×

ហ៊ុន ចាន់សាន​ ជនជាតិ​ខ្មែរ​តែ​ម្នាក់គត់​ដែល​ជាប់​ឈ្មោះ​ក្នុង​តារាង​បុគ្គល​អាស៊ីល្បីៗ​ទាំង​៥០នាក់​ ចុះផ្សាយ​ដោយ​សារព័ត៌មាន​អន្តរជាតិ​សិង្ហបុរី

NEWS 6 years ago
 
 

          គេហ​ទំព័រ​កាសែត​សឹង្ហបុរី​ដ៏​ល្បី​ឈ្មោះ​មួយ​ឈ្មោះ​ថា The Straits Times បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​កាលពី ថ្ងៃ​ទី១៩ ខែ​ឧសភា ថ្មីៗ​នេះ ក្រោម​ចំណង​ជើង​ថា “50 Asians To Watch” ឬ ជា​ភាសា​ខ្មែរ​មាន​ន័យថា  “ជន​ជាតិ​អាស៊ី ៥០​នាក់​ដែល​ត្រូវ​មើល​”។ ក្នុង​ចំណោម​បុគ្គល​ដ៏​មាន​ឥទ្ធិពល​ក្នុង​ទ្វីប​អាស៊ី​ទាំង​៥០​នាក់​ដែល​ត្រូវ​បាន​គេជ្រើស​តាំង​នោះ មាន​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​នា​ពេល​បច្ចុប្បន្ន​គឺ លោក ហ៊ុន ចាន់សាន។

          កាសែត​នោះ​បាន​ផ្សាយ​ថា “​លោក ហ៊ុន ចាន់សាន មាន​អាយុ​៣៨ឆ្នាំ មកពី​ប្រទេស​កម្ពុជា ជាស្ថាបត្យករ​ដែល​ទទួល​បាន​ការ​អប់រំ​នៅ​សហរដ្ឋ​អាមេរិក និង ប្រទេស​អូស្រ្តាលី ហើយ​បាន​ជាប់​ជ័យ​លាភី “Cambodia Real Estate Personality of The Year” (បុគ្គលិក​លក្ខណៈ​អចលន​វត្ថុ នៃ​កម្ពុជា​ប្រចាំ​ឆ្នាំ) នៅ​ក្នុង​កម្មវិធី Cambodia Property Awards កាលពី​ខែ​មីនា ឆ្នាំ​២០១៨។ ក្រុម​ហ៊ុន Re-Edge Architecture+Design ដែល​បាន​បើក​អស់​រយៈ​ពេល ៧ឆ្នាំ របស់​លោក​បាន​និង​កំពុង​បង្កើត​​ស្ថាបត្យកម្ម​និ​មិត្ត​រូបជា​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​សម្រាប់​រាជធានី​ភ្នំពេញ ដូចជា អគារ Noro Mall និងសណ្ឋាគារ Lumiere ។ ស្ថាបត្យកម្ម​កម្ពុជា​មាន​ទំនោរ​ទៅ​រកការ​ផ្សារ​ភ្ជាប់​ទៅ​នឹង​រចនា​បថ​ខ្មែរ ទំនើប​ក្រោយ​សម័យ​អាណានិគម របស់​អតីត​ស្ថាបត្យករ​តំណាង​ជាតិ លោក វណ្ណ ម៉ូលីវណ្ណ។ លោក ហ៊ុន ចាន់សាន កំពុង​តែតម្រង់​ទិសដៅ​បន្ទាប់​របស់​វា។”

           សូម​អញ្ជើញ​ប្រិយ​មិត្ត​អ្នក​អាន​ទាំង​ឡាយមក​ស្តាប់​ប្រសាសន៍​ផ្ទាល់​របស់​លោក ហ៊ុន ចាន់សាន ស្ថាបត្យករ តំណាង​ជាតិ​កម្ពុជា​ដ៏​ឆ្នើម​ដែល​ត្រូវ​បាន​ជ្រើស​តាំង​នៅ​លើឆាក​អន្តរជាតិ​នោះ​!

១. តើ​លោក​អាច​ជួយ​រៀបរាប់​ត្រួសៗ​អំពី​កម្មវិធី​នោះ​បាន​ទេ?

           50 Asians To Watch គឺ​និយាយ​អំពី​តារាអាស៊ី​ដែល​កំពុង​រះ​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម សិល្បៈ និង កីឡា នៃ ប្រទេស​កំណើត​របស់​ពួក​គេ។ វាផ្តោត​ទៅ​លើ​បុគ្គល​ទាំង​នោះ​ដែល​ពួក​គេ​កំពុង​ប្រើ​ប្រាស់ ចំណង់​ចំណូល​ចិត្ត គំនិត ច្នៃ​ប្រតិដ្ឋ  និង ចំណេះដឹង​របស់​ពួក​គេ ​ដើម្បី​​ផ្លាស់​ប្តូរ​ជីវិត​រស់​នៅ​ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង និង ធ្វើ​ឲ្យ​វត្ត​មាន របស់​ពួក​គេដក់​ជាប់ក្នុង​អារម្មណ៍​មហា​ជន។

២. តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ពេល​ដែល​លោក​បាន​ឃើញ​ការ​ផ្សាយ​ព័ត៌មាន​នេះ​ភ្លាម?

