×

ធឿន ចន្ថា អ្នក​ច្នៃ​សំណល់​សម្បក​គ្រាប់​កាំភ្លើង​ទៅ​ជា​គ្រឿង​អលង្ការ​ដ៏​ប្រណីត​

NEWS 3 months ago
 
 

          សម្លេង​តុង​តាំងៗ​ចេញ​ពីសិប្បកម្ម​ធ្វើ​គ្រឿង​អលង្ការ​មួយ​កន្លែង ក្រឡេក​មើល​ម្នាក់ៗ​កំពុង​តែ​មាន​ភាព​មមាញឹក​ជា​មួយ​នឹង​កិច្ចការ​រៀងៗ​ខ្លួន​ដោយ​អ្នក​ខ្លះ​កំពុង​តែដុសខាត់គ្រឿង​អលង្ការ អ្នក​ខ្លះ​កំពុង​តែ​រចនា​នូវ​ម៉ូដគ្រឿង​អលង្ការ ទៅ​តាម​ជំនាញ​រៀងៗ​ខ្លួន។ ជំនួបជា​មួយ​លោក ធឿន ចន្ថា ម្ចាស់​សិប្បកម្ម Angkor Bullet Jewelry បាន​មាន​ប្រសាសន៍​ឱ្យ​ដឹងពី​ដំណើរ​ការ​នៃ​សង្វាក់ការ​ងារ​របស់​លោក​ដែល​យកសម្បក​គ្រាប់​កាំ​ភ្លើង​ច្នៃ​ជាគ្រឿង​អលង្ការប្រកប ដោយ​ម៉ូដ​យ៉ាង​មាន​ប្រណីតភាព និង​កំពុង​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​​ទៅ​លើការច្នៃ​ប្រឌិត​ថ្មី​នេះ។ សូម​បញ្ជា​ក់​ផង​ដែរ​ថា Angkor Bullet Jewelry ជាសិប្បកម្ម​ធ្វើ​គ្រឿង​អលង្ការច្នៃ​ពីសម្បក​គ្រាប់​កាំ​ភ្លើង​បោះ​ដុំ​ទៅ​កាន់​ដៃ​គូរ​សហការ​នៅ​តាម​បណ្ដាហាង​មួយ​ចំនួន ហេតុ​ដូច្នេះ​​ប្រសិន​បើ​មិត្ត​អ្នក​អាន​ចង់​ជាវ​ដោយ​ផ្ទាល់​អាច​តាម​ដានជា​មួយ​នឹង facebook page ផ្ទាល់​របស់​អង្គរ​ប៊ូលែត ហើយ​ក្នុង​នោះ​ផង​ដែរ​ខាង​សិប្បកម្ម​ក៏​នឹង​ធ្វើ​ការ​លក់​ជូន​ក្នុង​តម្លៃ​ធូរ​ថ្លៃ​ប្រសិន​បើ​ពួក​គាត់​បាន​ចូល​រួម​ក្នុង​ការ​តាំង​ពិព័រណ៍ថ្នាក់​ជាតិ​​ណាមួយ។

