×

ឈុន ម៉ាលៀង ចំណាយ​ពេល​៤ ឆ្នាំ​ជំរុញ​តម្លៃ​ក្រមា​ឲ្យ​មាន​កំណើន​

NEWS 6 years ago
 
 

          «អ្នក​ត្បាញក្រមា​ពិបាក​ណាស់​ទម្រាំ​ធ្វើ​បាន​ក្រមា​មួយ ដូច្នេះ​​យើង​ត្រូវ​ឲ្យ​តម្លៃ​ខ្ពស់​បន្តិច»

          លោក​អ្នក​ប្រាកដ​ជា​បាន​ឃើញ​ឈុតសម្លៀក​បំពាក់​ប្រចាំ​ថ្ងៃ និង​ឈុត​សម្រាប់​កម្មវិធី​ជា​ច្រើន​ដែល​មាន​ក្រមាជា​វត្ថុ​ធាតុ​ដើម​ចម្បង​សម្រាប់​ការច្នៃ​ម៉ូដ​រួច​មក​ហើយ។ ពិសេស​នៅ​ក្នុង​ការ​ដើរ​បង្ហាញ​ម៉ូដ នៃ​កម្មវិធី​បំ​បែក​ឯកត្តៈកម្ម​ក្រមាវែង​​ជាង​គេលើ​ពិភព​លោក​ ដែល​ប្រទេស​កម្ពុជា​ទើប​បំ​បែក​​កំណត់​ត្រា​កាលពី​ពេល​ថ្មីៗ​នេះ ក៏​មាន​ឃើញ​ឈុតសម្លៀក​បំពាក់​ច្នៃ​ពីក្រមាជា​ច្រើន​ឈុត បាន​យកមក​បង្ហាញ​នៅ​លើវេទិកា​នេះ​ផង​ដែរ។ ទន្ទឹម​នឹង​ភាពស្រស់​ស្អាត​នៃ​ឈុត​ទាំង​នេះ យើង​ប្រាកដ​ជា​ចង់​ដឹងថា តើនរណាជា​អ្នក​នៅ​ពី​ក្រោយ​ឈុតក្រមា​ដ៏​ស្រស់​ស្អាត​ទាំង​នោះ?

          មាន​វ័យ​ទើប​តែ ២៣ឆ្នាំ កញ្ញា ឈុន ម៉ាលៀង គឺជា​អ្នក​ច្នៃ​ម៉ូដ​និង​ជា​អ្នក​កាត់​ដេរសម្លៀក​បំពាក់​២៣ម៉ូដ សម្រាប់​ការ​បង្ហាញ​ម៉ូដ​នៃ​កាល​បំ​បែក​​កំណត់​ត្រា​ពិភព​លោក​​នៃ​ក្រមាវែង​ជាង​គេ កាលពី​សប្តាហ៍​មុន។ ជួប​ជា​មួយ សូវរីន ដោយ​ទឹក​មុខ​ស្វាហាប់ អ្នក​ច្នៃ​ម៉ូដ​វ័យ​ក្មេង​រូប​នេះ​បាន​ឲ្យ​ដឹងថា ការ​នាំ​ក្រមា​ឲ្យ​ប្រជាជន​ខ្មែរ​មាន​ការ​គាំទ្រ ក៏​ដូចជា​នាំ​ឲ្យ​ពិភព​លោក​​បាន​ស្គាល់ គឺជា​ភាព​ជោគ​ជ័យ​​មួយ​ដែល​កញ្ញា​បាន​រំពឹង​ទុក​យូរ​មក​ហើយ។ កញ្ញា​និយាយ​ថា «តាម​ពិត​ទៅ​ខ្ញុំ​ប៉ង​ទុកថា​ចង់​មាន​កម្មវិធី​ថ្នាក់​ជាតិ​មួយ​ដែល​ជំរុញ​ឲ្យ​ប្រជាជន​ខ្មែរ​ទទួល​ស្គាល់​ក្រមា ប៉ុន្តែ​ខ្ញុំ​មិន​នឹកស្មាន​ដល់​ថា​នឹង​អាច​បំ​បែក​ឯកត្តៈកម្ម​នោះ​ទេ នេះ​លើស​អ្វី​ដែល​ខ្ញុំ​ប៉ង​ទៅ​ទៀត។»

