ម្ចាស់ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា «អាជីវកម្មទើបបង្កើតថ្មី» ប្រចាំឆ្នាំ២០១៨ អ្នកនាង រី ថានី
NEWS 6 years agoកាលពីរាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ នៅសណ្ឋាគារសុខាភ្នំពេញ មានការរៀបចំកម្មវិធីប្រគល់ ពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមកម្ពុជា ឆ្នាំ២០១៨ (Cambodian Young Entrepreneur Awards 2018) ដែលត្រូវបាន រៀបចំប្រារព្ធធ្វើឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេង កម្ពុជា (YEAC) និងដែលមានការចូលរួមជាកិត្តិយសពីលោក ហេង សុគង់ រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម និង សិប្បកម្ម ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បណ្តាសហគ្រិនក្នុងស្រុករាប់រយនាក់ផងដែរ។
ជាលទ្ធផល អ្នកនាង រី ថានី នាយិកាក្រុមហ៊ុនតុបតែងលម្អ នរា (NOREA) ជាសហគ្រិនស្រ្តីដ៏ឆ្នើមម្នាក់ដែល បានក្លាយជាម្ចាស់ពានរង្វាន់ អាជីវកម្មទើបបង្កើតថ្មី(Start-up Award) ក្នុងចំណោមជ័យលាភីវគ្គផ្តាច់ព្រ័ត្រចំនួន៥នាក់ ដែលពួកគេម្នាក់ៗសុទ្ធសឹងតែទទួលបានប្រភេទពានរង្វាន់តាមផ្នែកផ្សេងៗគ្នា។ កម្មវិធីនេះត្រូវបានរៀបចំឡើងរយៈពេលមួយខែ គិតចាប់ពីថ្ងៃទទួលពាក្យដំបូងរហូតដល់វគ្គប្រកាសលទ្ធផលផ្តាច់ព្រ័ត្រ។ ដំបូងឡើយ បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រកួតមានចំនួនសរុប៤៥នាក់ ហើយក្រោយមកគណៈ កម្មការជម្រុះនៅសល់២៥នាក់។ លុះមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជម្រុះអស់នៅសល់តែសហគ្រិនចំនួន១៦ នាក់។ បេក្ខជនត្រូវឆ្លងកាត់ការធ្វើបទបង្ហាញចំពោះមុខគណៈកម្មការទាក់ទងនឹងបញ្ហាគម្រោងអាជីវកម្ម ប្រព័ន្ធគ្រប់គ្រងអាជីវកម្ម យុទ្ធសាស្រ្តម៉ាឃីតធីង និង សំនួរពាក់ព័ន្ធជាច្រើនទៀត យ៉ាងស្វិតស្វាញទម្រាំទទួលបានលទ្ធផលផ្លែផ្កា ព្រមទាំងត្រូវផលិតវីដេអូខ្លីរយៈពេលបីនាទីសម្រាប់បង្ហាញដល់គណៈកម្មការ និង សាធារណជនទាំងឡាយដើម្បីបានយល់ដឹងច្បាស់អំពីអាជីវកម្មនីមួយៗ។
Photo by Ry Thany/ Norea
អ្នកនាងបានបញ្ជាក់ទៀតថា ការដាក់ពិន្ទុសម្រាប់កម្មវិធីនេះពិតជាសុក្រិតត្រឹមត្រូវដោយសារមានការចូលរួម វិនិច្ឆ័យពីសមាសភាពគណៈកម្មការរហូតដល់ទៅ១១នាក់ មានទាំងជនជាតិខ្មែរ និង ជនជាតិបរទេសចំនួន២រូបផងដែរ ដែលពួកគេម្នាក់ៗមានជំនាញឯកទេសផ្សេងៗគ្នា និង ចូលរួមដាក់ពិន្ទុទៅតាមផ្នែកនីមួយៗ ក្នុងនោះរួមមានលោក បណ្ឌិតតាន់ មុន្នីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងប្ញទ្ធីគ្រុប លោកស្តេហ្វិន ផេថឺរសុន (Stephen Paterson)សហស្ថាបនិក និងអ្នកសម្របសម្រួលកម្មវិធី Mekong Business Challenge អ្នកនាង ហ្សូ អ៊ែនជី (Zoe NG) សហស្ថាបនិកនិងនាយក គ្រប់គ្រងនៃក្រុមហ៊ុន Raintree Development លោកស្រី ឌិត នីតា សហស្ថាបនិកនិងនាយកប្រតិបត្តិគ្រឹះស្ថានខេមាមីក្រូហិរញ្ញវត្ថុ លោក ឌីន សុមេធារិទ្ធ សហស្ថាបនិក និង នាយកប្រតិបត្តិក្រុមហ៊ុនសណ្ឋាគារ The Frangipani Villa ជាដើម។