លោក ធឿន ចន្ថា

          ក្នុង​ទឹក​មុខ​ញញឹម​រួសរាយរាក់​ទាក់ លោក ធឿន ចន្ថា បាន​បង្ហាញ​ពីមូល​ហេតុ​ដែល​នាំ​ឱ្យ​លោក​បង្កើត​គ្រឿង​អលង្ការ​ដែល​ច្នៃ​ចេញ​ពីសម្បក​គ្រាប់​កាំ​ភ្លើង​ថា «ពី​ដំបូង​ឡើយ​ដោយ​សារតែ​ខ្ញុំ​ជា​ក្មេង​កំព្រាម្ដាយ​តាំង​ពី​អាយុ​៤ឆ្នាំ ចំណែក​ឯ​ឪពុក​បាន​ស្លាប់​ដោយ​សារសង្រ្គាម​ក្នុង​សម័យ​រដ្ឋ​កម្ពុជា​ក្នុង​ពេល​ដែល​ខ្ញុំ​មាន​អាយុ​៨ឆ្នាំ នៅ​ពេល​ដែល​អ្នក​មាន​គុណ​ទាំង​ពីរ​បាន​ទទួល​មរណៈភាព​ទៅ​ជីតា​របស់​ខ្ញុំ​បាន​យក ខ្ញុំ​ទៅ​ចិញ្ចឹម​មួយ​រយៈ​ហើយ​ដោយ​សារ​គាត់​មាន​វ័យ​ជរា​មិន​អាច​មើល​ថែ​និង​ផ្គត់ផ្គង់​ខ្ញុំ​លើ​ផ្នែក​ចំណី​អាហារ និង​ការ​សិក្សា ហេតុ​ដូច្នេះ​​គាត់​បាន​យក​ខ្ញុំ​ទៅ​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ដែល​មាន​ឈ្មោះ​ថា អង្គការ Skip ក្នុង​ខេត្ត​ពោធិសាត់»។ បន្ថែម​ពីលើ​នោះ​អង្គការ​ក៏​មាន​បង្រៀន​​នូវ​ជំនាញ​ផ្សេងៗ​ផង​ដែរ ក្នុង​នោះ​លោក ចន្ថា បាន​ជ្រើសយក​ជំនាញ​ធ្វើ​គ្រឿង​អលង្ការ។ នៅ​ពេល​បញ្ចប់​ការ​សិក្សា​ខាង​អង្គការ​​ក៏​បាន​​ស្វែងរក​ការ​ងារ​មួយ​កន្លែង​សម្រាប់​លោក​ធ្វើ​ការគឺ​នៅ​ក្នុង​អង្គការ​មួយ​ដែល​មាន​លក្ខណៈ​ជាសិប្បកម្ម​ធ្វើ​គ្រឿង​អលង្ការពី​ប្រាក់ លោក​បម្រើ​ការ​ងារ​នៅ​ទី​នោះ​​បាន​ប្រមាណ​ជា២ឆ្នាំ​ជាង។ លោក ចន្ថា បាន​រំលឹកថា ខណៈ​ដែល​លោក​បំ​ពេញ​ការ​ងារ​នៅ​សិប្បកម្ម ថ្ងៃ​មួយ​ជន​បរទេស​ដែល​មក​ធ្វើ​ការស្ម័គ្រ​ចិត្ត​បាន​យកសម្បក​គ្រាប់​កាំ​ភ្លើង​ធំ​​ដើម្បី​តាំង​លម្អជា​មួយ​ផ្កា(ធ្វើ​ជាថូផ្កា) ហើយ​គួបចំកាល​នោះ​វត្ថុ​ធាតុ​ដើម​នៃ​ការ​ធ្វើ​គ្រឿង​អលង្ការ​ដែល​មាន​ដូចជា​ប្រាក់​មាន​ការ​ឡើង​ថ្លៃ​ទៅៗ គ្រា​នោះ​ហើយ​ដែល​លោក ចន្ថា មាន​គំនិត​មួយ​គឺយកសម្បក​គ្រាប់​កាំ​ភ្លើង​ច្នៃ​ទៅ​ជាគ្រឿង​អលង្ការ។ បន្ទាប់​ពីរ​ៀបការ​រួច​លោក ចន្ថា ចាប់​ផ្ដើម​គិត​ថាបើ​នៅ​តែ​ធ្វើ​ការ​ឱ្យ​គេ​បែប​នេះ​គឺ​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​បាន​ទេ ហេតុ​ដូច្នេះ​​លោក​​ក៏​បាន​លាឈប់​ហើយ​ចាប់​ផ្ដើម​បើក​អាជីវកម្ម​ដោយ​ខ្លួន​ឯង។ លោក​បាន​រំលឹកថា «ពេល​នោះ​ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​គ្រឿង​អលង្ការជា​មួយ​តុឈើ​តូច​មួយ ម៉ា​ស៊ី​ន​សម្រាប់​កិន និង​ស្នប់សប់​នឹង​ជើង​មួយ។ បន្ទាប់ពី​ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​មក​ក៏​មាន​ភ្ញៀវ​បរទេស​ចាប់​ផ្ដើម​ជួយ​គាំទ្រ ដោយ​មាន​អ្នក​ខ្លះ​ជួយ​រក​ទី​ផ្សារ​ អ្នក​ខ្លះ​ជួយ​ផ្ដល់​ជា​សម្ភារ និង​មាន​អ្នក​មក​ទទួល​យក​ទៅ​លក់​បន្ត​ជា​ច្រើន។» គួរ​រំលឹក​ផង​ដែរ​ថាពី​ដំបូង​ឡើយ​លោក​មិន​បាន​ដាក់​ឈ្មោះ​ឬ​គិត​ថា​បង្កើត​ជាសិប្បកម្មដូច​សព្វ​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​ដោយ​សារសន្ទុះ​នៃ​ការ​គាំទ្រ​លោក​​ក៏​បាន​ពង្រីក​ការ​ងារ​ហើយ​បង្កើត​ជាសិប្បកម្ម​មួយ​ដែល​មាន​ឈ្មោះ​ថា Angkor Bullet Jewelry នេះ​បន្ទាប់ពី​លោក​ចាប់​ផ្ដើម​អាជីវកម្ម​បាន​រយៈ​ពេល​១ឆ្នាំ​មក គិត​មក​ដល់​ពេល​នេះ​លោក​បាន​ដំណើរ​ការសិប្បកម្មរយៈ​ពេល​៥ឆ្នាំ​ប្រកប​ដោយ​ផ្លែផ្កា។ បន្ត​សំនួរ​អំពី​វត្ថុ​ធាតុ​ដើម​ក្នុង​ការ​ធ្វើ​គ្រឿង​អលង្ការពីសម្បក​គ្រាប់​កាំ​ភ្លើង លោក ចន្ថា ញញឹម​បន្តិច​ក៏​បន្ត​ផ្ដល់​ចម្លើយ​មក​កាន់​ក្រុម​ការ​ងារ​សូវរីនថា «សម្រាប់​ពី​មុន​ដូចជា​មិន​ពិបាក​រកទេ ដោយ​សារតែ​ប្រទេស​កម្ពុជា​យើង​បាន​ឆ្លង​កាត់​នូវ​សង្គ្រាម​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​កាលពី​អតីត​កាល​ហើយ​សម្បូរ​នៅ​ក្នុង​ដី ទន្លេ អី​ជា​ដើម​ ហើយ​សម្បក​គ្រាប់​ដែល​ខ្ញុំ​ទិញ​មកគឺ​មាន​សុវត្ថិភាព​ហើយ​បាន​ខ្ញុំ​ទទួល​ទិញ។»

