×

តោះ! មក​ស្គាល់​ស្នា​ដៃ​អំ​បោះ​ខ្មែរ​ដ៏​ល្អ​ឯក និង​ដំបូង​គេពីម្ចាស់​ហាង​មួយ​រូប

NEWS 6 years ago
 
 

          សម្រាប់​ការ​បើក​ទំព័រ​ថ្មី​នៃ​ផលិត​ផលជាស្នា​ដៃ​ខ្មែរ ធ្វើ​ដោយ​ដៃ នេះ Sovrin ក៏​សូម​ណែ​នាំ​មិត្ត​អ្នក​អាន​ទាំង​អស់​មក​ស្គាល់​ពី​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​របស់​ខ្មែរ​មួយ និង​ដំបូង​គេ ដែល​ទើប​តែលេច​មុខ​មាត់​ថ្មី​នៅ​ក្នុង​ទី​ផ្សារ​​មុខ​ជំនួញ​នោះ គឺការ​ច្នៃ​យកអំ​បោះ​ទៅ​ចាក់​ចេញ ជា​វត្ថុ​ប្រើ​ប្រាស់​ផ្សេងៗ​ទៀត​ផង ។ គ្រាន់​តែ​ឈាន​ជើង​មក​ដល់​ខាង​មុខ​ហាង រតនា​ខ្មែរ​អំ​បោះ​ចាក់ ភ្លាម​មាន​អារម្មណ៍​ថា​រាល់​វត្ថុ​ដែល​ដាក់​តាំង​នៅ​ក្នុង​ហាងបង្កប់​ទៅ​ដោយ​ក្ដី​ស្រឡាញ់​យ៉ាង​ផ្អែម​ល្ហែម ធ្វើ​ឱ្យ​ស្រស់​ថ្លា​អារម្មណ៍​មួយ​បែប​ពិបាក​នឹង​ពណ៍នា​ក៏​ព្រោះ​ពណ៌​ចម្រុះ​នៃ​ម៉ូដផ្កា តុក្កតា និង​សម្ភារៈ​ប្រើ​ប្រាស់​មួយ​ចំនួន​ទៀត​បាន​ជះ​ឥទ្ធិពល​ឆក់​បេះដូង​ភ្ញៀវ​ដែល​បាន​ដើរ​កាត់​ទី​តាំង​​នោះ​ឱ្យ​ឈប់​គយគន់​មិន​ជិនណាយ។

          អ្នក​នាង រតនា បាន​រំលឹក​ឡើង​វិញ​ថា “​ខ្ញុំ មិន​ដែល​មាន​គំនិត​ថាយកការ​ចាក់​អំ​បោះ​ទៅ​ជា​វត្ថុ​ប្រើ​ប្រាស់​ផ្សេងៗ​នេះ​ធ្វើ​អាជីវកម្ម​នោះ​ទេ  រហូត​ដល់​ថ្ងៃ​មួយ​កាលពី​៥ឆ្នាំ​មុន ដោយ​សារតែ​ខ្ញុំ​ជាអា​ជីវករ​លក់​សម្លៀក​បំពាក់​កុមារ​នៅ​ផ្សារ​ធំ​ថ្មី​ស្រាប់​ផង​នោះ ខ្ញុំ​ក៏​នឹក​ឃើញ​ថា​ចង់​សាកល្បងយក​វត្ថុ​ដែល​ចាក់​ដោយ​ដៃ មក​សាកល្បង​ដាក់​លក់​ដែល​កាល​នោះ​មាន​ដូចជា ស្បែក​ជើង មួក រ៉ូប របស់​កុមារ​តូចៗជា​ដើម។ បន្ទាប់ពីការ​សាកល្បង​លក់​ក្នុង​រយៈ​ពេល​៥ឆ្នាំ​មក​នេះ​ខ្ញុំ​ក៏​ទទួល​បាន​សន្ទុះ​នៃ​ការ​គាំទ្រ​យ៉ាង​ច្រើន។ បន្ទាប់មក ក៏​ចាប់​ផ្ដើម​រក​ទី​តាំង​​មួយ​សមរម្យ​ដែល​អាច​ឱ្យ​អតិថិជន​ងាយ​ស្រួល​ក្នុង​ការ​ទស្សនា​ផលិត​ផល​ដែល​ចាក់​ពីអំ​បោះ​ផ្ទាល់​ដៃ​ផង​ដែរ​”។

