×

រឿង​ភាគ​ទូរទស្សន៍​ដែល​ផលិត​ចេញ​ពី​សៀវភៅ​ប្រលោម​លោក​របស់​ម៉ានិត បេសកកម្ម​មួយ​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី០២ ខែ​កក្កដា​

NEWS 6 years ago
 
 

​          ក្រោយ​ពីរ​ង់ចាំ​ប្រហែល​២ឆ្នាំ រឿង​ភាគ​ទូរទស្សន៍​ដែល​ផលិត​ចេញ​ពី​សៀវភៅ​ប្រលោម​លោក​ដ៏​ល្បីល្បាញ​របស់ ម៉ានិត, បេសកកម្ម​មួយ បាន​ប្រកាស​ថ្ងៃ​ចាក់​បញ្ចាំងជា​ផ្លូវ​ការ​ហើយ កាលពី​ល្ងាច​ថ្ងៃ​សុក្រទី២២​នេះ នៅ​រោងភាពយន្ត Major Cineplex ផ្សារ​ទំនើប​អ៊ីអន១។ រឿង​ភាគ​ទូរទស្សន៍​ដែល​មាន​៣៥ភាគ​នេះ សហការ​ផលិត​ដោយ ផលិត​កម្ម Studio 4 និង​ស្ថានីយ៍​ទូរទស្សន៍ My TV.

​          នៅ​ក្នុង​ពិធី​សម្ពោធ​នោះ មាន​ការ​ចូល​រួម​ពី​ផលិត​ករ អ្នក​និពន្ធ អ្នក​ដឹក​នាំ​ភាពយន្ត តួ​សម្តែង​ និង​ក្រុម​ការ​ងារ​ផលិត​ទាំង​អស់​របស់​រឿង​ភាគ​វាយ​ប្រហារ​បែប​យុវ​វ័យ​នេះ។

​          លោក ហ៊ត់ រ៉ាវី ដែល​ជា​អ្នក​ដឹក​នាំ​រឿង អ្នក​តម្លើង​រូបភាព និង​សំឡេង និង​ជា​អ្នក​និពន្ធ​អត្ថបទ​ភាពយន្តម្នាក់​ក្នុង​ចំណោម​៤​នាក់ បាន​និយាយ​ថា «ខ្ញុំ​ជឿ​ជាក់​លើ​រឿង​ភាគ​ទូរទស្សន៍​ថ្មី​មួយ​នេះ​នឹង​នាំ​អារម្មណ៍​ទស្សនិកជន​កម្ពុជា​ទៅ​កាន់​ពិភព​ថ្មី​ដែល​ជា​និយម​ន័យ​របស់​រឿង​ភាគ​ទូរទស្សន៍​ព្រោះ​គ្រប់​ផ្នែក​របស់​រឿង​ភាគ​នេះ ក្រុម​ផលិត​បាន​យក​ចិត្ត​ទុក​ដាក់ និង​សម្រិត​សម្រាំង​គុណភាព​ខ្លាំង​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន មិន​ថា​អត្ថបទ​ភាពយន្ត ទី​កន្លែង តួ​សម្តែង​ និង​បច្ចេកទេស​តម្លើង​រូបភាព និង​សំឡេង នោះ​ឡើយ។ លើស​ពី​នេះ​ទៀត ដោយ​វា​គឺជា​រឿង​ភាគ​បែប​វាយ​ប្រហារ ស៊ើប​អង្កេត និង​ស្នេហា​បែប​យុវ​វ័យ តួ​សម្តែង​ភាគ​ច្រើន​សុទ្ធ​តែ​ទទួល​បាន​ការ​ហ្វឹកហាត់​របៀប​វាយ​តប់ពី​អ្នក​ជំនាញ​យ៉ាង​ច្បាស់​លាស់។ ក្រៅ​ពី​នោះ​ទៀត ទេពកោសល្យ​សម្តែង​ និង​រូបសម្បត្តិ​របស់​​ពួក​គាត់​​នឹង​ធ្វើ​ឱ្យ​ទស្សនិកជន​លាន់មាត់ថា តួ​សម្តែង​​ថ្មីៗ​ទាំង​នេះ​ពិត​ជាសក្តិសម​សម្រាប់​ប្រលោម​លោក​មួយ​នេះ​មែន។»

​          រឿង​ភាគ បេសកកម្ម​មួយ នឹង​បញ្ចាំង​លើក​ញ្ចក់​ទូរទស្សន៍ My TV នៅ​ថ្ងៃ​ទី០២ ខែ​កក្កដា ចាប់​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​ព្រហស្បត្តិ៍ វេលា​ម៉ោង​០៧យប់ត​ទៅ។ រឿង​នេះ​និពន្ធ​អត្ថបទ​ភាពយន្ត​ដោយ លោក ហ៊ត់ រ៉ាវី កញ្ញា ចាន់ ស៊ី​ណេត លោក ប៊ុន ចាន់ពិសី និង​លោក ម៉ុង ម៉ានិត ដោយ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើសៀវភៅប្រលោម​លោក បេសកកម្ម​មួយ។  

