Miss Apsara Barbie ឬតុក្កតា២៥ខេត្ត រាជធានី វេទិកាបង្អួតធនធាន និងព្រេងនិទាន តាមរយៈសម្លៀកបំពាក់
FASHION & BEAUTY 6 years agoគ្រប់២៥រាជធានីខេត្តរបស់ព្រះរាជាណាចក្រកម្ពុជាសុទ្ធតែមានធនធាននិងព្រេងនិទានដាច់ដោយឡែកពីគ្នា។ ដោយមើលឃើញចំណុចនេះ និងចង់គាស់កកាយព្រេងនិទានទាំងនោះទុកជាចំណេះដឹងផងនោះ បានជម្រុញឲ្យយុវជនម្នាក់បានកែច្នៃព្រេងនិទានទាំងនោះតាមទម្រង់សម្លៀកបំពាក់ ដើម្បីបង្ហាញដល់សាធារណៈជនក្នុងកម្មវិធី Miss Apsara Barbie ឬតុក្កតា២៥ រាជធានីខេត្ត។
តើដំណើរការនៃការរចនាឈុត២៥រាជធានីខេត្តក្នុងកម្មវិធីប្រកួតនោះប្រព្រឹត្តទៅយ៉ាងដូចម្តេច?
យុវជន ជៀប ស៊ីបូរ៉ា អាយុ២៥ឆ្នាំ បាននិយាយថា «ខ្ញុំគឺជាអ្នករចនានិងតុបតែងសម្លៀកបំពាក់សម្រាប់តុក្កតាទាំងនោះ។ ឆ្នាំនេះគឺជាឆ្នាំទី២នៃការប្រកួតប្រជែងនេះ។»
ជៀប ស៊ីបូរ៉ា
កម្មវិធី Miss Apsara Barbie ឬតុក្កតា២៥រាជធានីខេត្ត គឺជាវេទិកាប្រកួតម៉ូដស្តីពីធនធាន និងព្រេងនិទានរបស់រាជធានីខេត្តទាំង២៥ដោយតុក្កតាជ័រ។ ការប្រកួតនេះត្រូវបានដាក់ពិន្ទុតាមរយៈការ Like Comment និង Share របស់សាធារណជនលើបណ្តាញសង្គមហ្វេសប៊ុក។ ហើយពានរង្វាន់មានចំនួន០២គឺ ពានឈុតតំណាងជាតិ និងពានកញ្ញាឯកប្រចាំឆ្នាំ (ស្លៀកឈុតរាត្រី និងម្កុដ)។ កាលពីឆ្នាំ២០១៧ ពានរង្វាន់កញ្ញាឯកបានទៅលើខេត្តបាត់ដំបង។
មូលហេតុ ដែលជម្រុញឲ្យយុវជនវ័យ ២៥ឆ្នាំនេះសម្រេចចិត្តធ្វើតុក្កតាជ័រនេះឡើង ជៀប ស៊ីបូរ៉ា បានប្រាប់ថា «ព្រោះចង់បង្ហាញពីអត្តសញ្ញាណរបស់រាជធានីខេត្តនីមួយៗដល់យុវជនជំនាន់ក្រោយឱ្យបានដឹង។ ចាស់បុរាណខ្មែរពូកែណាស់។ ពួកគាត់បង្កើតព្រេងនិទានពីតំបន់នីមួយៗដោយយោងទៅលើធនធានធម្មជាតិ និងវប្បធម៌របស់ប្រជាជនបានយ៉ាងល្អ។ លើសពីនេះទៀត ក៏ដូចជាការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដែលមានក្នុងខេត្តនីមួយៗផងដែរ។ យើងដឹងហើយថា សម័យនេះទំនើប និងស៊ីវិល័យយ៉ាងណា ដូច្នេះ ការបញ្រ្ជាបចំណេះដឹងតាមរយៈការកែច្នៃសម្លៀកបំពាក់គឺជាជម្រើសដ៏ល្អមួយសម្រាប់ខ្ញុំដែលជាអ្នកចូលចិត្តការងាររចនាម៉ូដនេះឡើង។»
បូរ៉ាបានចាប់ផ្តើមការងាររចនាម៉ូដនេះ ជិត០៨ឆ្នាំ (២០១១)មកហើយ តែបានបោះបង់ចោល០២ឆ្នាំទៅវិញ។ រហូតដល់ឆ្នាំ២០១៣ ទើបបូរ៉ាបានចាប់ផ្តើមធ្វើឡើងវិញ។
ការវិលត្រឡប់មកសារជាថ្មីនេះ បូរ៉ា បន្តថា «ខ្ញុំចង់ច្នៃឈុតនានាឱ្យប្លែកជាងមុន ព្រោះខ្ញុំសម្គាល់ឃើញថា ឈុតមួយចំនួនមានរូបរាងជាន់គ្នា និងមិនសូវប្លែក។ ហើយស្របពេល មួយរយៈចុងក្រោយនេះ សាធារណជនខ្មែរតែងតែមានគំនិតមិនស្របគ្នាលើនិយមន័យរបស់ឈុតតំណាងជាតិដែលបវរកញ្ញាខ្មែរពាក់បង្ហាញលើវេទិកាប្រកួតអន្តរជាតិផងនោះ ខ្ញុំក៏សម្រេចចិត្តធ្វើវាតែម្តងទៅ។ និយាយនេះមិនមែនខ្ញុំគិតថា អ្នកដទៃធ្វើមិនបានល្អនោះទេ តែនេះគឺជាការសង្កេតទូទៅរបស់ខ្ញុំ។»
