×

ប្រែ​ក្លាយ​ពីឃ្លាំងស្តុកឥវាន់​ចាស់​របស់​ប្រៃសណីយ៍​ក្លាយ​ជាហាង​កាហ្វេ​ដ៏​ប្រណីត​

NEWS 6 years ago
 
 

          នរណា​ក៏​ស្គាល់​ប្រៃសណីយ៍​នៃ​កម្ពុជា​ដែរ ព្រោះ​វាជា​ទី​តាំង​​ស្ថាប័ន​រដ្ឋ​ធំ​បង្អស់​សម្រាប់​ផ្តល់​សេវា​កម្មផ្ញើ​ឬ​ទទួល​ឯកសារ​ឬ​អីវ៉ាន់បញ្ញើ​ក្នុង​និង​ក្រៅ​ស្រុក។ ប្រៃសណីយ៍​កម្ពុជា​មាន​ទី​តាំង​ស្ថិត​នៅ​កែង​ផ្លូវ​លេខ​១៣ និង ផ្លូវ​១០២ សង្កាត់​វត្ត​ភ្នំ ខ័ណ្ឌដូន​ពេញ រាជធានី​ភ្នំពេញ។ វា​ត្រូវ​បាន​កសាង​តាំង​ពីគ.ស.១៨៩៥ ក្នុង​សម័យ​អាណានិគម​និយម​បារាំង​មកម្ល៉េះ ហើយ​បើ​គិត​មក​ដល់​សព្វ​ថ្ងៃ អគារ​បេតិកភ័ណ្ឌ​មួយ​នេះ​មាន​អាយុ​កាល​រហូត​១២៣ឆ្នាំ។ ទោះ​បីជា​យ៉ាង​ណា ប្រហែល​ជាពុំ​ទាន់​មាន​មហា​ជន​ច្រើន​ទេ​ដែល​ដឹងថា បច្ចុប្បន្ន​មាន​វត្ត​មាន​ហាង​កាហ្វេ​ដ៏​ថ្មី​សន្លាង​មួយ​ទើប​នឹង​បើក​ក្នុង​ទី​តាំង​​អគារ​ប្រវត្តិសាស្រ្ត​នេះ​តែម្ដង។ ហាង​ដ៏​ទំនើប​នេះ​មាន​ឈ្មោះ​យីហោជា​ផ្លូវ​ការថា ខេមខាប់​កាហ្វេ (Cam Cup Café) ដែល​បាន​ចាប់​ដំណើរ​ការ​អស់​រយៈ​ពេល​១ឆ្នាំ​ហើយ។ តើហាង​កាហ្វេ​នេះ​ខុស​ប្លែក​ពីហាង​ដទៃ​ក្នុង​ក្រុង​ភ្នំពេញ ត្រង់​ចំណុច​ណា​ខ្លះ?

            ​កញ្ញា នុត មុនីនាថ អាយុ​២១ឆ្នាំ ជា​និស្សិត​ផ្នែក​គ្រប់​គ្រង​ឆ្នាំ​ទី៣​នៃ​សកល​​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង ស្ថាបនិក ហាង​បាន​និយាយ​ថា ដោយ​សារតែ​នាង​មាន​ឪពុក​ម្តាយ​ដែល​ជា​ម្ចាស់​​ផ្ទះ​សំណាក់​ផង​និង​ហាង​កាហ្វេ​ផង នាង​ក៏​ចង់​ពង្រីក​អាជីវកម្មហា​ង​កាហ្វេ​ថ្មី​មួយ​ទៀត ហើយ​សិក្សា​គម្រោង​លម្អិត​សម្រេច​ជ្រើសរើស​យក​ទី​តាំង​ប្រៃសណីយ៍​កម្ពុជា​នេះ​មកអភិវឌ្ឍ “​នៅ​ប្រទេស​បារាំង មាន​ហាង​កាហ្វេ​មួយ​ដែល​តំណាង​ប្រៃសណីយ៍​របស់​គេ ហើយ​ទទួល​បាន​ជោគ​ជ័យ​​ខ្លាំង។ ចំណែក​នៅ​ប្រទេស​កម្ពុជា​យើង​វិញ មាន​ហាង​កាហ្វេ​ច្រើន ប៉ុន្តែ​ពុំ​មាន​មាន​គំនិត​បែប​នេះ​ទេ។ នេះ​ជា​ឱកាស​របស់​យើង ព្រោះ​យើង​មាន​ទី​តាំង​​ល្អ​! ”

