×

តោះ!​ចូល​រួម​ដាក់​ពិន្ទុ​ដល់​សិស្ស​សាលា​សៀក​ទាំង​អស់​គ្នា​ក្នុង​កម្មវិធី​សម្ដែង​បញ្ចប់​ឆ្នាំ​

NEWS 4 months ago
 
 

         ដូចការ​គ្រោង​ទុក សៀក​ខ្មែរ​ជា​ច្រើន​ជំនាញ​នឹង​សម្តែង​​ជូន​មហា​ជន​ខ្មែរ​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​នៅ​មជ្ឈ​មណ្ឌល​សិល្បៈសៀក​និង​ទស្សនីយភាព​ដែល​មាន​អាស័យដ្ឋាន​នៅ​ទល់វិ​មាន​មុខ​រដ្ឋសភា​ជាតិ នា​ថ្ងៃ​សៅរ៍ទី១៤ ខែ​កក្កដា​នេះ ចាប់​ពី​ម៉ោង​១រសៀលត​ទៅ ដោយ​សិល្បករសៀក និង​សិស្ស​សៀក​នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ។ លោក វង្ស វណ្ណៈ ដែល​ជា​គ្រូ​បង្ហាត់សៀកម្នាក់ និង​ជា​តំណាង​អ្នក​រៀបចំ​កម្មវិធី​នេះ​បាន​ប្រាប់​សូវរីនថា “​នៅ​ថ្ងៃ​ទី១៤​នោះ​គឺជា​ការ​សម្តែង​​ដ៏​ធំ​លើក​ទី១​របស់​សិស្ស​សៀក​នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ។ យើង​ចង់​ឱ្យ​មហា​ជន​បាន​ដឹងថា នៅ​កម្ពុជា​ក៏​មាន​សាលា​បណ្តុះ​បណ្តាល​ជំនាញ​សៀក ហើយ​ជា​ពិសេស​សិស្ស​សៀក​ខ្មែរ​ទៀត​សោត ក៏​ពូ​កែមិន​ធម្មតា​ដែរ។ ក្រៅ​ពី​នោះ​ទៀត លោក​អ្នក​ក៏​អាចជា​អ្នក​ដាក់​ពិន្ទុ​ដល់​ប្អូនៗ​ដែល​នឹង​ប្រឡង​បញ្ចប់​ឆមាសទី២​របស់​ពួក​គេ ក្នុង​ការ​សម្តែង​​នោះ​ផង​ដែរ។” និយាយ​ចប់​លោក​ក៏​ចូល​ទៅ​បញ្ជា​បច្ចេកទេស​បទភ្លេង​សម្រាប់​សិស្ស​ទាំង​អស់​គ្នា​ហាត់សម​បន្ត​ទៀត។

