​ប្រាសាទ​ក្រហម ដែល​សង់​ឡើង​ពីឥដ្ឋ និង​ថ្មបាយ​ក្រៀម ហើយ​រក្សា​នូវ​ទ្រង់ទ្រាយ​បាន​ល្អ​ជាង​គេ។ ប្រាសាទ​នេះ​ប្រហែល​ជា​តម្កល់​នូវ​រូបបដិមា​ព្រះ​វិស្ណុ បើ​តាម​សម្ដី​របស់​មគ្គុទ្ទេសក៍​ទេសចរណ៍​​ដែល​យោង​តាម​ការ​ស្រាវជ្រាវ​លើ​ជើង​ទម្រសល់​ក្នុង​ប្រាសាទ។ ដើរ​ហួស​ប្រាសាទ​ក្រហម​នេះ យើង​ប្រទះ​ឃើញ​សសរ​ធំៗ​បាន​បាក់​ធ្លាក់​មកលើដីជាជួរ តាម​ផ្លូវ​ទៅ​កាន់​ប្រាសាទ​គោបុរៈ (ប្រាសាទ​គុក)។ ប្រាសាទ​នេះ​ហាក់​មាន​ភាពត្រ​ជាក់​ដោយ​សារតែ​មាន​ស្លែដុះពាស​ពេញ​តួ​ប្រាសាទ ឆ្លុះ​នឹង​​ព្រៃ​ឈើ​ដែល​ដុះ​ក្បែរ​នោះ​ផង​ដែរ។ ឯក្បូរក្បាច់ចម្លាក់​ខ្លះ​ក៏​នៅ​រក្សា​បាន​ល្អ​គ្រាន់​បើ។ ប្រាសាទ​បួនជ្រុង​តូចៗ​ធ្វើ​ពីឥដ្ឋជា​ច្រើន​នៅ​ពី​ក្រោយ​នោះ ស្ថិត​ក្នុង​ស្ថានភាព​បាក់រលំស្ទើរ​ទាំង​ស្រុង រាយរប៉ាត់រប៉ាយលើដី បាន​បង្កជា​អារម្មណ៍​ដ៏​គួរ​ឲ្យ​សង្វេគ។ ទោះ​បីជា​សំណង់​ដួលរលំ​ច្រើន​ក្ដី ប៉ុន្តែ​យើង​នៅ​តែអាចស្រមៃ​ឃើញ​នូវ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ស្ថាបត្យកម្ម​នេះ តាម​រយៈគំរូប្លង់​ទី​តាំង​ សំណល់ចម្លាក់ផ្ដែរ​ដែល​បាក់​ធ្លាក់​លើដី ឬ​ក្បូរក្បាច់ចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​ដែល​សេសសល់ជា​ដើម។

            មុន​នឹង​ចូល​ទៅ​ដល់​បរិវេណ​ប្រាសាទ​ធំ (ប្រាសាទ​កោះ​កែរ) យើង​ត្រូវ​ឆ្លង​កាត់​ជា​ច្រើន​ដំណាក់ (ប្រាសាទ) ​ទៅ​ហើយ តែ​មិន​ទាន់​ចប់ទេ ផុតពី​នោះ​បន្ដិច យើង​អាច​ឃើញ​កសិណ​ទឹក​ចំនួន​ពីរ ជាប់​នឹង​កំពែងថ្មបាយ​ក្រៀម​នៃ​ប្រាសាទ​កោះ​កេរ លាតសន្ធឹង​នៅ​សង​ខាង​ផ្លូវ​មុខ​កំពែង។ ទស្សនីយភាព​ដែល​ខ្ញុំ​រំពឹង​ទុក​នោះ បាន​កំពុង​បង្អួតរាង​នៅ​នឹង​ភ្នែក​របស់​ខ្ញុំ​ហើយ តាម​ចន្លោះ​ដើម​ឈើ​ធំៗ​និង​ច្រកកំពែង។ ប្រាង្គ​ប្រាសាទ​រាងសជី​សង់​ពីថ្មភក់ មាន​៧ថ្នាក់ កំពស់​ប្រមាណ​៣៥​ម៉ែត្រ បាន​បណ្ដែត​ខ្លួន​នៅ​លើដីរាប​មួយ​ដ៏​ទូលាយ បង្ហាញ​ពីភាព​មហា​សាល​របស់​ខ្លួន​ឯ​កណ្ដាល​ទ្រូង​ព្រៃ។