            ​ចំណុច​ពិសេស​បំផុត​នៃ​ហាង​នេះ​គឺ​ត្រង់​ការ​ប្រើ​ប្រាស់​ផ្នែក​ខាង​ចុង​បំផុត​នៃ​អគារ​ប្រៃសណីយ៍មក​រចនា​តុប​តែង​ជាហាង​កាហ្វេ​បែប​ទាន់​សម័យ (កាលពី​មុន ផ្នែក​នោះ​ជាឃ្លាំងផ្ទុកអីវ៉ាន់) ប៉ុន្តែ​ការតុប​តែង​លម្អ​ស្ថាបត្យកម្ម​ស្ទើរតែ​ទាំង ស្រុង​នៅ​រក្សា​រចនា​បថ​អគារ​ប្រវត្តិសាស្រ្ត​ដើម​ដ​ដែល។ បរិយាកាសក្លា​ស៊ី​ក​បែប​នេះ​ធ្វើ​ឲ្យ​ភ្ញៀវ​ទាំង​ឡាយ​មាន អារម្មណ៍​ហាក់​បាន​ទទួល​ទាន​អាហារ​និង​ភេសជ្ជៈ​មួយ​ពេល​នៅ​ក្នុង​សម័យ​បារាំង​ពិតៗ។

          ទន្ទឹម​នឹង​រចនា​បថ​ដើម​ដ៏​កម្រ​គ្មាន​​ពីរ ហាងហាហ្វេ​នេះ​មាន​ការ​ដាក់​តាំង​លម្អ​សម្ភារ​ៈ​ប្រើ​ប្រាស់​ក្នុង​វិស័យ ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បុរាណៗ តួ​យ៉ាង ម៉ា​ស៊ី​ន​អង្គុលី​លេខ​និង​ប្រអប់​សំបុត្រដែក ជា​ដើម ព្រម​ជា​មួយ​រូបថត ប្រវត្តិសាស្រ្ត​ទាក់​ទង​នឹង​ប្រៃសណីយ៍​កាលពី​ជំនាន់​បារាំង  រឹតតែ​ជួយ​បង្កើន​សោភ័ណភាព​ធ្វើ​ឲ្យ​ភ្ញៀវ​ជា​ពិសេស​ជន​ជាតិ​បរទេស​ចង់​ដឹង​ចង់​ស្គាល់​ទ្វេដង។

          អ្វី​ដែល​រឹតតែ​ធ្វើ​ឲ្យ​អតិថិជន​និយម​គាំទ្រ​ហាង​កាហ្វេ​មួយ​នេះ គឺហាង​នេះ​មាន​បម្រើ​ឈុត​អាហារ​ថ្ងៃ​ត្រង់​ផ្លាស់​ប្តូរ​ទៅ​តាម​ថ្ងៃ​នី​មួយៗ​នៃ​សប្តាហ៍ (លើក​លែង​ថ្ងៃ​សៅរ៍​និង​អាទិត្យ) ហើយ​ឈុត​អាហារ​នោះ​ទៀត​សោត​សុទ្ធ​សឹងជា​អាហារ​បែប​ខ្មែរ​ដែល​ប្រជាជន​ទូ​ទៅ​និយម​ចូល​ចិត្ត​រួម​មាន​ទឹក​គ្រឿង សម្លស្ងោរជីឆាយ សម្លកកូរ​ត្នោត ម្ជូរគ្រឿង ពោះគោ ម្ជូរស្រែ ត្រីអណ្តែង​អាំងជ្រក់ស្វាយ បុក​កំពឹសសណ្តែកកួរ និង ញាំស្វាយ​ត្រីងៀត។ល។ ចំពោះ​តម្លៃ គឺ បាយ ស និង ម្ហូប​ពីរ​មុខ មាន​តម្លៃ​ត្រឹម​តែ១០០០០​រៀល​ប៉ុណ្ណោះ។ ម្ចាស់​ហាង​បាន​អះអាង​ថា “​ដោយ​សារតែ​ហាង​យើង​ជា ហាង​ថ្មី យើង​សិក្សា​ពី​ដៃ​គូ​ប្រកួត​ប្រជែង គេ​មិន​ទាន់​មាន​អាហារ​បែប​ហ្នឹង​ទេ។ កុំ​គិត​ថាហាង​កាហ្វេ​ទំនើប​ដាក់​ម្ហូប​ខ្មែរ មិន​កើត សំខាន់​លើការតុប​តែង​របស់​យើង​! ”

          “We only Have Great Time in Here” ដែល​មាន​ន័យជា​ភាសា​ខ្មែរ​ថា យើង​មាន​តែ​ពេល​វេលា​ដ៏​ប្រសើរ ប៉ុណ្ណោះ​នៅ​ទី​នេះ ជា​ពាក្យ​ស្លោក​ប្រចាំ​ហាង​សម្រាប់​ត្រៀម​ស្វាគមន៍​អតិថិជន​គ្រប់ទិសទី។ គួរ​បញ្ជាក់​​ផង​ដែរ​ថា ហាង​នេះ​ចាប់​បើក​ពី​ម៉ោង ៦ និង ៣០ នាទី​ព្រឹក ដល់​ម៉ោង ៨ និង ៣០​នាទី​យប់ រៀង​រាល់​ថ្ងៃ៕

Article by SRIN SOKMEAN


SUGGESTIONS