×

រំឭក​ជីវ​ប្រវត្តិ​ និង​ស្នា​ដៃសិល្បៈ​របស់​អ្នក​ម្នាង​ អ៊ុក​ ផល្លា​ រណឫទ្ធិ​ អតីត​តួឯកអប្សរាស​ទី៥​ របស់​កម្ពុជា​

NEWS 6 years ago
 
 

          អ៊ុក ផល្លា ជា​ព្រះ​នាម​ដើម​របស់​អ្នក​ម្នាង​​ អ៊ុក​​ ផល្លា រណឫទ្ធិ ព្រះ​ជាយា​នៃ​សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ហើយ​ដែល​ត្រូវ​បាន​មហា​ជន​ខ្មែរ​ស្គាល់​ថាជា​អតីត​នាដការបាំអប្សរា​ដ៏​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សម្លេង​កាលពី​ខ្ទង់ ២០ឆ្នាំ​ប្លាយ មុន។  ប្រជាជន​ខ្មែរ​ទាំង​មូល​បាន​ភ្ញាក់​ផ្អើល​រន្ធត់ជាពន់ពេក​ចំពោះ​ដំណឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ត្រង់​ចំណុច ភូមិ​អូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ ដែល​បាន​កើត​ឡើង​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ ហើយ​បណ្តាល​ឲ្យ​អ្នក​ម្នាង ផល្លា រណឫទ្ធិ បាន​សុគត​បាត់​បង់​ព្រះ​ជន្មាយុ​គួរ​ឲ្យ​សោក សង្រេងជាពន់ពេក។ ក្នុង​វេលា​ដ៏​ក្រៀម​ក្រំ​នៃ​មរណ​ទុក្ខ​នេះ ទស្សនា​វដ្តី​អេឡិចត្រូនិច​សូវរីន​សូម​ឆ្លៀត​ឱកាស​នេះ​គាស់កកាយរំឭក​ឡើង​វិញ​នូវ​ព្រះ​រាជជីវប្រវត្តិ​និង​ស្នា​ព្រះ​ហស្ថ​ដ៏​ធំ​ធេង​របស់​ទ្រង់​ក្នុង​វិស័យសិល្បៈ​របាំ​ខ្មែរ​ជូន​សាធារណជន​ឲ្យ​បាន​ជ្រាបដូចត​ទៅ៖

