×

កវី​ជើង​ចាស់ អ៊ុំ ដរ៉ា ពាក់​កណ្តាល​ជីវិត​បូជា​ដើម្បី​​វិស័យ​សិល្បៈ​តូរ្យ​តន្រ្តី​ខ្មែរ​

NEWS 6 years ago
 
 

          កាលបើ​និយាយ​ដល់​ឈ្មោះ អ៊ុំ ដរ៉ា ប្រហែល​ជា​មិន​សូវ​មាន​ក្មេងៗ​ជំនាន់​ក្រោយ​នេះ​ស្គាល់​ទេ ប៉ុន្តែ​ហោច ណាស់​ក៏​ពួក​គេ​ស្គាល់​ពីភាព​ល្បីល្បាញ​នៃ​វិស័យ​ចម្រៀង​ខ្មែរ​កាលពី​ទសវត្សរ៍​ទី៦០ និង​ដើម​ទសវត្សរ៍​ទី៧០​ដែរ។ ព្រឹទ្ធាចារ្យ​វ័យ​៧៨ឆ្នាំ​រូប​នេះ​ជាកវីនិពន្ធបទ​ចម្រៀង​ដ៏​មាន​កេរ្តិ៍​ឈ្មោះ​មួយ​រូប​ក្នុង​ជំនាន់​នោះ ហើយ​ក៏​ជាសិល្បករ​ម្នាក់ ក្នុង​ចំណោម​សិល្បករ​ផ្នែក​តែង​និពន្ធ​ចម្រៀង​តិច​តួច​បំផុត​ដែល​បាន​រស់​រាន​មាន​ជីវិត​ផុត​ពីរ​បប​ខ្មែរ​ក្រហម។​ដោយ​សារតែ​លោក​គឺជា​ព្រឹទ្ធាចារ្យសិល្បៈ​ដ៏​កម្រ​មួយ​រូបដូច្នេះ សូវរីន​សូម​សើរើប្រវត្តិ​អតីត កាល​របស់​វរសិល្បកររូប​នេះ ព្រម​ទាំង​ស្ថានភាព​របស់​លោក​នៅ​ពេល​បច្ចុប្បន្ន​ថាស្ថិត​ក្នុង​សភាព​បែប​ណា​ហើយ?

          លោក អ៊ុំ ដរ៉ា (ខ្លះ​សរសេរ​ច្រឡំថា អ៊ុំ តារា ឬ អ៊ុំ ដារ៉ា) កើត​នៅ​ថ្ងៃ​ទី០៦ ខែមិថុនា ឆ្នាំ​១៩៤០ នៅ​ឃុំពាមប្រធ្នោះ ស្រុក​កោះ​សូទិន ខេត្ត​កំពង់ចាម។ លោក​បាន​មាន​ប្រសាសន៍​ថា ដំបូង​ឡើយ លោក​មាន​ឧប​និស្ស័យ​ផ្នែក​កូតវីយូឡុង ទើប​លោក​បាន​រៀន​ពី​គ្រូ​ភ្លេង​ដ៏​ល្បី​នៅ​ជំនាន់​នោះ​ឈ្មោះ កែវ មុខ​ក្រាត(?) នៅ​សាលា​ឯកជន​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ។ ក្រោយ​មក​លោក​បាន​ចូល​បម្រើ​ការ​ងារ​នៅ​សាលា​ល្ខោន​ជាតិ​ក្នុង​តួ​នាទី​ជា​អ្នក​និពន្ធបទ​ចម្រៀង​បញ្ចូល​ទៅ​ក្នុង​ល្ខោន និយាយ​របស់​ស្ថានីយ៍​វិទ្យុ​ជាតិ​កម្ពុជា។ ទន្ទឹម​នឹង​នេះ លោក​ក៏​ជា​សាស្រ្តាចារ្យ​បង្ហាត់​ផ្នែក​និពន្ធ​ចម្រៀង​នៅ​ទី​នោះ​ដែរ។ ក្នុង​ពេល​នោះ លោក​មាន​ទំនាក់​ទំនង​ការ​ងារ​ជា​មួយ​រៀម​ច្បង​សិល្បករល្បីៗ​ផ្នែក​ល្ខោន និង តន្រ្តី ជា​ច្រើន​រូប ដូចជា សាស្រ្តាចារ្យ ហង្ស ធុន​ហាក់ សាស្រ្តាចារ្យ ពៅ យូឡេង សាស្រ្តាចារ្យ មែរ ប៊ុន  និង លោក មាស ហុកសេង ម្ចាស់​បទ លលកញីឈ្មោល ជា​ដើម។ លោក​អះអាង​ថា លោក​ចេះ​ជំនាញ​តែង​និពន្ធទំនុក​ច្រៀង និង បទភ្លេង ពី​លោក មាស ហុកសេង ដែល​ជា​សិស្ស​ច្បង​នៅ​សាលា​ល្ខោន​ជាតិ​នោះ​ឯង។

