×

​ហេតុ​អ្វី​បាន​ជា​ខ្មែរ​យើង​ហៅ​ផ្ទះ​ប្រភេទ​នេះ​ថា ផ្ទះ​កន្តាំង?

TRAVEL & LIVING 4 weeks ago
 
 

          កាលពី​លើក​មុន គេហ​ទំព័រ​សូវរីន​បាន​ចុះ​ផ្សាយ​រួច​មក​ហើយ​នូវ​ស្ថាបត្យកម្ម​លំ​នៅ​ដ្ឋាន​បុរាណ​មួយ​ប្រភេទ​គឺ ផ្ទះ​ប៉ិត ឬ ផ្ទះ​ក្រជម។ ដោយ​ឡែក​ពេល​នេះ យើង​ខ្ញុំ​សូម​ណែនាំ​ប្រភេទ​ផ្ទះ​បុរាណ​មួយ​បែប​ទៀត​ដែល​ប្រជាជន​ទូ​ទាំង ប្រទេស​និយម​សាង​សង់​តៗ​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ហើយ​ដែល​យើង​នាំ​គ្នា​ហៅ​រត់ មាត់ថា ផ្ទះ​កន្តាំង ដូច​ក្នុង​ចម្រៀង “​ផ្ទះ​ប៉ិតវា​មាន​ហោណាំង ផ្ទះ​កន្តាំង​វា​មាន​បីខ្នង បើអូន​ព្រម​ស្រលាញ់​បង បួនដប់ ខ្នង​ក៏​បង​ឲ្យ​ដែរ​…”។ បើវាជា​ប្រភេទ​ផ្ទះ​បុរាណ​ខ្មែរ ហេតុ​អ្វី​បាន​ជា​ជាប់​ឈ្មោះ​ជា​ផ្ទះ (ចិន) កន្តាំង​ទៅ​វិញ? តោះ!មក សិក្សា​អំពី​ភិនភាគ​និង​សាវតារ​ផ្ទះ​កន្តាំង​ទាំង​អស់​គ្នា​!

          ផ្អែក​តាម​សំណៅ​អត្ថបទ “ការស្ថាបនា​គ្រឹះស្ថាន​” និពន្ធ​ដោយ លោក ស្រី អ៊ូ ដកស្រង់​ចេញ​ពី​ទស្សនា​វដ្តី កម្ពុជ សូរិយា ចុះ​ផ្សាយ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា គ.ស ១៩៥៤ ផ្ទះ​កន្តាំង គឺ​សំដៅ​លើ​ផ្ទះ​ដែល​គេ​គ្មាន​​ធ្វើ​ហប់​មុខ ហប់​ក្រោយ (ហប់ មាន​ន័យថា ប៉ែក​ផ្ទះ​ពី​ខាង​មុខ ឬ ខាង​ក្រោយ​បំផុត​ដែល​ត​ភ្ជាប់​ពីមេដំបូល​មាន​ចែងឆ្វេងស្តាំ)ទេ អ្នក​ខ្លះ​ធ្វើ​រាងវែង មាន​សសរកន្លោង ឬ សសរទ្រូង៣ បណ្តោយ១០ ម៉ែត្រ ទទឹង៦ ម៉ែត្រ​ក៏​មាន​អ្នក​ខ្លះ​ធ្វើ​រាងខ្លីៗ មាន​សសរទ្រូងតែ២ បណ្តោយ៦​ម៉ែត្រ ទទឹង៤​ម៉ែត្រ​ក៏​មាន។ ផ្ទះ​កន្តាំង​នេះ​ត្រូវ​បាន​គេ​ធ្វើ​ក្លាយ​ទៅ​ជា​បែប​ផ្សេងៗ​ទៀត​បាន គឺគេ​ធ្វើ​ដំបូល លើ​ត្រង់​ខាង​មុខ និង ខាង​ក្រោយ​ទម្លាប់​ជាហប់​បន្តិច ល្មម​ល្អ​មើល ហៅ​ថា “​ផ្ទះ​កន្តាំង​ក្លាយ​” ។ បើគេប៉ិតជ្រុងមេដំបូល ខាង​មុខ និង ខាង​ក្រោយ ខុប​ចុះ​បន្តិច មាន​សណ្ឋានដូចមាត់​សត្វ គេ​ហៅ​ថា “​ផ្ទះ​កន្តាំង​បាក់ណុក” (ជា​ភាសា​សៀម មាន​ន័យថា មាត់​បក្សី)។