ភ្ជាប់នឹងអំណះអំណានខាងលើ បូរ៉ា ថា «ឈុតតំណាងជាតិមួយគួរបង្ហាញពីអត្តសញ្ញាណនៃវប្បធម៌ជាតិ និងភាពច្នៃប្រឌិតថ្មីឱ្យបានសមរម្យបំផុត។ ឧទាហរណ៍ ឈុតដែនដីកសិកម្ម របស់ខេត្តបាត់ដំបង ខ្ញុំបានយកព្រះប្រពៃស្រព ដែលជាអាទិទេពខាងកសិកម្ម និងកណ្តៀវមកបញ្ចូលគ្នាជាមួយនឹងឈុតប្រពៃណី។ ពេលឃើញកណ្តៀវ ច្បាស់ណាស់ យើងនឹងនឹកឃើញដល់ការច្រូតកាត់លើវាលស្រែដាច់កន្ទុយភ្នែករបស់ខេត្តបាត់ដំបងជាក់ជាមិនខាន។»
តាមរយៈឈុតទាំង២៥ ដែលបានផ្សព្វផ្សាយនាពេលថ្មីៗនេះ បូរ៉ា បានអះអាងដោយរីករាយថា «មតិសាធារណជន៩៨ភាគរយគឺពេញចិត្តម៉ូដនៅរដូវកាលទី២នេះខ្លាំងណាស់ ហើយ មានតែ២ភាគរយទេ ដែលគាត់បានបញ្ចេញមតិរិះគន់ទៅលើមុខមាត់របស់តុក្កតាថាមិនដូចមុខខ្មែរ ពណ៌សក់មិនខ្មៅ និងម៉ូដខ្លះស៊ិចស៊ី ឬសុភាពពេក ជាដើម។»
បើតាមបូរ៉ា ការរចនាឈុតទាំង២៥ នេះគឺជាជោគជ័យថ្មីសម្រាប់ខ្លួនដែលជាអ្នករៀបចំកម្មវិធី និងរចនាម៉ូដ។ តែភ្ជាប់នឹងភាពជោគជ័យនេះ បូរ៉ា ថា ខ្លួនក៏ត្រូវពុះពារការលំបាកជាច្រើនផងដែរ។ បូរ៉ា ថា «ខ្មែរគ្មានផលិតតុក្កតាខ្លួនឯងទេ។ ដូច្នេះ មុខ ពណ៌សក់ និងពណ៌រាងកាយរបស់តុក្កតា មិនអាចដូចខ្មែរបាន១០០%ទេ។ ខ្ញុំលំបាករកទិញក្រណាត់ទៅតាមម៉ូដដែលចង់ប្រើ។ ហើយការកាត់ដេរ ប៉ាក់ និងឌិន ត្រូវប្រើពេលយូរ ព្រោះជារបស់តូចៗ។ លើសពីនេះទៀត ការធ្វើម្កុដក៏មិនងាយស្រួលដែរ។ ជួនកាលមើលទៅថា សម តែពេលពាក់ ត្រូវធ្វើឡើងវិញក៏មានដែរ។ ហើយផលលំបាកធំមួយទៀតនោះ គឺបញ្ហាថវិកា។ ខ្ញុំចាយលុយខ្លួនឯងទាំងអស់។ តែព្រោះស្រឡាញ់ ខ្ញុំក៏ចេះតែបន្តធ្វើរហូតមក។»
សព្វថ្ងៃ បូរ៉ា ធ្វើការនៅក្រុមហ៊ុនឯកជនមួយ។ ពេលទំនេរ បូរ៉ាចូលចិត្តច្នៃម៉ូដខោអាវ។ ជៀប ស៊ីបូរ៉ា ក៏ធ្លាប់បានយកស្នាដៃរបស់ខ្លួនតាំងពិព័រណ៍នៅតាមព្រឹត្តិការណ៍វប្បធម៌និងម៉ូដខោអាវនានាផងដែរ។ គម្រោងអនាគតរបស់ បូរ៉ា គឺនឹងបន្តការងាររចនាម៉ូដ និងកម្មវិធីប្រកួតតុក្កតានេះជាប់ជានិច្ច បើទោះជាខ្លួនត្រូវធ្វើវាតែម្នាក់ឯងទៀតក៏ដោយ។ ហើយ លោក ក៏បានសម្តែងសុទិដ្ឋិនិយមថា ខ្លួនក៏នឹងរង់ចាំការសហការពីអ្នកស្រឡាញ់វប្បធម៌ និងសម្លៀកបំពាក់ពីគ្រប់ទីកន្លែងលើគម្រោងការណ៍វប្បធម៌និងសម្លៀកបំពាក់នេះផងដែរ។
កម្មវិធី Miss Apsara Barbie នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី០៧ ខែកក្កដា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ លើ Facebook Page: Miss Apsara Barbie៕
Article by SVAY LEEMENG