×

ខាន់​យ៉ា ប្រាជ្ញ៖ ខ្ញុំ​រស់​ដោយ​សារ​ក្បាច់​គុន​ខ្មែរ

NEWS 6 years ago
 
 

          ​រយៈ​ពេល​ ៤១ឆ្នាំ​មក​ហើយ ដែល​លោក ខាន់យ៉ា ប្រាជ្ញ បាន​ចាក​ចេញ​ពី​ប្រទេស​កំណើត ហើយ​បាន​ចាប់​ផ្តើម​ជីវិត​ថ្មី​នៅ​សហរដ្ឋ​អាមេរិក ​បន្ទាប់​ពី​ប្រទេស​កម្ពុជា​ត្រូវ​យាយី​ដោយ​របបប្រល័យពូជសាសន៍។ មាន​ជំនាញ​ផ្នែក​ក្បាច់គុន លោក​ខាន់យ៉ា គឺជា​គ្រូ​បង្វឹកក្បាច់គុនល្បុក​តោ ប្រដាល់​សេរី ម៉ុយ​ថៃ MMA និង ក្បាច់គុន​ការពារ​ខ្លួន នៅ​ទី​ក្រុង​ San Francisco សហរដ្ឋ​អាមេរិក។ សាលា​គុន Prach Bokator នៅ​សហរដ្ឋ​អាមេរិក ដែល​បង្វឹក​ដោយ​លោក​ខាន់យ៉ា បាន​បណ្តុះ​បណ្តាល​សិស្ស​ដែល​ជាជន​ជាតិ​បរទេស និង​ជន​ជាតិ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់ រហូត​មាន​ភាព​ល្បីល្បាញ​ដល់​បណ្តាសារ​ព័ត៌មាន​នានា​នៅ​ទី​នោះ​។ លោក​បាន​សង្កត់​ធ្ងន់ថា ដោយ​សារតែ​ក្បាច់គុន​ខ្មែរ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​លោក​បាន​រស់​រាន​មាន​ជីវិត។ លោក​និយាយ​ថា "ការ​ដែល​ខ្ញុំ​បង្ហាត់គុន​ខ្មែរ ល្បុក​តោ ខ្ញុំ​មិន​ចង់​បាន​អ្វី​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​ខ្ញុំ​ដោយ​ឥតព្រៀងទុក​បាន​រៀន​គុន​ខ្មែរ​តាំង​ពី​ក្មេង ខ្ញុំ​ត្រូវ​តែ​ឲ្យ​គេ​ដឹងថា​គុន​ខ្មែរ​យ៉ាង​ម៉េច ព្រោះ​ខ្ញុំ​រស់​គឺ​ដោយ​សារក្បាច់គុន​ខ្មែរ​"។