          ចំពោះ​ប្រវត្តិ​នៃ​ការ​ហៅ​ឈ្មោះ​ផ្ទះ​នេះ​ថាជា​ផ្ទះ​កន្តាំង គឺ​ដោយ​សារ​ពាក្យ “កន្តាំង​” មាន​ទំនាក់​​ទំនង​នឹង​ជនអន្តោ ប្រវេសន៍​ចិន​មកពី​តំបន់​ក្វាងទុង (ហ្រ្វង់ស្វា តាំង​ទុយរីយ៉េរ៍ ២០០៦)។ ជន​ជាតិ​នេះ​បាន​តាំង​ទីលំ​នៅ​ក្នុង​ប្រទេស​វៀត ណាម​មួយ​រយៈ​ទើប​នាំ​យកគម្រូ​ផ្ទះ​នេះ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដោយ​គ្រាន់​តែ​ធ្វើ​ការ​កែច្នៃ​​ខ្លះៗ​ដើម្បី​តម្រូវ​ទៅ​តាម​អាកាស​ធាតុ​ក្នុង​តំបន់ (ហ៊ុយ ប៉ាន់ ១៩៧៣ ទំ.៦២)។ ផ្ទះ​កន្តាំង​ដែល​មាន​អាយុ​កាលចំ​ណាស់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា សព្វ​ថ្ងៃ​មួយ​ចំនួន​ធំ​ធ្លាប់​ជាកម្ម​សិទ្ធិ​របស់​កូន​ចៅ​ចិន​ដែល​បុព្វ​បុរស​របស់​គេជាជន​អន្តោប្រវេសន៍​ចូល​មក​រស់​នៅ​ស្រុក​ខ្មែរ​ក្នុង​កំឡុងសតវត្សរ៍ទី១៨ និង ទី១៩។ ជា​ពិសេស នៅ​តាម​ដង​ទន្លេ​មេគង្គ គេ​សង្កេត​ឃើញ​មាន​លំ​នៅ​ដ្ឋានជន​ជាតិ ចិន​ទាំង​នោះ​យ៉ាង​ច្រើន​គួរ​ឲ្យ​កត់ចំណាំ។ ជន​ជាតិ​ខ្មែរ​យើង​ក៏​និយម​ហៅ​ភូមិ​ទាំង​នោះ​ថាជា ភូមិ​កន្តាំង គឺ​ភូមិ​ដែល កសាង​ឡើង​ដោយ​ចិន​កន្តាំង ហើយ​ផ្ទះ​របស់​ជន​ជាតិ​ចិន​នោះ​ក៏​ត្រូវ​បាន​គេ​ហៅ​ថា ផ្ទះ​កន្តាំង ចាប់​ពី​ពេល​នោះ​តរៀងមក។

          ​គួរ​​បញ្ជា​ក់​ផង​ដែរ​ថា ក្នុង​រជ្ជកាល​ព្រះ​បាទ​ស៊ី​សុវត្ថិ (១៩០៤-១៩២៧) នៅ​ស្រុក​ស្រែ​ចំការ មាន​តែជន​ជាតិ​ចិន និង​ជន​ជាតិ​យួន​ដែល​និយម​ធ្វើ​ផ្ទះ​កន្តាំង​ជា​ផ្ទះ​ផ្សារ ឬ ផ្ទះ​តៀម (សង់​ផ្ទាល់​ដី) សម្រាប់​លក់​ដូរ​ទំនិញ​ផ្សេងៗ។ លុះមក ដល់​រជ្ជកាល​ព្រះ​បាទ​ស៊ី​សុវត្ថិ​មុនីវង្ស (១៩២៧-១៩៤១) និង រជ្ជកាល​ព្រះ​បាទ​នរោត្តម​សីហនុ (១៩៤១-១៩៥៥) ប្រជា ជន​ខ្មែរ​និយម​ធ្វើ​ផ្ទះ​កន្តាំង​ជា​ច្រើន​​ប្រភេទ ខ្លះ​សង់​ផ្ទាល់​ដី ខ្លះ​សង់​ច្រើន​ខ្នង មាន​ពីរ​ខ្នង បីខ្នង ប្រាំខ្នង ហើយ​ខ្លះ​ទៀត សង់​ខ្ពស់​ឡើង​លើ​ពីរ​ជាន់​ក៏​មាន។ ផ្ទះ​កន្តាំង​របស់​កូន​ចៅ​ចិន​ច្រើន​តែ​មាន​ឡៅតឿ​សម្រាប់​កូន​ក្មេង​ស្នាក់​នៅ ឬ ប្រើ​ជា កន្លែង​ទុកឥវ៉ាន់​ផ្សេងៗ។ ដូច្នេះ​ហើយ​ទើប​ក្រោយ​មក ផ្ទះ​ល្វែង​ក្នុង​ក្រុង​ដែល​ជា​ផ្ទះ​លក់​ទំនិញ សង់​មាន​ឡៅតឿ​តាម លំ​នាំ​ផ្ទះ​កន្តាំង​នេះ​ឯង។ រីឯ​ផ្នែក​ខាង​ក្នុង​នៃ​ផ្ទះ​កន្តាំង​បុរាណ​វិញ មាន​ការតុប​តែង​រចនា​លម្អក្បាច់ក្បូរភ្ញីផ្កា និង រូប​សត្វ ស្លាប​ផ្សេងៗ (ជួនកាល​មាន​លាប​ពណ៌​ទឹក​មាសថែម​ទៀត​ផង) នៅ​លើ​ធ្នឹម​ទ្វារ​​ចេញ​ចូល​ធំ​នៃ​បន្ទប់​ទទួល​ភ្ញៀវ។ ផ្ទះ​ប្រភេទ​នេះ​សម្បូរ​នៅ​តាម​ជួរដងស្ទឹង និង ទន្លេ ជាអាទិ៍ ស្រុក​ស្អាង ស្រុក​កោះ​ធំ នៃ​ខេត្ត​កណ្តាល ស្រុក​ស្រីសន្ធរ ស្រុក​កោះ សូទិន និង ស្រុក​កងមាស នៃ​ខេត្ត​កំពង់ចាម ស្រុក​បារាយណ៍ និង ស្រុក​ស្ទោង ខេត្ត​កំពង់​ធំ និង ផ្នែក​ខ្លះ​នៃ ខេត្ត​សៀមរាប ជា​ដើម​៕

Article by SRIN SOKMEAN



SUGGESTIONS