×

​វិចិត្រករ យី កក្កដា គ្រោង​ផលិត​សៀវភៅ​ពីជីវប្រវត្តិ​ផ្ទាល់​ខ្លួន និង​គន្លឹះគូរ​គំនូរ​

NEWS 5 months ago
 
 

          ពី​កុមារ​កំព្រា​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង លោក យី កក្កដា ត្រូវ​បាន​គេ​ស្គាល់​ថាជា​វិចិត្រករ​វ័យ​ក្មេង ដែល​មាន​បច្ចេកទេស​គូររូបចម្លែកពីគេ ពោល​គឺការ​គូររូប​ដោយ​ប្រើ​ដៃ​ទាំង​សង​ខាង​ក្នុង​ពេល​តែ​មួយ។ មាន​វ័យ ត្រឹម​តែ ២២ឆ្នាំ ប៉ុន្តែ​វិចិត្រករ​រូប​នេះ មាន​បទ​ពិសោធន៍តស៊ូ​ក្នុង​ជីវិត​ជា​ច្រើន ទាំង​ការតស៊ូ​ក្នុង​សង្គម និង​ការ​រៀន​សូត្រការ​ងារ​សិល្បៈ។ បន្ទាប់​ពី​កសាង​ស្នា​ដៃ​ជា​ច្រើន ទាំង​ការរក​កម្រៃ និង​ការស្ម័គ្រ​ចិត្ត វិចិត្រករ កក្កដា មាន​គម្រោង​ផលិត​សៀវភៅ​រៀបរាប់​ពីជីវប្រវត្តិ​ផ្ទាល់​ខ្លួន ដើម្បី​​លើក​ទឹក​ចិត្ត​ដល់​យុវជន​ដទៃ​ទៀត​ឲ្យ​ចេះ​តស៊ូ​ក្នុង​ជីវិត បូក​រួម​ទាំង​គន្លឹះគូរ​គំនូរ​ផ្ទាល់​ខ្លួន​របស់​លោក។

          លោក​កក្កដា និយាយ​ថា «ខ្ញុំ​ចង់​ចងក្រងជា​សៀវភៅ​មួយ ដើម្បី​ទុក​ឲ្យ​អ្នក​ជំនាន់​ក្រោយ​មើល ជាការ​ចែក​រំលែក ហើយ​ខ្ញុំ​ក៏​ចង់​យក​កម្រៃ​ជួយ​ក្មេង​កំព្រា​ផង​ដែរ»។ សៀវភៅ​ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​នេះ ត្រូវ​ចំណាយ​ពេល​ប្រមាណ ២ ឆ្នាំ​ឬ​ច្រើន​ជាង​នេះ ដើម្បី​ចងក្រង​ទាំង​ការ​សរសេរ​និង រូបភាព។ លោក​កក្កដា បង្ហើបថា បច្ចុប្បន្ន លោក​កំពុង​សន្សំ​រូបភាព និង​វីដេអូ​ពីស្នា​ដៃ និង​បច្ចេកទេស​គូររូប​ផ្ទាល់​ខ្លួន​របស់​លោក ដើម្បី​​បញ្ចូល​​គ្នា​ក្នុង​គម្រោង​សៀវភៅ។

          លោក កក្កដា និយាយ​ពី​គម្រោង​សៀវភៅ​ថា «ខ្ញុំ​ផ្តោត​លើការគូរ​ដៃ​ទាំង​ពីរ និង​បង្កើត​​វីដេអូ​ឲ្យ​បាន​ច្រើន។ រូប​ដែល​ខ្ញុំ​គូរគឺ​ខុស​គេ ខ្ញុំ​ចេះ​បង្កើត​​បច្ចេកទេស​គូរ​ខុស​គេ លឿន ហើយ​ប្លែក។ សៀវភៅ​នេះ អាចជា​សៀវភៅ​ដែល​មាន​រូប​ច្រើន ក្រាស់ ហើយ​ភាគ​ច្រើន​នៃ​ទំព័រ​គឺ​ប្រើ​គូល័រ»។ ចោទ​សួរពីការ​ចំណាយ​លើការ​បោះ​ពុម្ព​សៀវភៅ លោក កក្កដា រំពឹង​ថា នឹង​មាន​ការ​ចូល​រួម​ពីសប្បុរស​ជន ឬ​បណ្តា​អ្នក​ឧបត្ថម្ភ​នានា​ចូល​រួម​ជ្រោមជ្រែងស្នា​ដៃ​របស់​លោក។

