×

បទ​ពិសោធន៍​ថ្មី​នៃ​ការ​ទទួល​ទាន​អាហារ​បែប​ខ្មែរ​នៅ​លើ​ផ្ទះ​បុរាណ Mahope-Luxury Home Dining

TRAVEL & LIVING 17 hours ago
 
 

          Mahope មិន​មែន​ជា​ភោជនីយដ្ឋាន​ធម្មតា​ដែល​គ្រាន់​តែ​បង្កើត​​ឡើង​​ដើម្បី​បម្រើ​​សេវា​កម្ម​ម្ហូប​អាហារ​បែប​ខ្មែរ​ដូច​កន្លែង​ដទៃ​ទៀត​ដែល​លោក​អ្នក​ធ្លាប់​សាកល្បង​នៅ​ពេល​កន្លង​មក​នោះ​ទេ។ វា​ជាទី​តាំង​ដ៏​ពិសិដ្ឋ​មួយ​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​​ទាំង​ឡាយណា​ដែល​មាន​បំណង​ភ្លក់​រស​ជាតិ​​ម្ហូប​អាហារ​រូបមន្ត​ដើម​របស់​ខ្មែរ​នៅ​លើ​ផ្ទះ​ឈើ​ដែល​មាន​រចនា​បថ​បែប​បុរាណ​ធ្វើ​ឲ្យ​ភ្ញៀវ​មាន​អារម្មណ៍​កក់ក្តៅដូច​បាន​ទទួល​ទាន​អាហារ​ជួប​ជុំ​ក្រុម​គ្រួសារ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​យ៉ាង​ដូច្នោះ​ដែរ។ ផ្ទះ​ឈើ​ដ៏​ល្អ​វិចិត្រ​នេះ​ជាកម្ម​សិទ្ធិ​របស់​អ្នក​នាង រស់ រតនៈ ហៅ Chef Nak (ចុង​ភៅ​ឈ្មោះ ណាក់) ជា​ស្ថាបនិក​​សេវា​កម្ម​នេះ​ផង និង ជាមេ​ចុង​ភៅចម្អិន​អាហារ​ជូន​ភ្ញៀវ​ផង។ ដូច​នេះ​ហើយ​ទើប​នាង​បាន​ប្រសិទ្ធនាម ទី​តាំង​នេះ​ជា​ផ្លូវ​ការ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ឈ្មោះ​ខ្លួន​ឯង​ថា “MAHOPE- by Rotanak”។ វា​មាន​ទី​តាំង​ស្ថិត​នៅ​តាម​ផ្លូវ មាត់​ទន្លេ​មេគង្គ ម្តុំ​វត្ត​វារិន្ទ ព្រែក​លៀប ខណ្ឌជ្រោយចង្វា ដែល​មាន​ចម្ងាយ​ប្រមាណ​៨​គីឡូ​ម៉ែត្រ​ពីរាជធានី​ភ្នំពេញ​។

          គេហដ្ឋាន​ម្ហូប​ដែល​ចម្អិន​ដោយ​ចុង​ភៅរតនៈ​នេះ​មាន​បម្រើ​មុខ​ម្ហូប​សរុប​ប្រមាណ​១០០​មុខ ដែល​មុខ​ម្ហូប នី​មួយៗ​ត្រូវ​បាន​សម្រិត​សម្រាំង​ទាំង​គ្រឿង​ផ្សំ ទាំង​រស​ជាតិ ទាំង​វិធី​ចម្អិន។ ជា​ពិសេស មុខ​ម្ហូប​ទាំង​នោះ​ប្រែប្រួល ទៅ​តាម​រដូវ​កាលអាស្រ័យ​ទៅ​តាម​រដូវ​នៃ​បន្លែ ផ្លែឈើ និង ត្រី​សាច់​ដែល​មាន​នៅ​ក្នុង​តំបន់​នោះ ដូចជា ផ្កាស្នោ កន្ធំ​ថេត (ក្ទម្ពទេស) និង កំពឹស ជា​ដើម។ អ្នក​នាង​រតនៈ ម្ចាស់​ទី​តាំង​បាន​អះអាង​ថា ប្រសិន​បើ​ទិញ​មិន​ចំ​រដូវ​នោះ​ទេ គ្រឿង​ផ្សំ​សំខាន់ៗ​នៃ​ម្ហូប​ក៏​ប្រាកដ​ជា​មិន​ស្រស់​ល្អ​ដែរ ដែល​អាច​ប៉ះពាល់​ដល់​គុណភាព​រស​ជាតិ​​នៃ​ម្ហូប​អាហារ។ ហេតុ​នេះ​ហើយ​ទើប​នាង​សម្រេច​ចិត្ត​មិន​បង្កើត​បញ្ជីរាយនាម​មុខ​ម្ហូប​ជាអ​ចិន្រ្តៃយ៍​សម្រាប់​ភ្ញៀវ​នោះ​ទេ។

