×

តើ​អ្វី​ទៅ​ជា​ភាព​ជោគ​ជ័យ​​របស់​អ្នក​និពន្ធ​កម្ពុជា​ល្បី​ឈ្មោះ ០៥​រូប​​នេះ?

NEWS 6 years ago
 
 

          សៀវភៅ​ត្រូវ​បាន​ចាត់​ទុកជាចំណី​ដ៏​ចាំបាច់​សម្រាប់​បំប៉ន​ខួរ​ក្បាល។ ដូច្នេះ​សៀវភៅ​រាប់លានចំណង​ជើង​ត្រូវ​បាន​ផលិត​ទូ​ទាំង​ពិភព​លោក ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ។ យើង​នឹង​នាំ​មិត្ត​អ្នក​អាន​ទៅ​ដឹងពីគន្លឹះ​សំខាន់ៗ​បំផុត​ក្នុង​ការ​សរសេរ ដែល​អ្នក​និពន្ធ​កម្ពុជា​ល្បី​ឈ្មោះ​០៥រូប បាន​ប្រើ​ប្រាស់​ក្នុង​ស្នា​ដៃ​របស់​ពួក​គាត់។

          ចាប់​ផ្តើម​ពី​អ្នក​និពន្ធរៀមច្បង យូ សុភា ឬ​អ្នក​និពន្ធ​ដែល​ទទួល​បាន​ពានរង្វាន់​ច្រើន​ជាង​គេ​ក្នុង​ជំនាន់​គាត់។ អ្នក​និពន្ធ​មិន​ពូកែ​វោហាររូប​នេះ​ប្រាប់​ថា «ទី១គឺ​ត្រូវ​ចេះ​ស្តាប់ សង្កេត វិភាគ និង​វិនិច្ឆ័យ​លើ​ហេតុ​ការណ៍ ដែល​បាន​កើត​ឡើង​នៅ​ជុំ​វិញ​ខ្លួន​ឱ្យ​បាន​សុក្រឹត ហើយ​ទី២គឺ​គួរ​យកស្នា​ដៃ​ដែល​និពន្ធ​បាន ប្រកួត​ប្រជែង​ក្នុង​វេទិកា​នានា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ធ្វើ​របៀប​នេះ គឺជា​ការ​វាស់​ស្ទង់លើ​កម្រិត​ស្នា​ដៃ​របស់​ខ្លួន​ឯង។ បើ​មិន​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ មាន​ន័យថា កម្រិត​សរសេរ​យើង ត្រូវ​តែ​ប្រឹង​ប្រែង​បន្ត​ទៀត តែបើ​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ មាន​ន័យថា យើង​ត្រូវ​តែ​បន្ថែម​ភាពច្នៃ​ប្រឌិត​ថ្មី​ទៀត នៅ​ក្នុង​ស្នា​ដៃ​បន្ត​របស់​យើង។» ស្នា​ដៃ​ថ្មី​បំផុត​របស់​គាត់ គឺ​រឿង​ភាគ​ទូរទស្សន៍ រាជិនី​ភូមិ​គ្រឹះ និង​សៀវភៅ​ប្រលោម​លោក​បុរាណ ប្រស្នាបីរាត្រី។