          អ្នក​គំនូរ​នី​មួយៗ​ត្រូវ​ចេះ​ទាំង​បច្ចេកទេស និង​បច្ចេក​វិទ្យា ដើម្បី​​ដើរ​ឲ្យ​ទាន់​ភាពជឿនលឿន​នៃ​តម្រូវ​ការទី​ផ្សារ។ សម្រាប់​លោក កក្កដា ការគូររូប​ដោយ​ប្រើ​ដៃ​ទាំង​សង​ខាង គឺជា​បច្ចេកទេស​ដែល​លោក​កំពុង​ហ្វឹកហាត់​បន្ថែម។ បន្ថែម​ពី​នេះ លោក​ក៏​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​កុំព្យូទ័រ​ជំនួយ​បន្ថែម​ខ្លះៗ ​ដើម្បី​​កាត់​តរូប​ដែល​លោក​បាន​ស្រមើស្រមៃ​មុន​នឹង​ចាប់​ផ្តើម​គូរ។

          ចាប់​ផ្តើម​គូរ​គំនូរ​តាំង​ពី​កុមារ​ភាព ហើយ​បាន​ទទួល​ជ័យ​លាភី​ក្នុង​ការ​ប្រកួត​គំនូរ​ជា​មួយ​អង្គការ យូណេស្កូ នៅ​វ័យ ១២ឆ្នាំ លោក​កក្កដា​លើក​ឡើង​ពីចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ថា គំនូរ​ដែល​លោក​ផ្តោត​ខ្លាំង​បំផុត​គឺ​វត្ថុ​បុរាណ និង​សិល្បៈ​ខ្មែរ។ ភាគ​ច្រើន​លោក​ចូល​ចិត្ត​គូររូបយក្ស ប្រាសាទ​អង្គរ ប៉ុន្តែ​ច្នៃ​ជា​បែប​ទំនើប និង​បន្ថែម​ពណ៌​ស្រស់។ លោក​អះអាង​ថា រូប​ទាំង​នេះ មាន​ការ​ទាក់​ទាញ​ពី​សំណាក់​ទស្សនិកជន​ច្រើន ហើយ​ថែម​ទាំង​ទាក់​ទាញ​ឲ្យ​ពួក​គេ​ទៅ​មើល​ប្រាសាទ​ដោយ​ផ្ទាល់​ទៀត​ផង។

          «ទោះ​បី​ខ្ញុំ​ធ្វើ​ការ​ងារ​នេះ វា​មិន​បាន​អ្វី ប៉ុន្តែ​ចង់​ឲ្យ​អ្នក​ដែល​ធ្វើ​ការ​ផ្នែក​សិល្បៈ​ជួយ​អភិរក្ស​អ្វី​ដែល​ដូនតា​យើង​មាន» លោក កក្កដា​និយាយ។