Images courtesy: KENYA PRACH

          នៅ​ក្នុង​ជំនួបជា​មួយ​ទស្សនា​វដ្តី សូវរីន ក្នុង​ឱកាស​ត្រលប់មក​វិញ​ជា​លើក​ដំបូង​មក​ប្រទេស​កម្ពុជា ​បន្ទាប់​ពី​រយៈ​ពេល​​ដ៏​យូរ លោក​ខាន់យ៉ា ដែល​មាន​វ័យ ៥៨ឆ្នាំ បាន​រៀបរាប់​ពីប្រវត្តិ​នៃ​ការ​សិក្សា​ក្បាច់គុន​របស់​លោក និង​គម្រោង​លើក​ស្ទួយវិស័យកីឡា​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ជាង​មុន ដល់​ជន​ជាតិ​ខ្មែរ​ទាំង​អស់។ មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង លោក​ខាន់យ៉ា​គឺជា​កូន​ទី៥​ក្នុង​ចំណោម​បងប្អូន ១១​នាក់។ លោក​និយាយ​ថា​លោក​គឺជា​ក្មេង​ដែល​រៀន​ពូកែ​ម្នាក់ ដែល​ហេតុ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ធុញទ្រាន់​នឹង​ការ​រៀន​មេ​រៀន​តាម​កម្មវិធី​សិក្សា​នៅ​ក្នុង​ថ្នាក់​។ ដោយ​សារតែ​ការ​មិន​សូវ​មាន​ចំណង់​ចំណូល​ក្នុង​ការ​សិក្សា​រ​នៅ​សាលា​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​លោក​តែង​តែ​ទៅ​មើល​គេ​សម្តែង​​ល្ខោន​ជារៀង​រាល់​ថ្ងៃ។ លុះ​ដល់​ដំណឹង​នេះ​ដឹង​ដល់​ក្រុម​គ្រួសារ​របស់​ខាន់យ៉ា ទើប​ធ្វើ​ឲ្យ​ម្តាយ​របស់​លោក​កើត​ក្តី​ក្រេវ​ក្រោធ ហើយ​សម្រេច​បញ្ជូន ខាន់យ៉ា ទៅ​ខេត្ត​សៀមរាប ដោយ​បាន​ឲ្យ​ស្នាក់​អាស្រ័យ​នៅ​ជា​មួយ​ព្រះ​សង្ឃ។ គ្រា​ដែល​រស់​នៅ​ក្នុង​អារាម​នៅ​ខេត្ត​សៀមរាប​នេះ​ហើយ​ដែល​កុមារ​ខាន់យ៉ា ចាប់​ផ្តើម​រៀន​អក្សរ និង​មាន​ឱកាស​រៀន​នូវ​គុន​ខ្មែរ​តែ​ម្តង។ កាលពី​កុមារ​ភាព​លោក​ខាន់យ៉ា តែង​តែ​ឡើង​បង្ហាញ​ក្បាច់គុន​ដែល​ខ្លួន​រៀន នៅ​ក្នុង​កម្មវិធី​នានា​ខណៈ​ដែល​បាន​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប ដែល​នេះ​ជាការ​ចាប់​ផ្តើម​បោះ​ជំហាន​ក្នុង​អាជីពជា​អ្នក​សម្តែង​ក្បាច់គុន​របស់​កុមារ ខាន់យ៉ា។ ក្រៅ​ពីរ​ស់​នៅ​ក្នុង​អារាម​នា​ខេត្ត​សៀមរាប លោក​ត្រូវ​បញ្ជូន​ទៅ​រស់​នៅ​ជា​មួយ​អ៊ំ​ប្រុស​នៅ​ទឹក​ដី​កម្ពុជា​ក្រោម​បន្ត​ទៀត ដើម្បី​ទទួល​ការទូន្មាន​ឲ្យ​ក្លាយជា​ក្មេង​ល្អ។ ហាក់​ដូចជា​មាន​ការ​កំណត់​ទុក អ៊ំ​ប្រុស​របស់​កុមារ​ខាន់យ៉ា គឺជា​គ្រូ​ល្បី​ជំនាញ​ក្បាច់គុនល្បុក​តោ​មួយ​រូប នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម។ លោក​ខាន់យ៉ា ក្រៅ​ពី​ទទួល​ការទូន្មាន​ពីអ៊ំ​ប្រុស ក៏​បាន​សុំផ្ទេរចំណេះក្បាច់គុនល្បុក​តោទុកជាទុន​ការពារ​ខ្លួន។


          ជាអ​កុសល នៅ​ពេល​ដែល ខាន់យ៉ា ត្រលប់មក​ខេត្ត​បាត់​ដំបង​វិញ របប​ខ្មែរ​ក្រហម​បាន​ចូល​មក​បំផ្លាញ​ប្រទេស​កម្ពុជា។ លោក​ត្រូវ​ភៀស​ខ្លួន​ទៅ​រស់​នៅ​ក្នុង​ជំរុំខាវអ៊ីដាង ដែល​ពេល​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ លោក​ចាប់​ផ្តើម​អាជីពជា​អ្នក​ប្រដាល់​ដើម្បីរក​កម្រៃ​ចិញ្ចឹម​ជីវិត​ខ្លួន​និង​គ្រួសារ។ លោក​ខាន់យ៉ា ត្រូវ​ក្លែងជាជន​ជាតិ​ថៃ ហើយ​ធ្វើ​ពុតជាគ ដើម្បី​បាន​ឡើង​ប្រកួត​នៅ​តាម បារ និង​កម្មវិធី​ផ្សេងៗ​នៅ​ប្រទេស​ថៃ។ ដោយ​សារតែ​មាន​ស្នា​ដៃ​ក្នុង​ការ​ប្រដាល់​ខ្ពស់​នេះ​ទើប​អាចផ្តួលគូ​ប្រកួត​ឲ្យ​សន្លប់​មិន​ដែល​ខាន រហូត​ជន​ជាតិ​ថៃ បាន​ដាក់​រហ័សនាម​ឲ្យ​លោក​ថា Black Stone Hands។ រយៈ​ពេល​ខ្លី​កន្លង​ទៅ អ្នក​រស់​នៅ​ជំរុំខាវអ៊ីដាង ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ទៅ​រស់​នៅ​ប្រទេស​អាមេរិក រួម​ទាំង​លោក ខាន់យ៉ាប្រាជ្ញ និង​គ្រួសារ​ផង​ដែរ។