​          នៅ​ឆ្ងាយ​ពីឆាក​បន្តិច​ កញ្ញា ចាន់ ស៊ី​ណេត ដែល​ជា​អ្នក​និពន្ធស្រ្តីម្នាក់​ក្នុង​រឿង​ភាគ​នេះ​បាន​និយាយ​ថា «ឈុត​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត​គឺ​ពេល​ឆាម និង​ម៉ូកា ឈ្លោះ​គ្នា ហើយ​បន្ទាប់មក​យល់​ច្រឡំលើ​គ្នា។ ពេល​នោះ ឆាម​បាន​កុហកម៉ូកាថា ខ្លួន​មិន​ដឹងពី​គម្រោង​អាវុធ​នុយក្លេអ៊ែរ​ទេ តែ​តាម​ពិត គេ​បាន​ដឹង​ពីរឿង​នេះ។» ចំណែក​លោក ប៊ុន ចាន់ពិសី វិញ បាន​លើក​ឡើង​ពីឈុត​ដែល​លំបាក​សរសេរ​ជាង​គេថា «ឈុត​ដែល​ពិបាក​សរសេរ​ជាង​គេគឺ ឈុត​ដែល​តួស្រី​បាត់​បង់ការទុក​ចិត្ត​ពីតួ​ប្រុស។ វា​គឺជា​ឈុត​មួយ​ដែល​និយាយ​ពី​ចិត្ត​សាស្ត្រ​របស់​មនុស្ស។ ខ្លួន​ឯង​ជជែកជា​មួយ​ចិត្ត​ខ្លួន​ឯង លើ​ចិត្ត​ពីរ​ដែល​ខ្វែង​គ្នា។ ពេល​នោះ​អាណិតតួស្រី​ខ្លាំង​ណាស់​!»

​          ចំណែក​ឯ ម៉ានិត​ពោល​ដោយ​ស្នាម​ញញឹម​ជានិច្ច ម៉ានិតថា «នៅ​ថ្ងៃ​ទី២ ខែ​កក្កដា ខ្ញុំ​នឹង​អង្គុយ​មុខ​ទូរទស្សន៍ ចាំ​មើល​រឿង​ភាគ​នោះ តើ​ពេល​ផលិត​ចេញ​ជា​រូបភាព​នឹង​មាន​លក្ខណៈ​​ពិសេស​អ្វី​ខ្លះ?»

​          ត្រឡប់​ក្រោយ​បន្តិច​ ក្រោយ​ពេល​ប្រលោម​លោក បេសកកម្ម​មួយ ចេញ​លក់ ម៉ានិត បាន​ដាក់​ពាក្យ​ធ្វើ​ការជា​អ្នក​និពន្ធ​អត្ថបទ​នៅ​ផលិត​កម្ម Studio 4 ដើម្បី​ទទួល​បាន​ចំណេះដឹង​បន្ថែម​ទាក់​ទង​នឹង​ការ​សរសេរ​ភាពយន្ត តែ​រឿង​នឹកស្មាន​មិន​ដល់ Studio 4 បាន​ជ្រើសរើស​ទាំង​ម៉ានិត និង​ប្រលោម​លោក​របស់​គាត់​ដើម្បី​ផលិត​ជាភាពយន្តតែ​ម្តង។ ពោល​ដោយ​រំភើប ម៉ានិតថា «សុបិន្ត​ថ្មី​របស់​ខ្លួន​កាន់​តែ​បង្ហាញ​ខ្លួន​យ៉ាង​ច្បាស់​លើវិថីសិល្បៈ​នេះ​ហើយ។»

​          រឿង​ភាគ បេសកកម្ម​មួយ ​ក៏​បាន​បញ្ចូល​បទ​ចម្រៀង​០២បទ​ដែល​ជាស្នា​ដៃ​និពន្ធ​របស់​ម៉ានិត​ផង​ដែរ។ បទទី១ មាន​ចំណង​ជើង​ថា ក្តីសុខ​តិចៗ ច្រៀង​ដោយ​ម៉ានិត និង​បទទី២ បងជា​អ្នក​ណា ច្រៀង​ដោយ កញ្ញា ឆដា។

​          សូម​​បញ្ជា​ក់​ថា សៀវភៅ​ប្រលោម​លោក បេសកកម្ម​មួយ គឺជា​ប្រលោម​លោក​ដំបូង​បំផុត​របស់​ម៉ានិត។ គួរ​ជាទី​រីក​រាយ​បំផុត បេសកកម្ម​មួយ​បាន​ក្លាយ​ទៅ​ជា​សៀវភៅ​ប្រលោម​លោក​ខ្មែរ​បែប​យុវ​វ័យ​ថ្មី​មួយ​ដែល​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ក្នុង​ស្រ​ទាប់យុវ​វ័យ និង​ត្រូវ​បាន​ផលិត​ទៅ​ជា​រឿង​ភាគ​ទូរទស្សន៍។ រហូត​មក​ដល់​ពេល​នេះ ម៉ានិត និពន្ធ​សៀវភៅ​ប្រលោម​លោក​បាន​ចំនួន​៤ ចំណង​ជើង។ ប្រលោម​លោក​ចុង​ក្រោយ​បំផុត​របស់​គាត់​គឺ ស្តេច​ម៉ែ​ស្តេច​កូន ហើយ​ឆាប់ៗ​ខាង​មុខ​នេះ ម៉ានិត​ក៏​ត្រៀម​នឹង​បញ្ចេញ​ស្នា​ដៃ​ថ្មី​របស់​គាត់​ជា​បន្ត​បន្ទាប់​ចំនួន​២ចំណង​ជើង​ទៀត​ផង​ដែរ។ តើប្រលោម​លោក​ណា​ទៀត​ដែល​នឹង​ត្រូវ​បាន​ផលិត​ចេញ​ជាភាពយន្ត​បន្ត?

Article by SVAY LEEMENG


SUGGESTIONS