×

មក​មើល​ទិដ្ឋភាព​នៃ​ពិធី​គម្រប់​ខួប​ប្រាសាទ​ព្រះវិហារ​និង​ប្រាសាទ​សំបូរ​ព្រៃគុក​ចូល​ជា​បេតិក​ភណ្ឌ​ពិភពលោក​ទាំងអស់​គ្នា​

NEWS 6 years ago
 
 

          កាលពី​ថ្ងៃ​អាទិត្យ ០៣​កើត ខែទុតិយាសាឍឆ្នាំ​ច សំរឹទ្ធិស័ក២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៨ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ពិធី​អបអរសាទរ​ដល់​ប្រាសាទ​ព្រះ​វិហារ និង​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ដែល​បាន​ក្លាយ​ទៅ​ជាសម្បត្តិបេតិកភណ្ឌពិភព​លោក យ៉ាង​អធិកអធម នៅ​ប្រាសាទ​ព្រះ​វិហារ ប្រាសាទ​យាយ​ព័ន្ធ និង​នៅ​រាជធានី​ភ្នំពេញ (ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក)។

វត្ត​មាន​ចូល​រួម​ដ៏​ច្រើន​កុះករពី​ប្រជា​ពលរដ្ឋ​​គ្រប់​លំដាប់​​ថ្នាក់ សិស្សានុ​សិស្ស មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ អង្គទូត​នានា និង​ឥស្សរជន​ជាតិ​ជា​ច្រើន​រូប​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​របស់​ប្រជាជន​កម្ពុជា​ចំពោះ​មរតក​វប្បធម៌​ជាតិ​ខ្មែរ។

នា​ឱកាស​នោះ​ផង​ដែរ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន និង​សម្តេច​គតិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អម​ដោយ​ថ្នាក់​​ដឹក​នាំ​ផ្សេង​ទៀត ក៏​បាន​ចូល​រួម​ច្រៀង​បទ​ពង្សាវតារ​ខ្មែរ​ជា​មួយ​អ្នក​ចូល​រួម​យ៉ាង​រំភើប​ផង​ដែរ។ លើស​ពី​នោះ​ទៀត ក៏​មាន​ការ​ច្រៀង​ចម្រៀង​ពីសិល្បករ សិល្បការិនី ដែល​បទ​ចម្រៀង​ភាគ​ច្រើន​ស្តីពី​ការលើ​កតម្កើងសិល្បៈ​និង​ការ​អភិវឌ្ឍន៍​ជាតិ អម​ដោយ​ការ​បាញ់​កាំជ្រួច​ភ្លឺចិញ្ជាច​យ៉ាង​ស្រស់​សោភោ​ពេញ​វេហា។ គួរ​ជាទី​ភ្ញាក់​ផ្អើល អ្នក​ចូល​រួម​ភាគ​ច្រើន​លើស​លុប​ដែល​សុទ្ធ​ជាយុវ​វ័យ​បាន​ច្រៀង​បទ មោទនភាព​ជាតិ​ខ្មែរ (ចម្រៀង​ចង្វាក់ញាក់ស្តីការសាទរ​ដល់​មរតកដូនតា​ខ្មែរ​ដ៏​ពេញ​និយម​កាលពី​ជាង​១០ឆ្នាំ​មុន​របស់​ផលិត​កម្មរ៉ុក) បិទ​បញ្ចប់​កម្មវិធី​​នេះ​យ៉ាង​រំភើប​ជាទី​បំផុត។

ប្រាសាទ​ព្រះ​វិហារ​ដែល​កសាង​ដោយ​ព្រះ​មហា​ក្សត្រ ៨​ព្រះ​អង្គ​បន្ត​បន្ទាប់​គ្នា គឺ​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​ឥសូរ ក្នុង​លទ្ធិ​ព្រហ្មញ្ញ​សាសនា ហើយ​ត្រូវ​បាន​អង្គការ​យូនេស្កូ​ប្រកាស​បញ្ចូល​ជាសម្បត្តិបេតិកភណ្ឌរូបី​របស់​មនុស្ស​ជាតិ​កាលពី​ថ្ងៃ​ទី០៧ខែ​កក្កដា​ឆ្នាំ​២០០៨។ ខុស​ពី​ប្រាសាទ​ព្រះ​វិហារ​ដែល​សាងពីថ្មភ្នំ​ដងរែក​ចន្លោះ ស.វ ទី០៩ ដល់ ស.វ ទី១២ ក្រុម​ប្រាសាទ​សំបូរ​ព្រៃ​គុក​សង់​ពីឥដ្ឋ នៅ​ចុង ស.វ ទី០៦ និង​ដើម ស.វ ទី០៧ ដែល​ជាសា្ន​ព្រះ​ហស្ថ​របស់​ព្រះ​បាទឦសានវរ្ម័នទី១។ អតីត​រាជធានី​ឦសានបុរៈ​នៃ​អាណា​ចក្រ​ចេនឡា​នេះ ក៏​ត្រូវ​បាន​អង្គការ​យូនេស្កូ​ប្រកាស​ជាសម្បត្តិបេតិកភណ្ឌរូបី​របស់​មនុស្ស​ជាតិ​កាលពី​ថ្ងៃ​ទី០៨ ខែ​កក្កដា ឆ្នាំ​២០១៧ ផង​ដែរ។

តោះ ទៅ​ទស្សនា​ទិដ្ឋភាព​នោះ​ទាំង​អស់​គ្នា​!

Article by SVAY LEEMENG


SUGGESTIONS