×

ខែ​កក្កដា ២០១៨ ខួប១០ឆ្នាំ​របស់​ប្រាសាទ​ព្រះ​វិហារ និង​០១ឆ្នាំ​របស់​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក

TRAVEL & LIVING 2 months ago
 
 

          កម្ពុជា​ត្រូវ​បាន​ប្រសិទ្ធនាមថា គឺជា​ដែនដី​សុវណ្ណ​ភូមិ​ឬ​ព្រះ​រាជា​ណា​ចក្រ​នៃ​វប្បធម៌។ ប្រាសាទ​ជា​ច្រើន​រចនា​បទ​ត្រូវ​បាន​កសាង​ពាស​ពេញ​ផ្ទៃ​ប្រទេស រហូត​ដល់​មនុស្ស​ជាតិ​លើពិភព​លោក​ស្ងប់ស្ងែង​និង​ផ្តល់​តម្លៃ​ជាបេតិកភណ្ឌ​របស់​ពិភព​លោក។ អាច​ចាត់​ទុកថា​ជាការ​ចៃដន្យ ឬ​ព្រលឹង​បុព្វ​បុរស​ខ្មែរ​ចារមក បេតិកភណ្ឌ​ខ្មែរ​ចំនួន​២​ត្រូវ​បាន​ប្រកាស​ជាបេតិកភណ្ឌពិភព​លោក​ដោយ​អង្គការ​យូណេស្កូ​ក្នុង​ខែតែ​មួយ គឺខែ​កក្កដា ដោយ​ខុស​គ្នា​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ។ បេតិកភណ្ឌទី១គឺ​ប្រាសាទ​ព្រះ​វិហារ និង​បេតិកភណ្ឌទី២គឺ តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក។ ហើយ​បើ​គិត​ត្រឹម​ខែ​កក្កដា គ.ស២០១៨ នេះ ប្រាសាទ​ព្រះ​វិហារ​មាន​អាយុ​កាល១០ឆ្នាំ និង​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​មាន​អាយុ​កាល១ឆ្នាំ ដែល​បាន​ក្លាយ​ទៅ​ជាបេតិកភណ្ឌពិភព​លោក។
តោះ​ទៅ​ស្វែង​យល់​ដោយ​សង្ខេបពី​មហា​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​សាសនា​នោះ​ទាំង​អស់​គ្នា​!

          ប្រាសាទ​ព្រះ​វិហារឋានបរមសុខ​របស់​ព្រះ​អាទិទេពលើ​កំពូល​ភ្នំ​ខ្ពស់​!

          ប្រាសាទ​ព្រះ​វិហារសណ្ដូក ខ្លួន​ពីត្បូង​ទៅ​ជើង​មាន​ប្រវែង៨០០​ម៉ែត្រ​ដែល​សង់​លើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ​នៃ​ជួរភ្នំ​ដងរែក (រយៈកម្ពស់៦២៥​ម៉ែត្រ)។ ប្រាសាទ​នេះ​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស ក្នុង​ភូមិ​ធម្ម​ជាតិ ឃុំស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ ដែល​មាន​ចំ​ងាយ​ប្រហែល​៤០០ គ.ម ពី​រាជធានី​ភ្នំពេញ។ ប្រាសាទ​ព្រហ្មញ្ញ​សាសនា​នេះ​ត្រូវ​បាន​កសាង​ឡើង​នៅ​ចន្លោះ​សត្សវត្សរ៍ទី០៩ ដល់​ទី១២ (សម័យ​អង្គរ) ដោយ​ព្រះ​មហា​ក្សត្រ និង​ព្រះ​អង្គ​ម្ចាស់​៦​ព្រះ​អង្គ​បន្ត​បន្ទាប់​គ្នា ដើម្បី​ឧទ្ទិស​ដល់​ព្រះ​សិវៈ។ ប្រាសាទ​សង់​ពីថ្មភ្នំ​ក្នុង​រចនា​បទបន្ទាយស្រី​នេះ​បាន​បែង​ចែក​ជា០៥គោបុរៈ (មណ្ឌប)។ គោបុរៈទី៥ ឬ​មណ្ឌប​ជើង​ក្អែក គឺជា​គោបុរៈ​ដំបូង​ដែល​ជាច្រក​ចូល​ទៅ​កាន់​ទីឋានសក្ការៈ​របស់​ព្រះ​រាជា​ដែល​ស្ថិត​នៅ​គោបុរៈទី១ ឯ​ចុង​នៃ​លោក​នេះ។ គោបុរៈ​នេះ​តូច តែសង្ហា​ជាង​គេ​ក្នុង​ចំណោម​ទាំង​៥ និង​បែរ​មុខ​ទៅ​ទិស​ទាំង​៤ ដែល​ជាសញ្ញា​នៃ​ការ​កោះ​ហៅ​ប្រជារាស្ត្រ​នៃ​អាណា​ចក្រ​អង្គរ​ពីគ្រប់ទិសទីមកថ្វាយ​ការ​គោរព​បូជា​ដល់​ព្រះ​ឥសូរ​ព្រះ​នាមសិក្ខារិសារៈ តាម​រយៈ​ព្រះ​ថ្នល់ ឬ​គន្លង​ផ្លូវ​ជាទី​សក្ការៈ ដែល​មាន​ប្រវែង២៧៥ ម៉ែត្រ អម​ដោយ​បង្គោល​សីម៉ាថ្មភក់សង​ខាង​ចំនួន​៦៧​ដើម​អច្ឆរិយជារាងផ្កាឈូកក្រពុំ​យ៉ាង​ស្រស់​សោភា។ 

