×

​អ្នក​និពន្ធ​ខ្មែរ​និង​ហូឡង់​ពីរ​រូប រួម​ដៃ​គ្នា​បង្កើត​​សៀវភៅ​ដែល​និយាយ​ពីការ​ហ៊ាន​សម្រេច​ក្តីសុបិន្ត​របស់​ស្រ្តី

NEWS 6 years ago
 
 

          “Diving deep, going far" ជាចំណង​ជើង​សៀវភៅ​ជា​ភាសា​អង់គ្លេស​មួយ​ក្បាល និយាយ​អំពី​រឿង​រ៉ាវ​ជីវិត​និង​ក្តីសុបិន្ត​របស់​ស្រ្តី​ខ្មែរ ដែល​និពន្ធ​ដោយ​អ្នក​និពន្ធហូឡង់ និង​ស្រ្តី​ខ្មែរ​មួយ​រូប។ សៀវភៅ​កម្រាស់​ប្រមាណ​ជាង ២០០​ទំព័រ ត្រូវ​បាន​បង្កើត​​ឡើង​រួម​គ្នា​ក្នុង​គោល​បំណង ផ្តល់​កម្លាំង​ចិត្ត​ដល់​អ្នក​អាន​ឲ្យ​បន្ត​ក្តី​សង្ឃឹម ការតស៊ូ ជំនះ​ឧបសគ្គ តាម​រយៈប្រលោម​លោក​ស្តីពី​ជីវិត​ពិត​របស់​ស្រ្តី​កម្ពុជា។ ខុស​គ្នា​ពី​សៀវភៅ​ដែល​និយាយ​ពី​ជីវិត​របស់​មនុស្ស​ម្នាក់ សៀវភៅ​មួយ​ក្បាល​នេះ​បាន​បញ្ចូល​​ជីវិត​ស្រ្តី ២៥​នាក់​នា​ពេល​បច្ចុប្បន្ន រួម​ទាំង​អ្នក​នាង​ចាន់ គន្ធា ដែល​ជា​ដៃ​គូនិពន្ធ​ក្នុង​សៀវភៅ​នេះ  មកជាតួអង្គនិ​មិត្ត​ចំនួន ៤រូប​ផង​ដែរ។ អ្នក​ដែល​ត្រូវ​បាន​សម្ភាសន៍​ទាំង​អស់ សុទ្ធ​សឹងតែជា​អ្នក​ដែល​ស្ថិត​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​ជីវភាព​មធ្យម ប៉ុន្តែ​ពួក​គេ​មាន​ក្តីសុបិន្ត​និង​បាន​ធ្វើ​រឿង​រ៉ាវ​ដ៏​អស្ចារ្យ​សម្រាប់​ជីវិត​របស់​ពួក​គេ។ សៀវភៅ​ដែល​សរសេរ​តាម​បែប​ប្រលោម​លោក​ស្តីពី​ជីវិត​ពិត រំពឹង​ថាជាសិល្ប៍​វិធី​ដែល​អាច​ទាក់​ទាញ​អ្នក​អាន ឲ្យ​ជក់​ចិត្ត​និង​ងាយ​យល់ ពី​បញ្ហា​និង​ដំណោះ​ស្រាយ​គំរូ​របស់​តួអង្គនី​មួយៗ។