          មេ​ចុង​ភៅរតនៈ​បាន​លើក​ពី​គោល​បំណង​នៃ​ការ​បង្កើត​​សេវា​កម្ម​ទទួល​ទាន​អាហារ​នៅ​លើគេហដ្ឋាន​ផ្ទាល់​ដ៏​
ប្លែក​មួយ​នេះ​ថា “​យើង​ចង់​បង្ហាញ​ជូន​ភ្ញៀវ​ដែល​អញ្ជើញ​មកទី​នេះ​នូវ​លក្ខណៈ​នៃ​ការ​ធ្វើ​ម្ហូប​ទទួល​ទាន​នៅ​ក្នុង​ផ្ទះ (Home Dinning)។ គ្រប់​មុខ​ម្ហូប​ដែល​យើង​ធ្វើ​ជូន​ភ្ញៀវ​ពិសាគឺ​មាន​ប្រវត្តិ​របស់​វា។ វាអាច​ទាក់​ទង​នឹង​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន ដែល​យើង​ធ្លាប់​ញ៉ាំពី​តូច​មក ឬ រឿង​រ៉ាវ​ផ្សេងៗ​ទៀត។ ឧទាហរណ៍ កំពឹសចៀនជា​អាហារ​ដែល​ប្រជាជន​ខ្មែរ​យើង និយម​ញ៉ាំ ហើយ​មាន​គេ​លក់​ស្ទើរ​គ្រប់ទី​កន្លែង […] ”។

          ផ្អែក​លើបទ​ពិសោធន៍ និង ចំណេះដឹង​ទាក់​ទង​នឹង​វិជ្ជា​ធ្វើ​ម្ហូប ជា​ពិសេស ម្ហូប​ខ្មែរ​តែ​ម្តង មេ​ចុង​ភៅ​ដ​ដែល​​បាន បង្ហាញ​យោបល់​ថា “​ខ្ញុំ​ចង់​បង្ហាញ​ថា ខ្មែរ​យើង​និយម​ការ​ប្រើ​បន្លែ​អន្លក់ ហើយ​ម្យ៉ាង ខ្ញុំ​ក៏​ចង់​បង្ហាញ​ថា គ្រឿង​ផ្សំ​ម្ហូប​ខ្មែរ គឺដូចតែ​គ្នា​ទេ វាអាច​ប្រែប្រួល​ទៅ​តាម​តំបន់​បន្តិច​​បន្តួច ប៉ុន្តែ​សំខាន់​ត្រង់​ថា យើង​ចេះ​កែច្នៃ​វា​ឲ្យ​មាន​រស​ជាតិ​​ឆ្ងាញ់ និង​ធ្វើ​ឲ្យ​វា​មាន​សោភ័ណ ព្រោះ​មនុស្ស​យើង​សំខាន់​ជាង​គេ គឺការ​មើល​ឃើញ​សិន”។