          អតីត​តួឯកអប្សរាស អ៊ុក ផល្លា មាន​ឈ្មោះ​ហៅ​ក្រៅ​ថា ស្រី​ពេជ្រ ប្រសូត្រ​នៅ​ទី​ក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​មមែ នៅ​ថ្ងៃ ទី២៧ ខែ​កក្កដា ឆ្នាំ១៩៧៩ ហើយ​គិត​មក​ដល់​សព្វ​ថ្ងៃ​នេះ​អ្នក​ម្នាង​មាន​ជន្មាយុ ៣៩​ព្រះ​វស្សា គិត​មក​ត្រឹម​ឆ្នាំ​២០១៨ នេះ។ បិតា​អ្នក​ម្នាង​ជាប់​សែស្រឡាយ រាជវង្ស “​ស៊ី​សុវត្ថិ” ឯ​មាតា​នាម សុខ ស៊ី​ដេត សព្វ​ថ្ងៃ​មាន​អាយុ​៧៥ ឆ្នាំ។ អ្នក​ម្នាង​មាន​បងប្អូនបង្កើត​សរុប​ចំនួន​០៨ នាក់ (ប្រុស​២​នាក់ ស្រី៦​នាក់) ហើយ​អ្នក​ម្នាង​ជាបុត្រទី៥​នៅ​ក្នុង​គ្រួសារ។ កាលពី​កុមារ​ភាព ក្នុង​ឆ្នាំ​១៩៩០ អ្នក​ម្នាង អ៊ុក ផល្លា បាន​ចូល​ហាត់​រៀន​របាំ​បុរាណ​ខ្មែរ​នៅ​សាលា​វិចិត្រសិល្បៈ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ម្តុំស្តាត​ចាស់​សព្វ​ថ្ងៃ (បច្ចុប្បន្ន​គ្មាន ទៀត​ទេ) ។ បើ​តាម​ការ​អះអាង​ផ្ទាល់​របស់​មាតា​ទ្រង់ ដំបូង​ឡើយ​អ្នក​ម្នាង​បាន​ហាត់​សម្តែង​ជាតួនាយរោងទេ ប៉ុន្តែ​ដោយ សារតែ​រូបសម្បតិ្ត គួបផ្សំ​នឹង​ទេពកោសល្យ​ផ្នែក​សិល្បៈ​ដ៏ ល្អ​ប្រពៃ​របស់​ទ្រង់​ធ្វើ​ឲ្យ​សម្តេច​ព្រះ​រាជ​បុត្រី​ព្រះ​រៀមនរោត្តម បុប្ផា​ទេវី​សព្វ​ព្រះ​រាជហឫទ័យជាពន់ពេក​រហូត​ត្រាស់ បង្គាប់​ឲ្យ​សិល្បការិនី អ៊ុក ផល្លា សម្តែង​ជាតួអប្សរាស​វិញ កាលពី​ពាក់​កណ្តាល​ទសវត្សរ៍​ទី៩០ ក្រោយ​ពេល​ដែល​អ្នក​ម្នាង​ត្រឡប់​ពី​ចូល​រួម​សម្តែង​​ក្នុង​កម្មវិធី​​មួយ​នៅ​ប្រទេស ជប៉ុន ។  ទ្រង់​ក៏​ចាប់​ផ្តើម​មាន​ឈ្មោះ​បោះ​សម្លេង​ល្បីខ្ទរខ្ទារ​ខ្លាំង​ជាប់​ជាតួឯកអប្សរា​ជំនាន់​ទី៥ ប្រទេស​កម្ពុជា​ចាប់​តាំង ពី​ពេល​នោះ​មក។ សូម​បញ្ជាក់​ថា តួឯកអប្សរាស តំណាង​ប្រទេស​កម្ពុជា​ដែល​ល្បីល្បាញ​មុន​អ្នក​ម្នាង រួម​មាន សម្តេច ព្រះ​រាជ​បុត្រី​ព្រះ​រៀមនរោត្តម បុប្ផា​ទេវី (តាំង​ពី​ដើម ទ.វទី៦០) សិល្បការិនី សេង ស្រីមុំ (ទ.វ.ទី៦០) សិល្បការិនី វ័ន សាវ៉ៃ (ពាក់​កណ្តាល​ទ.វ.ទី៦០ និង ដើម​ទ.វ.ទី៧០) និង សិល្បការិនី យឹម ទេវី (ទ.វ.ទី៨០) ។ ក្នុង​ជីវិត​ជានាដកា អ្នក​ម្នាង​ធ្លាប់​មាន​ឱកាស​ចេញ​ទៅ​សម្តែង​​តំណាង​ជាតិ​នៅ​តាម​បណ្តា​ប្រទេស​នានា​ទូ​ទាំង​ពិភព​លោក ដូចជា ប្រទេស បារាំង ប្រទេស​ជប៉ុន និង សហរដ្ឋ​អាមេរិក ជា​ដើម។ អ្នក​ម្នាង​មាន​បុត្រ​ចំនួន​ពីរ​ព្រះ​អង្គគឺ ព្រះ​អង្គ​ម្ចាស់​នរោត្តម សុធាឫទ្ធិ និង ព្រះ​អង្គ​ម្ចាស់ នរោត្តម រណវង្ស ដែល​ព្រះ​អង្គ​ទាំង​ពីរ​​នៅ​មាន​ព្រះ​ជន្ម​ក្មេងៗ​នៅ​ឡើយ។

Image courtesy: John Vink

          ក្រៅ​ពី​ជំនាញ​ឯកទេសរបាំអប្សរា និង របាំសុវណ្ណមច្ឆា អ្នក​ម្នាង​ក៏​ធ្លាប់​ចូល​រួម​សម្តែង​ជាតួឯក​ក្នុង​ខ្សែ​ភាពយន្ត ស្នា​ព្រះ​ហស្ថ​មួយ​រឿង​របស់​សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ គឺ​រឿង “រាជបុរី” ដែល​បាន​ផលិត​កាលពី​ឆ្នាំ​២០០១ ដែល​មាន​តួឯក​ប្រុស​គឺ​លោក ជា សំណាង។ រឿង​នោះ​និយាយ​អំពី​ស្នេហាស្មោះស​រវាង​នាដការបាំអប្សរាម្នាក់​ឈ្មោះ​ “ផល្លា” និង មគ្គុទ្ទេស​ក៏​ទេសចរ​នៅ​តំបន់​អង្គរ​ម្នាក់​ឈ្មោះ “​សំណាង​” ព្រម​ទាំង​ឆ្លុះបញ្ចាំង​អំពី​ការ​បង្ក្រាប​សកម្មភាព ជួញដូរ​វត្ថុ​បុរាណ​នៃ​ជនទុច្ចរិត​បំផ្លាញ​ជាតិ។ នេះ​ជាមត៌កភាពយន្តតែ​មួយ​គត់​ដែល​អ្នក​ម្នាង​បាន​ចូល​រួម​ក្នុង​ឆាក​ជីវិត។

