×

ជំនួបជា​មួយ​នឹង​លោក Julien Poulson: Cambodia Space Project នឹង​ក្លាយ​ជា​ក្រុម The Mothership

NEWS 5 months ago
 
 

          Cambodia Space Project គឺជា​ក្រុម​ចម្រៀង​បែប​រ៉កអេនរ៉លយកលំ​នាំ​តាម​តន្ត្រី​នា​សម័យ​ទស្សវត្សរ៍ទី៦០ ដែល​ភ្ញៀវ​បរទេស​ជា​ច្រើន​ដែល​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​បាន​ស្គាល់​ថាជា​ក្រុម​ចម្រៀង​ជួរ​មុខដ៏​ល្បី រហូត​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​សម្តែង​នៅ​បរទេស​ទៀត​ផង។ ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​ទី២០ ខែមីនា ឆ្នាំ២០១៨ តារា​ចម្រៀង​ដ៏​មាន​ប្រជាប្រិយ៍​របស់ Cambodia Space Project នេះ​គឺ​លោក​ស្រី កាក់ ចន្ធី ត្រូវ​បាន​មច្ចុរាជ​តាម​ដង​ផ្លូវ​ឆក់យក​ជីវិត នៅ​កណ្តាល​រាជធានី​ភ្នំពេញ​​យ៉ាង​អភ័ព្វ។ ដំណឹង​មរណភាព​របស់​លោក​ស្រី កាក់ចន្ធី ដែល​គេ​ឲ្យ​រហ័ស្សនាមថាជា អ្នក​ស្រីប៉ែនរ៉នទី​ពីរ​នេះ​ពិត​ជា​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​និង​សមាជិក​ក្រុម​ដទៃ​ទៀត​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​ថា​ជាការ​បាត់​បង់​ដ៏​ធំ​ធេង​មួយ​រហូត​ដល់​មាន​សារ​ព័ត៍​មាន​អន្តរជាតិ​​មួយ​ចំនួន​បាន​ចេញ​ផ្សាយ​ទៀត​ផង។ បន្ទាប់​ពី​បាន​បាត់​បង់ អ្នក​ស្រី កាក់ចន្ធី​ដែល​ជា​សមាជិក​ដ៏​សំខាន់​មួយ​រូប​របស់​ក្រុម​នេះ​រួច​មក បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ពិសេស​ភ្ញៀវ​បរទេស​ហាក់​មាន​ការ​បារម្ភ​និង​នាំ​គ្នា​ចាំ​មើល​ពីព្រេងវាសនា​របស់​ក្រុម​ចម្រៀង​ដែល​ធ្លាប់​តែ​ល្បីល្បាញ​មួយ​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា។

ក្រុមចម្រៀង Cambodia Space Project (អ្នកស្រី កាក់ចន្ធី ពាក់អាវពណ៌ខៀវ)

          ដោយ​សារតែ​ការ​ងារ​មមាញឹក​និង​ចង់​ចំណាយ​ពេល​​ដើម្បី​​លាង​របួស​ស្នាម​ដ៏​ឈឺ​ចាប់​មួយ​នេះ សូវរីន​ ទើប​តែ​មាន​ឱកាស​បាន​ជួប​ដោយ​ផ្ទាល់​ជា​មួយ​នឹង​ប្រធាន​ក្រុម Cambodia Space Project គឺ​លោក Julien Poulson កាលពី​ពេល​ថ្មីៗ​នេះ។ លោក Julien Poulson «បន្ទាប់​ពី​បាត់​បង់ចន្ធី​ទៅ មាន​អ្នក​គាំទ្រ CSP ( Cambodia Space Project) នៅ​ក្រៅ​ប្រទេស បាន​ផ្ញើរ​អត្ថបទ​តាម​រយៈ​ហ្វេសប៊ុក​ដែល​និយាយ​ពីការ​បាត់​បង់​សមាជិក​ចម្រៀង​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក​ឲ្យ​ខ្ញុំ​មើល»។ លោក Julien បាន​បន្ថែម​ទៀត​ថា «បន្ទាប់​ពីអាន​អត្ថបទ​ទាំង​នោះ​មក ខ្ញុំ​ឃើញ​ថា​មាន​ក្រុម​ខ្លះ​បាន​រក​សមាជិក​ថ្មី​មក​ជំនួស ហើយ​ក្រុម​ខ្លះ​ក៏​ត្រូវ​រំសាយ​ដោយ​សារតែ​មិន​អាចរក​អ្នក​ផ្សេង​មក​ជំនួស​បាន និង​ក្រុម​ខ្លះ​ទៀត​ក៏​ត្រូវ​បំ​បែក​គ្នា​តែ​ម្តង​ទៅ»។ រហូត​មក​ដល់​ពេល​នេះ CSP បាន​រក​ឃើញ​សមាជិក​ថ្មី​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា “​សំណាង​” និង​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ក្រុម​ថ្មី​ហៅ​ថា “The Mothership” ​ដើម្បី​​បន្ត​ដំណើរ​ផលិត​បទ​ចម្រៀង រ៉កអេនរ៉ល​នាទស្សវត្សរ៍ទី៦០ត​ទៅ​ទៀត។ «Cambodia Space Project ពិត​ជា​មាន​អនុស្សាវរីយជា​ច្រើន​ជា​មួយ​នឹង​ចន្ធី ហើយ​យើង​ពិត​ជា​មិន​អាចបំ​ភ្លេច​នាង​បាន​ឡើយ ដូច្នេះ​ហើយ​ទើប​យើង​ផ្លាស់​ប្តូរ​ឈ្មោះ​ក្រុម​ថ្មី​ជា​មួយ​នឹង​សមាជិក​ថ្មី ព្រោះ​យើង​ចង់​ទុក Cambodia Space Project នេះ​គឺ​សម្រាប់​តែចន្ធីម្នាក់​គត់​ហើយ​យើង​នៅ​តែ​គោរព​នាង​ជានិច្ច» លោក Julien Poulson។ បើ​តាម​អ្វី​ដែល​លោក Julien Poulson បាន​ប្រាប់​ទៀត​ថា «សំណាង គឺជា​អ្នក​ចម្រៀង​ថ្មី​របស់​ពួក​យើង នាង​គឺជា​កូន​ស្រី​របស់​បងសាក់ ហើយ​បងសាក់​គឺជា​អ្នក​លេង​ស្គរ​របស់​យើង»។ ក្នុង​វ័យ ២៦ឆ្នាំ អ្នក​នាង​សំណាង មកពី​គ្រួសារ​អ្នក​លេង​ភ្លេង​មួយ​នាឯ​ខេត្ត​កំពង់ស្ពឺដូច្នេះ​ការ​ដែល​ក្លាយ​ជាតារា​ចម្រៀង​សម្រាប់​ក្រុម​ថ្មី​នេះ​មិន​មែន​ជា​រឿង​ថ្មី​របស់​នាង​ឡើយ។ សំណាង​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​​ជួយ​ក្រុម The Mothership និង​គ្រោង​នឹង​ផលិត​បទ​ចម្រៀង​ជា​ច្រើន​ទៀត​​ដើម្បី​​បន្ត​បេសកកម្មពី​ក្រុម Cambodia Space Project។

