នាងនាគសនិងស្តេចចេនឡា ឈុតបុរាណកែច្នៃពីសម្រស់ធនធានវប្បធម៌ខ្មែរ
FASHION & BEAUTY 6 years ago“យឺតមិនបុរាណ សម័យមិនបរទេស!”
នាងនាគសលម្អងផ្កាអំបិល និងនរេន្រ្ទនៃអាណាចក្រចេនឡាឬស្តេចចេនឡាគឺជាឈុតបុរាណកែច្នៃដែលទើបបានផលិតឡើងចំនួន២ឈុត។ មិត្តអ្នកអានជាច្រើនបានកោតសរសើរលើការរចនាឈុតទាំង២នោះ និងអរគុណដល់អ្នករចនាឈុតទាំង២នោះ។ តើអ្នកច្នៃម៉ូដនោះគឺជានរណា?
លោក ចាន់ សោភ័ណ “នាងនាគសលម្អផ្កាអំបិល ខ្ញុំផលិតឡើងក្នុងគោលបំណងបង្អួតពីសម្រស់សមុទ្រកម្ពុជា (ខេត្តកំពត កែប និងភ្នំបូកគោ) ខណៈពេលខ្ញុំបានទៅលេងតំបន់ទាំងនោះ។ ចំណែកស្តេចចេនឡាឬនរេន្រ្ទនៃអាណាចក្រចេនឡា គឺដើម្បីអបអរដល់តំបន់ប្រាសាទសម្បូរព្រៃគុក ដែលបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក។ លើសពីនេះទៀត ខ្ញុំចង់គាស់កកាយពីរបៀបស្លៀកពាក់របស់ខ្មែរសម័យទាំងនោះឡើងវិញផងដែរ យើងដឹងហើយថា ប្រទេសយើងសម្បូររតនសម្បតិ្តច្រើនណាស់ទាំងរូបី និងអរូបី ជាពិសេសសិល្បៈដ៏សម្បូរបែបនៃការតុបតែងកាយតាមសម័យកាលនីមួយៗ ដែលនៅសេសសល់យ៉ាងច្រើនអនេក មិនទាន់ផ្សព្វផ្សាយឱ្យបានទូលំទូលាយនិងត្រឹមត្រូវ។”
“កុំបរទេសនិយមភ្លេចជាតិខ្លួន។ ទោះរៀនពីស្រុកណាមកក៏ដោយ ត្រូវចេះបង្ហាញអត្តសញ្ញាណជាតិក្នុងស្នាដៃខ្លួន។” នេះជាការលើកឡើងរបស់លោក សោភ័ណ។
Photo by DX
ឈុតដែលបានគូសព្រាងតាំងពី១ឆ្នាំមុនមកនេះ ត្រូវបានកែប្រែច្រើនដង ក្នុងចេតនាដើម្បីសម្រិតសម្រាំងគុណភាពនិងភាពច្នៃប្រឌិតឱ្យអស់លទ្ធភាពបំផុត។ ក្រោយពេលបានគំនូសព្រាងហើយ សោភ័ណ និងសហការីរបស់គាត់ (ស្រីពេជ្រ) បានចំណាយពេល៣ខែទៀត ដើម្បីផលិតឈុតទាំង២នេះ ឱ្យចេញជារូបរាងឡើង ដែលស្រីពេជ្រជាអ្នកជួយប៉ាក់ឌិន និងជាម៉ូឌែលជួយលឈុតទាំងពីរនោះ។ ហើយឈុតនាងនាគស ក៏ត្រូវបានស្លៀកបង្ហាញក្នុងវេទិកាជប់លៀងប្រចាំឆ្នាំរបស់គ្រួសារតារាកម្ពុជាផងដែរ។
ខណៈការកែច្នៃម៉ូដបុរាណកើនឡើងគួរឱ្យកត់សម្គាល់ លោក ចាន់ សោភ័ណ និយាយយោងលើការស្រាវជ្រាវ ដែលគាត់បានធ្វើអស់រយៈពេល៥ឆ្នាំមកនេះ ទាំងក្នុងនិងក្រៅប្រទេសលើសម្លៀកបំពាក់និងគ្រឿងតែងកាយ លោកបានមានប្រសាសន៍ឱ្យដឹងថា “ការច្នៃម៉ូដនៅកម្ពុជា ជាពិសេសម៉ូដដែលបង្ហាញពីវប្បធម៌ខ្មែរ គឺច្របូកច្របល់បន្តិច។ ហើយបើឈុតប្រពៃណី រៀបការខ្មែរវិញ អ្នកសំអាងខ្លះប្រើនិងច្នៃមិនត្រូវទម្រង់ឬម៉ូដខ្មែរទាល់តែសោះ ដែលភាគច្រើនមើលទៅ គឺដូចជាម៉ូដបរទេសច្រើនជាង (ថៃ ចិន និងអឺរ៉ុប) ។ល។”
