×

តើ​នឹង​មាន​អ្វី​ពិសេស​សម្រាប់​លេខ​ថ្មី​របស់​ទស្សនា​វដ្តី សូវរីន នៅ​ខែ​កក្កដា​នេះ?

FASHION & BEAUTY 4 months ago
 
 

          សម្រាប់​រដូវ​រំ​ហើយ​ឈាន​ចូល​មក​ដល់​នេះ​គ្រប់​ម៉ាក​ទាំង​អស់​បាន​បញ្ចេញ​នូវ​ខូឡិកហ្សិន​ថ្មី​របស់​ខ្លួន​យ៉ាង​ព្រោងព្រាត​នៅ​លើទី​ផ្សារ​មិន​ថាប៉ែក​អាស៊ី​​ឬ​អឺរ៉ុប​នោះ​ទេ! ជាក់​ស្ដែង​ឱ្យ​តែ​ចូល​ដល់​ពាក់​កណ្ដាល​ឆ្នាំ​នី​មួយៗ រដូវ​កាល​លក់​បញ្ចុះ​តម្លៃ​នូវ​ម៉ូដ​កាលពី​រដូវ​កាល​ចាស់​ក៏​បាន​មក​ដល់ ដែល​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អតិថិជន​ដែល​ចង់​បាន​ទំនិញ​ម៉ាក​ល្អៗ​ដែល​ស្ថិត​ក្នុង​តម្លៃ​មធ្យម​មិន​គួរ​ឱ្យ​ជឿ។

          ជាការ​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​ក្នុង​រដូវ​រំ​ហើយ​នេះ ទស្សនា​វដ្តី សូវរីន ក៏​បាន​ពាំ​នាំ​ និង​បង្ហាញ​នូវ​ម៉ូដហ្វេហ្សិន​យ៉ាង​ទំនើប​ដែល​ចូល​រួម​ដោយ​តារា​បង្ហាញ​ម៉ូដល្បីៗ។ ទន្ទឹម​នឹង​នោះ​ដែរ​ក្នុង​លេខ​ថ្មី​នៃ​ទស្សនា​វដ្តីសូវរីន​ដ៏​ពិសេស​នេះ​យើង​បាន​អញ្ចើញ​អ្នក​នាង ខាត់ សុឃីម ដែល​ជាសិល្បការិនីពហុ​ជំនាញ​បាន​បង្ហាញ​វត្ត​មាន​ជាតារាក្រប​មុខ​នៅ​លើគម្រប​ទស្សនា​វដ្ដី សូវរីន ព្រម​ជា​មួយ​ការ​បង្ហាញ​ស្ទីលថត​ដ៏​គួរ​ឱ្យ​​ទាក់​ទាញ​​បែប​អេឡេហ្គង់។ ជាង​នេះ​ទៅ​ទៀត​នោះ​នៅ​ក្នុង​ទំព័រ SOVRIN TALK ពួក​យើង​ក៏​ចង់​ណែ​នាំ​ប្រិយ​មិត្ត​អ្នក​អាន​ឲ្យ​បាន​ស្គាល់​លោក នូ ស៊ុងអ៊ីល (Noh Sung-il) ដែល​ជាជន​ជាតិ​កូរ៉េ​មួយ​រូប ដែល​បាន​សរសេរ​​ និង​បោះ​ពុម្ព​សៀវភៅ​មួយ​ក្បាល​និយាយ​អំពី “ពុម្ព​អក្សរ​ខ្មែរ​” ដំបូង​គេបង្អស់​មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ។ រឹតតែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ យើង​ក៏​អញ្ជើញ​តារា​ចម្រៀង Original បែប​មនោសញ្ជេតនាលន្លង់លន្លោចដក់​ក្នុង​ក្រអៅ​បេះដូង​យុវ​វ័យ​បច្ចុប្បន្ន​នោះ​គឺ ថេ​ណា ម​ក​ផ្តល់​ជាបទ​សម្ភាសន៍​ផ្តាច់​មុខ​ផង​ដែរ។ ចង់​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​ពីថេណា សូម​ដានជា​មួយ​នឹង​ទំព័រ SOVRIN TALK នៅ​ក្នុង​លេខ​ពិសេស​ខែ​កក្កដា​នេះ។