          សៀវភៅ​ដែល​ចាប់​ផ្តើម​និពន្ធ​កាលពី​ប្រមាណ ៣ឆ្នាំ​មុន និង​ទើប​តែ​ចាប់​ផ្តើម​ដាក់​សម្ពោធ​និង​បង្ហាញ​ជា​ផ្លូវ​ការ​នៅ​ពេល​ខាង​មុខ​នេះ ជា​គំនិត​ផ្តួច​ផ្តើម​របស់​លោក Menno de Block ដែល​បាន​មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០១៤ ដើម្បី​បំ​ពេញ​ការ​ងារ​ផ្ទាល់​ខ្លួន។ កំឡុង​ពេល​រស់​នៅ​ប្រទេស​កម្ពុជា អ្នក​និពន្ធរូប​នេះ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​រឿង​រ៉ាវស្រ្តី​វ័យ​ក្មេង​នៅ​កម្ពុជា។ លោក​បាន​ជជែកជា​មួយ​អ្នក​មាន​តួ​នាទី​​សំខាន់ៗជា​ច្រើន​អំពី​បញ្ហា​ស្រ្តី​នៅ​កម្ពុជា ហើយ​​ក៏​បាន​​ទទួល​មក​វិញ​នូវ​ភាព​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដែល​ធ្វើ​ឲ្យ​លោក​គិត​ថា លោក​ត្រូវ​តែចងក្រងជា​សៀវភៅ​មួយ​ក្បាល ដើម្បី​ផ្តល់​កម្លាំង​ចិត្ត​ដល់​អ្នក​ដទៃ​ទៀត​តាម​រយៈការ​អាន។ សៀវភៅ​នេះ​ត្រូវ​បាន​ចូល​រួម​និពន្ធ​និង​ជាតួរអង្គម្នាក់​ផង​ដែរ​នោះ គឺ​អ្នក​នាង ចាន់ គន្ធា ដែល​ជា​សកម្មជន​ការពារ​សិទ្ធិ​ស្រ្តី​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​ទាំង​ពីរ​មាន​ក្តីសោមនស្ស​យ៉ាង​ខ្លាំង ដែល​បាន​ចាប់​ដៃ​គ្នា​ធ្វើ​ការ​ក្នុង​គោល​បំណង​ចងក្រង​ឯកសារ​ដ៏​ល្អ​មួយ​នេះ ដើម្បី​ផ្តល់​កម្លាំង​ចិត្ត​ដល់​ស្រ្តី ខណៈ​ដែល​អ្នក​ទាំង​ពីរ​យល់​ថា ឯកសារ​ស្តីពី​ភាពជា​អ្នក​ដឹក​នាំ​របស់​ស្រ្តី​បែប​នេះ មាន​តិច​តួច​ណាស់​បើ​ធៀប​ទៅ​នឹង​ឯកសារ​ដែល​និយាយ​អំពី​របបប្រល័យពូជសាសន៍ ភាពក្រីក្រ បញ្ហា​នយោបាយ​ជា​ដើម។

អ្នក​នាង ចាន់ គន្ធា

          លោក Menno និយាយ​ថា លោក​ចង់​ឲ្យ​ស្រ្តី​ដែល​បាន​អាន​សៀវភៅ​នេះ មាន​ភាព​ក្លាហាន​ក្នុង​ការ​សម្រេច​ក្តីសុបិន្ត​របស់​ខ្លួន ហើយ​ព្យាយាម​រក​វិធី​ដែល​អាច​សម្រេច​ក្តី​ប្រាថ្នា​ឲ្យ​បាន ដើម្បី​ជំនះ​នូវ​អ្វី​ដែល​ពួក​គេ​ត្រូវ​បាន​ប្រាប់​ថា ពួក​គេ​មិន​អាច​ទៅ​បាន។ តួ​យ៉ាង​ដូចជា​សុភាសិត​ខ្មែរ​ដែល​និយាយ​ថា មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ ដែល​តែង​ប្រើ​ប្រាស់​ទៅ​កាន់​អ្នក​ដែល​គ្មាន​លទ្ធភាព ដើរ​ទៅ​រកក្តីសុបិន្ត​របស់​ខ្លួន​ឲ្យ​បាន​សម្រេច។ ការ​មិន​គោរព​សិទ្ធិ​ស្រ្តី​នៅ​តែជា​បញ្ហា​ប្រឈម​ខ្លាំង​ជា​មួយ​នឹង​ប្រពៃណី ទំនៀម​ទំលាប់​ខ្មែរ ដែល​ដាក់​គំនាបស្រ្តី​ឲ្យ​មាន​ការ​ពិបាក ក្នុង​ការ​ទាមទារ​សិទ្ធិ​ឲ្យ​ស្មើ​នឹង​បុរស។ ត្បិតតែការពន្យល់​ពី​ការលើ​កកម្ពស់ស្រ្តី​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ផុសផុល​ពិត​មែន ប៉ុន្តែ​សកម្មភាព​ទាំង​នោះ​ស្ថិត​នៅ​ត្រឹម​ជាទ្រឹស្តី​ប៉ុណ្ណោះ។ នៅ​ក្នុង​សៀវភៅ​នេះ អ្នក​និពន្ធ​ទាំង​ពីរ​រូប បាន​ព្យាយាម​ទាញ​យកទ្រឹស្តី​នៃ​សិទ្ធិ​ស្មើ​គ្នា​រវាង​បុរស​និង​ស្រ្តី រួម​ទាំង​ការ​ឆ្លុះបញ្ចាំង​តាម​រយៈ​រឿង​រ៉ាវ​របស់​តួអង្គនី​មួយៗ មកបរិយាយ ដើម្បី​ធ្វើ​ឲ្យ​អ្នក​អាន​ទាំង​អស់​ងាយ​ស្រួលស្វែង​យល់​ពី​សិទ្ធិ​ស្រ្តី និង​ភាពជា​អ្នក​ដឹក​នាំ។