          ត្បិតតែ​មាន​ការ​គាំទ្រ​ច្រើន​គួរ​សម ប៉ុន្តែ​កត្តា​ជីវភាព​នៅ​មិន​ទាន់​មាន​ភាពធូរស្រាល​នៅ​ឡើយ​ទេ។ ស្នា​ដៃ​របស់​អ្នក​គំនូរ​វ័យ​ក្មេង​រូប​នេះ​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ច្រើន​នៅ​ឡើយ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​នៅ​តែ​បន្ត​ការ​ងារ​សិល្បៈ​របស់​លោក​មិន​ដែល​រួញរា។ គោល​បំណង​មួយ​របស់​លោក កក្កដា គឺ ការគូរ​គំនូរ​ឲ្យ​បាន​ច្រើន ជា​ប្រយោជន៍​ដល់​ចំណីចក្ខុ​របស់​សាធារណជន។ កាលពី​ពេល​ថ្មីៗ​នេះ លោក កក្កដា បាន​ទទួល​ការ​អនុញ្ញា​តិ​ចូល​រួម​វិភាគ​ទានការគូរ​គំនូរ​របស់​លោក នៅ​ក្នុង​ផ្សារ​រាត្រី​ខេត្ត​បាត់​ដំបង សាង​សង់​ក្រោម​ជំនួយ​ឥតសំណង​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ផ្តល់​ដោយ​មូលនិធិ​ជប៉ុន​សម្រាប់​កាត់​បន្ថយ​ភាពក្រីក្រ (JFPR) ដែល​មាន​ទី​តាំង​​នៅ​ទល់​មុខ សួនច្បារនាគ​បាញ់​ទឹក។ គំនូរ​លើ​ជញ្ជាំង​ចំនួន ២០ ផ្ទាំង ត្រូវ​បាន​គូរ​បញ្ចប់​ជាស្ថាពរ​ហើយ ដោយ​ប្រើ​រយៈ​ពេល​​មួយ​ខែ។ គោល​បំណង​នៃ​ការស្ម័គ្រ​ចិត្ត​នេះ គឺ​ដើម្បី​​បង្ហាញ​ស្នា​ដៃ​ឲ្យ​សាធារណៈ​បាន​ឃើញ តាម​រយៈការ​ចូល​រួម​ចែក​រំលែកការគូររូប​ក្នុង​ផ្សារ​រាត្រី។

          «ខ្ញុំ​គូររូប​នៅ​ក្នុង​ផ្សារ​រាត្រី​ខេត្ត​បាត់​ដំបង ដោយ​ស្ម័គ្រ​ចិត្ត មិន​ទទួល​កម្រៃ​នោះ​ទេ។ រយៈ​ពេល​​ជាក់​ស្តែង​នៃ​ការ​ធ្វើ​ការគឺ ត្រឹម​តែ​ប្រមាណ​១០​ថ្ងៃ ប៉ុន្តែ​ដោយ​សារភ្លៀង​ផង ទើប​ត្រូវ​ពន្យារ​ពេល​ដល់​មួយ​ខែ។ ការ​ដែល​គូរ​បាន​លឿន ដោយ​សារ​ខ្ញុំ​អាចគូរ​ដោយ​ប្រើ​ដៃ​ទាំង​សង​ខាង និង​គូរ​ដោយ​បាញ់​ថ្នាំ​​ពណ៌» លោក​កក្កដា បាន​បន្ថែម។

          មុន​ពេល​ចាប់​ផ្តើម​ការគូរ យី កក្កដា បាន​ផ្តល់​ជា​គម្រោង​គំនូរ​ទៅ​កាន់​មន្ទីរ​វប្បធម៌ និង​រដ្ឋបាល​ផ្សារ​រាត្រី​បាត់​ដំបង ​ដើម្បី​សុំការ​អនុញ្ញា​តិ​ក្នុង​ការគូរ​បង្ហាញ​ដល់​សាធារណជន ក្នុង​គោល​បំណង​ធានាថា រូប​គំនូរ​ដែល​បាន​បង្ហាញ​នោះ​ពិត​ជា​បាន ឆ្លុះបញ្ចាំង​ពីសិល្បៈ វប្បធម៌ ជីវភាព​សាមញ្ញ​របស់​ប្រជាជន​ខ្មែរ។ ក្រៅ​ពីអាជីព​ដែល​គេ​ស្គាល់​ថា ជា​អ្នក​គំនូរ លោក យី កក្កដា ក៏​មាន​ជំនាញ​ក្នុង​ការ​ងារ​សិល្បៈ​ផ្សេងៗ​ទៀត ដូចជា ឌីហ្សាញ​ហាង ដេគ័រ​ផ្ទះ ឬ​ហាង​កាហ្វេ និង​លេង​តន្រ្តី​ទៀត​ផង៕

Article by VA SONYKA



SUGGESTIONS