×

​ម្ចាស់​​ពានរង្វាន់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា «អាជីវកម្ម​ទើប​បង្កើត​​ថ្មី» ប្រចាំ​ឆ្នាំ​២០១៨ អ្នក​នាង រី ថានី

NEWS 6 years ago
 
 

         កាល​ពីរាត្រី​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ​២០១៨ កន្លង​ទៅ នៅ​សណ្ឋាគារ​សុខាភ្នំពេញ មាន​ការ​រៀបចំ​កម្មវិធី​ប្រគល់ ពានរង្វាន់​សហគ្រិន​វ័យ​ក្មេង​ឆ្នើម​កម្ពុជា ឆ្នាំ​២០១៨ (Cambodian Young Entrepreneur Awards 2018) ដែល​ត្រូវ​បាន រៀបចំ​ប្រារព្ធ​ធ្វើ​ឡើង​ដោយ​សភាយុវពាណិជ្ជករ​អន្តរជាតិ​​កម្ពុជា (JCI) សាខា​មេគង្គ និង​សមាគម​សហគ្រិន​វ័យ​ក្មេង កម្ពុជា (YEAC)  និង​ដែល​មាន​ការ​ចូល​រួម​ជា​កិត្តិយស​ពី​លោក ហេង សុគង់ រដ្ឋ​លេខាធិការ​នៃ​ក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម ព្រម​ទាំង​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករពី​សំណាក់​បណ្តាសហគ្រិន​ក្នុង​ស្រុក​រាប់រយ​នាក់​ផង​ដែរ។

         ជា​លទ្ធផល អ្នក​នាង រី ថានី នាយិកា​ក្រុម​ហ៊ុន​តុប​តែង​លម្អ នរា (NOREA) ជាសហគ្រិនស្រ្តី​ដ៏​ឆ្នើម​ម្នាក់​ដែល បាន​ក្លាយ​ជា​ម្ចាស់​​ពានរង្វាន់ អាជីវកម្ម​ទើប​បង្កើត​​ថ្មី​(Start-up Award) ក្នុង​ចំណោម​ជ័យ​លាភី​វគ្គ​ផ្តាច់​ព្រ័ត្រ​ចំនួន​៥​នាក់ ដែល​ពួក​គេ​ម្នាក់ៗ​សុទ្ធ​សឹងតែ​ទទួល​បាន​ប្រភេទ​ពានរង្វាន់​តាម​ផ្នែក​ផ្សេងៗ​គ្នា។ កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​រយៈ​ពេល​​មួយ​ខែ គិត​ចាប់​ពី​ថ្ងៃ​ទទួល​ពាក្យ​ដំបូង​រហូត​ដល់​វគ្គ​ប្រកាស​លទ្ធផល​ផ្តាច់​ព្រ័ត្រ។ ដំបូង​ឡើយ បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​មាន​ចំនួន​សរុប​៤៥​នាក់ ហើយ​ក្រោយ​មកគណៈ កម្មការ​ជម្រុះ​នៅ​សល់២៥​នាក់។ លុះមក​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជម្រុះ​អស់​នៅ​សល់តែសហគ្រិន​ចំនួន​១៦ នាក់។  បេក្ខជន​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​បទ​បង្ហាញ​ចំពោះ​មុខ​គណៈ​កម្មការ​ទាក់​ទង​នឹង​បញ្ហា​គម្រោង​អាជីវកម្ម ប្រព័ន្ធ​​គ្រប់​គ្រង​​អាជីវកម្ម យុទ្ធសាស្រ្ត​ម៉ាឃីតធីង និង សំនួរពាក់​ព័ន្ធ​ជា​ច្រើន​ទៀត យ៉ាង​ស្វិតស្វាញទម្រាំ​ទទួល​បាន​លទ្ធផល​ផ្លែផ្កា ព្រម​ទាំង​ត្រូវ​ផលិត​វីដេអូ​ខ្លី​រយៈ​ពេល​បី​នាទី​សម្រាប់​បង្ហាញ​ដល់​គណៈ​កម្មការ និង សាធារណជន​ទាំង​ឡាយ​ដើម្បី​បាន​យល់​ដឹង​ច្បាស់​អំពី​អាជីវកម្ម​នី​មួយៗ។