​ដោយ​សារតែ​ធ្លាប់​ឆ្លង​កាត់​ជីវិត​ក្នុង​សង្រ្គាម​បាន​ធ្វើ​ឱ្យ​លោក ចន្ថា យល់​ដឹងពី​ប្រភេទ​គ្រាប់​ណា​មាន​សុវត្ថិភាព​និង​ប្រភេទ​គ្រាប់​ណា​ដែល​មិន​មាន​សុវត្ថិភាព​មុន​នឹង​យកមក​រំលាយ​ច្នៃ​ធ្វើ​ជាគ្រឿង​អលង្ការ។ ជាទូ​ទៅ​លោក ចន្ថា មាន​ឈ្មូញ​កណ្ដាល​សម្រាប់​ប្រមូល​ទិញ​សម្បក​គ្រាប់​កាំ​ភ្លើង​មក​ឱ្យ​លោក ហើយ​ភាគ​ច្រើន​ពួក​គេ​ដើរ​ប្រមូល​ទិញ​ពី​អ្នក​លក់​អេតចាយ​ជា​ដើម​។ ដោយ​ឡែក​សម្រាប់​ការ​រចនា​ម៉ូដគ្រឿង​អលង្ការនី​មួយៗគឺ​លោក ចន្ថា គឺជា​អ្នក​រចនា​ចេញ​ម៉ូដ​ដោយ​ផ្ទាល់​តែម្ដង​ដោយ​ក្បាច់​មួយ​ចំនួន​គឺ​លោក​យកពីក្បាច់​របស់​ខ្មែរ​យើង​ដែល​មាន​នៅ​តាម​ចម្លាក់​ប្រាសាទ​ឬ​វត្ត​អារាម ក្បាច់​មួយ​ចំនួន​លោក​ចាប់​វា​ដាក់​លៃ​យ៉ាង​ណា​ឱ្យ​មើល​ទៅ​មាន​សោភ័ណភាពស្រស់​ស្អាត នឹង​ក្បាច់​មួយ​ចំនួន​ទៀត​ធ្វើ​ជា​លក្ខណៈ​​អក្សរ​បង្កប់​អត្ថន័យ​នៃ​ក្ដី​ស្រឡាញ់​ឬ​ទៅ​តាម​ការកុម្ម៉ង់​របស់​អតិថិជន​ជា​ដើម​។ «ជា​មធ្យម​ក្នុង​មួយ​ខែ​ប្រសិន​បើម៉ូដ​មិន​សូវ​ពិបាក​ខាង​អង្គរ​ប៊ូលែតអាច​ផលិត​គ្រឿង​អលង្ការ​បាន​ប្រមាណ​ជា៣០០គ្រឿង ប៉ុន្តែ​ក៏​អាស្រ័យ​ទៅ​តាម​ម៉ូដ​ផង​ដែរ» នេះ​ជា​ការលើ​ក​ឡើង​របស់​ម្ចាស់​សិប្បកម្ម។ ជា​មួយ​នឹង​ពណ៌​នៃ​គ្រឿង​អលង្ការ​ដែល​ធ្វើ​ពីសម្បក​គ្រាប់​កាំ​ភ្លើង​នេះ​បើ​តាម​ប្រសាសន៍​ម្ចាស់​សិប្បកម្ម​លោក ចន្ថា បាន​ឱ្យ​ដឹងថា «វា​មិន​ខ្មៅ​ឬ​ប្រែ​ពណ៌​ឡើយ​ប្រសិន​បើ​អ្នក​ទិញ​ទៅ​ប្រើ​ប្រាស់​ហើយ​ទុកវា​ចោល​វា​គ្រាន់​ស្រអាប់បន្តិច ហើយ​អ្នក​អាចយក​ទឹក​ជូតសម្អាតវា​នឹង​ភ្លឺ​រលោង​វិញ​ហើយ។»