កញ្ញា ឈុន ម៉ាលៀង

          ចំណាយ​ពេល ត្រឹម​តែ២សប្តាហ៍​ប៉ុណ្ណោះ សម្រាប់​ច្នៃ​ម៉ូដ​និង​កាត់​ដេរឈុត​ចំនួន ២៣ អ្នក​ច្នៃ​ម៉ូដ​ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់​​បរិញ្ញា​ប័ត្រ​ផ្នែក Interior Design ឬ ដេគ័រ នៃ​សាកល​​វិទ្យា​ល័យ​ភូ​មិន្ទ​វិចិត្រសិល្បៈ បាន​បន្ត​ទៀត​ថា ដោយ​ឡែកការច្នៃ​ម៉ូដ គឺ​មាន​ម៉ូដ​ខ្លះ​មាន​ការ​គ្រោង​ទុកពី​មុន​មក ហើយ​ម៉ូដ​ខ្លះ​ទើប​តែច្នៃ​ភ្លាមៗ ប៉ុន្តែ​ទោះ​យ៉ាង​ណាក្តី កញ្ញា​ត្រូវ​ចំណាយ​ពេល​២សប្តាហ៍​ពេញ​ដើម្បី​កាត់​ដេរ និង​យកមក​បង្ហាញ​ឲ្យ​ទាន់​ពេល​វេលា។ នៅ​ក្នុង​យុទ្ធនាការ​ក្រមា ១០០០ ម៉ែត្រ កញ្ញា​ម៉ាលៀង បាន​ចូល​រួម​ធ្វើ​ការ​បង្ហាញ​ម៉ូដសម្លៀក​បំពាក់​ពីក្រមា ចំនួន​២ដង​រួច​មក​ហើយ នៅ​ឯវាល​ព្រះ​មេរុ។ សរុប​ម៉ូដសម្លៀក​បំពាក់​ក្រមា​ដែល​កញ្ញា​បាន ច្នៃ​គឺ​មាន​ដល់​ទៅ ៥០ម៉ូដ ដែល​សុទ្ធ​សឹងតែ​ជាការ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត ដើម្បី​លើក​កម្ពស់​ផលិត​ផលក្រមា។

          បេសកកម្ម​ជំរុញ​សក្តានុពលក្រមា របស់​អ្នក​ច្នៃ​ម៉ូដរូប​នេះ​ចាប់​ផ្តើម​តាំង​ពីឆ្នាំ​ ២០១៤​មកម្ល៉េះ។ កាលពី ៤ឆ្នាំ​មុន កញ្ញា​និយាយ​ថា៖ «កាល​នោះ​ខ្ញុំ​បាន​ជិះ​ទៅ​រក​ផ្ទះ​ដែល​មាន​ត្បាញក្រមា​លក់ ផ្ទះ​នោះ​នៅ​ឆ្ងាយ​សឹងតែរក​មិន​ឃើញ ហើយ​មាន​តែ​មួយ​ផ្ទះ​ប៉ុណ្ណោះ​ដែល​មាន​ត្បាញក្រមា​លក់។» ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ កញ្ញា​ម៉ាលៀង តែង​ចូល​រួម​ជា​ច្រើន​កម្មវិធី​ក្នុង​នាមជា​អ្នក​ច្នៃ​ម៉ូដ ក៏​ដូចជា​ទទួល​កាត់​សម្លៀក​បំពាក់​និង​ច្នៃ​ម៉ូដពីក្រមា ដើម្បី​ជំរុញ​ការ​ផលិត​ក្រមា​ឲ្យ​បាន​ច្រើន។ ការ​ខិតខំ​របស់ ម៉ាលៀង កំពុង​ទទួល​ជោគ​ជ័យ​​ខ្លាំង​ដោយ​បច្ចុប្បន្ន តម្លៃ​ក្រមា​ខ្មែរ​កំពុង​ហក់​ឡើង​ជាង​មុន ដែល​ធ្វើ​ឲ្យ​ជីវភាព​អ្នក​តម្បាញ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​មួយ​កម្រិត។ «ពេល​នេះ​តម្លៃ​ក្រមា​ឡើង​ថ្លៃ​ជាង​មុន​បន្តិច​ហើយ មាន​គេ​បន្ទោស​ខ្ញុំ​ថា ឃើញ​ទេ ខំ​ប្រឹង​ផ្សាយ​ពីក្រមា​ទាល់តែ​ក្រមា​ឡើង​ថ្លៃ» កញ្ញា​សើច​បន្តិច មុន​នឹង​បន្ត​ថា «មែន​ហើយ ព្រោះ​ការ​ខិតខំ​របស់​ខ្ញុំ គឺ​ចង់​ឲ្យ​ក្រមា​ឡើង​ថ្លៃ ព្រោះ​អ្នក​ត្បាញក្រមា​ពិបាក​ណាស់​ទម្រាំ​ធ្វើ​បាន​ក្រមា​មួយ ដូច្នេះ​​យើង​ត្រូវ​ឲ្យ​តម្លៃ​ខ្ពស់​បន្តិច»។