          ដោយ​សារតែ ទទួល​បាន​ការកម្មុង់​ច្រើន​ពី​អតិថិជន ទើប​អ្នក​នាង​សម្រេច​ចិត្ត​បើក​ជាហាង​ធំ​នៅ​ក្នុង​ផ្សារ​សូរិយាតែ​ម្តង ដែល​ក្នុង​នោះ អ្នក​នាង​មាន​ទទួល​ចាក់​ជារូបតុក្កតា​ផ្សេង របស់​ប្រើ​ប្រាស់​មួយ​ចំនួន​សម្រាប់ កូន​ក្មេង ដូចជា ស្បែក​ជើង មួក កន្ត្រកផ្កា ហើយ​សុទ្ធ​សឹងតែ​ផ្តើម​ចេញ​ពីការយក​ចិត្ត​ទុក​ដាក់​ធ្វើ​ដោយ​ដៃ​យ៉ាង​ចំណាន​ផង​ដែរ។ មួយ​វិញ​ទៀត​សោត អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ផលិត​ផលអំ​បោះ​ចាក់​នេះ គឺ​រាល់​សរសៃ​អំ​បោះ​ដែល​អ្នក​នាង​យកមក​ចាក់ សុទ្ធ​សឹងតែ​មាន​គុណភាព ល្អ មាន​ការ​នាំ​ចូល​ពី​ប្រទេស ថៃ កូរ៉េ ចិន​ជា​ដើម ហើយ​អ្នក​នាង​បាន​បែង​ចែក​យ៉ាង​ច្បាស់​លាស់​ទៅ​លើការ​ប្រើ​ប្រាស់​សរសៃ​អំ​បោះ ដូចជា សម្រាប់​កូន​ក្មេង យើង​ប្រើ​ប្រភេទ​ដែល ទន់ មិន​បង្ក​ឱ្យ​មាន​ការ​រមាស់​លើស្បែក​នោះ​ឡើយ។ ក្នុង​នោះ​ដែរ អ្នក​នាង​បញ្ជា​ក់​ទៀត ដែរ​ថា នៅ​កម្ពុជា សម្រាប់​ការ​បើក​ជាហាង​ទទួល​​សេវា​កម្ម​ចាក់​អំ​បោះ​នេះ គឺជា​លើក​ដំបូង​គេ ព្រោះ​នៅ​ប្រទេស​ជិត​ខាង ដូចជា​ប្រទេស​ថៃ គេ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ  ដោយ​គេ​គ្រាន់​តែ លក់​ជា​សរសៃ​អំ​បោះ ឧបករណ៍​ចាក់ និង​សៀវភៅ​គំរូតែ​ប៉ុណ្ណោះ។ ដូច​នេះ​ហើយ ទើប​អ្នក​នាង គិត​ថា ចង់​បង្កើត​អ្វី​ដែល​ប្លែក ដោយ​មិន​ត្រឹម​តែ​លក់​អំ​បោះ​តែ​មួយ​មុខ​នោះ​ទេ គឺថែម​ទាំង​ទទួល​ចាក់​ចេញ​ជារូប ឬ​វត្ថុ​ទៅ​តាម​ការកុម្មង់របស់​ភ្ញៀវ​ទៀត​ផង។ បើ​ទោះ​បីជា ផលិត​ផល អំ​បោះ​ចាក់​នេះ ធ្វើ​ឡើង​ដោយ​ដៃ​ផ្ទាល់​ក៏​ពិត​មែន ក៏​ប៉ុន្តែ​វា​មិន​ចំណាយ​ពេល​យូរ​ពេកទេ គឺអាស្រ័យ​ទៅ​ទំហំ​នៃ​វត្ថុ​នោះ និង​ការប៉ិនប្រសប់ពី​អ្នក​ធ្វើ ដូច​ជាការ​ចាក់​ចេញ​ជាមួក រូបផ្កា និង​របស់​ប្រើ​ប្រាស់​តូចៗ​ផ្សេង​ទៀត គឺ​ចំណាយ​ពេល​ត្រឹម​តែ ១ថ្ងៃ​តែ​ជាការ​ស្រេច។