          លោក​សាស្រ្តាចារ្យ ព្រឿង ឈាង ទី​ប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ជា​អតីត​សាកល​វិទ្យា​ធិការរង​នៃ​សាកល​​វិទ្យា​ល័យ​ភូមិ​ន្ទ​វិចិត្រសិល្បៈ (ទស្សនា​វដ្តី​ប្រជាប្រិយ ២០០៥) ធ្លាប់​មាន​ប្រសាសន៍​ថា “បើ​ទោះ​បីជា​អ្នក​ម្នាង អ៊ុក ផល្លា មាន​បុត្រ​ក៏​ដោយ ក៏​នាង​នៅតែ​មាន​រូបរាងល្វត់ល្វន់សមសួន​ដ​ដែល ហើយ​លើស​ពី​នេះ​គឺ​នាង​នៅ​តែ​រក្សា​ក្បាច់រាំ​បាន​ល្អ​ដែល​ពិបាក​រក​អ្នក ប្រដូច...”។

Image courtesy: John Vink    

          កញ្ញា ចំរើន សុភា និស្សិត​របាំ​ប្រពៃណី​ជំនាន់​ទី១១ នៃ​សាកល​​វិទ្យា​ល័យ​ភូមិ​ន្ទ​វិចិត្រសិល្បៈ បាន​សម្តែង មរណ​ទុក្ខ ថា “​ក្នុង​នាមជាសិល្បការិនីម្នាក់ នាង​ខ្ញុំ​ពិត​ជា​សោកស្តាយ​មែន​ទែន​ចំពោះ​ការ​បាត់​បង់​អ្នក​ម្នាង អ៊ុក ផល្លា  ក្នុង​ជន្មាយុ​វ័យ​ក្មេង​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍។ វាជា​ហេតុ​ការណ៍​ដ៏​រន្ធត់! (ខ្ញុំ) មិន​នឹកស្មាន​ថាវា​ធ្វើ​ឲ្យ​អ្នក​ម្នាង​បាត់​បង់ ជីវិត​នោះ​ទេ។ ខ្ញុំ​សូម​ឲ្យ​វិញ្ញាណក្ខ័ន្ធ​អ្នក​ម្នាង​បាន​យាង​ទៅ​កាន់​សុគតិភពកុំបីឃ្លាងឃ្លៀត​ឡើយ។”

          សិល្បការិនីរូប​នេះ​បាន​បន្ត​ថា ប្រទេស​កម្ពុជា​បាន​បាត់​បង់វរសិល្បការិនី​ដ៏​ឆ្នើម​មួយ​រូប​ដែល​ល្បីល្បាញ ខាង​សិល្បៈ​ទម្រង់​បុរាណ និង ជានាដកាម្នាក់​ដែល​តំណាង​ស្រ្តី​ខ្មែរ ព្រោះ​អ្នក​ម្នាង​មាន​រូបឆោមលោម​ពណ៌​ស្រស់ សោភា គួបផ្សំ​នឹង​ភាពទន់ភ្លន់ល្វត់ល្វន់​ឥតខ្ចោះ​ក្នុង​ការ​សម្តែង។ មិន​ត្រឹម​តែប៉ុន​នោះ អ្នក​ម្នាង​ជានិ​មិត្ត​រូប​ដ៏​ធំ​មួយ ក្នុង​ប្រវត្តិសិល្បៈរបាំ​ខ្មែរ​ដែល​ធ្វើ​ឲ្យ​មហា​ជន​ជាតិ​ និង​អន្តរជាតិ​ចាប់​អារម្មណ៍​ខ្លាំង​មកលើរបាំអប្សរា និងជំរុញ​ឲ្យ​កូនខ្មែរ​ជំនាន់​ក្រោយ​ដែល​ស្រលាញ់​វិស័យ​នេះ​ខិតខំ​ប្រឹង​ប្រែង​ហាត់​រៀន​តាម​គម្រូវីរិយភាព​របស់​អ្នក​ម្នាង៕

Article by SRIN SOKMEAN


SUGGESTIONS