×

អបអរ​សាទរ​ការ​បិទ​បញ្ចប់​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទីពីរ​

NEWS 6 years ago
 
 

          រយៈ​ពេល ដប់​មួយ​ថ្ងៃ ដោយ​គិត​ចាប់​តាំង​ពី​ថ្ងៃ​បើក​កម្មវិធី​​ប្រកួត​កីឡា​ជាតិ ដំបូង​នៅ​ថ្ងៃ​ទី ២៥ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី ០៤ ខែមិថុនាឆ្នាំ ២០១៨ កីឡា​ជាតិ​លើក​ទី​ពីរ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូនជា​មួយ​នឹង​ប្រភេទ​កីឡា​ចំនួន​រហូត ២៧ ប្រភេទ ស្មើ​នឹង ២៧៤ ​វិញ្ញាសា។ ក្នុង​កម្មវិធី​បិទ​បញ្ចប់​កីឡា​ជាតិ​លើក​ទី​ពីរ​កាលពី​ល្ងាច​ថ្ងៃ​ទី ០៤ ខែមិថុនា ឆ្នាំ ២០១៨ នេះ​ក៏​មាន​ការ​ចូល​រួម​ជា​កិត្តិយស​ពី​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន​សែន និង​អ្នក​មុខ​អ្នក​ការជា​ច្រើន​រូប​នៅ​ឯពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ផង​ដែរ ។ អស់​រយៈ​ពេល​ដប់​មួយ​ថ្ងៃ​នេះ​មាន​ការ​ចូល​រួម​ពី​សំណាក់​កីឡាករ​ដែល​មកពី​ទូ​ទាំង​ប្រទេស​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ដែល​មាន​ការ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញស្វាហាប់ នៅ​តាម​កីឡដ្ឋាន​នានា​ទូ​ទាំង​ប្រទេស​ដែល​ក្នុង​នោះ​រួម​មាន៖ ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ពហុកីឡដ្ឋានមរតកតេជោ មជ្ឈ​មណ្ឌល​កីឡា​កម្ពុជា​-​ជប៉ុន ក្លឹបកីឡា៩១១ បឹង​សំរឹទ្ធ​ខេត្ត​កំពង់​ធំ មជ្ឈ​មណ្ឌល​បាទី វិទ្យា​ស្ថាន​អប់រំ​កាយ​និង​កីឡា សាកល​វិទ្យា​ល័យ​ភូមិ​ន្ទភ្នំពេញ ក៏​ដូចជា​ឆ្នេរកែប​ផង​ដែរ។

 