​          សូម​បញ្ជា​ក់​ផង​ដែរ​ថា សិប្បកម្ម Angkor Bullet Jewelry គឺ​ធ្វើ​ឡើង​ដោយ​ដៃ​សុទ្ធ​សាធ​ហើយ​ក្នុង​សិប្បកម្ម មាន​​បុគ្គលិក​ចំនួន​៨​នាក់ ដែល​បាន​ជួយ​ផ្ដល់​ឱកាស​ការ​ងារ​ដល់​ពួក​គាត់​ដែល​ជា​ក្រុម​សិប្បករ​តាម​ផ្ទះ។ ជា​ចុង​ក្រោយ​លោក ធឿន ចន្ថា បាន​បញ្ចាក់​បន្ថែម​ថា ការ​ធ្វើ​គ្រឿង​អលង្ការពីសម្បក​គ្រាប់​កាំ​ភ្លើង​មិន​មែន​ជាការ​គាំទ្រ​ឱ្យ​មាន​ការ​ផលិត​កាំ​ភ្លើង​កើន​ឡើង ឬ​គាំទ្រ​ឱ្យ​មាន​ការ​បាញ់​គ្នា​ឡើយ លោក​គ្រាន់​តែ​ចង់​បង្ហាញ​ថា​កាលពី​អតីត​កាល​ប្រទេស​យើង​ធ្លាប់​ឆ្លង​កាត់​សង្រ្គាម​ច្រើន​មក​ហើយ​ដូច្នេះ​​លោក​មិន​ចង់​ឱ្យ​មាន​សង្រ្គាម​កើត​ឡើង​ទៀត​នោះ​ទេ ម្ចាស់​សិប្បកម្មរូប​នេះ​ចង់​បង្ហាញ​ថាសង្រ្គាមវាអត់​មាន​បង្កើន​នូវ​ប្រាក់​ចំណេញ​សម្រាប់​គ្រួសារ​ឬ​ប្រទេស​របស់​យើង​នោះ​ទេ ប៉ុន្តែ​គ្រឿង​អលង្ការពីសម្បក​គ្រាប់​កាំ​ភ្លើង​យើង​អាច​ទិញ​ធ្វើ​កាដូ​សម្រាប់​ជាការ​ចងចាំកុំ​ឱ្យ​កើត​មាន​រឿង​បែប​នេះ​ត​ទៅ​ទៀត៕

Article by HENG CHANMAKARA



SUGGESTIONS