          ជាការ​ពិត​ណាស់ នៅ​សម័យ​មុន ការ​ងារ​ចាក់​អំ​បោះ​នេះ វា​ជាការ​ងារ​ផ្ទះ​របស់​មនុស្ស​ស្រី ដែល​មិន​មែន​ជាលក្ខណៈ​ធំ​ដុំ ឬ​គ្រាន់​តែបំបាក់ការអផ្សុក​មួយ ប៉ុន្តែ​បើ​យើង​សិក្សា​មើល​ឱ្យ​ច្បាស់​ទៅ ការ​ងារ​ចាក់​អំ​បោះ​នេះ អាចរក​ចំណូល​បាន​ច្រើន និង​ជាការ​ងារ​មួយ ដែល​ទី​ផ្សារ​​ឱ្យ​តម្លៃ​ខ្ពស់​ជា​ផលិត​ផល​ចេញ​ពីរោង​ចក្រ​ទៀត​ផង។ ដូច​នេះ​ហើយ ទើប​អ្នក​នាង គិត​ថា ការ​បើក​អាជីវកម្ម​មួយ​នេះ ពិត​ជា​មិន​ខក​បំណង​ឡើយ ដោយ​អ្នក​នាង បាន​ផ្តល់​ឱកាស ការ​ងារ​ទៅ​ដល់​បងប្អូនស្រ្តីៗ​នៅ​តាម​ផ្ទះ​ក្នុង​ការ​ទទួល​ចាក់​អំ​បោះ​នេះ​ផង​ដែរ។ ក្នុង​នោះ​ដែរ អ្នក​នាង រតនា ក៏​ជា​អ្នក​ចេញ​ម៉ូដ​ផ្ទាល់​តែ​ម្តង ហើយ​រាល់​គំរូ​ដែល​ត្រូវ​ចាក់​នោះ អ្នក​នាង តែង​តែ មើល​ពី​តម្រូវ​ការ​ទាន់​សម័យ​របស់​មនុស្ស។ ឆ្លៀត​ពេល​សម្ភាសន៍​ពីបទ​ពិសោធន៍ និង​​សេវា​កម្ម​ក្នុង​ហាង​នេះ​ផ្ទាល់ អ្នក​នាង​រតនា ក៏​បាន​បង្ហើប​ប្រាប់​ប្រវត្តិ​រឿង​រ៉ាវ​ខ្លះៗ ទៅ​លើការ​បើក​ហាង​ចាក់​អំ​បោះ​នេះអាច​និយាយ​បាន​ថា ផ្តើម​ចេញ​ពីចំណង់​ចំណូល​ចិត្ត ភាពអំណត់ និង​ទេពកោសល្យ​ដែល​មានតាំង​ពី​កំណើតទើប​អាច​ធ្វើ​បាន​យ៉ាង​ល្អ ដោយ​អ្នក​នាង ចេះ​ចាក់​រូប​តាំង​ពី​រៀន​នៅ​ថ្នាក់ទី៥ ​មកម្ល៉េះ ហើយ​រហូត​មក​ដល់​រៀន​ចប់​ថ្នាក់​​មហា​វិទ្យា​ល័យគឺ​នៅ​តែ​បន្ត​ស្រឡាញ់​ការ​ងារចាក់​អំ​បោះ​នេះ​ទៀត រហូត​ចុង​ក្រោយសម្រេច​បើក​ជាហាងតែ​ម្តង។ ជា​មួយ​នឹង​ទឹក​មុខ​ស្រស់ស្រាយ អ្នក​នាង​បាន​រៀបរាប់​ទាំង​អស់​សំណើច​តិចៗ​ទៀត​ថា បើ​ទោះ​បីជាកាល​នៅ​ពី​ក្មេង គ្រួសារ​ពុំ​ទាន់​មាន​លទ្ធភាពធូរធារ ហើយ​មិន​សូវ​មាន​ឧបករណ៍​ចាក់​ដូចជា​សម័យ​នេះ​ក៏​ពិតមែន ប៉ុន្តែ​អ្នក​នាង​នៅ​តែ​ជម្នះ​ចិត្ត​ធ្វើ​ឱ្យ​បានដោយ​ពេល​ខ្លះត្រូវ​យកធាងដូងមក​ជិត​ធ្វើជាម្ជុល និង​រុះយក​សរសៃ​អំ​បោះ​ចេញ​ពីអាវ​ផ្ទាល់​តែ​ម្តង​មក​ចាក់។ ដោយ​សារតែ​ការ​តាំង​ចិត្ត និង​ព្យាយាម បែប​នេះ​ហើយ ទើប​អ្នក​នាង​ទទួល​បាន​ជោគ​ជ័យ​លើ​មុខ​ជំនួញ​មួយ​នេះ ហើយ​មិន​ត្រឹម​តែប៉ុណ្ណោះ ថែម​ទាំង​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ខ្មែរមាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់ ហើយ​ក្នុង​នាមជាស្រ្តីម្នាក់ គឺ​មាន​សមត្ថភាព​មិន​ចាញ់​បុរស​ឡើយ។

          ជា​ចុងក្រោយ អ្នក​នាងបាន​សម្តែង​​នូវ​អារម្មណ៍​រំភើប​រីក​រាយជាពន់ពេក ដោយ​ផលិត​ផលអំ​បោះ​ចាក់​របស់​ខ្លួន ត្រូវ​បាន​គេ​ស្គាល់​កាន់​តែ​ច្រើន ហើយ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ភ្ញៀវ យក​ទៅ​ប្រើ​ប្រាស់ ដែល​ទាំង​អស់​នេះអាច​និយាយ​បាន​ថា អាច​ជួយ​ផ្តល់​ការ​ងារ​ដល់​ស្ត្រីៗ​ដែល​ជាមេ​ផ្ទះ ដើម្បី​លើក​កម្ពស់ការ​ងារយេនឌើ​ក្នុង​សង្គម​បាន​យ៉ាង​ល្អ​ប្រសើរ​មួយ​កម្រិត​ទៀត៕

Article by HENG CHANMAKARA


SUGGESTIONS