×

​នាង​នាគស​និង​ស្តេច​ចេនឡា ឈុត​បុរាណ​កែច្នៃ​ពីសម្រស់​ធនធាន​វប្បធម៌​ខ្មែរ​

FASHION & BEAUTY 6 years ago
 
 

          “យឺត​មិន​បុរាណ សម័យ​មិន​បរទេស​!”

         នាង​នាគស​លម្អងផ្កាអំបិល និង​នរេន្រ្ទ​នៃ​អាណា​ចក្រ​ចេនឡា​ឬ​ស្តេច​ចេនឡា​គឺជា​ឈុត​បុរាណ​កែច្នៃ​ដែល​ទើប​បាន​ផលិត​ឡើង​ចំនួន​២ឈុត។ មិត្ត​អ្នក​អានជា​ច្រើន​បាន​កោតសរសើរ​លើការ​រចនា​ឈុត​ទាំង​២​នោះ និង​អរគុណ​ដល់​អ្នក​រចនា​ឈុត​ទាំង​២​នោះ។ តើ​អ្នក​ច្នៃ​ម៉ូដ​នោះ​គឺជា​នរណា?

         លោក ចាន់ សោភ័ណ “​នាង​នាគស​លម្អផ្កា​អំបិល ខ្ញុំ​ផលិត​ឡើង​ក្នុង​គោល​បំណង​បង្អួតពីសម្រស់​សមុទ្រ​កម្ពុជា (ខេត្ត​កំពត កែប និង​ភ្នំបូកគោ) ខណៈ​ពេល​ខ្ញុំ​បាន​ទៅ​លេង​តំបន់​ទាំង​នោះ។ ចំណែក​ស្តេច​ចេនឡា​ឬ​នរេន្រ្ទ​នៃ​អាណា​ចក្រ​ចេនឡា គឺ​ដើម្បី​អបអរ​ដល់​តំបន់​ប្រាសាទ​សម្បូរ​ព្រៃ​គុក ដែល​បាន​ក្លាយ​ជាសម្បត្តិបេតិកភណ្ឌពិភព​លោក។ លើស​ពី​នេះ​ទៀត ខ្ញុំ​ចង់​គាស់កកាយ​ពីរ​បៀប​ស្លៀក​ពាក់​របស់​ខ្មែរ​សម័យ​ទាំង​នោះ​ឡើង​វិញ​ផង​ដែរ យើង​ដឹង​ហើយ​ថា ប្រទេស​យើង​សម្បូរ​រតនសម្បតិ្ត​ច្រើន​ណាស់​ទាំង​រូបី និង​អរូបី ជា​ពិសេស​សិល្បៈ​ដ៏​សម្បូរ​បែប​នៃ​ការតុប​តែង​កាយ​តាម​សម័យ​កាលនី​មួយៗ ដែល​នៅ​សេសសល់​យ៉ាង​ច្រើន​អនេក មិន​ទាន់​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​និង​ត្រឹម​ត្រូវ។”

         “កុំ​បរទេស​និយម​ភ្លេច​ជាតិ​ខ្លួន។ ទោះ​រៀន​ពី​ស្រុក​ណាម​ក​ក៏​ដោយ ត្រូវ​ចេះ​បង្ហាញ​អត្ត​សញ្ញាណ​​ជាតិ​ក្នុង​ស្នា​ដៃ​ខ្លួន។” នេះ​ជាការ​លើក​ឡើង​របស់​លោក សោភ័ណ។

Photo by DX

         ឈុត​ដែល​បាន​គូសព្រាង​តាំង​ពី១ឆ្នាំ​មុន​មក​នេះ ត្រូវ​បាន​កែប្រែ​ច្រើន​ដង ក្នុង​ចេតនា​ដើម្បី​សម្រិត​សម្រាំង​គុណភាព​និង​ភាពច្នៃ​ប្រឌិត​ឱ្យ​អស់​លទ្ធភាព​បំផុត។ ក្រោយ​ពេល​បាន​គំនូសព្រាង​ហើយ សោភ័ណ និង​សហការី​របស់​គាត់ (ស្រី​ពេជ្រ) បាន​ចំណាយ​ពេល​៣ខែ​ទៀត ​ដើម្បី​ផលិត​ឈុត​ទាំង​២​នេះ ឱ្យ​ចេញ​ជារូបរាង​ឡើង ដែល​ស្រី​ពេជ្រ​ជា​អ្នក​ជួយ​ប៉ាក់ឌិន និង​ជាម៉ូឌែល​ជួយ​លឈុត​ទាំង​ពីរ​នោះ។ ហើយ​ឈុត​នាង​នាគស ក៏​ត្រូវ​បាន​ស្លៀក​បង្ហាញ​ក្នុង​វេទិកាជប់លៀង​ប្រចាំ​ឆ្នាំ​របស់​គ្រួសារ​តារា​កម្ពុជា​ផង​ដែរ។

         ខណៈ​ការកែច្នៃ​ម៉ូដ​បុរាណ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ លោក ចាន់ សោភ័ណ និយាយ​យោង​លើការ​ស្រាវជ្រាវ ដែល​គាត់​បាន​ធ្វើ​អស់​រយៈ​ពេល​៥ឆ្នាំ​មក​នេះ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​លើស​ម្លៀក​បំពាក់​និង​គ្រឿង​​តែង​កាយ លោក​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹងថា “ការច្នៃ​ម៉ូដ​នៅ​កម្ពុជា ជា​ពិសេស​ម៉ូ​ដ​ដែល​​បង្ហាញ​ពី​វប្បធម៌​ខ្មែរ គឺច្របូកច្របល់បន្តិច។ ហើយ​បើឈុត​ប្រពៃណី រៀបការ​ខ្មែរ​វិញ អ្នក​សំអាង​ខ្លះ​ប្រើ​និង​ច្នៃ​មិន​ត្រូវ​ទម្រង់​ឬ​ម៉ូដ​ខ្មែរ​ទាល់តែ​សោះ ដែល​ភាគ​ច្រើន​មើល​ទៅ គឺ​ដូចជា​ម៉ូដ​បរទេស​ច្រើន​ជាង (ថៃ ចិន និង​អឺរ៉ុប) ។ល។”