Image Courtesy: អ៊ុំ ដរ៉ា

          មុន​របប​ខ្មែរ​ក្រហម​ចូល​មក​ដល់ លោក​បាន​តែង​និពន្ធបទ​ចម្រៀង​ល្បីៗជា​ច្រើន​បទថត​ដាក់​កាស្សែត​ឲ្យ​តារា ចម្រៀង​ស្រី​ប្រុស​ល្បី​ឈ្មោះ ជាអាទិ៍ អធិរាជសម្លេង​មាស ស៊ី​ន ស៊ី​សាមុត រាជិនីសម្លេង​មាស រស់ សេរី​សុទ្ធា និង លោក អ៊ឹង ណារី រួម​មាន បទ​ថ្ងៃ​ណា​មាន​សង្ឃឹម (អស់​សង្ឃឹម) រូបអូនហ្នឹង​ហើយ ឈប់​ស្រឡាញ់​អូន​ទៅ ស្រឡាញ់ អូន​ដល់​ណា ចាស់​ជូរអែម ស្តាយ​ក្លិន​ស្តាយក្លែប បើអូន​បាន​បង តាម​កម្មផល និង បទ​ចម្រៀង​ស្នេហា -ល-។

          ​លោក​ត្រូវ​បាន​ជម្លៀស​ទៅ​រស់​នៅ​ឃុំ​ព្រែក​ក្របៅ ស្រុក​ខ្សាច់​​កណ្តាល ខេត្ត​កណ្តាល ពីឆ្នាំ​១៩៧៥ ដល់​ឆ្នាំ ១៩៧៩។ ក្រោយ​របបប៉ុលពតដួលរលំ លោក​បាន​ចាក​ចេញ​ទៅ​រស់​នៅ​ជំរំសាយធូ ទឹក​ដីជាយដែន​ថៃ ហើយ​បាន​បន្ត អាជីពជា​អ្នក​និពន្ធបទ​ចម្រៀង និង តន្រ្តី​ករវីយូឡុង​នៅ​ទី​នោះ​រួម​ជា​មួយ​សិល្បករ​ខ្មែរ​ដទៃ​ទៀត​ក្នុង​ក្រុម​តន្រ្តី បន្ទាយ អំពិល រហូត​ដល់​ឆ្នាំ ១៩៩៣។ បន្ទាប់មក លោក​បាន​វិលត្រលប់មកទី​ក្រុង​ភ្នំពេញ ហើយ​និពន្ធបទ​ចម្រៀង​រាប់សិបបទ ឲ្យ​ក្រសួង​ការពារ​ជាតិ​(កងពល​តូច​លេខ​៧០) និង ក្រសួង​ឃោសនាការ​រហូត​ដល់​ចូល​និ​វត្តន៍​ក្នុង​ឆ្នាំ​២០០០។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​​ក៏​បាន​​ជួយ​បណ្តុះ​បណ្តាល​អ្នក​ចម្រៀង​មួយ​ចំនួន​រហូត​ល្បី​ក្នុង​ពិភពសិល្បៈ​ដូចជា លោក ឡេង ប៊ុនណាត អ្នក​នាង គីង សូរិយា អ្នក​នាង ឈួន សុវណ្ណឆៃ និង អ្នក​នាង ផាន់ ណាវី ជា​ដើម។