កោះ​កែរ គឺជា​រាជធានី​បុរាណ​មួយ ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យ​វរ្ម័នទី៤ កំឡុងសតវត្សទី១០ (គ.ស ៩២៨-៩៤២)។ សំណង់​ប្រាសាទ​ធំ​នេះ មាន​តម្លក់​សិវលិង្គ​ដ៏​ធំ កំពស់​ប្រមាណ​៤​ម៉ែត្រ (ប៉ុន្ដែ​បាន​បាត់​បង់​ទៅ​ហើយ) ដែល​មាន​ឈ្មោះ​ថា ត្រីភូវនេស្វរៈ នៅ​លើកំពូល​នៃ​ប្រាសាទ​នេះ ដោយ​មាន​រួបចម្លាក់គ្រុឌ​ធំៗទ្រ​នូវ​សិវលិង្គ​នោះ។ ឮ​ហើយ យើង​មិន​បាន​បង្អង់​យូរ​ឡើយ នាំ​គ្នា​ប្រញាប់​ឡើង​លើកំពូល​ប្រាសាទ​នេះ តាម​រយៈជណ្ដើរ​ជំនួយ​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​តួ​ប្រាសាទ ព្រោះ​ជណ្តើរ​បុរាណ​ខូតខាត​មិន​អាច​ឡើង​បាន​ទៀត​ទេ។ ពេល​ដែល​បាន​មក​ជិត ប្រាសាទ​នេះ​ពិត​ជាមហិមា​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​ក៏​មាន​មោទនភាព​ផង​ដែរ ដែល​បុព្វ​បុរស​ខ្មែរ​យើង​បាន​បន្សល់​នូវ​កែរដំណែល​ដ៏​ប្រពៃ​មួយ​នេះ។ ប្រាសាទ​កោះ​កេរ​នេះ ពិត​ជា​បង្ហាញ​ពីភាពរុង​រឿង​ក្នុង​វិស័យ​សាសនា និង​ស្ថាបត្យកម្ម​ល្អ​ឯក​គ្មាន​​ពីរ (ដែល​មាន​រចនា​បទ​ខុស​ពី​តំបន់​អង្គរ)។

            ឡើង​កាន់​តែ​ខ្ពស់ កាន់​តែអាច​មើល​ឃើញ​នូវ​ទេសភាព​ដ៏​ស្រស់​បំព្រង វា​នឹង​រឹតតែសក្ដិសម​សម្រាប់​ការ​ចំណាយ​កម្លាំង​ឡើង​មក​ដល់​កំពូល​ប្រាសាទ​នេះ ព្រោះ​តែ​ទេសភាព​​ព្រៃ​ឈើ​ដាច់​កន្ទុយ​ភ្នែក​ពិត​ជាអស្ចារ្យក្រៃ។ ខ្ញុំ​មាន​អារម្មណ៍​ជ្រះថ្លាពេកពន់ជា​មួយ​នឹង​ទិដ្ឋភាព​មួយ​នេះ ទោះ​បី​ព្រះ​សូរ្យសែង​ចោល​កម្ដៅ​យ៉ាង​ណាក្ដី។ ប្រហែល​ជា​មកពី​ទី​នេះ​គឺ​ជាទី​សក្ការៈ​ដ៏​ពិសិដ្ឋ ទើប​រឹត​ធ្វើ​ឲ្យ​ខ្ញុំ​ត្រ​ជាក់​ចិត្ត​ជាពន់ពេក​កន្លង។ រូបចម្លាក់គ្រុឌ​ដ៏​ធំ​បាន​បង្ហាញ​កាយ​នៅ​នឹង​មុខ​យើង អម​ដោយ​បំណែកថ្ម​ប្រាសាទ​ដួលរលំ នៅ​ក្បែរ​នោះ​ទៀត​សោត​ក៏​មាន​រៀបចំ​ជា​កន្លែង​គោរព​បូជា ដោយ​មាន​រៀបបាយសី​ងាយៗ និង​ទៀនធូប​ខ្លះៗ ទុក​គោរព​តាម​ទំនៀម​ទម្លាប់​យើង ដើម្បី​សុំ​សេចក្ដី​សុខ ព្រម​ទាំង​បង្ហាញ​អំពី​គារវកិច្ច​របស់​ខ្មែរ​យើង​ចំពោះ​ប្រាសាទ​ពិសិដ្ឋ​មួយ​នេះ។ ភ្ញៀវ​ទេសចរ​ដែល​បាន​មក​ដល់​ចំណុច​នេះ តែង​សម្រាក និង​គយគន់​ទេសភាព​មួយ​សន្ទុះ​ធំ មុន​នឹង​ត្រឡប់​ទៅ​វិញ។ រូប​ខ្ញុំ​ក៏​មិន​ខុស​គ្នា​ដែរ ហាក់​កំពុង​នឹកភ្នក​ដល់​ទិដ្ឋភាព​អ្វី​មួយ​ក្នុង​ពេល​អតីត​កាល​ដ៏​អាថ៌កំបាំង។ នឹកស្រមើស្រមៃពីភាពរុង​រឿង​នៃ​សង្គម​ជាតិ ភាពអច្ឆរិយ​នៃ​ស្ថាបត្យកម្ម និង​ជំនឿ​មោះមុត​ទៅ​លើអាទិទេព​ដ៏​មាន​មហិទ្ធិឫទ្ធិជា​ដើម ទាំង​នេះ​បាន​បង្កើត​ឡើង​ជាមហស្ចារ្យ​មួយ​ដែល​ខ្មែរ​ជំនាន់​ក្រោយ ឬ​សូម្បីតែពិភព​លោក​ទាំង​មូល ក៏​នឹកស្មាន​មិន​ដល់។