Mr. Menno de Block

          អ្នក​នាង ចាន់គន្ធា បាន​លើក​ឡើង​ថា «យើង​ចង់​ផ្លាស់​ប្តូរ​ការ​គិត ព្រោះ​ពេល​និយាយ​ពីភាពជា​អ្នក​ដឹក​នាំ គេ​និយាយ​ពី​តួ​នាទី​​ធំៗ តែ​យើង​មិន​បាន​គិត​ដល់​ក្មេង​ស្រី​ដែល​គាត់​តស៊ូ​ដើម្បី​ទទួល​បាន​ការ​រៀន​សូត្រ ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ក្នុង​គ្រួសារ ក្នុង​សហគមន៍ ក្នុង​សង្គម ក៏​ជាភាព​ដឹក​នាំ​មួយ​ដែរ ដូច្នេះ​​ទើប​ក្នុង​សៀវភៅ​នេះ យើង​បាន​លាតត្រដាង​ទាំង​អស់​ពី​អ្វី​ទៅ​ដែល​ហៅ​ថា ភាពជា​អ្នក​ដឹក​នាំ»។ ទោះ​បី​សៀវភៅ​នេះ បាន​រៀបរាប់​ពី​ជីវិត​របស់​ស្រ្តី ប៉ុន្តែ​មិន​មែន​តែស្រ្តី​ក្នុង​ស្រុក​ខ្មែរ​ប៉ុណ្ណោះ​ទេ​ដែល​អាចអាន​សៀវភៅ​មួយ​ក្បាល​នេះ​បាន លោក Menno និយាយ​ថា ស្រ្តី​នៅ​ក្រៅ​ប្រទេស​ក៏​មាន​រឿង​រ៉ាវស្រដៀង​នឹង​ស្រ្តី​នៅ​កម្ពុជា​ដូច​គ្នា​​ដែរ ហើយ​បុរស​ក៏​គួរ​តែអាន​ដូច​គ្នា។ សៀវភៅ Diving Deep, Going Far នឹង​ត្រូវ​សម្ពោធជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២១ ខែមិថុនា​ខាង​មុខ​នេះ ហើយ​នឹង​មាន​ដាក់​លក់​នៅ​តាម​បណ្ណាគារ​ធំៗ​ក្នុង​ក្រុង​ភ្នំពេញ ក៏​ដូចជា​ការកុម្ម៉ង់​តាម​រយៈ Amazon.com ជា​សៀវភៅ​អេឡិចត្រូនិក និង​សៀវភៅ​ពុម្ព​ផង​ដែរ។ ការ​បោះ​ពុម្ព​ផ្សាយ​លើក​ទី​មួយ​នេះ មាន​ចំនួន ១០០០ ក្បាល ហើយ​នឹង​រំពឹង​ថា សៀវភៅ​ដែល​កំពុង​បកប្រែជាខេមរ​ភាសា នឹង​ចេញ​ផ្សាយ​នៅ​ក្នុង​ខែ សីហា​ខាង​មុខ៕

Article by VA SONYKA


SUGGESTIONS