Image Courtesy: MALEANG

          បច្ចុប្បន្ន​នេះ សិប្បកម្មត្បាញក្រមា​មាន​ការ​រីក​ចម្រើន​ជាង​មុន ដោយ​នៅ​តាម​ផ្ទះ​នី​មួយៗ​មាន​កី​តម្បាញ​ច្រើន​ជាង​មុន រហូត​ដល់ ៣០​ទៅ​៤០កី​ក្នុង​មួយ​ផ្ទះ រីឯ​ចំនួន​អ្នក​ត្បាញក្រមា​ក៏​កើន​ឡើង​ច្រើន​ជាង​មុន​ផង​ដែរ។ កញ្ញា​ម៉ាលៀង សង្កេត​ឃើញ​ថា បច្ចេកទេស​នៃ​ការត្បាញក្រមា​ទៀត​សោត ក៏​មាន​ការច្នៃ​ប្រឌិត​គួរ​ឲ្យ​កត់សម្កាល់ ដែល​អាចច្នៃ​ពណ៌​និង​គោមក្រមា​ឲ្យ​មាន​ភាព​ស៊ី​វីល័យ​តាម​ទាន់​នឹង​សម័យ​កាល​និង​តម្រូវ​ការ​របស់​អតិថិជន។ «សម្រាប់​ខ្ញុំ ខ្ញុំ​ចង់​ឲ្យ​មាន​អ្នក​ច្នៃ​ម៉ូដពីក្រមា​ច្រើន ហើយ​នាំ​យកម៉ូដ​ទៅ​ក្រៅ​ប្រទេស ពិសេស​គឺការ​បោះ​ទី​ផ្សារ​​ទៅ​ក្រៅ​ប្រទេស នោះ​គុណភាព​ក្រមា​កាន់​តែ​កើន​ឡើង ហើយ​តម្លៃ​ក៏​កើន​ឡើង​តាម​គុណភាព​ផង​ដែរ» ឈុន ម៉ាលៀង​និយាយ។ ខណៈ​ដែល​ក្រមា​ដែល​ត្បាញ​ដោយ​ម៉ា​ស៊ី​នស្វ័យ​ប្រវត្តិ កំពុង​មាន​សន្ទុះ​នៅ​លើ​ទី​ផ្សារ​ កញ្ញា​ម៉ាលៀង​កំពុង​យក​ចិត្ត​ទុក​ដាក់ លើការ​លើក​កម្ពស់ការ​ផលិត​ក្រមា​ដោយ​ដៃ ប៉ុន្តែ​ផ្តោត​ទៅ​លើ​ប្រភេទ​ក្រមាសូត្រ​វិញ​ម្ដង។ «ក្រមាសូត្រ​មាន​តម្លៃ​ថ្លៃ ហើយ​មាន​គុណភាព​ខ្ពស់ ពិសេស​គឺ​សាច់​ក្រមា​ស្អាត​ខុស​គ្នា​ដាច់ពីក្រមាត្បាញ​ដោយ​ម៉ា​ស៊ី​ន ព្រោះ​វា ហាប់ ស្មើ និង​រលោង។ ដោយ​សារ​ការ​ត្បាញ​ក្រមា​ដោយ​ដៃ​មាន​ការ​លំបាក ដូច្នេះ​បើ​ជំរុញ​ឲ្យ​អ្នក​ត្បាញ​ដែល​ត្បាញ​ដោយ​ដៃ ងាកមកត្បាញក្រមាសូត្រ​វិញ នោះ​​ពួក​គាត់​​នឹង​អាចរក​ចំណូល​បាន​ច្រើន​ដូច​គ្នា ហើយ​ងាយ​ស្រួល​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស»។ បន្ថែម​ពី​នេះ កញ្ញា​ម៉ាលៀង​ក៏​កំពុង​សិក្សា​ពីការ​ផលិត​កី​តម្បាញ ដែល​អាច​ផលិត​ក្រមា​បាន​ត្រឹម​តែទទឹងប្រវែង ៨០​សង់​ទី​ម៉ែត្រ ទៅ​ជាកី​ដែល​អាចត្បាញក្រមា​ដែល​មាន​ទទឹងប្រវែង ១៥០​សង់​ទី​ម៉ែត្រ ដើម្បីស្រប​តាម​ស្តង់ដារ ងាយ​យកមក​ប្រើ​ប្រាស់​ក្នុង​ការច្នៃ​ម៉ូដសម្លៀក​បំពាក់ និង​សម្ភា​រៈ​ផ្សេងៗ៕

Article by VA SONYKA


SUGGESTIONS