Photo by Ry Thany/ Norea

         អ្នក​នាង​បាន​បញ្ជាក់​​ទៀត​ថា ការ​ដាក់​ពិន្ទុ​សម្រាប់​កម្មវិធី​នេះ​ពិត​ជាសុក្រិត​ត្រឹម​ត្រូវ​ដោយ​សារ​មាន​ការ​ចូល​រួម វិនិច្ឆ័យ​ពីសមាសភាពគណៈ​កម្មការ​រហូត​ដល់​ទៅ​១១​នាក់ មាន​ទាំង​ជន​ជាតិ​ខ្មែរ និង ជន​ជាតិ​បរទេស​ចំនួន​២រូប​ផង​ដែរ ដែល​ពួក​គេ​ម្នាក់ៗ​មាន​ជំនាញ​ឯកទេស​ផ្សេងៗ​គ្នា និង  ចូល​រួម​ដាក់​ពិន្ទុ​ទៅ​តាម​ផ្នែក​នី​មួយៗ ក្នុង​នោះ​រួម​មាន​លោក បណ្ឌិត​តាន់ មុន្នីវណ្ណ អគ្គ​នាយក​រង​ក្រុម​ហ៊ុន​ម៉ុងប្ញទ្ធីគ្រុប លោក​ស្តេហ្វិន ផេថឺរសុន (Stephen Paterson)សហ​ស្ថាបនិក និង​អ្នក​សម្រប​សម្រួល​កម្មវិធី Mekong Business Challenge អ្នក​នាង ហ្សូ អ៊ែនជី (Zoe NG) សហ​ស្ថាបនិក​និង​នាយក គ្រប់​គ្រង​​នៃ​ក្រុម​ហ៊ុន Raintree Development លោក​ស្រី ឌិត នីតា សហ​ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​ខេមាមីក្រូហិរញ្ញ​វត្ថុ លោក ឌីន សុមេធារិទ្ធ សហ​ស្ថាបនិក និង នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​សណ្ឋាគារ The Frangipani Villa ជា​ដើម។  

         ​អ្នក​នាង​បាន​សម្តែង​សេចក្តី​រំភើប​រីក​រាយ​យ៉ាង​ខ្លាំង​សឹងតែនឹកស្មាន​មិន​ដល់​ថា​នឹង​ទទួល​បាន​ពាន​ដ៏​អស្ចារ្យ​នេះ «បើ​យើង​នៅ​ជា​សិស្ស ៤៥​នាក់​មិន​ច្រើន​ទេ ប៉ុន្តែ​នេះ​សុទ្ធ​តែជា​អ្នក​ជំនួញ​ធំៗ! ពេល​ចូល​ដល់​វគ្គ​ជម្រុះ ខ្ញុំ​ភ្ញាក់​ផ្អើល​ដែរ ព្រោះ​ខ្ញុំ​ទទួល​បាន​អ៊ីម៉េលតប ក្នុង​ចំណោម​២៥​នាក់ ហើយ​ខ្ញុំ​ត្រូវ​និយាយ​ជា​សាធារណៈ ដើម្បី​ឲ្យ​គេជឿថា​ហេតុ​អ្វី​ខ្ញុំ​ត្រូវ​តែ​ជាប់​ទៅ​មុខ​ទៀត។» អ្នក​នាង​បន្ត​ថា​ក្នុង​កំឡុង​ពេល​នោះ អ្នក​នាង​និង​បេក្ខជន​ផ្សេងៗ ទៀត​ត្រូវ​នៅ​ជា​មួយ​គណៈ​កម្មការ​រហូត​លើស​១២​ម៉ោង​យ៉ាង​មមាញឹក​ជាទី​បំផុត ប្រឹង​ប្រែង​គ្រប់​បែប​យ៉ាង​ដើម្បី​ឈាន​ទៅ​ទទួល​ជ័យ​ជំនះ។   

