ក្រមាប្រវែង ១១៤៩.៨ម៉ែត្រ របស់ព្រះរាជាណាចក្រកម្ពុជា ទទួលបានកំណត់ត្រាពិភពលោក Guinness World Records
NEWS 7 months agoក្រមាប្រវែង ១១៤៩.៨ ម៉ែត្រ របស់ព្រះរាជាណាចក្រកម្ពុជាបានទទួលកំណត់ត្រាពិភពលោក Guinness World Records ជាក្រមាដែលវែងជាងគេលើពិភពលោក និងបានទទួលស្គាល់ជាសកលកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នេះ។ ក្រមានេះមានមនុស្សចូលរួមត្បាញជិត៣០ម៉ឺននាក់ និងប្រើប្រាស់ពេលវេលាត្បាញអស់០៥ខែ ដែលបានប្រារព្ធធ្វើនៅវាលព្រះមេរុ រាជធានីភ្នំពេញ និងរៀបចំដោយក្រុមចលនា GoGo Cambodia សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងស្ថាប័នជាតិ អង្គការ ចលនាយុវជនផ្សេងៗពីទូទាំងប្រទេស យ៉ាងអធិកអធមក្រោមប្រធានបទ «រួមគ្នាជឿថាខ្មែរអាចធ្វើបាន» ។
ថ្លែងដោយមនោសញ្ចេតនារំភើបជាពន់ពេកក្នុងពិធីប្រកាសទទួលស្គាល់កាលពីថ្ងៃទី០១ ខែកក្កដា នៅទីក្រុងកោះពេជ្រ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សសយក បានចាត់ទុកព្រឹត្តិការណ៍នេះគឺជាការកសាងមោទនភាពថ្មីសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ វាបានស្តែងឱ្យឃើញពីសាមគ្គីភាពរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ចាប់ពីកុមារអាយុ០៤ឆ្នាំរហូតដល់តាយាយអាយុ៨៨ឆ្នាំ ក្នុងស្មារតី រួមគ្នាជឿថាខ្មែរអាចធ្វើបាន ត្បាញពីមួយសរសៃទៅមួយសរសៃ បើគិតជាប្រវែងរបស់សរសៃរអំបោះនោះជិត ២លាន ៩សែនម៉ែត្រ ឯណោះ។ ការណ៍នេះបានឆ្លុះបញ្ចាំងពីមនោសញ្ចេតនារបស់ប្រជាជនខ្មែរលើការថែរក្សា អត្តសញ្ញាណ និងប្រពៃណីជាតិខ្មែរឱ្យគង់វង្សយូរអង្វែងទៅទៀត។
ឯកឧត្តម ហ៊ុន ម៉ានី៖ «បើយើងមិនស្រឡាញ់កម្ពុជា តើនរណាគឺជាអ្នកស្រឡាញ់កម្ពុជា?»
ព្រឹត្តិការណ៍បំបែកកំណត់ត្រាពិភពលោក ក្រមាវែងជាងគេលើពិភពលោកនេះ បានចាប់ផ្តើមត្បាញតាំងពីថ្ងៃទី១៤ ខែកុម្ភៈ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះមហាក្សត្រជាតិខ្មែរជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង។ ជាកិត្តិយសបំផុតសម្រាប់ព្រឹត្តិការណ៍នោះទៀតសោត សម្តេចព្រះមហាក្សត្រី បានសព្វព្រះរាជហរទ័យប្រោសព្រះរាជទានត្បាញសរសៃដំបូងរបស់ក្រមានោះ អមដោយឥស្សរជនជាតិជាច្រើនរូបទៀត។ មិនត្រឹមតែប៉ុណ្ណោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានផ្តល់កិត្តិយស ត្បាញសរសៃចុងក្រោយរបស់ក្រមាវែងជាងគេនេះផងដែរ។
ក្រមាកំណត់ត្រាពិភពលោកនេះនឹងដាក់តាំងបង្ហាញជូនសាធារណជនទស្សនាស្វែងយល់នៅទីត្បាញក្រមា (វាលព្រះមេរុ) ហើយនាពេលខាងមុខ ក្រមានេះក៏នឹងត្រូវយកទៅតាំងបង្ហាញជូនប្រជាជនរស់នៅខេត្តនានាបានទស្សនាផងដែរ។ នៅទីត្បាញក្រមា ក្រៅពីសាលាត្បាញក្រមាបំបែកកំណត់ត្រាពិភពលោក ក៏មានសាលតាំងបង្ហាញទម្រង់សិល្បៈជាតិចម្រុះមុខ សាលសម្តែងសិល្បៈ សាលរៀនត្បាញក្រមា វាលបញ្ចាំងកុន ផ្សារក្រមា ដែលសាធារណជនអាចទស្សនាស្វែងយល់ កម្សាន្ត និងទិញវត្ថុអនុស្សាវរីយ៍ច្នៃពីក្រមាខ្មែរយ៉ាងសម្បូរបែប។
GoGo Cambodia គឺជាក្រុមចលនាមួយដែលមានគោលបំណងជម្រុញឱ្យប្រជាជនកម្ពុជាប្រឹងប្រែងកសាងស្នាដៃសម្រាប់ខ្លួនឯង និងសង្គមជាតិ ហើយទោះបីក្នុងកាលៈទេសៈណាក៏ដោយ យើងជឿថា ខ្មែរអាចធ្វើបាន ជានិច្ច។
គួររំឭកថា ក្រមាវែងជាងគេលើពិភពលោកគឺជាកំណត់ត្រាពិភពលោកទី៩របស់កម្ពុជានៅក្នុងសៀវភៅ Guinness World Records។ កំណត់ត្រាទាំង0៨ផ្សេងទៀតរួមមាន ៖
១. ប្រាសាទអង្គរវត្ត ៖ សំណង់សម្រាប់ឧទ្ទិសដល់សាសនាធំបំផុត។
២. អណ្ដើកទឹកសាបដែលខ្ជិលជាងគេបំផុតលើលោក។
៣. ទឹកច្រាលឡើងលឿនបំផុត (ទន្លេមេគង្គ)។
៤. ព្រះបរមរតនកោដ្ឋ ៖ ព្រះមហាក្សត្រដែលបានកាន់មុខតំណែងច្រើនបំផុត។
៥. ព្រះរាជាណាចក្រកម្ពុជា ៖ ប្រទេសដែលមានចំនួនអក្ខរក្រមច្រើនបំផុត។
៦. អន្សមយក្ស ៖ នំអន្សមធំបំផុត (ទម្ងន់ជិត៤តោន)។
៧. ចង្វាក់ម៉ាឌីហ្សុន ៖ រាំម៉ាឌីហ្សុនដែលមានអ្នកចូលរួមច្រើនបំផុត (២០១៥នាក់)។
៨. ធុរកិច្ចដែលមានអ្នកចូលរួមអនុវត្តជាក់ស្ដែងច្រើនបំផុត (២៣០៤នាក់)។
Article by SVAY LEEMENG