          បើ​យោង​តាម​របាយការណ៍​សង្ខេប​របស់​ឯកឧត្តម​បណ្ឌិត ហង់ជួនណារ៉ុន ស្តី​អំពី​លទ្ធផល​នៃ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​ពីរ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ព្រឹក​មិញ​នេះ​បាន​បង្ហាញ​ថា​ចាប់​តាំង​ពី​ថ្ងៃ​ទី ២៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី ៤ ខែមិថុនា ឆ្នាំ ២០១៨  មាន​ការ​ចូល​រួម​ពីប្រតិភូកីឡា​រាជធានី​-​ខេត្ត ទាំង​២៥ ក្រសួង​មហា​ផ្ទៃ ក្រសួង​ការពារ​ជាតិ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ និង​មាន​កីឡាករ កីឡាការិនី មន្ត្រី​​ដឹក​នាំ​ និង​គ្រូ​បង្វឹក អ្នក​ចូល​រួម​សរុប ៤១៦៣ នាក់ និង​មាន​មេដាយ​សរុប​ចំនួន  ៨៨៥ ក្នុង​នោះ​មេដាយ​មាស​ចំនួន ២៦៤ មេដាយ​ប្រាក់​២៦៤ និង មេដាយ​សំរឹទ្ធ​ចំនួន ៣៥៧។ ដោយ​ឡែកចំណាត់ថ្នាក់​លេខ​មួយ​​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​ពីរ​នេះ​បាន​ទៅ​លើ ក្រសួង​មហា​ផ្ទៃ​ដែល​បាន​ទទួល​មេដាយ​សរុប​ចំនួន ១៤៩ ក្នុង​នោះ​មេដាយ​មាស៨៣ មេដាយ​ប្រាក់​៤៣ និង មេដាយ​សំរឹទ្ធិ ២៣។ ចំណាត់ថ្នាក់​លេខ​ពីរ​បាន​ទៅ​រាជធានី​ភ្នំពេញ​ដែល​ទទួល​បាន​មេដាយ​សរុប​ចំនួន ១២៤ ក្នុង​នោះ​មេដាយ​មាស៤២ មេដាយ​ប្រាក់​៣៦ និង​មេដាយ​សំរឹទ្ធ ៤៦។ ចំណាត់ថ្នាក់​លេខ​បី បាន​ទៅ​ក្រសួង​ការពារ​ជាតិ​ទទួល​បាន​មេដាយ​សរុប​ចំនួន ៦៧ ក្នុង​នោះ​មេដាយ​មាស៣៣ មេដាយ​ប្រាក់​១៨ និង​មេដាយ​សំរឹទ្ធ១៦។ លេខ​បួន​បាន​ទៅ​លើ ខេត្ត​កណ្តាល​ដែល​ទទួល​បាន​មេដាយ​សរុប​ចំនួន​៧៨ ក្នុង​នោះ​មេដាយ​មាស១២ មេដាយ​ប្រាក់​២៣ និង​មេដាយ​សំរឹទ្ធ៤៣។ ចំណែក​ឯចំណាត់ថ្នាក់​លេខ​ប្រាំ​បាន​ទៅ​លើ ខេត្ត​ព្រៃ​វែង​ដែល​ទទួល​បាន​មេដាយ​សរុប​ចំនួន ៤៣ ក្នុង​នោះ​មេដាយ​មាស​ចំនួន ១០ មេដាយ​ប្រាក់ ១៦ និង​មេដាយ​សំរឹទ្ធ១៧។

           សូម​គូស​បញ្ជា​ក់​ផង​ដែរ កីឡា​ជាតិ​នេះ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា រួម​សហការ​ជា​មួយ​គណៈកម្មា​ជាតិ​អូឡាំពិក​កម្ពុជា ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ម្តង​ក្នុង​គោល​បំណង​​ដើម្បី​កម្ពុជា​បាន​ត្រៀម​ខ្លួន​ទុកជា​មុន​ក្នុង​ការ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៏​ស៊ី​ហ្គេម​អន្តរជាតិ​ ដែល​នឹង​រៀបចំ​ឡើង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០២៣ ខាង​មុខ។ បើ​យោង​តាម ឧត្តមសេនីយឯក តែម​ម៉ឺន នាយក​មជ្ឈ​មណ្ឌល​កីឡាកងយោធពលខេមរៈ​ភូមិ​ន្ទ និង​ជា​ប្រធាន​សហ​ព័ន្ធ​ប្រដាល់​គុន​ខ្មែរ ថ្លែង​ក្នុង​កម្មវិធី​បិទ​បញ្ចប់​ប្រភេទ​កីឡា​ប្រដាល់​គុន​ខ្មែរ​កាលពី​ព្រឹក​ថ្ងៃ​ទី ០៤ ខែមិថុនា នៅ​ពហុកីឡដ្ឋានមរតកតេជោ បាន​មាន​ប្រសាសន៍​ថា កម្ពុជា​នឹង​ប្រារព្ធ​ធ្វើ​កម្មវិធី​កីឡា​ជាតិ​លើក​ទី ៣ នៅ​ឆ្នាំ ២០២០ និង កីឡា​ជាតិ​លើក​ទី៤ ឆ្នាំ ២០២២​ ផង​ដែរ៕

Article by KEO SONG


SUGGESTIONS