          លោក​និយាយ​ថា "​និយាយ​តាម​ត្រង់​ខ្ញុំ​មិន​ចង់​ទៅ​ស្រុក​គេសោះ ទោះ​ស្រុក​ខ្មែរ​យើង​ពិបាក​យ៉ាង​ម៉េច ស្លាប់​បងប្អូន​យ៉ាង​ម៉េច វេទនា​យ៉ាង​ម៉េច ខ្ញុំ​កូន​ខ្មែរ ឈាម​ខ្មែរ ខ្ញុំ​មិន​ចង់​ទៅ​ទាល់តែ​សោះ"។ ប៉ុន្តែ​ដោយ​សារ​មាន​ការទទូចសុំពី​ម្តាយ និង​គ្រួសារ ទើប​លោក​ត្រូវ​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ប្រទេស។ រំលឹក​ដល់​ពេល​ចាក​ចេញ​ពី​ប្រទេស លោក​បន្ត​ថា "​ពេល​ទៅ​ដល់​កន្លែង​យន្តហោះ ខ្ញុំ​មិន​ចង់​ឡើង​សោះ។ ខ្ញុំ​ងាក​មើល​ក្រោយ ខ្ញុំ​នឹក​ស្រុក​ខ្មែរ ខ្ញុំ​យំ។ ពេល​ដែល​ឡើង​យន្តហោះ ខ្ញុំ​មើល​តាម​បង្អួច​យន្តហោះ​មក​ក្រោម​ទាល់តែ​មើល​លែង​ឃើញ​"។ លោក​បន្ត​ថា ការ​រស់​នៅ​រយៈ​ពេល​​ប្រមាណ ជាង​៣០ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក លោក​តែង​ឡើង​ប្រដាល់ និង បង្ហាត់​អ្នក​ដែល​ចង់​ហាត់ក្បាច់គុន​ខ្មែរ​គ្រប់ទី​កន្លែង​នៅ​សហរដ្ឋ​អាមេរិក មុន​នឹង​បើក​កន្លែង​បង្ហាត់​ផ្ទាល់​ខ្លួន ក្នុង​គោល​បំណង​បង្ហាញ​ក្បាច់គុន​ខ្មែរ ល្បុក​តោ ឲ្យ​បរទេស​បាន​ដឹង។ រយៈ​ពេល​ជា​ច្រើន​ឆ្នាំ នៅ​សហរដ្ឋ​អាមេរិក​ធ្វើ​ឲ្យ​លោក នឹករលឹក​ប្រទេស​កំណើត​ក្រៃលែង ប៉ុន្តែ​ដោយ​សារតែ​ភាពមមារញឹក ក្នុង​ការ​ងារ​ជាវិស្វករ​សំណង់​ផង និង​ជា​គ្រូ​បង្វឹកក្បាច់គុន​ផង ទើប​លោក​មិន​មាន​ឱកាស​ត្រលប់មក​កម្ពុជា​បាន។ ផ្គួប​នឹង​ស្នាម​ញញឹម​លើ​ផ្ទៃ​មុខ លោក​ខាន់យ៉ាប្រាជ្ញ ពោល​ថា លោក​សប្បាយ​ចិត្ត​ជា​ខ្លាំង​ពេល​ដែល​មាន​ឱកាស​ត្រលប់មក​កម្ពុជា​វិញ ដើម្បី​ជួយ​ប្រទេស​កំណើត​របស់​ខ្លួន។ លោក​រំលឹកថា "​ក្នុង​គំនិត​ខ្ញុំ​តាំង​ពី​ពេល​មុន​ដល់​ឥឡូវ ខ្ញុំ​គិត​ថា​ទោះ​យ៉ាង​ម៉េច​ក៏​ដោយ​ខ្ញុំ​ត្រូវ​ត្រលប់មក​ស្រុក​ខ្មែរ​វិញ​ព្រោះ​នេះ​ជាដី​របស់​ខ្ញុំ បងប្អូន​ខ្ញុំ ជាតិ​ខ្ញុំ ហើយ​ពេល​នេះ​ខ្ញុំ​នៅ​ទី​នេះ​"។ ជា​មួយ​នឹង​ទស្សនកិច្ច​លើក​ដំបូង​នេះ លោក ខាន់យ៉ា នឹង​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​ជ្រើសរើស អ្នក​មាន​និស្ស័យ​ក្នុង​កីឡា ដើម្បី​ហ្វឹកហាត់​បន្ថែម​សម្រាប់​ត្រៀម​ចូល​រួម​ប្រកួត​កីឡាអូឡាំពិក។ លោក​ខាន់យ៉ា ក៏​ត្រៀម​ខ្លួន​ធ្វើ​ជា​អ្នក​បង្វឹក​កីឡាករ​ខ្មែរ ដើម្បី​ត្រៀម​ធ្វើ​ជាបេក្ខភាព​ចូល​រួម​ប្រកួត​កីឡាអូឡាំពិក​ផង​ដែរ។ បំណង​មួយ​ទៀត​នោះ គឺ​សិក្សា​ពីលទ្ធភាព​ក្នុង​ការ​បើក​កន្លែង​បង្ហាត់កីឡាគ្រប់​ប្រភេទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ៕

Images courtesy: KENYA PRACH

Article By: VA SONYKA


SUGGESTIONS