អ្នកនាងបានសម្តែងសេចក្តីរំភើបរីករាយយ៉ាងខ្លាំងសឹងតែនឹកស្មានមិនដល់ថានឹងទទួលបានពានដ៏អស្ចារ្យនេះ «បើយើងនៅជាសិស្ស ៤៥នាក់មិនច្រើនទេ ប៉ុន្តែនេះសុទ្ធតែជាអ្នកជំនួញធំៗ! ពេលចូលដល់វគ្គជម្រុះ ខ្ញុំភ្ញាក់ផ្អើលដែរ ព្រោះខ្ញុំទទួលបានអ៊ីម៉េលតប ក្នុងចំណោម២៥នាក់ ហើយខ្ញុំត្រូវនិយាយជាសាធារណៈ ដើម្បីឲ្យគេជឿថាហេតុអ្វីខ្ញុំត្រូវតែជាប់ទៅមុខទៀត។» អ្នកនាងបន្តថាក្នុងកំឡុងពេលនោះ អ្នកនាងនិងបេក្ខជនផ្សេងៗ ទៀតត្រូវនៅជាមួយគណៈកម្មការរហូតលើស១២ម៉ោងយ៉ាងមមាញឹកជាទីបំផុត ប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីឈានទៅទទួលជ័យជំនះ។
ចុះមូលហេតុអ្វីបានជាជំរុញឲ្យអ្នកនាងតស៊ូខ្លាំងក្លាបែបនេះ? ហើយតើពានរង្វាន់នោះមានអត្ថន័យបែបណា ខ្លះចំពោះអាជីវកម្មអ្នកនាងក៏ដូចជាសង្គមជាតិកម្ពុជា? អ្នកនាងឆ្លើយថា «ខ្ញុំចង់វាស់វែងសមត្ថភាពខ្លួនឯង ព្រោះ ដោយសារយើងធ្វើការ យើងគិតថាយើងមានចំណុចខ្វះចន្លោះ ហើយយើងពុំទាន់ដឹងថាយើងដល់កម្រិតណា។» ទន្ទឹមនឹងនេះ អ្នកនាងសង្កត់ធ្ងន់ថា កត្តាជំរុញធំបំផុតនោះគឺត្រង់ការចូលរួមប្រកួតប្រជែងនេះជាឱកាសដ៏សំខាន់មួយ ដែលអាចឲ្យអ្នកនាងដែលជាម្ចាស់អាជីវកម្មបានណែនាំបង្ហាញពីមោទនភាពផលិតផលស្នាដៃប្រជាជនក្នុងស្រុកទៅកាន់មជ្ឈដ្ឋានខាងក្រៅឲ្យគេស្គាល់ផលិតផលខ្មែរកាន់តែច្បាស់ «ខ្ញុំមិនចង់ល្បីល្បាញអ្វីនោះទេ ប៉ុន្តែប្រសិនបើភាពល្បី ហ្នឹងអាចឲ្យគេស្គាល់ផលិតផលយើងបាន ជួយកូនខ្មែរឲ្យមានការងារច្រើន យើងព្យាយាមធ្វើ!។»
Photo by Ry Thany/ Norea
ម្ចាស់ក្រុមហ៊ុនរូបនេះបានរំឭកថា កាលពីមុន នៅពេលដែលអ្នកនាងយកផលិតផលសម្រេចទៅដាក់តាំង ពិព័រណ៍ គេមិនសូវជឿថាជារបស់ខ្មែរឡើយ គឺគេយល់ច្រលំថាជាផលិតផលនាំចូលពីបរទេសទៅវិញ។ បើក្រោយការ ទទួលបានពានរង្វាន់នេះ មហាជនកាន់តែទទួលស្គាល់តម្លៃផលិតផលតុបតែងលម្អម៉ាក នរា ថាពិតជាស្នាដៃកូនខ្មែរពិតៗ។ អ្នកនាងសង្ឃឹមថា នៅថ្ងៃអនាគតក្រុមហ៊ុននឹងមានឱកាសឈានទៅផ្សព្វផ្សាយម៉ាកយីហោផលិតផលទាំងនេះនៅលើឆាកអន្តរជាតិឲ្យពិភពលោកទទួលស្គាល់ផលិតផលខ្មែរ។
ជាចុងក្រោយ អ្នកនាងសូមលើកទឹកចិត្តឲ្យស្រ្តីខ្មែរដែលជាសហគ្រិនចូលរួមជាសមាគមដែលផ្លាស់ប្តូរគំនិតនិង បទពិសោធន៍ផ្នែកអាជីវកម្ម ជាពិសេសត្រូវចេះ ប្រើប្រាស់ភាពបរាជ័យរបស់ខ្លួនដើម្បីសិក្សាបន្ថែមឈានទៅសម្រេច ភាពជោគជ័យទើបជាការប្រសើរជាជាងការបាក់ទឹកចិត្តបោះបង់ចោលនូវក្តីស្រមៃរបស់ខ្លួន៕
Article by SRIN SOKMEAN