          ជាមោទនភាព​បំផុត​សម្រាប់​ប្រាសាទ​ភ្នំ​ដ៏​មហស្ចារ្យ​នេះ អង្គការ​យូនេស្កូ​បាន​ប្រកាស​ជា​ទទួល​ស្គាល់​ប្រាសាទ​ព្រះ​វិហារ​គឺជា​បេតិភណ្ឌពិភព​លោក នា​ថ្ងៃ​ទី០៧ កក្កដា ២០០៨។

          សូម​រំលឹកថា ថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ​១៩៦២ ក្រោម​ព្រះ​រាជកិច្ច​របស់​សម្តេច​ព្រះ​បរមរតនកោដ្ឋ ​តុលា​ការ​អន្តរជាតិ​ទី​ក្រុង​ឡាអេ​បាន​ប្រកាស​សាលក្រម​ឱ្យ​កម្ពុជា​ឈ្នះ​ក្តីលើ​ប្រទេស​ថៃ​ក្នុង​រឿង​ក្តី​ទាមទារ​សិទ្ធិ​គ្រប់​គ្រង​លើ​តំបន់​ប្រាសាទ​ដែល​ជាកេរមរតក​ដ៏​មាន​តម្លៃ​របស់​ជាតិ​ខ្មែរ។
          តើ​មិត្ត​អ្នក​អានដឹងទេ ស្តូប​តម្កល់​ព្រះ​បរមរូប​ព្រះ​បរមរតនកោដ្ឋ កណ្តាល​រាជធានី​ភ្នំពេញ​បាន​សាង​សង់​ឡើង​តាម​ទ្រង់ទ្រាយ​របស់​ប្រាសាទ​ព្រះ​វិហារ?

តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុកទី​អប់រំ​ចិត្ត​ដ៏​មនោរម្យ!

