×

​កាន់​តែ​ទំនើប Amazon Go ហាង​លក់​ទំនិញ​ដែល​គ្មាន​​អ្នក​គិត​លុយ​និង​គ្មាន​ការ​ទូទាត់​ជា​សាច់​ប្រាក់​

TRAVEL & LIVING 2 months ago
 
 

          ថ្មីៗ​នេះ ហាង​លក់​ទំនិញ​ឈ្មោះ Amazon Go ដែល​ជាហាង​លក់​រាយ​របស់​ក្រុម​ហ៊ុន Amazon បាន​ត្រៀម​នឹង​បើក​សាខា​ទី​ពីរ​របស់​ខ្លួន​នៅ​ក្នុង​អគារ Madison Centre office tower នៃ​ទី​ក្រុង Seattle សហរដ្ឋ​អាមេរិក នេះ​បើ​តាម​ប្រភព​ព័តមាន Geekwire។ ការ​បើក​ហាង​លក់​ទំនិញ​ថ្មី​របស់ Amazon នេះ​បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ត្រង់​ថា ហាង​នេះ​មិន​មាន​អ្នក​គិត​លុយ មិន​ចាំបាច់​តម្រង់ជួរ​គិត​លុយ​និង​មិន​មាន​​បុគ្គលិក​សម្រាប់​ឆែក​មើល​ឥវ៉ាន់​របស់​អ្នក​ឡើយ​នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​ទិញ​ទំនិញ​នៅ​ទី​នោះ។ បើ​មិន​មាន​អ្នក​ចាំឈរ​គិត​លុយ មិន​ចាំបាច់​តម្រង់ជួរ​គិត​លុយ និង​មិន​ប្រើ​ជា​សាច់​ប្រាក់​​ដើម្បី​​ទិញ​ទំនិញ អ៊ីចឹង​តើវា​ដំណើរ​ការ​យ៉ាង​ដូចម្តេច!

          លក្ខខណ្ឌ​​ដើម្បី​​ទិញ​ទំនិញ​នៅ ​Amazon Go បាន​អតិថិជន​ទាំង​អស់​ត្រូវ​តែ​មាន​កម្មវិធី​​ទូរសព្ទ «Amazon Go app» ដើម្បី​​ទូទាត់​ទឹក​ប្រាក់​តាម​រយៈអនឡាញ។ មុន​នឹង​ពួក​គេ​ឈាន​ចូល​ហាង​លក់​ទំនិញ Amazon go ពួក​គេ​ត្រូវ​ស្កេន​ទូរសព្ទ​របស់​ខ្លួន​ជា​មួយ​នឹង​ម៉ា​ស៊ី​នសេ្កន​ដែល​បញ្ឈរ​នៅ​ពី​មុខ​ហាង។ នៅ​ក្នុង​ហាង​បាន​បំពាក់​នូវ​កាមេរ៉ា​គ្រប់ទី​កន្លែង​ជា​មួយ​នឹង​បច្ចេក​វិទ្យា​ទំនើប​ដែល Amazon ហៅ​ថា « Just Walk Out Technology»។ បច្ចេក​វិទ្យា​នេះ នឹង​ដឹងថា​អតិថិជន​មួយ​ណា​បាន​យក​ទំនិញ​អ្វី នៅ​កន្លែង​ណា​និង​មាន​តម្លៃ​ប៉ុន្មាន ហើយ​វា​នឹង​ទូទាត់​ប្រាក់​នៅ​ក្នុង​គណនី​របស់​អតិថិជន​ដោយ​ស្វ័យ​ប្រវត្តិតែ​ម្តង។ ដូច្នេះ​អតិថិជន​ដែល​បាន​មក​ទិញ​ទំនិញ​នៅ​ហាង​លក់​ទំនិញ Amazon go គ្រាន់​តែ​ដើរ​ចូល រួច​យក​ទំនិញ​ដែល​ខ្លួន​ចង់​បាន បន្ទាប់មក​ដើរ​ចេញ​មក​វិញ​ជាការ​ស្រេច។

          គួរ​បញ្ជាក់​ផង​ដែរ​ថា ហាង​លក់​ទំនិញ Amazon go សាខា​ទី​មួយ​បាន​បើក​សម្ពោធ​នៅ​ឆ្នាំ ២០១៦ ជា​មួយ​នឹង​ពាក្យ​ស្លោក « No line No Checkout» ដែល​មាន​ន័យថា​មិន​ចាំបាច់​តម្រង់ជួរ និង​មិន​ចាំបាច់​គិត​លុយ​ចេញ។ Amazon go សាខា​ទី​មួយ​នេះ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ទី​ក្រុង seatle រដ្ឋវ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​បើក​ទទួល​ស្វាគមន៍​អតិថិជន​ទាំង​ឡាយជារៀង​រាល់​ថ្ងៃ​ពី​ម៉ោង ៧​ព្រឹក រហូត​ដល់​ម៉ោង ៩យប់ជា​មួយ​នឹង​ទំនិញ​ជា​ច្រើន​មុខ។ នេះ​ជា​ការវិវឌ្ឍន៍​នៃ​ហាង​លក់​ទំនិញ​មួយ​ទៀត​ដែល​គេ​បាន​រំពឹង​ទុកស្រប​ពេល​ដែល​បច្ចេក​វិទ្យា​កំពុង​តែ​មាន​ការ​រីក​ចម្រើន៕

Article by KEO SONG



SUGGESTIONS