            ពិត​ណាស់ ក្នុង​តំបន់​កោះ​កែរ​នេះ​នៅ​មាន​ប្រាសាទ​តូច​ធំ​ជា​ច្រើន​ទៀត ប្រមាណ​ជិត​១០០​ប្រាសាទ សង់​ដាច់ៗពី​គ្នា។ បន្ទាប់​ពីចាក​ចេញ​ពី​ប្រាសាទ​ធំ យើង​នាំ​គ្នា​មក​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ឯ​អាហារ​ដ្ឋាន​មួយ នៅ​ក្បែរ​នឹង​មាត់​ច្រក​ក្លោងទ្វារ​ចូល​ប្រាសាទ​កោះ​កែរ​នេះ មុន​នឹង​បន្ត​ទៅ​ទស្សនា​ប្រាសាទ​នានា​ទៀត។ រថយន្ដ​យើង​បាន​បរមក​ដល់​ប្រាសាទ​លិង្គ ដែល​មាន​តម្កល់​ចម្លាក់លិង្គ ដោយ​មាន​ប្រាសាទ​បួន​កន្លែង តែភាគ​ច្រើន​បាក់រលំសល់តែ​ជញ្ជាំង។ នៅ​មាន​ប្រាសាទ​លិង្គ​មួយ​កន្លែង ដែល​នៅ​រក្សា​បាន​ចម្លាក់លិង្គកម្ពស់​ប្រមាណ​១​ម៉ែត្រ ក្រៅ​ពី​នោះ​សុទ្ធ​សឹងតែទ្រុឌទ្រោម​ខ្លាំង​ក្លា។ ស្ថិត​ក្នុង​ព្រៃ​ដែល​មាន​ដើម​ឈើ​ខ្ពស់ៗ​ធ្វើ​ជារណាំង ប្រាសាទ​បុរាណ​យើង​លាក់​ខ្លួន​ពួន​អាត្មា​ពី​ក្រោយ ប៉ុន្តែ​នៅ​តែ​មិន​អាចទប់ទល់​នឹង​ភាពទ្រុឌទ្រោម​ដោយ​យថា​ហេតុ​នានា។ ពេល​យើង​មក​ដល់​ប្រាសាទ​ក្រចាប់ ក្លោងទ្វារ​ដែល​មាន​រចនា​បទស្រដៀង​ទៅ​នឹង​ប្រាសាទ​ព្រះ​វិហារ ហាក់​ធ្វើ​ឲ្យ​ពួក​យើង​មាន​ចំណាប់​អារម្មណ៍​ជា​ខ្លាំង។ យើង​នាំ​គ្នា​ដើរ​ចូល​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​នេះ ដែល​ឃើញ​មាន​នៅ​សល់ក្បូរក្បាច់ចម្លាក់​ខ្លះៗ​នៃ​ហោង​ជាង ផ្ដែរ និង​បំណែកសិលាចារិក។ល។ ប្រាសាទ​បន្ទាយ​ពីរ​ជាន់ នៅ​មាន​តួ​ប្រាសាទ​កណ្ដាល ដែល​ទ្រ​ដោយ​គ្រោង​ឈើ ហើយ​ក៏​មាន​ចម្លាក់​ខ្លះ​ដែរ ដែល​អម​ដោយ​ប្រាសាទ​រណប​តូចៗជុំ​វិញ។ ប្រាសាទ​ច្រើន​ណាស់ គឺ​ពិត​មើល​មិន​អស់​ឡើយ​ក្នុង​ពេល​វេលា​ដ៏​ខ្លី​នេះ យើង​បាន​នាំ​គ្នា​ត្រឡប់​វិល​វិញ ដោយ​យើង​បាន​ឆ្លៀត​ចូល​មើល​ប្រាសាទ​នាង​ខ្មៅ ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ត្រឡប់​ទៅ​វិញ។ ប្រាសាទ​ថ្មភក់រាងជា​ចេតិយ​ពណ៌​ខ្មៅ​នេះ នៅ​មាន​ស្ថានភាព​ល្អ​គួរ​សម ឈរលើខឿន​បង្ហាញ​រាងច្រឡឹង​របស់​ខ្លួន អម​ទៅ​ដោយ​ចម្លាក់​តាម​ក្លោងទ្វារ សសរ​ពេជ្រ និង​ផ្ដែរ (ខូចចាតបន្ដិចបន្ដួច) យ៉ាង​ឯកោ ជា​មួយ​នឹង​កំពែងថ្មបាយ​ក្រៀម ​(ដែល​បាក់រលំ​ផ្នែក​ខាង​មុខ​ប្រាសាទ សល់តែ​ផ្នែក​ខាង​ក្រោយ) ព្រម​ទាំង​ដើម​ឈើ​ដែល​ជ្រុះ​ស្លឹក​ក្រៀម​ស្រពោនក្រៃ។ នៅ​ក្នុង​តួ​ប្រាសាទ នៅ​សល់តែទម្រ (យោនី) ឯសិវលិង្គកម្ពស់​ប្រមាណ​២​ម៉ែត្រ​បាន​បាត់​បង់​ទៅ​ហើយ។ ចុង​ក្រោយ យើង​បាន​បរមក​ដល់​ប្រាសាទ​ប្រាំ ដែល​នៅ​ខាង​លិច​ប្រាសាទ​នាង​ខ្មៅ។ ប្រាសាទ​នេះ​រឹតតែអាណោចអាធ័ម ដោយ​ត្រូវ​បាន​កប់​ក្នុង​ព្រៃ ហើយ​មាន​ដើម​ឈើដុះទ្រុបទ្រុលរុំព័ទ្ធតួ​ប្រាសាទ ហាក់​បី​ដូចជា​ប្រាសាទ​ជ្រៃ​ក្នុង​តំបន់​សម្បូរ​ព្រៃ​គុក ប៉ុន្ដែ​ដោយ​ហេតុ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ប្រាសាទ​នេះ​មាន​សោភ័ណភាព​មួយ​បែប​ទៀត។ សូម​បញ្ជា​ក់ថា ប្រាសាទ​ប្រាំសាង​សង់​ដោយ​ថ្មបាយ​ក្រៀម និង​ឥដ្ឋ មាន​តួប៉ម​ប្រាសាទ​បីបែរ​មុខ​មក​ផ្លូវ និង​មាន​ហោត្រ័យ​ពីរ​នៅ​សង​ខាង​ពី​មុខ​តួប៉ម​ទាំង​បី នៅ​លើទួលតែ​មួយ​ដែល​មាន​កំពែងព័ទ្ធជុំ​វិញ។