អ្នកនាង សំណាង តារាចម្រៀងថ្មីរបស់ក្រុម The Mothership

          ឆ្លើយតប​ជា​មួយ​នឹង​សំនួរថាមូល​ហេតុ​អ្វី​បាន​ជា​ប្តូរ​ឈ្មោះ​ទៅ​ជា The mothership លោក Julien Poulson បាន​បញ្ជា​ក់ថា «មាន​ក្រុម​រាំ​មួយ​ក្រុម​ដែល​មាន​គ្នា​បួន​នាក់​នៅ​សៀមរាប ពួក​គេ​បាន​មកសម្តែង​ក្នុង​កម្មវិធី​ប្រគំ​តន្រ្តី​រំឮក ការចងចាំ​របស់​ចន្ធី​កន្លង​ទៅ ពួក​គេ​ប្រាប់​ខ្ញុំ​ថា​ពួក​គេ​មាន​ការសម្តែង​មួយ​ដែល​មាន​ឈ្មោះ The Mothership ហើយ​ខ្ញុំ​គិត​ថា​ពាក្យ The Mothership នេះ​ពិត​ជា​ពាក្យ​មួយ​ល្អ​ណាស់»។ The Mothership មាន​ន័យថាភាពជា​មាតា ក្នុង​ការ​ថែទាំ​កូនៗ​ដោយ​ទំនួល​ខុស​ត្រូវ​ហើយ The Mothership ក៏​ជា​ពាក្យ​មួយ​សម្រាប់​ជាការ​ដឹងគុណ​របស់​អ្នក​ស្រី កាក់ចន្ធី ផង​ដែរ។ The Mothership ក៏​មាន​គម្រោង​នឹង​ចាប់​ផ្តើម​សម្តែង​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី៤ ខែកក្កដា នៅ​រាជធានី​ភ្នំពេញ​​ខាង​មុខ​នេះ​ដែរ។

          គួរ​បន្ថែម​ទៀត​ថា ក្រោយ​ពីការលាចាក​លោក​របស់​អ្នក​ស្រី កាក់ចន្ធី រួច​មក លោក Julien Poulson បាន​ចំណាយ​ពេល​វេលា​ផ្ទាល់​ខ្លួន​​ដើម្បី​​សរសេរ​កំណត់​ហេតុ​ដែល​មាន​ឈ្មោះ​ថា មួយ​រយ​ថ្ងៃ ឬ A Hundred Day ​រៀបរាប់​ពី​អនុស្សារវរីយ​​របស់​លោក​ជា​មួយ​នឹង​អ្នក​ស្រី កាក់ចន្ធី ចំនួន​មួយ​រយ​ថ្ងៃ​នៅ​ក្នុង Blog នៃ​គេហ​ទំព័រ​របស់ Cambodia Space Project ផង​ដែរ។

ចុចទី​នេះ​​ដើម្បី​​ចូល​អាន A Hundred Day By Julien Poulson

Article by KEO SONG



SUGGESTIONS