ថេ​ណា

          រដូវ​វស្សា​បាន​ចូល​មក​ដល់​ព្រះ​ភិរុណបង្អុរមក​កាន់​តែ​ញឹកញាប់ ហើយ​ទឹក​ទន្លេ​ក៏​កាន់​តែ​កើន​កម្ពស់ជារៀង​រាល់​ថ្ងៃ រដូវ​នេះ​ហាក់​ដូចជា​លំបាក​បន្តិច​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ផ្លូវ​ឆ្ងាយ។ សម្រាប់​ទំព័រ​​ទេសចរណ៍​ក្នុង​លេខ​នេះ​សូវរីន សូម​បង្ហាញ​នូវ​ទី​តាំង​សំខាន់ៗ​ដ៏​លេចធ្លោ​ក្នុង​រាជធានី​ភ្នំពេញ​សម្រាប់​ជាទី​កន្លែង​កម្សាន្ត​សម្រាប់​រដូវ​កាល​ដ៏​ត្រ​ជាក់​ត្រជុំ​នេះ​ផង​ដែរ។ តាម​ធម្មតា​នៅ​ពេល​ដែល​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​បាន​ទៅ​កំសាន្ត​នៅ​ឯ​ខេត្ត​សៀមរាប បន្ទាប់ពី​ទស្សនា​តំបន់​ប្រាសាទ​អង្គរ​រួច​មក ទី​កន្លែង​ដែល​គេនឹកភ្នក​និង​បាន​ស្គាល់​ច្បាស់​ជាង​គេ​នោះ​គឺវិថី​កម្សាន្ត​នា​ពេល​រាត្រី Pubstreet ក៏​ប៉ុន្តែ​សម្រាប់​លេខ​ថ្មី​នេះ​សូវរីន​សូម​ណែ​នាំ​​លោក​អ្នក​ឲ្យ​បាន​ស្គាល់​តំបន់​កម្សាន្ត​ប្លែក​មួយ​កន្លែង​ទៀត​នោះ​គឺ Kandal Village។ Kandal Village គឺជា​សហគមន៍​មួយ​ដ៏​គួរ​ឲ្យ​​ទាក់​ទាញ​​បំផុត​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​ហាងចម្រុះជា​ច្រើន ដែល​ជា​គោល​ដៅ​កម្សាន្ត​ថ្មី​នាឯ​ក្រុង​សៀមរាប។

Kandal Village

Monsoon Life

          ចំពោះ​អត្ថបទ​គន្លឹះ​ក្នុង​ការថែ​រក្សា​សុខភាព សូវរីន បាន​បង្ហាញ​ជូន​ពីអត្ថ​ប្រយោជន៍​នៃ​បន្លែ​ម្រះព្រៅ​ដែល​មិត្ត​អ្នក​អាន​មិន​ធ្លាប់​បាន​ជ្រាបពី​មុន​មក​នោះ​ឡើយ។ ការ​ថែទាំ​សរសៃ​សក់​ឲ្យ​ទន់ រលោង មាន​សុខភាព​ល្អ ជា​គ្រឿង​​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ជុំ​វិញ​ខ្លួន ដែល​មិត្ត​នារី​តែង​យក​ចិត្ត​ទុក​ដាក់​បំផុត សូវរីន ក៏​នឹង​បង្ហាញ​ជូន​ពីគន្លឹះ​ងាយៗ​ក្នុង​ការថែ​រក្សា​សរសៃ​សក់​របស់​អ្នក​ក្នុង​វស្សា​រដូវ​នេះ​ផង​ដែរ។ ដោយ​ឡែក​អត្ថបទ​ដែល​នឹង​បរិយាយពីស្ដាយ៍ហ្វេស្សិន​ក្នុង​ការ​ប្រើ​ប្រាស់ Eyeshadow និង Eyeliner  សម្រាប់​ការតុប​តែង​មុខ​និង​ដើម្បី​​ស្រាយ​ចម្ងល់​របស់​មិត្ត​នារី​ឲ្យ​បាន​កាន់​តែ​ច្បាស់ ថាតើ​ផលិត​ផល​ទាំង​ពីរ​នេះ​មាន​សារ​សំខាន់​យ៉ាង​ណា​សម្រាប់​ផ្ទៃ​មុខ​របស់​អ្នក ហើយ​ក្រៅ​ពី​នោះ​យើង​ក៏​បាន​បង្ហាញ​ពី​អត្ថបទ​ល្អៗជា​ច្រើន​ទៀត​ផង​ដែរ៕

រក្សា​សិទ្ធិ​ដោយ សូវរីន



SUGGESTIONS