លោកចាន់ សោភ័ណ អ្នកស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផែ្នកគំនូរវិចិត្រកម្មនៅឆ្នាំ២០១០ ពីសាកលវិទ្យល័យភូមិន្ទវិចិត្រសិល្បៈ និងថ្នាក់អនុបណ្ឌិតផ្នែកគំនូរទំនើបនៅឆ្នាំ២០១៥ ពីសាកលវិទ្យាល័យសាំងម៉ង់ ប្រទេសកូរ៉េខាងត្បូង។ ក្រៅពីជំនាញគំនូរទំនើប លោកមានទេពកោសល្យផ្នែករចនាគ្រឿងអលង្ការ របាំ និងអប់រំ (និពន្ធរឿងកុមារនិងភាពយន្ត)។ សព្វថ្ងៃ លោកជាសាស្រ្តចារ្យ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃមហាវិទ្យល័យសិល្បៈសូនរូប។
ជាចុងក្រោយលោកបានភ្ជាប់ការយល់ឃើញ ដើម្បីផ្នែកម៉ូដនិងវប្បធម៌នៅកម្ពុជាកាន់តែរីកចម្រើនប្រកបដោយគុណភាពថា “អ្នកច្នៃត្រូវយល់ឲ្យបានច្បាស់ពីអត្តសញ្ញាណម៉ូដសម្លៀកបំពាក់ជាតិ (ប៉ុន្មានទម្រង់? ប្រើសម្រាប់ពិធីអ្វី? វ័យណា ឋានៈណា ស្លៀកពាក់បាន?) ហើយមុនច្នៃត្រូវមានទស្សនៈវិស័យវែងឆ្ងាយបន្តិចទៅ ថាចង់ផលិតអ្វី? ដើម្បីអ្វី? និងកុំភ្លេចថ្លឹងថ្លែងពីផលប៉ះពាល់របស់វាដល់កិត្តិយសអ្នកស្លៀកពាក់ សង្គម វប្បធម៌និងប្រពៃណីជាតិផង។ លើសពីនេះទៀត គួរមានគំនិតជាសាកល កុំថារបស់ជាតិខ្លួនអន់ ឬបរទេសអន់ ត្រូវចេះសិក្សាទាំងអស់ ដើម្បីរកចំនុចខ្លាំងនិងខ្សោយ ហើយទទួលមតិកែលម្អដើម្បីការរីកចម្រើនទៅមុខទៀត។”
ជាកិត្តិយសសម្រាប់លោក ចាន់ សោភ័ណ ពេលនេះ ឈុតនរេន្រ្ទនៃអាណាចក្រចេនឡាឬស្តេចចេនឡា ត្រូវបានជ្រើសរើសជាឈុតតំណាងជាតិ CAMBODIA National Costume of Mr. Cambodia - Mister Global 2018។
ពោលដោយស្នាមញញឹម លោក ចាន់ សោភ័ណ ត្រេកអរនឹងពិភាក្សាឬចែករំលែកចំនេះដឹងទាក់ទងនឹងផ្នែកម៉ូដ និងគំនូរទំនើប ដល់មិត្តទាំងអស់គ្នាដោយរីករាយ។ គួរបញ្ជាក់ផងដែរថាសព្វថ្ងៃនេះលោក ចាន់ សោភ័ណ កំពុងច្នៃម៉ូដសម្លៀកបំពាក់ស្តីពីខេត្តខ្មែរចំនួន៥ឈុតទៀតដែលនឹងបង្កប់ទៅដោយអត្ថន័យខ្ពស់តាមខេត្តនីមួយៗផងដែរ។
តោះកុំភ្លេចរង់ចាំមើល តើឈុតនរេន្រ្ទនៃអាណាចក្រចេនឡាអាចនឹងលើកពានជាឈុតតំណាងជាតិល្អជាងគេបំផុតឬអត់?
Article by SVAY LEEMENG
Image Courtesy: CHAN SOPHORN