យូ សុភា

          គឹម ឌីណា ម្ចាស់​ប្រលោម​លោក ភរិយា​ខ្ញុំ​អាយុ​១៨ឆ្នាំ។ អ្នក​និពន្ធ​នារី​ដែល​ចូល​ចិត្ត​សរសេរ​រឿង​រ៉ាវស្នេហា Cute Cute ម្នាក់​នេះ​បាន​ប្រាប់​ថា «ទី១ ត្រូវ​ដឹងថា ខ្លួន​ឯង​ចូល​ចិត្ត​សរសេរ​រឿង​ប្រភេទ​អ្វី? ទី២កុំ​ខ្វល់ពី​ការ​រិះគន់ ដែល​មាន​ចេតនា​បន្ទោស​បង្អាប់​ច្រើន​ពេក។ ទី៣គឺបង្កើន​ទំនាក់​ទំនង​ល្អ​នឹង​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន (អ្នក​គាំទ្រ​និង​អ្នក​និពន្ធ​គ្នា​ឯង)។ និង​ទី៤គឺកុំ​ភ្លេច​ចូល​រួម​វេទិកា​អប់រំ​ផ្សេងៗ​ឱ្យ​បាន​ច្រើន។» ក្រៅ​ពីទេពកោសល្យនិពន្ធ កញ្ញា គឹម ឌីណា ក៏​អាច​ច្រៀង សម្តែង និង​ជា​អ្នក​សម្រប​សម្រួល​កម្មវិធី​អប់រំ​នានា​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ដែរ។ កញ្ញា​ក៏​បាន​បង្ហើបពីប្រលោម​លោក​ថ្មី​ដែល​ត្រៀម​នឹង​ចេញ​ឆ្នាំ​២០១៨​នេះ មាន​ចំណង​ជើង​ថា បវរ​កញ្ញា​សាកល​​វិទ្យា​ល័យ ផង​ដែរ។

គឹម ឌីណា

          លោក សួង ម៉ាក ម្ចាស់​ប្រលោម​លោក ព្រិល​ធ្លាក់​កណ្តាល​សមុទ្រ​ខ្សាច់ (រឿង​រ៉ាវស្នេហាថ្នាក់​​វិទ្យា​ល័យ​ប្រុស​ស្រឡាញ់​ប្រុស)។ អ្នក​និពន្ធ​ដែល​ធ្លាប់​ចាញ់​បោកសំណេរ​របស់​អ្នក​និពន្ធ នា​ពេល​អាន​សៀវភៅ​កាលពី​វ័យ​កុមារ​ម្នាក់​នេះ បាន​ប្រាប់​ថា «ទី១គឺ​ត្រូវ​អាន​ឱ្យ​បាន​ច្រើន។ ទី២គឺ​ស្វែងរក​អត្ត​សញ្ញាណ​​ខ្លួន​ឯង តើ​យើង​ជាស្មេរ​ប្រភេទ​ណា (ស្នេហា ខ្មោច រន្ធត់ ឬ​ការ​លើក​ទឹក​ចិត្ត)? និង​ចុង​ក្រោយ ត្រូវ​ហ្វឹកហាត់​សរសេរ​ជារៀង​រាល់​ថ្ងៃ។» ក្រៅ​ពីការនិពន្ធប្រលោម​លោក អតីត​អ្នក​សរសេរ​ប្លុក​ដ៏​ល្បី ម្នាក់​នេះ ក៏​ជា​អ្នក​វិភាគ​កុនម្នាក់​ដ៏​លេចធ្លោ លើ បណ្តាញ​សង្គម​ហ្វេសប៊ុក (អ្នក​និពន្ធ​វ័យ​ក្មេង​-Khmer Copywriter) ទៀត​ផង។

សួង ម៉ាក

          ចំណែក​ឯ​កញ្ញា សែត ហត្ថា ហៅ​កូន​ចាបមាស ម្ចាស់​ស្នា​ដៃ វិញ្ញាសារ​ជីវិត ដែល​ជា​ប្រភេទ​សៀវភៅ​លើក​ទឹក​ចិត្ត​ដ៏​ល្បី​មួយ​នៅ​ខណៈ​ពេល​នេះ។ អ្នក​និពន្ធ​នារី​ដែល​មាន​វោហារ​មិន​ចាញ់​អ្នក​សម្រប​សម្រួល​ប៉ុន្មាន​ដែរ​នោះ បាន​និយាយ​ថា «គន្លឹះ​របស់​ខ្ញុំ ទី១គឺគន្លឹះ​របស់​លោក​គ្រូ យូ សុភា។ ទី២គឺ​របស់​បង សួង ម៉ាក។ ទី៣គឺ​របស់​កញ្ញា គឹម ឌីណា និង​ទី៤គឺ​ខ្ញុំ​ខ្លួន​ឯង ដែល​ត្រូវ​ចេះ​សង្កេត​លើការវិ​វត្ត​របស់​ធម្ម​ជាតិ​​និង​រាងកាយ។ ជាក់​ស្តែង ដូចជា​ដំបៅ​ដែល​ខ្ញុំ​ធ្លាប់​មាន អ៊ីចឹង។» សែត ហត្ថា បាន​ប្រកាស​ជា​សាធារណៈ​ថា កាដូ​ជីវិត គឺជា​ចំណង​ជើង​សៀវភៅ​លើក​ទឹក​ចិត្ត​ទី២ ដែល​កញ្ញា​នឹង​បោះ​ពុម្ព​ផ្សាយ​នាឆាប់ៗ​នេះ។