         លោក​ចាន់ សោភ័ណ អ្នក​ស្រុក​កំពង់ត្រ​បែក ខេត្ត​ព្រៃ​វែង បាន​បញ្ចប់​ថ្នាក់​​បរិញ្ញា​បត្រ ផែ្នក​គំនូរ​វិចិត្រកម្ម​នៅ​ឆ្នាំ​២០១០ ពី​សាកល​វិទ្យល័យ​ភូមិ​ន្ទ​វិចិត្រសិល្បៈ និង​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​គំនូរ​ទំនើប​នៅ​ឆ្នាំ​២០១៥ ពី​សាកល​​វិទ្យា​ល័យ​សាំងម៉ង់ ប្រទេស​កូរ៉េ​ខាង​ត្បូង។ ក្រៅ​ពី​ជំនាញ​គំនូរ​ទំនើប លោក​មាន​ទេពកោសល្យ​ផ្នែក​រចនា​គ្រឿង​អលង្ការ របាំ និង​អប់រំ (និពន្ធ​រឿង​កុមារ​និង​ភាពយន្ត)។ សព្វ​ថ្ងៃ លោក​ជាសាស្រ្តចារ្យ នៅ​សាកល​​វិទ្យា​ល័យ​ភូមិ​ន្ទ​វិចិត្រសិល្បៈ នៃ​មហា​វិទ្យល័យសិល្បៈសូនរូប។

         ជា​ចុង​ក្រោយ​លោក​បាន​ភ្ជាប់​ការ​យល់​ឃើញ ​ដើម្បី​ផ្នែក​ម៉ូដ​និង​វប្បធម៌​នៅ​កម្ពុជា​កាន់​តែ​រីក​ចម្រើន​ប្រកប​ដោយ​គុណភាព​ថា “​អ្នក​ច្នៃ​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​ពី​អត្ត​សញ្ញាណ​ម៉ូដសម្លៀក​បំពាក់​ជាតិ (ប៉ុន្មាន​ទម្រង់? ប្រើ​សម្រាប់​ពិធី​អ្វី? វ័យ​ណា ឋានៈ​ណា ស្លៀក​ពាក់​បាន?) ហើយ​មុន​ច្នៃ​ត្រូវ​មាន​ទស្សនៈ​វិស័យវែងឆ្ងាយ​បន្តិច​ទៅ ថា​ចង់​ផលិត​អ្វី? ​ដើម្បី​អ្វី? និង​កុំ​ភ្លេច​ថ្លឹង​ថ្លែង​ពីផល​ប៉ះពាល់​របស់​វា​ដល់​កិត្តិយស​អ្នក​ស្លៀក​ពាក់ សង្គម វប្បធម៌​និង​ប្រពៃណី​ជាតិ​ផង។ លើស​ពី​នេះ​ទៀត គួរ​មាន​គំនិត​ជា​សាកល កុំថា​របស់​ជាតិ​ខ្លួន​អន់ ឬ​បរទេស​អន់ ត្រូវ​ចេះ​សិក្សា​ទាំង​អស់ ​ដើម្បី​រកចំនុច​ខ្លាំង​និង​ខ្សោយ ហើយ​ទទួល​មតិ​កែលម្អ​​ដើម្បី​ការ​រីក​ចម្រើន​ទៅ​មុខ​ទៀត។”

         ជា​កិត្តិយស​សម្រាប់​លោក ចាន់ សោភ័ណ ពេល​នេះ ឈុតនរេន្រ្ទ​នៃ​អាណា​ចក្រ​ចេនឡា​ឬ​ស្តេច​ចេនឡា ត្រូវ​បាន​ជ្រើសរើស​ជាឈុត​តំណាង​ជាតិ CAMBODIA National Costume of Mr. Cambodia - Mister Global 2018។

         ពោល​ដោយ​ស្នាម​ញញឹម លោក ចាន់ សោភ័ណ ត្រេកអរ​នឹង​ពិភាក្សា​ឬ​ចែក​រំលែកចំ​នេះ​ដឹង​ទាក់​ទង​នឹង​ផ្នែក​ម៉ូដ និង​គំនូរ​ទំនើប ដល់​មិត្ត​ទាំង​អស់​គ្នា​ដោយ​រីក​រាយ។ គួរ​​បញ្ជា​ក់​ផង​ដែរ​ថា​សព្វ​ថ្ងៃ​នេះ​លោក ចាន់ សោភ័ណ កំពុង​ច្នៃ​ម៉ូដសម្លៀក​បំពាក់​ស្តីពី​ខេត្ត​ខ្មែរ​ចំនួន​៥ឈុត​ទៀត​ដែល​នឹង​បង្កប់​ទៅ​ដោយ​អត្ថន័យ​ខ្ពស់​តាម​ខេត្ត​នី​មួយៗ​ផងដែរ។

         តោះកុំ​ភ្លេច​រង់ចាំ​មើល តើឈុតនរេន្រ្ទ​នៃ​អាណា​ចក្រ​ចេនឡាអាច​នឹង​លើក​ពានជាឈុត​តំណាង​ជាតិ​ល្អ​ជាង​គេ​បំផុត​ឬ​អត់?

Article by SVAY LEEMENG

Image Courtesy: CHAN SOPHORN


SUGGESTIONS