ប្រាសាទ​លិង្គ

ប្រាសាទ​ក្រចាប់

ប្រាសាទ​បន្ទាយ​ពីរ​ជាន់

ប្រាសាទ​នាង​ខ្មៅ

ប្រាសាទ​ប្រាំ

            ដោយ​សារតែ​ពេល​វេលា​យើង​មាន​កំណត់ យើង​មិន​បាន​បន្ដ​ដើរ​ឲ្យ​សព្វ​កន្លៀតកៀន​កោះ​នោះ​ឡើយ មាន​តែ​ត្រូវ​ត្រឡប់​វិល​វិញ​ទាំង​អាឡោះអាល័យ​បំផុត។ ដំណើរ​កម្សាន្ដ​មួយ​ថ្ងៃ​ទៅ​កាន់​កោះ​កែរ បាន​បញ្ចប់​ទៅ​ក្រោម​ពន្លឺ​ថ្ងៃ​អស្ដង្គត​នៅ​លើ​ទឹក​ដី​អង្គរ​ដ៏​ផូរ​ផង់ និង​អនុស្សាវរីយ៍​ដ៏​ប្រពៃ។ សូម​បញ្ជា​ក់​ផង​ដែរ​ថា ប្រាសាទ​កោះ​កែរ កំពុង​ស្ថិត​ក្នុង​បញ្ជឺ​វិនិច្ឆ័យ​ដើម្បី​ចាត់​ចូល​ជា​តំបន់​បេតិកភណ្ឌពិភព​លោក​ដោយ​អង្គការ​យូណេស្កូ៕

Article by LENG CHANREASEY



SUGGESTIONS