          ក្នុង​រោងសៀក​ដែល​អាច​ដាក់​ទស្សនិកជន​បាន​ជិត​២​ពាន់​នាក់ សិស្ស​សៀកជា​ច្រើន​ផ្នែក​កំពុង​ហាត់សម ដើម្បី​​ត្រៀម​នា​ថ្ងៃ​ព្រឹត្តិការណ៍​ខាង​មុខ។ មាន​នារី បុរស កម្លោះ ក្រមុំ ហើយ​ក៏​មាន​កុមារា និង​កុមារី​ផង​ដែរ។ ពួក​គេ ម្នាក់ៗ​សុទ្ធ​តែ​មាន​រាងកាយមាំមួន រហ័សរហួន ពត់ពេន​ខ្លួន បញ្ចេញ​ក្បាច់សៀក​ទៅ​តាម​ចង្វាក់ភ្លេង​និង​ជំនាញ​ដែល​ខ្លួន​មាន។ អ្នក​ខ្លះ​បង្វិលកង ត្រេះ​គ្រាប់​បាល់ ហើយ​អ្នក​ខ្លះ​ទៀត​តោងក្រណាត់​ជិះ​ខ្សែ​ហោះជុំ​វិញ​ឆាកប្រៀបបីដូច​ទេវតា​កំពុង​ចរយាត្រា​ទស្សនា​មនុស្ស​លោក​ដូច្នេះ​ឯង។ ចប់​ទស្សនីយភាព​នោះ កុមារា២​នាក់​ផ្សេង​ទៀត​តុប​តែង​កាយរបៀបតួត្លុកសាក់ឡូ​ចេញ​មក​ធ្វើ​កាយវិការ និង​ចលនា​សៀករបៀបកំប្លែង​ធ្វើ​ឱ្យ​អ្នក​ទស្សនា ទប់សំណើចសឹង​មិន​បាន។ សំឡេង​ភ្លេង​អន់​បន្តិច វាំងនន​បង្ហាញ​ក្រុម​សម្តែង​ស្រី​ប្រុស​ថ្មី​មក​មួយ​ក្រុម​ទៀត ដែល​ម្នាក់ៗ ដៃ​កាន់​កង​ភ្លើង និង​ដំបង​ភ្លើង ហើយ​ចាប់​ផ្តើម​សម្តែង​ព្រួស​ភ្លើង​ពី​ក្នុង​មាត់ដូចនាគបញ្ចេញ​ឬ​ទ្ធិ ធ្វើ​ឱ្យ​ទស្សនិកជន​ស្រែកទះ​ដៃ​ស្រែកហ៊ោកញ្ជៀវគ្រប់ៗ​គ្នា។

          ទាំង​នេះ​គ្រាន់​តែ​ជាការ​ពណ៌​នាពី​សកម្មភាព​ហាត់សម​ដោយ​សង្ខេប​ដែល​ក្រុម​ការ​ងារ​បាន​ទៅ​ផ្តិតយក​រូបភាព​មក​ផ្សាយ​ជូន​មុន​ប៉ុណ្ណោះ លុះត្រា​លោក​អ្នក​ទៅ​ទស្សនា​ដោយ​ខ្លួន​ឯង​ទើប​ដឹងថា ទស្សនីយភាព​សៀក​ខ្មែរ​ចម្រុះ​ជំនាញ​នោះ​មាន​រូបភាព​យ៉ាង​ណា។ សៀក​ក៏​ជា​ទម្រង់​សិល្បៈ​មួយ​ប្រភេទ​របស់​ដូនតា​ខ្មែរ​ផង​ដែរ ដែល​បាន​ឆ្លាក់ទុក​នៅ​ប្រាសាទ​បាយ័ន។ ក្រៅ​ពីការ​មើល​កម្សាន្ត សៀក​ក៏​បាន​ជួយ​ដល់​សុខភាព​ផ្លូវ​ចិត្ត​ឱ្យ​មាន​លំ​នឹង ហើយ​រាងកាយមាំមួន​ដោយ​ធ្វើ​ចលនា​ដៃ​ជើង ហក់លោត ពត់ពេន​ខ្លួន បង្វិលកង ដែល​អាចស្រដៀង​គ្នា​ទៅ​នឹង​លំ​ហាត់ប្រាណ​ដែល​កំពុង​ពេញ​និយម​ជា​សកល​សម្រាប់​មនុស្ស​សម័យ​ថ្មី​នេះ​ជា​ខ្លាំង។ ដូច្នេះ ហេតុ​អ្វី​មិន​សាក​ទៅ​មើល​សៀក​ខ្មែរ តើ​យើង​អាច​រៀន​ក្បាច់​មួយ​ណា​នៅ​ផ្ទះ​​ដើម្បី​​បាន​ជា​ប្រយោជន៍​ដល់​សុខភាព​រាងកាយ​របស់​យើង។

តោះ នាំ​ក្រុម​គ្រួសារ​ទៅ​ទស្សនា​សៀក​ខ្មែរ​ទាំង​អស់​គ្នា​!

Article by SVAY LEEMENG



SUGGESTIONS