           វាជា​រឿង​ធំ​ធេង​ណាស់​សម្រាប់​ខ្ញុំ​ដែល​បាន​ខាង​សារ​ព័ត៌មាន Straits Times ទាក់​ទងមក​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​កំពុង បង្កើត​​ឥទ្ធិពល​ដ៏​ធំ​មួយ (ក្នុង​វិស័យ​ស្ថាបត្យកម្ម​នៅ​កម្ពុជា)។ ពេល​នោះ​ខ្ញុំ​ភ្ញាក់​ផ្អើល ហើយ​ឥឡូវ​ខ្ញុំ​មាន​កិត្តិយស និង មោទនភាព​ក្នុង​នាមជាប្រជា​ពលរដ្ឋ​កម្ពុជា​ម្នាក់​ដែល​បាន​ជាប់​ក្នុង​បញ្ជីជន​ជាតិ​អាស៊ី​ដែល​ចាប់​ផ្តើម​ទទួល​បាន​នូវ​ភាពជោគ​ជ័យ​និង​ដែល​កំពុង​មាន​ឥទ្ធិពល​វិជ្ជ​មាន​ចំពោះ​សង្គម​ជាតិ​របស់​ខ្លួន។ វា​ជាការ​ងារ​តានតឹង និង ទាមទារ​ទឹក​ចិត្ត ស្រលាញ់​ខ្លាំង ​ដើម្បី​​ព្យាយាម​ឲ្យ​ក្លាយជា​ស្ថាបត្យករម្នាក់​នៅ​ក្នុង​បរិបទជំនួញ។ ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ ការ​ទទួល ស្គាល់​នេះ ព្រម​ទាំង​សមិទ្ធផលជា​ច្រើន​ផ្សេង​ទៀត​នឹង​ជួយ​ពង្រឹង​ក្តីសុបិន​របស់​ខ្ញុំ​ក្នុង​ការ​ធ្វើ​អ្វីៗ​ឲ្យ​កើត​មាន​ឡើង​ក្នុង នាមជាស្ថាបត្យករ និង ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នក​ដទៃ​ឲ្យ​ធ្វើ​បាន​ល្អ​ដូច​នេះ​ដែរ។

៣. តើ​លោក​គិត​ថាវា​មាន​សារៈ​សំខាន់​យ៉ាង​ដូចម្តេច​ខ្លះ​សម្រាប់​លោក​ជាស្ថាបត្យករម្នាក់ និង សម្រាប់​ប្រទេស ជាតិ​ទាំង​មូល? 

           វា​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​ខ្ញុំ​ជាស្ថាបត្យករម្នាក់​ពី​ព្រោះ​ស្ថាបត្យកម្ម​មិន​មែន​គ្រាន់​តែជាលក្ខណៈ ពិសេស​ប្លែក​ដាច់គេ (unique) ឬ ផ្លាស់​ប្តូរ​ជីវិត​រស់​នៅ​ដោយ​រំញោច​សរសៃ​ប្រសាទ​ណាមួយ (ធ្វើ​ឲ្យ​មាន​ភាពរំភើប) នៅ​ក្នុង​រាងកាយ​របស់​យើង​នោះ​ទេ ប៉ុន្តែ​វា​គឺជា​ការអភិវឌ្ឍ​បរិស្ថាន​ជុំ​វិញ​​និង​ការ​បង្កើត​​គោល​នយោបាយ​សង្គម សេដ្ឋកិច្ច និង នគរោបនីយកម្ម​ផង​ដែរ។ ការក្លាយជា​ប្រជាជន​កម្ពុជា​ម្នាក់​ដែល​ជាប់​ឈ្មោះ​នៅ​ក្នុង​បញ្ជី 50 Asians To Watch គឺជា​ការ​ឆ្លុះបញ្ចាំង​អំពី​ការ​លូតលាស់​នៃ​ប្រទេស​កម្ពុជា​ដែល​ជាប្រជា​ជាតិ​ទំនើប រួម​ផ្សំ​នឹង​រលក​ថ្មី​នៃ​ធនធាន មនុស្ស​ប្រកប​ដោយ​សមត្ថភាព​ដែល​អាចប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​អភិវឌ្ឍ​ដទៃ​ទៀត​បាន​សម្រាប់​​ដឹក​នាំ​​ប្រទេស​កម្ពុជា​ទៅ​មុខ៕

Article by SRIN SOKMEAN


SUGGESTIONS