×

​អ្នក​រចនា​ម៉ូដ​វ័យ​ក្មេង ចាង សៀងហៃ ពុះពារ​ដើម្បី​សុបិន​ក្នុង​គម្រោង​ឈុត​ថ្មី​របស់​ខ្លួន​

FASHION & BEAUTY 6 years ago
 
 

          ចាង សៀងហៃ «ការ​រចនា​ម៉ូដសម្លៀក​បំពាក់​មិន​មែន​​ដើម្បី​តែពាក់លើរាងកាយទេ តែ​ជាការ​បង្ហាញ​ពី​មនោសញ្ចេតនា​លើ​វត្ថុ​មួយ​ដ៏​ជាក់​លាក់!»

ចាង សៀងហៃ

          សិក្សា​នៅ​សាកល​​វិទ្យា​ល័យ​លីមកុងវីងលើ​ផ្នែក​ច្នៃ​ម៉ូដសម្លៀក​បំពាក់ ចាង សៀងហៃ ទើប​តែ​បាន​សម្ពោធការ​តាំង​បង្ហាញ​សម្លៀក​បំពាក់​៤ឈុត​ថ្មី​របស់​ខ្លួន​នៅ “​កន្លែង​ខ្ញុំ​” កាលពី​ល្ងាច​ថ្ងៃ​សុក្រទី៨ខែ​ឧសភា​នេះ។ ឈុត​ដែល​បាន​តាំង​បង្ហាញ​ទាំង​នោះ គឺជា​ឈុត​ដែល​បំ​បែក​គំនិត​ចេញ​ពី​គំនិត​ក្នុង​ការ​រចនា​ឈុត​ទាំង​៥​របស់​សៀងហៃ លើ​ប្រធាន​បទ Dancer In The Dark ដែល​បាន​ជាប់​ក្នុង​ជម្រើស​តាំង​បង្ហាញ​ស្នា​ដៃ​ក្នុង​វេទិកា​បង្ហាញ​ស្នា​ដៃ​អ្នក​សិល្បៈ ជំនាន់​នៃ​ភាពច្នៃ​ប្រឌិត (Creative Generation 2017) គ្រប់​ប្រភេទ​កាលពី​ឆ្នាំ​២០១៧។

          ឈុត​ទាំង​៤​នេះ​ចំណាយ​ពេល​ត្រឹម​មួយ​សប្តាហ៍​ប៉ុណ្ណោះ​ក្នុង​ការ​រចនា​ម៉ូដ និង​តម្លើង​ហើយ​ឈុត​នេះ​វា​បាន​បង្ហាញ​ពី​លក្ខណៈ​​ពិសេស​ដែល​តំណាង​ឱ្យ​គំនិត​(Concept) របស់​សៀងហៃ​យ៉ាង​ច្បាស់។ ចំណែក​ឯ​ប្រធាន​បទទី២ មាន​ឈ្មោះ​ថា Anti-Body ដែល​សៀងហៃ​ទើប​តែ​បាន​បង្ហាញ​កាលពី​ពេល​ថ្មីៗ​នេះ រឹតតែ​បង្ហាញ​ពីភាពច្នៃ​ប្រឌិត​របស់​អ្នក​ច្នៃ​ម៉ូដ​ដ៏​វ័យ​ក្មេង​ម្នាក់​នេះ​ថែម​មួយ​កម្រិត​ទៀត។ សៀងហៃ បាន​ប្រាប់​ថា វា​មិន​មែន​ជា​រឿង​ភ្ញាក់​ផ្អើល​សម្រាប់​ខ្លួន​ទេ តែ​នេះ​គឺជា​អ្វី​ដែល​គាត់​ចង់​បង្ហាញ​នៅ​ក្នុង​ប្រធាន​បទទី២​នេះ។ សៀងហៃ បាន​ចោទ​ជាសំណួរ​មួយ​ថា «អ្នក​ទាំង​អស់​គ្នា​ដឹងទេថា នៅ​ពេល​តារា​បង្ហាញ​ម៉ូដម្នាក់​មិន​អាច​រក្សា​ទំហំ​ស្តង់ដារ​របស់​គាត់​ថេរ តើ​គាត់​មាន​អារម្មណ៍​បែប​ណា ហើយ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​​ដើម្បី​តែ​ទំហំ​សូន្យ​នោះ?» ហើយ​នេះ​ក៏​បង្ហាញ​ពី​គំនិត​របស់​សៀងហៃ​ដែល​បាន​ជ្រើសរើស​ប្រើ​ទំហំ​សូន្យ (ទំហំ​ផ្លូវ​ការ​របស់​អ្នក​បង្ហាញ​ម៉ូដ ឬ​ទំហំ​ឥតខ្ចោះ​ទាំង​៣​របស់​មនុស្ស​ស្រីក្នុងការ​ស្លៀក​ពាក់)​សម្រាប់​ប្រធាន​បទទី​ពីរ​នេះ​ផង​ដែរ។