Image Courtesy: អ៊ុំ ដរ៉ា

          ជាអ​កុសល កាលពី​ជាង​១០ឆ្នាំ​មុន លោក​បាន​រង​គ្រោះ​ថ្នាក់​​ចរាចរណ៍​ពេល​កំពុង​ជិះ​ម៉ូតូ​ទៅ​បំ​ពេញ​ការ​ងារ រហូត​ដល់​ទៅ​ពីរ​ដង ទើប​ធ្វើ​ឲ្យ​លោក​ធ្លាក់​ខ្លួន​ស្ថិត​ក្នុង​ពិការភាព មិន​អាច​ចេញ​ទៅ​ប្រឡូក​ក្នុង​វិស័យសិល្បៈ​ដូច មុន​បាន។ ថ្មីៗ​នេះ របួស​ចាស់​ត្រង់​ជើង​ឆ្វេង​របស់​លោក​បាន​រើ​ឡើង ហើយ​ក្រុម​គ្រួសារ​បាន​ដឹក​រូប​លោក​ទៅ​ឆ្លុះ​ពិនិត្យ មើល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ជ័យ​ជំនះ​ក្រុង​តា​ខ្មៅ​កាលពី​ថ្ងៃ​ទី១៤ ខែ​កក្កដា នេះ។ ប៉ុន្តែ​ដោយ​សារ​លោក​មាន​វ័យ​ជរាទ្រុឌ ទ្រោមពេក ទើប​មិន​អាច​ទទួល​ការ​ព្យាបាល​ឆ្អឹង​តាម​បែប​វេជ្ជសាស្រ្ត​ទំនើប​បាន។ ក្រុម​គ្រួសារ​លោក​​ក៏​បាន​​សម្រេច​ចិត្ត យករូប​លោក​មក​បន្ត​ព្យាបាល​នៅ​កន្លែង​គ្រូ​បុរាណ​ខ្មែរ​មួយ​នៅ​ភូមិ​ព្រែក​តាពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ។ អ្នក​ស្រីសំ វណ្ណា ដែល​ត្រូវ​ជាភរិយា​បាន​បញ្ជាក់​ពី​ស្ថានភាព​ជម្ងឺថា «គេ​តម្រូវ​ឲ្យ​គាត់​ស្នាក់​នៅ​ព្យាបាល​ទី​នេះ​មួយ​ខែ​ទៅ មួយ​ខែកន្លះ។ រយៈ​ពេល​បី​ទៅ​បួន​ថ្ងៃ ទើប​ស្រាយ​ថ្នាំ​រុំ (បិតស្បៃអបពី​ក្រៅ) ផ្លាស់​ចេញ​ម្តង។ សព្វ​ថ្ងៃ​មាន​តែ​ខ្ញុំ​ម្នាក់​ទេ ដែល​នៅ​ប្រចាំ​ការ ឯ​កូនៗគេ​ជាប់​រវល់ការ​ងារ​យូរៗ​ទើប​មក​ម្តង​ម្កាល»។

          អ្វី​ដែល​គួរ​ឲ្យ​អាសូរ​ចំពោះ​ព្រឹទ្ធាចារ្យ អ៊ុំ ដរ៉ា គឺ​លោក​មិន​អាច​សូម្បីតែក្រោក​អង្គុយ គឺ​ត្រូវ​សំរាន្ត​នៅ​ជាប់​នឹង កន្ទេល​ហើយ​ប្រែ​ចុះ​ប្រែ​ឡើង ប៉ុន្តែ​ចំពោះ​របប​អាហារ គឺ​លោក​នៅ​អាចហូប​បាន​ធម្មតា លើក​លែងតែ អាហារ​ខ្លាញ់ ដែល​គ្រូ​ខ្មែរ​ឲ្យ​តម។ ភរិយា​លោក​បាន​បន្ត​ថា តាំង​ពី​ចូល​សម្រាក​ទទួល​ការ​ព្យាបាល​មក ពុំ​ទាន់​មាន​ខាង​សមាគម​សិល្បៈ ឬ នរ​ណាម្នាក់​ទទួល​ធានារ៉ាប់រង​ថ្លៃ​ព្យាបាល​ទាំង​អស់​ឡើយ មាន​តែសប្បុរស​ជន​ចូល​រួម​ឧបត្ថម្ភ​តាម​លទ្ធភាព​ខ្លះៗ។ អ្នក​ស្រី​មាន​តែ​ធ្វើ​ទៅ​តាម​ធនធាន​ដែល​ខ្លួន​មាន និង ប្រាក់​ពីសប្បុរជន​ជាក់​ស្តែង បាន​ប៉ុណ្ណា ព្យាបាល​ប៉ុណ្ណឹង។

          ដោយ​ឡែក កញ្ញា សំ ថារ័ត្ន ដែល​ជា​កូន​ស្រីបង្កើត បាន​សម្តែង​​អារម្មណ៍​ថា «ខ្ញុំ​សង្ឃឹម​ថា ចម្រៀង​និង​តន្រ្តី របស់​លោក​ប៉ា​នឹង​មិន​ស្លាប់​ទេ! ខ្ញុំ​សង្ឃឹម​ថា មនុស្ស​គ្រប់​គ្នា​នឹង​ចងចាំមរតកស្នា​ដៃ​របស់​គាត់ »។ កញ្ញា​មាន​ក្តីស្រមៃ​ថា នៅ​ថ្ងៃ​​ណាមួយ កញ្ញា​នឹង​មាន​ឱកាស​ច្រៀង​នៅ​លើឆាក ហើយ​មាន​ឪពុក​កូតវីយូឡុង​ឲ្យ​ច្រៀង​ក្នុង​ពេល​តែ​មួយ។ បើសិនជាអាច កញ្ញា​ចង់​ឲ្យ​មាន​ការ​រៀបចំ​កម្មវិធី​​តន្រ្តី​សប្បុរសធម៌​ដើម្បី​​រៃអង្គាស​ថវិកា​ជួយ​ព្យាបាល​ឪពុក​ជាទី ស្រលាញ់​របស់​ខ្លួន​ដែល​បាន​លះបង់ជា​ច្រើន​​ដើម្បី​​សិល្បៈ៕

Article by SRIN SOKMEAN

 

 


SUGGESTIONS