សែត ហត្ថា

          ចុង​បញ្ចប់​នោះ​គឺ លោក សុខ ចាន់ផល អ្នក​និពន្ធ​ពោរ​ពេញ​ទៅ​ដោយ​មនោសញ្ចេតនា​ច្រើន​ជាង​គេ នេះ​បើ​សង្កេត​លើទំនុក​ច្រៀង និង​ស្នា​ដៃ​ភាគ​ច្រើន​បំផុត​ដែល​គាត់​បាន​ផលិត។ គាត់​បាន​ប្រាប់​ថា គន្លឹះ​សរសេរ​របស់​គាត់​គឺ​ត្រូវ​សរសេរ​នូវ​អ្វី ដែល​យើង​បាន​ដឹង​ច្បាស់ ឬ​ធ្លាប់​ឆ្លង​កាត់ ហើយ​សរសេរ​វា​ដោយ​ប្រើ​អារម្មណ៍​ឱ្យ​បាន​ចូល​ទៅ​ដល់​បេះដូង​នៃ​សាច់​រឿង​មួយ​នោះ។ ធ្វើ​បាន​ប៉ុណ្ណឹង​គ្រប់ស្នា​ដៃ អ្នក​អាន​នឹង​ចងចាំ​នូវ​ពាក្យ​ចាក់​ដោត​ទាំង​នោះ​មិន​ខាន។ ថ្មីៗ​នេះ សង្សារ១៤​ថ្ងៃ គឺជា​ចំណង​ជើង​ប្រលោម​លោក​ប្រភេទ​ស្នេហា​និង​ការ​លើក​ទឹក​ចិត្ត ដែល​លោក សុខ ចាន់ផល ទើប​បាន​សម្ពោធ​កាលពី​ថ្ងៃ​ទី១៤ខែ​កក្កដា​នេះ ហើយ​ច្បាស់​ណាស់ វា​ក៏​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​មិត្ត​អ្នក​អានជា​ច្រើន​ផង​ដែរ។

សុខ ចាន់ផល

          ក្រៅ​ពីគន្លឹះ​ផ្ទាល់​ខ្លួន​របស់​អ្នក​និពន្ធ​ទាំង​០៥​ខាង​លើ ចំណុច​រួម​ដែល​ពួក​គាត់​មាន​ដូច​គ្នា​នោះ​គឺ និស្ស័យ​ចូល​ចិត្ត​អាន​សៀវភៅ ឬ​មើល​ភាពយន្ត និង​ទេពកោសល្យបង្កើត​សាច់​រឿង ព្រម​ទាំង​ការប្តេជ្ញា​ចិត្ត​លើកិច្ចការ​តែង​និពន្ធ​ទាំង​នោះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត។

          ដូច​នេះ តើ​អ្នក​ធ្លាប់​សរសេរ​កំណត់​ហេតុ​ខ្លួន​ឯង​ទេ? តើ​អ្នក​ធ្លាប់​សរសេរ​រឿង​មួយ​មិន​ចប់​ចុង​ចប់​ដើម​ដែរ​ឬ​ទេ?
ដូច្នេះ​តោះ​ចាប់​ផ្តើម​​សរសេរ បើសិន​អ្នក​បាន​ដឹង​រឿង​រ៉ាវ​អ្វី​មួយ​!

Article by SVAY LEEMENG


SUGGESTIONS