          សៀងហៃ​បាន​រៀបរាប់​ពីផល​លំបាក​ក្នុង​ការច្នៃ​ម៉ូដ​ក្នុង​ប្រធាន​បទទី​ពីរ​នេះ​ថា មាន​ឧបសគ្គ​ពីរ​ដែល​បាន​រារាំង​ខ្លួន​ក្នុង​កិច្ចការ​នេះ ទី​មួយ​គឺ​បញ្ហា​សុខភាព​របស់​ខ្លួន​ផ្ទាល់​ដែល​ត្រូវ​សម្រាក​អស់​មួយ​រយៈ និង​ទី​ពីរ​មកពី​បរិក្ខារ​ក្នុង​ការច្នៃ​ម៉ូ​ដ​ដែល​​វត្ថុ​សម្រាប់​តម្លើងឈុត​ទាំង​៤​នោះ​ផលិត​ពីថ្នាំ​លាប​ផ្ទះ (U90) កងផ្តៅបង្វិលសម្រកទំងន់ ឆ្អឹងដែក​តូចៗ ស្បែក​ពូក​ម៉ូតូ និង​កៅស៊ូ​ក្រាល​ផ្ទះ ជា​ដើម ដែល​ទាម​ទារការយក​ចិត្ត​ទុក​ដាក់​ខ្លាំង​ក្នុង​ការ​កាត់ និង​ដេរ​បំផុត។

         តាម​រយៈឈុត​ទាំង​៩​នេះ គំនិត​រចនា​របស់ សៀងហៃ ភាគ​ច្រើន​ដកស្រង់ពី​គំនិត​ក្នុង​ទ្រឹស្តី​ភូមិ​វិទ្យា ស្ថាបត្យកម្ម ឬ​ខ្នាត​គណិត​វិទ្យា (រង្វង់ ក្រឡា និង​ការ៉េ)។ បើ​សង្កេត​មើល​ឈុត​ទាំង​៤​ក្នុង​ប្រធាន​បទទី២​នេះ ច្បាស់​ណាស់​គណិត​វិទ្យា​បាន​បង្ហាញ​ខ្លួន​យ៉ាង​ច្បាស់​តាម​រយៈ​ដំណើរ​ពីជ្រុង​មួយ​ទៅ​ជ្រុង​មួយ​ជុំ​វិញ​រាងកាយ ឬ​ឈុត​ទាំង​នោះ។

         សព្វ​ថ្ងៃ​នេះ សៀងហៃ រចនា​ម៉ូដ​បាន​៩ឈុត​ហើយ។ នៅ​ពេល​ដែល សៀងហៃ អាច​រចនា​ម៉ូដ​បាន​ចំនួន ១២ឈុត អ្នក​រចនា​ម៉ូដរូប​នេះ​នឹង​មាន​គម្រោង​ដាក់​តាំង​ឈុត​ទាំង​នោះ​ជុំ​គ្នា​ម្តង​ទៀត នៅ​ទី​តាំង​សិល្បៈ​ណា​មួយ​​ដែល​សមស្រប​នឹង​ប្រធាន​បទ​របស់​ខ្លួន។ ក្រៅ​ពីទេពកោសល្យច្នៃ​ម៉ូដសៀងហៃ ក៏​មាន​សមត្ថភា​ក្នុង​ផ្នែក​ភាពយន្ត​ផង​ដែរ។ សៀងហៃ ធ្លាប់​បាន​ផលិត​ខ្សែ​ភាពយន្តខ្លី​បាន​មួយ​ចំនួន ហើយ​ពេល​នេះ​គម្រោង​រចនា​ម៉ូដសម្លៀក​បំពាក់ និង​ខ្សែ​រភាពយន្តខ្លី សុទ្ធ​តែជា​គម្រោង​អាទិភាព​របស់​សៀងហៃ ដើម្បី​បន្ត​ក្តីស្រមៃ​នេះ​ឱ្យ​ត្រចះត្រ​ចង់​ថែម​ទៀត។

         រំលឹក​ដល់​គ្រា​ដំបូង ចាងសៀងហៃ គឺជា​យុវជន​ដែល​មាន​ចំណូល​ចិត្ត​លើ​វិស័យសិល្បៈ​ម្នាក់ និង​តែង​តែ​ចំណាយ​ពេល​ទំនេរភាគ​ច្រើន​លើស​លុប​ក្នុង​បន្ទប់​តាំង​បង្ហាញ​វត្ថុ​សិល្បៈ​ផ្សេងៗ​នៅ​រាជធានី​ភ្នំពេញ​ម្នាក់​តែ​ប៉ុណ្ណោះ រហូត​មក​ដល់​ពេល​នេះ​តាម​រយៈ​គម្រោង​របស់ Creative Generation និង កន្លែង​ខ្ញុំ ទស្សនៈ​របស់​សៀងហៃលើម៉ូដសម្លៀក​បំពាក់​ត្រូវ​បាន​លាតត្រដាង​ដល់​មនុស្ស​ទូ​ទៅ។

         ចំពោះ​សៀងហៃ អ្នក​រចនា​ម៉ូដ​ម្នាក់ៗ​គឺ​មាន​ជម្រើស​រចនា​ម៉ូដ​ទៅ​តាម​ក្តីស្រមៃ​របស់​ពួក​គេ​មិន​ថា ការ​រចនា​​ដើម្បី​ជាសិល្បៈ ឬ​ការ​រចនា​​ដើម្បី​ប្រាក់​ចំណេញ​នោះ​ទេ។ តែ​សម្រាប់​សៀងហៃ ការ​រចនា​ម៉ូដ​របស់​គាត់​មាន​ទំនោរ​ទៅ​រកការ​រចនា​ក្នុង​ទម្រង់​ជាសិល្បៈ​តាំង​លម្អ (រូបចម្លាក់) ច្រើន​ជាង​ការ​រចនា​​ដើម្បី​ផល​ចំណេញ​ក្នុង​ទី​ផ្សារ​ច្នៃ​ម៉ូដ៕

Article by SVAY LEEMENG

 


SUGGESTIONS