          ក្នុង​ជំនួបជា​មួយ​គេហ​ទំព័រ សូវរីន អ្នក​នាង​បាន​បង្ហាញ​មុខ​ម្ហូប​ពិសេសៗ​ប្រចាំ​រដូវ​កាល​នេះ​ចំនួន​បី​មុខ ដែល​សុទ្ធ​សឹងតែជាថ្វី​ដៃ​សិល្បៈ​ធ្វើ​ម្ហូប​យ៉ាង​យក​ចិត្ត​ទុក​ដាក់ អមជា​មួយ​សារខ្លីៗពាក់​ព័ន្ធ​នឹង​ម្ហូប​ទាំង​៣​មុខ​នោះ​ផង។ ទី​មួយ​គឺ ការីត្រី ដែល​មិន​មែន​ជាសម្លការី​សម្រាប់​ញ៉ាំជា​មួយ​នឹង​នំបញ្ចុក​នោះ​ទេ គឺជា​សាច់​ត្រីស្រស់​ចៀនស្រួយ​ខាង ក្រៅ​តែ​មាន​ទឹក​ដម​ធម្ម​ជាតិ​ពី​ខាង​ក្នុង ផ្ទាប់ជា​មួយ​បន្លែ​បី​មុខ​សំខាន់ៗ គឺ ផ្កាស្នោ ផ្កាកំប្លោក និង ត្រយ៉ូងចេក គួបផ្សំ នឹង​ទឹក​ការី​ដែល​ជា​អាហារ​ខ្មែរ​មាន​ឥទ្ធិពល​ពី​ប្រទេស​ឥណ្ឌាជា​យូរ​មក​ហើយ។ ទី​ពីរ គឺ ភ្លា​សាច់​គោក​ន្ធំ​ថេត ដែល​ជា មុខ​ម្ហូប​មាន​តែ​នៅ​ទី​នេះ​តែ​មួយ​គត់​ហើយ​ដែល​ត្រូវ​បាន​បង្កើត​​ឡើង​សម្រាប់​លើក​ស្ទួយ​តម្លៃ​បន្លែ​កន្ធំ​ថេត​ខ្មែរ​ដែល​ពី​មុន​មក​ខ្មែរ​ប្រើ​សម្រាប់​តែជារបោយ។ ទីបីគឺ កំពឹសចៀន ស្រួយខ្ញោក​ដែល​ជា​អាហារ​សម្រន់រំលឹក​អនុស្សាវរីយ៍​វ័យ​កុមារ​របស់​ចុង​ភៅ​ផ្ទាល់​ក៏​ដូចជា​ប្រជា​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត។

          ការមក​ទទួល​ទាន​អាហារ​នៅ​គេហដ្ឋាន​ម្ហូប​ខ្មែរ​ខាង​លើ​មិន​ត្រឹម​តែ​បាន​ស្វែង​យល់​រស​ជាតិ​​អាហារ​ខ្មែរ​ក្នុង​បរិយាកាស​ធម្ម​ជាតិ​​ដ៏​ស្រស់​ត្រកាល​នោះ​ទេ ប៉ុន្តែ​លោក​អ្នក​ថែម​ទាំង​បាន​ស្តាប់​នូវ​តូរ្យ​តន្រ្តី​ប្រពៃណី​ខ្មែរ​យ៉ាង​ពីរោះរណ្តំកំដរ ការ​ទទួល​ទាន​របស់​លោក​អ្នក​ឲ្យ​កាន់​តែ​សប្បាយ​រីក​រាយ និង បាន​បញ្ជ្រាប​ខ្លួន​ក្នុង​ផ្នែក​មួយ​នៃ​ប្បធម៌​យ៉ាង​សម្បូរ បែប​របស់​ខ្មែរ។ ភ្ញៀវ​ក៏​អាច​មាន​ឱកាស​រៀន​ចម្អិន​ម្ហូប​ទាំង​នោះ​ដោយ​ខ្លួន​ឯង​ជា​មួយ​នឹង​ចុង​ភៅ​ជំនាញ​ថែម​ទៀត​ផង៕

Article by SRIN SOKMEAN  



SUGGESTIONS