×

Zoo Café ហាង​កាហ្វេ​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​សត្វ​ប្លែកៗ​ស្អាតៗ​មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ​នៅ​កម្ពុជា​

NEWS 6 years ago
 
 


          ពិត​ជា​គួរ​ឲ្យ​ប្លែក​និង​មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ​នូវ​ហាង​កាហ្វេ​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​សត្វ​ប្លែកៗ​ស្អាតៗជា​ច្រើន​ប្រភេទ​ដែល​អាច​ឲ្យ​យើង​ទៅ​លេង​ឱបថើប​និង​ថតរូបជា​មួយ​ពួក​វាប្រកប​ដោយ​ក្តី​ស្រលាញ់​ជាទី​បំផុត។ មិន​មែន​មាន​តែ​មួយ​ប្រភេទ​នោះ​ទេ​ហើយ​ក៏​មិន​មែន​មាន​តែ​សត្វ​ក្នុង​ស្រុក​នោះ​ដែរ Zoo Café  ពិត​ជា សម្បូរ​ទៅ​ដោយ​សត្វ​ប្លែកៗ​និង​គួរ​ឲ្យ​ស្រលាញ់​ជា​ច្រើន​ប្រភេទ​ដូចជា៖​ប្រភេទ​សត្វ​ស្វា​តូចៗ Marmoset, កណ្តុរ​ជើង​ពីរ Gerbao, Recoon, កំប្រុក Prairi Dog, បង្គួយ Chameleo,  កញ្ជ្រោង, ឆ្កែ​ប្រភេទ Pug (ភាគ​ច្រើន​គេ​ហៅ​អាជ្រួញ) និង Pomeranian ប្រភេទ​ទន្សាយ​ដែល​មាន​រោមទន់​ជាង​គេ និង​មាន​ប្រភេទ​សត្វ​ជា​ច្រើន​ទៀត​ផង។ មាន​សត្វ​ជា​ច្រើន​ដែល​ត្រូវ​បាន​គេបែង​ចែក​ដាក់​ដាច់​ដោយ​ឡែកពី​គ្នា​ដូចជា​សត្វ​ដែល​ប៉ះ​មិន​បាន​តួ​យ៉ាង​សត្វ​កណ្តុរ ទន្សាយ​ដែល​មាន​រោមទន់ជា​ដើម  ចំណែក​ឯ​សត្វ​ខ្លះ​ត្រូវ​បាន​គេប្រលែង​ឲ្យ​រត់​ប្រឡែង​គ្នា​ដោយ​សេរី ដូចជា​ប្រភេទ​ស្វា Marmoset, Reccoon, កញ្ជ្រោង ព្រោះ​វាអាច​ឲ្យ​យើង​ប៉ះ​បាន ចំណែក​ឯ​សត្វ​ខ្លះ​ត្រូវ​បាន​ដាក់​ដោយ​ឡែកពីគេ​ដូចជា Prairi Dog និង​សត្វ​មួយ​ចំនួន​ទៀត ព្រោះ​វាអាច​ធំ​ក្លិន។ ដោយ​មាន​ឧប​និស្ស័យ​ស្រឡាញ់​សត្វ​តាំង​ពី​កុមារ​ភាព​បាន​ធ្វើ​ឱ្យ​លោក​ណៃ សុខន្ដរ៉ា ចាប់​ផ្តើម​​ចិញ្ចឹម​សត្វ​ប្លែកៗជា​ច្រើន ដូច្នេះ​ហើយ​ទើប​បាន​ជា​ធ្វើ​ឲ្យ​លោក​មាន​មនោសញ្ជេតនាជា​មួយ​នឹង​សត្វ​ជា​ខ្លាំង​ហើយ​ជំរុញ​ឲ្យ​ផុស​គំនិត​ក្នុង​ការ​ធ្វើ​ជាទី​ធ្លា​មួយ​ដែល​មាន​ទំហំ​សមល្មម​សម្រាប់​ឱ្យ​សត្វ​ទាំង​នោះ​អាច​រត់​ប្រឡែង​គ្នា​លេង​បាន​យ៉ាង​សប្បាយ​រីក​រាយ។