         ​ចុះ​មូល​ហេតុ​អ្វី​បាន​ជា​ជំរុញ​ឲ្យ​អ្នក​នាង​តស៊ូ​ខ្លាំង​ក្លា​បែប​នេះ? ហើយ​តើ​ពានរង្វាន់​នោះ​មាន​អត្ថន័យ​បែប​ណា ខ្លះ​ចំពោះ​អាជីវកម្ម​អ្នក​នាង​ក៏​ដូចជា​សង្គម​ជាតិ​កម្ពុជា? អ្នក​នាង​ឆ្លើយថា «ខ្ញុំ​ចង់​វាស់​វែង​សមត្ថភាព​ខ្លួន​ឯង ព្រោះ ដោយ​សារ​យើង​ធ្វើ​ការ យើង​គិត​ថា​យើង​មាន​ចំណុច​ខ្វះ​ចន្លោះ ហើយ​យើង​ពុំ​ទាន់​ដឹងថា​យើង​ដល់​កម្រិត​ណា។» ទន្ទឹម​នឹង​នេះ អ្នក​នាង​សង្កត់​ធ្ងន់ថា កត្តា​ជំរុញ​ធំ​បំផុត​នោះ​គឺ​ត្រង់​ការ​ចូល​រួម​ប្រកួត​ប្រជែង​នេះ​ជា​ឱកាស​ដ៏​សំខាន់​មួយ ដែល​អាច​ឲ្យ​អ្នក​នាង​ដែល​ជា​ម្ចាស់​​អាជីវកម្ម​បាន​ណែនាំ​បង្ហាញ​ពីមោទនភាព​ផលិត​ផលស្នា​ដៃ​ប្រជាជន​ក្នុង​ស្រុក​ទៅ​កាន់​មជ្ឈដ្ឋាន​ខាង​ក្រៅ​ឲ្យ​គេ​ស្គាល់​ផលិត​ផល​ខ្មែរ​កាន់​តែ​ច្បាស់ «ខ្ញុំ​មិន​ចង់​ល្បីល្បាញ​អ្វី​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើភាពល្បី ហ្នឹង​អាច​ឲ្យ​គេ​ស្គាល់​ផលិត​ផល​យើង​បាន ជួយ​កូន​ខ្មែរ​ឲ្យ​មាន​ការ​ងារ​ច្រើន យើង​ព្យាយាម​ធ្វើ​!។»

Photo by Ry Thany/ Norea

         ម្ចាស់​​ក្រុម​ហ៊ុន​រូប​នេះ​បាន​រំឭកថា កាលពី​មុន នៅ​ពេល​ដែល​អ្នក​នាង​យក​ផលិត​ផល​សម្រេច​ទៅ​ដាក់​តាំង ពិព័រណ៍ គេ​មិន​សូវជឿថាជា​របស់​ខ្មែរ​ឡើយ គឺគេ​យល់​ច្រលំថាជា​ផលិត​ផល​នាំ​ចូល​ពី​បរទេស​ទៅ​វិញ។ បើ​ក្រោយ​ការ ទទួល​បាន​ពានរង្វាន់​នេះ មហា​ជន​កាន់​តែ​ទទួល​ស្គាល់​តម្លៃ​ផលិត​ផលតុប​តែង​លម្អ​ម៉ាក នរា ថា​ពិត​ជាស្នា​ដៃ​កូន​ខ្មែរពិតៗ។ អ្នក​នាង​សង្ឃឹម​ថា នៅ​ថ្ងៃ​អនាគត​ក្រុម​ហ៊ុន​នឹង​មាន​ឱកាស​ឈាន​ទៅ​ផ្សព្វ​​ផ្សាយ​ម៉ាក​យីហោ​ផលិត​ផល​ទាំង​នេះ​នៅ​លើឆាក​អន្តរជាតិ​​ឲ្យ​ពិភព​លោក​​ទទួល​ស្គាល់​ផលិត​ផល​ខ្មែរ។

         ជា​ចុង​ក្រោយ អ្នក​នាង​សូម​លើក​ទឹក​ចិត្ត​ឲ្យ​ស្រ្តី​ខ្មែរ​ដែល​ជាសហគ្រិន​ចូល​រួម​ជា​សមាគម​ដែល​ផ្លាស់​ប្តូរ​គំនិត​និង បទពិ​សោធន៍​ផ្នែក​អាជីវកម្ម ជា​ពិសេស​ត្រូវ​ចេះ ប្រើ​ប្រាស់​ភាពបរា​ជ័យ​របស់​ខ្លួន​ដើម្បី​សិក្សា​បន្ថែម​ឈាន​ទៅ​សម្រេច ភាពជោគ​ជ័យ​ទើប​ជាការ​ប្រសើរ​ជា​ជាង​ការបាក់​ទឹក​ចិត្ត​បោះ​បង់​ចោល​នូវ​ក្តីស្រមៃ​របស់​ខ្លួន៕

Article by SRIN SOKMEAN


SUGGESTIONS