កាហ្វេតាមចិញ្ចើមផ្លូវចំនួនបីដែលបង្កប់នូវអត្តសញ្ញាណខ្មែរព្រមជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ដែលអ្នកគួរសាកល្បង
TRAVEL & LIVING 6 years agoពាក្យថាហាងកាហ្វេតាមផ្លូវប្រាកដណាស់មិត្តអ្នកអានប្រាកដជានឹកភ្នកទៅដល់កាហ្វេដែលលក់តាមរទេះម៉ូតូឬជាតូបតូចៗអីជាដើម។ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់និងស្របទៅតាមសកភាវូបនីយកម្មសម័យទំនើប យើងកត់សម្គាល់ឃើញហាងកាហ្វេមួយចំនួនដែលបើកជាលក្ខណៈទ្រង់ទ្រាយមធ្យមឬអាចនិយាយបានថាលក់នៅតាមដងផ្លូវបានរៀបចំដេគ័រហាងយ៉ាងស្រស់ស្អាតប្រកបដោយភាពទាក់ទាញពីក្រសែភ្នែក រីឯរសជាតិទៀតសោតក៏មិនចាញ់រសជាតិកាហ្វេប្រេនៗដែលនាំចូលពីបរទេសឡើយ។ សម្រាប់ប្រធានបទក្នុងលេខនេះ សូវរីន សូមបង្ហាញហាងកាហ្វេដែលលក់នៅតាមផ្លូវចំនួន៣ហាងមកធ្វើការបង្ហាញជូនក៏ព្រោះតែហាងកាហ្វេទាំងនោះទទួលបាននូវការគាំទ្រយ៉ាងច្រើនលើសលប់ពីអតិថិជនជាមួយរសជាតិក៏ដូចជាសោភ័ណភាពនៃការដេគ័រហាងយ៉ាងប្រណីត។
បើអ្នកធ្វើដំណើរទៅកាន់ផ្លូវ៥១ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ពីវត្តលង្កាទៅប្រហែលជា១០០ម៉ែត្រខាងស្ដាំដៃអ្នកនឹងប្រទះឃើញហាងកាហ្វេមួយកន្លែងដែលមានការរៀបចំលក្ខណៈបែបជនបទដែលបង្កប់ទៅដោយភាពទំនើបនិយមនៃការរៀបចំម៉ាស៊ីនឆុងកាហ្វេយ៉ាងទំនើបទាន់សម័យមិនចាញ់ហាងកាហ្វេធំៗប៉ុន្មានឡើយ។ ក្រោមម្លប់ឈើដ៏ត្រជាក់ត្រឈឹងត្រឈៃស្ថាបនិកនៃហាងកាហ្វេដែលមានឈ្មោះថា Café Phum បានផ្ដល់បទសម្ភាសន៍មកកាន់ សូវរីន ថា “បើគិតមកដល់ខែកក្កដានេះ ខ្ញុំបានដំណើរការ Café Phumនេះបានរយៈពេល១ឆ្នាំប្រកបដោយភាពជោគជ័យ”។ អំណោយផលនៃដើមឈើអមសងខាងផ្លូវបានបង្កជាបរិយាកាសមួយដ៏រ៉ូមែនទិកទាក់ទាញអារម្មណ៍ភ្ញៀវឱ្យអង្គុយជជែកកម្សាន្តក្នុងបរិយាកាសមួយប្រៀបដូចជានៅក្នុងភូមិមួយនាទីជនបទយ៉ាងដូច្នោះដែរ។ បើនិយាយពីរសជាតិនៃកាហ្វេទៀតសោតនៅ Café Phum ទទួលបានការពេញនិយមស្ទើរតែគ្រប់រសជាតិ ប៉ុន្តែអ្វីដែលពិសេសជាងគេហើយមិត្តអ្នកអានគួរតែសាកល្បងទៅភ្លក់នោះគឺ កាហ្វេភូមិ ដែលជាកាហ្វេល្បីប្រចាំហាងតែម្ដង។
កាហ្វេភូមិ
បើយើងធ្វើដំណើរតាមផ្លូវសុធារសឆ្ពោះមកកាន់ផ្សារទំនើបអ៊ីអនមកដល់ជិតស្ដុបក្បែរស្ថានទួតរុស្សី អ្នកប្រាកដជាប្រទះភ្នែកនៅហាងកាហ្វេតាមចិញ្ចើមថ្នល់មួយដែលមានការរៀបចំហាងតាមបែបស្រុកស្រែ ហើយទន្ទឹមនឹងនោះហាងកាហ្វេនោះក៏ត្រូវបានប្រសិទ្ធនាមឱ្យឈ្មោះថាកាហ្វេស្រុកស្រែតែម្ដង។ បើយើងក្រឡេកភ្នែកមួយភ្លេចយើងប្រាកដជានឹកភ្នកថានៅចំកណ្ដាលទីប្រជុំជនដ៏ស៊ីវិល័យបែបនេះហេតុអ្វីបានជាសង់ផ្ទះឈើប្រកក្បឿងយ៉ាងដូច្នោះទៅវិញ! ជាការពិតណាស់ដោយសារតែចង់រក្សានូវបរិបទបែបខ្មែរទើបស្ថាបនិកហាងកាហ្វេស្រុកស្រែបានសាងសង់ហាងកាហ្វេដែលមានរចនាបទបែបនេះ។ បើនិយាយពីរសជាតិកាហ្វេនៅទីនេះវិញរសជាតិដែលទទួលបានការគាំទ្រនិងពេញនិយមខ្លាំងពីអតិថិជននោះគឺ កាហ្វេស្រុកស្រែនិងត្នោតក្រឡុកដែលជាភេសជ្ជៈល្បីប្រចាំហាងនៅទីនេះតែម្ដង។ ថ្វីត្បិតតែជាហាងកាហ្វេតាមចិញ្ចើមថ្នល់ក៏ពិតមែន ប៉ុន្តែកាហ្វេស្រុកស្រែបានរៀបចំតុបតែងយ៉ាងល្អប្រណីតដែលពេលយើងដើរចូលទៅហាក់មានអារម្មណ៍ថានៅ ស្រុកស្រែនាសម័យទំនើប។
កាហ្វេស្រុកស្រែ
បន្តទៅហាងកាហ្វេមួយទៀតដែលសុទ្ធតែឈ្មោះបែបខ្មែរដែរនោះគឺ ហាងកាហ្វេរទេះគោ បើតាមស្ថាបនិកហាងកាហ្វេលោក សួស ស័ក្តិកាឌីនល់ ក៏បង្ហាញហេតុផលមិនខុសគ្នាប៉ុន្មានពីស្ថាបនិកពីររូបខាងលើដែរដោយលោកបានមានប្រសាសន៍ឱ្យដឹងថា “ដោយសារតែសន្ទុះនៃកាហ្វេនាំចូលពីក្រៅស្រុកច្រើនគួរឱ្យកត់សម្គាល់រីឯតម្លែទៀតសោតក៏ថ្លៃគួរសម ហេតុដូចនេះបានជាខ្ញុំសម្រេចបង្កើតស្លាកសញ្ញាដោយខ្លួនឯងក្នុងឆ្នាំ២០១៧ ដោយយកឈ្មោះរទេះគោដែលជាយានជំនិះមួយដែលគេសម្គាល់បានថាជាខ្មែរយើងនោះ យកមកដាក់ជាស្លាកសញ្ញាហាងកាហ្វេតែម្ដង”។ កាហ្វេរទេះគោស្ថិតនៅលើកំណាត់ផ្លូវលេខ៣១០ ដែលមានការដេគ័រហាងគួរឱ្យទាក់ទាញ ដោយសារតែមានរទេះសាឡីមួយបង្ហាញខ្លួនយ៉ាងស្រស់ស្អាតនឹងបានបង្ហាញនូវអត្តសញ្ញាណខ្មែរអំពើមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរកាលពីអតីតកាលនោះ។ ថ្វីត្បិតតែជាហាងកាហ្វេលក់តាមចិញ្ចើមផ្លូវក៏ពិតមែនប៉ុន្តែស្ថាបនិកហាងកាហ្វេ បានរៀបចំហាងប្រកបទៅដោយភាពច្នៃប្រឌិតគួរជាទីទាក់ទាញចំណាប់អារម្មណ៍ដោយបានប្រើប្រាស់វត្ថុពីបុរាណៗយកមកតាំងលម្អហាង រីឯកៅអីអង្គុយទៀតសោតក៏បានយកជាឬស្សីច្នៃមើលទៅស្រស់ស្អាតមួយបែប។ ដោយឡែករសជាតិកាហ្វេនៅទីនេះក៏មិនចាញ់ហាងកាហ្វេប្រេន ប្រេនដែលនាំចូលពីក្រៅស្រុកនោះដែរ ហើយរសជាតិកាហ្វេដែលអតិថិជនរបស់កាហ្វេរទេះគោនិយមទទួលទាននោះគឺមានដូចជា Ice latte Ice caramel & Ice Americano។
កាហ្វេរទេះគោ
មិនថារសជាតិឬតម្លៃនោះទេហាងកាហ្វេដែលបង្កើតស្លាកសញ្ញាដោយកូនខ្មែរទាំងបីខាងលើបានគិតគូរយ៉ាងដិតដល់ទៅលើតម្លៃសមរម្យមួយដែលអាចឱ្យអតិថិជនអាចទទួលយកបានដោយបានកំណត់តម្លៃចាប់ពី៥៥០០រៀលរហូតដល់១២០០០រៀលក្នុងមួយកែវហើយតម្លៃនេះទៀតសោតក៏អាស្រ័យទៅតាមភេសជ្ជៈនីមួយៗផងដែរ៕
Article by HENG CHANMAKARA