ចង់​ដឹង​ច្បាស់​ថា​លោក​មាន​ទស្សនៈ​យ៉ាង​ណា​ក្នុង​ការ​បង្កើត Zoo Café ឬ​ហាង​កាហ្វេ​ដែល​បណ្ដុំ​ទៅ​សត្វ​ចិញ្ចឹម​ប្លែកៗ​នោះ សូវរីន បាន​ជួប​សម្ភាសន៍​ជា​មួយ​ស្ថាបនិក​រូប​នោះ​ដែល​មាន​ខ្លឹមសារដូច​ខាង​ក្រោម​នេះ។

         លោក ណៃ សុខន្ដរ៉ា ស្ថាបនិក​នៃ Zoo Café បាន​ប្រាប់​ឲ្យ​ដឹងថា ការ​បើក​ហាង​កាហ្វេ​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​សត្វ​ជា​ច្រើន​ប្រភេទ​នេះ​គឺ​ដោយ​សារតែ​លោក​ជា​អ្នក​ស្រលាញ់​សត្វ​និង​ចង់​បង្កើត​ជា​ផ្ទះ​ទី​ពីរ​សម្រាប់​សត្វ​ចិញ្ជឹម​របស់​លោក។ លោក ណៃ សុខន្ដរ៉ា​បាន​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា ៖ «មូល​ហេតុ​ដែល​ខ្ញុំ​បាន​បើក Zoo Café នេះ​គឺ​មិន​មែន​មកពី​ការ​ធ្វើ​អាជីវកម្ម​​ដើម្បី​​ទាក់​ទាញ​​នោះ​ទេ គឺទី​មួយ​ដោយ​សារតែ​ខ្ញុំ​ជា​អ្នក​ស្រលាញ់​សត្វ​ប្លែកៗជា​យូរ​មក​ហើយ ហើយ​ទី​ពីរ​ដោយ​សារតែ​នៅ​ផ្ទះ​មាន​ទីធ្លា​មិន​សូវ​ធំ​សម្រាប់​ឲ្យ​ពួក​វាប្រឡែង​គ្នា ហើយ​ស្រប​ពេល​ដែល​លោក​បាន​រៀន​ជំនាញ​ក្នុង​ការឆុង​កាហ្វេ​ពី​ប្រទេស​ថៃ​ផង​នោះ បាន​អន្ទង​ចិត្ត​របស់​លោក​ឱ្យ​បើក​Zoo Café នេះ​ឡើង​ដែល​បណ្ដុំ​ទៅ​ដោយ​សត្វ​ចម្រុះ​នៅ​ក្នុង​នោះ ដើម្បី​បង្កជា​បរិយាយកាស​មួយ​បែប​ដែល​ភ្ញៀវ​មិន​ធ្លាប់​បាន​ជួប​ប្រទះពី​មុន​មក»។ ស្ថាបនិក Zoo Caféរូប​នេះ​ក៏​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា សត្វ​ភាគ​ច្រើន​គឺ​បាន​នាំ​ចូល​មកពី​ប្រទេស​ថៃ។

         Zoo Café មិន​ត្រឹម​តែ​មាន​សត្វ​ជា​ច្រើន​ដែល​អាចប្រឡែង​លេង​ជា​មួយ​យើង​នោះ​ទេ ប៉ុន្តែ​ហាង​កាហ្វេ​ដែល​សម្បូរ​ទៅ​ដោយ​សត្វ​ជា​ច្រើន​នេះ​ក៏​បម្រើ​នូវ​កាហ្វេ​ដែល​មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត Zoo Café ក៏​មាន​ការ​រៀបចំ​ហាង​គួរ​ឲ្យ​​ទាក់​ទាញ​​និង​ប្រកប​ដោយ​សិល្បៈ​និយម​ជា​មួយ​នឹង​រូប​សត្វ​ជា​ច្រើន​ទៀត​ផង។ សូម​បញ្ជាក់​​ផង​ដែរ​ថាZoo Café​មាន​អាស័យដ្ឋាន នៅ​ខាង​ក្រោយ​​វិទ្យា​ល័យ​ទួលទំពូង នឹង​​ចាប់​ផ្តើម​​បើក​ទ្វារ​ស្វាគមន៍​អ្នក​ដែល​ស្រលាញ់​សត្វ​ទាំង​អស់​ពី​ម៉ោង ៧ ព្រឹក រហូត​ដល់​ម៉ោង ៨យប់ជារៀង​រាល់​ថ្ងៃ​ជា​មួយ​នឹង​តម្លៃ​កាហ្វេ​សមរម្យ​ដែល​យើង​អាច​ទទួល​យក​បាន៕

Article by KEO SONG


SUGGESTIONS