          តំបន់ ឬ​ក្រុម​ប្រាសាទ​សំបូរ​ព្រៃ​គុក ស្ថិត​នៅ​ភូមិ​សំបូរ ឃុំសំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់​ធំ ដែល​មាន​ចំ​ងាយ​២០៦​គីឡូ​ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ តាម​ផ្លូវ​ជាតិ​លេខ​៦អា។ យោង​លើ​ផ្លូវ​បុរាណ​ចេញ​ពីកំពែង​ក្រុង​ភ្ជាប់​ទៅ​ដល់​បឹង​ទន្លេ​សាប តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក គឺជា​រាជធានី​ខ្មែរ «ឦសានបុរៈ» នៅ​សម័យ​ចេនឡា​ដ៏​រុង​រឿង ដែល​ដាក់​ឈ្មោះ​ដូច​ទៅ​នឹង​ព្រះ​មហា​ក្សត្រ​ដែល​កសាង​ប្រាសាទ​គឺ ព្រះ​បាទឦសានវរ្ម័នទី១ ក្នុង​ស.វ.ទី៧​នៃ​គ.ស។ ពាក្យ «គុក» សំដៅ​ដល់ «ប្រាសាទ​ឬ​ទីងងឹត» បាន​ន័យថា ជាទី​កន្លែង​គោរព​បូជា​ដ៏​ស្ងប់ស្ងាត់​ដើម្បី​អប់រំ​ចិត្ដ។ ក្រុម​ប្រាសាទ​នៅ​តំបន់​នោះ​មាន​ប្រមាណ​ជាង​១៤០​ប្រាសាទ​សង់​រាប​ស្មើ​ពាស​ពេញ​ផ្ទៃ​ដី​ជិត​៣០០០ហិកតា​ដែល​បាន​កសាង​ឡើង​ជា​ច្រើន​ដំណាក់កាល​ចាប់​ពីស.វ.ទី៧ ដល់​ស.វ.ទី១១ ដែល​ក្នុង​ចំណោម​ប្រាសាទ​ទាំង​នោះ ភាគ​ច្រើន​បាន​កសាង​ឡើង​ក្នុង​រាជ្យស្ដេចបី​ព្រះ​អង្គគឺ ៖ ទី​មួយ ព្រះ​បាទឦ សានវរ្ម័នទី១ ទី​ពីរ ព្រះ​បាទមហេន្រ្ទវរ្ម័ន និង​ទីបី ព្រះ​បាទភវរ្ម័នទី២ ដែល​បាន​ធ្វើ​ឱ្យ​រចនា​បថ​របស់​ប្រាសាទ​សង់​ពីឥដ្ឋតាន់ និង​ថ្មបាយ​ក្រៀម​ទាំង​នោះ​លាយឡំ​គ្នា​ជា​ច្រើន​ដូចជា សំបូរ​ព្រៃ​គុក ព្រៃ​ក្មេង កំពង់​ព្រះ គូលែន និង​បាពួន ហើយ​ដោយ​សារ​ចំនួន​ដ៏​ច្រើន​របស់​ប្រាសាទ​តូចៗច្រឡឹង​ទាំង​នោះ បុរាណ​វិទូ​បាន​បែង​ចែក​ប្រាសាទ​ទាំង​នោះ​ជា៣​ក្រុម ៖

          ទី១. ក្រុម​ប្រាសាទ​ខាង​ជើង (ប្រាសាទ​សំបូរ) គឺជា​ក្រុម​ប្រាសាទ​មេ។
          ទី២. ក្រុម​ប្រាសាទ​ខាង​ត្បូង (ប្រាសាទ​យាយ​ព័ន្ធ)។
          ទី៣.​ក្រុម​ប្រាសាទ​កណ្តាល (ប្រាសាទ​តោ)។

          គួរ​ជាទី​មោទនភាព​បំផុត នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី៤១ នៃ​គណៈកម្មាការ​បេតិកភណ្ឌពិភព​លោក ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ទី​ក្រុង Cracovie ប្រទេស​ប៉ូឡូញ «តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក» ត្រូវ​បាន​អនុម័តជាសម្បត្តិបេតិកភណ្ឌពិភព​លោក នា​វេលា​ម៉ោង​០៩.៤០​នាទី (ម៉ោង​នៅ​កម្ពុជា) ត្រូវ​នឹង​យប់​ថ្ងៃ​ទី០៨ ខែ​កក្កដា ឆ្នាំ​២០១៧។
ជាការ​កត់​សម្គាល់ បច្ចុប្បន្ន​រាជ​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ស្នើ​ដាក់​បេតិកភណ្ឌ​ជាតិ​មួយ​ចំនួន​ទៀត​ទៅ​ក្នុង​បញ្ជីបេតិកភណ្ឌពិភព​លោក ប្រយោជន៍​ដើម្បី​ផ្សព្វ​​ផ្សាយ​ពីអរិយភាព​នៃ​វប្បធម៌ សិល្បៈ​ខ្មែរ​លើឆាក​អន្តរជាតិ និង​រួម​ចំណែក​ថែ​រក្សា​មរតកបេតិកភណ្ឌ​នៃ​មនុស្ស​ជាតិ​ទាំង​នោះ​ឱ្យ​បាន​ឋិតថេរគង់វង្សជានិច្ច។
យើង​សូម​សម្តែង​ការដឹងគុណ​ដល់​បុព្វ​បុរស​ជាតិ​ទាំង​អស់​ដែល​លះបង់​កម្លាំង​កាយ​ចិត្ត​ដ៏​មហិមា​ដើម្បី​ប្រយោជន៍​ជាតិ​មាតុ​ភូមិ​យើង​ទាំង​មូល!

          ប្រាសាទ​ព្រះ​វិហារសណ្តូក​ពេញ​វាល​ដងរែក​គិរី  
          សំបូរ​ព្រៃ​គុករាយលើធរណី នេះ​ហើយ​រាជធានី​វប្បធម៌​កម្ពុជា​!

Article by SVAY LEEMENG



SUGGESTIONS