×

រទេះគោច្នៃ​ជាកង់​សម្រាប់​ជិះ​កំសាន្ត​ដំបូង​គេ​បំផុត​នៅ​កម្ពុជា​

NEWS 4 months ago
 
 

          សៀមរាប៖ ប្រិយ​មិត្ត​ប្រហែល​ជា​ធ្លាប់​បាន​ឃើញ​ព័ត​៍​មាន​មួយ​ដែល​បុរស​ម្នាក់​​បាន​យក​ម៉ូតូ​សណ្តោងរទេះគោ តាម​ដង​ផ្លូវ​នៅ​ខេត្ត​សៀមរាប​រួច​មក​ហើយ។ រទេះគោសណ្តោង​ដោយ​ម៉ូតូ​នោះ​ជា​របស់​លោក ហាស់ វាសនា ហៅ​មីស្ទ័រម៉ាច( Mr. Match)។ សព្វ​ថ្ងៃ​មីស្ទ័រម៉ាច់ បាន​កែច្នៃ​រទេះគោសណ្តោងរ៉ឺម៉ក់​នោះ ក្លាយ​ជាកង់សណ្តោងរទេះគោ​វិញ​ម្តង។ បើ​ទោះ​បីជារទេះគោ​ធំ និង​ធ្ងន់​យ៉ាង​ណាក្តី​ក៏​លោក ហាស់ វាសនា ហៅ មីស្ទ័រម៉ាច នៅ​តែ​អះអាង​ថា​មិន​ពិបាក​ធាក់ តឹង​ឬ​លំបាក​នោះ​ឡើយ ព្រោះ​លោក​និង​ជាង​បាន​ច្នៃ​ឡើង​តាម​លក្ខណៈ​​បច្ចេកទេស​និង​គិត​គូពីបទដ្ឋាន​នៃ​ទម្ងន់​បាន​យ៉ាង​ត្រឹម​ត្រូវ។ មីស្ទ័រម៉ាច​បាន​ប្រាប់ សូវរីន ពីមូល​ហេតុ​ដែល​លោក​មាន​គំនិត​បង្កើត​ជាកង់រទេះគោ​នេះ​ឡើង​ថា គឺ​ដោយ​សារតែ​លោក​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ប្លែក​ខុស​គេ ម្យ៉ាង​លោក​ឃើញ​ថារទេះគោ​ខ្មែរ​ហាក់​កំពុង​តែ​ប្រឈម​នឹង​ការ​បាត់​បង់​នៅ​ក្នុង​សម័យ​បច្ចេក​វិទ្យា​ដែល​មាន​ការ​រីក​ចម្រើន​ខ្លាំង​នេះ។ មីស្ទ័រម៉ាច​បាន​ប្រាប់​ឲ្យ​ដឹងថា «ខ្ញុំ​បាន​មើល​វីដេអូ​បទ​សម្ភាសន៍​មួយ​ជា​មួយ​នឹង​លោក​តា​ម្នាក់​​នៅ​បារាយណ៍​ខាង​លិច បន្ទាប់មក​ខ្ញុំ​ក៏​​ចាប់​ផ្តើម​​មាន​គំនិត​មួយ​ថា​នឹង​យករទេះគោ​នោះ​មកច្នៃ​ជា​របស់​ម្យ៉ាង​ដែល​អាច​ជិះ​កំសាន្ត​លេង​បាន ក្រោយ​មក​ខ្ញុំ​ក៏​បាន​ព្យាយាម​ទាក់​ទងថារក​ទិញ​រទេះគោពី​លោក​តា​ម្នាក់​​នោះ ក៏​ប៉ុន្តែ​ខ្ញុំ​មិន​អាច​ទាក់​ទង​បាន​ទេ»។ លោក​បាន​បន្ថែម​ទៀត​ថា៖ «ក្រោយ​មក​ខ្ញុំ​បាន​ចូល​រួម​ក្នុង​កម្មវិធី​​អង្គរ​សង្រ្កាន្តឆ្នាំ ២០១៨ ហើយ​បាន​ទស្សនា​នូវ​កម្មវិធី​ប្រណាំងរទេះគោ ដូច្នេះ​​ខ្ញុំ​ក៏​បាន​ទាក់​ទង​ទិញ​រទេះគោពី​អ្នក​ចូល​រួម​ប្រកួត​ម្នាក់​​ក្នុង​កម្មវិធី​​នោះ​តែ​ម្តង។» ទើប​តែមក​រស់​នៅ​ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​បាន​ប្រមាណ​ជា ៤ខែ​ប៉ុណ្ណោះ មីស្ទ័រម៉ាច​បាន​ស្វែងរក​ជាង​​ដើម្បី​​កែច្នៃ​ជាកង់សណ្តោងរទេះគោ​សម្រាប់​ធាក់​កំសាន្ត​លេង ក្នុង​តំបន់​ដែល​មាន​សក្តានុពល​ទេសចរណ៍​​ដ៏​ល្អ​មួយ​និង​ដំបូង​គេ​បំផុត​នៅ​ក្នុង​ក្រុង​សៀមរាប។

          រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​កង់រទេះគោ​ដែល​លោក ហាស់ វាសនា ហៅ មីស្ទ័រម៉ាច បាន​ដាក់​ឈ្មោះ​ឲ្យ​ថា «រទេះគោរក​ស្នេហ៍​កម្ពុជា» នៅ​ពុំ​ទាន់​មាន​ភ្ញៀវ​ទេសចរណ៍​​ណាម​ក​ទាក់​ទងជួល​សម្រាប់​ជិះ​កំសាន្ត​លេង​នៅ​ឡើយ​ទេ គឺ​មាន​តែ​អ្នក​រស់​នៅ​ខេត្ត​សៀមរាប​ផ្ទាល់​ដែល​បាន​សុំការ​អនុញ្ញា​ត​ជិះ​សាកល្បងតែ​ប៉ុណ្ណោះ។ បើ​ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ លោក​មិន​ទាន់​បាន​គិត​គូរពី​តម្លៃ​នៃ​ការជួល​ជិះ​កំសាន្ត​នៅ​ឡើយ​ទេ ដោយ​លោក​គ្រាន់​តែ​ប្រាប់​ឲ្យ​ដឹងថា ប្រសិន​បើ​មាន​ភ្ញៀវ​ទេសចរណ៍​​ចង់​សាក​ជិះ​កំសាន្ត​លេង​នោះ អាច​ទាក់​ទងមក​កាន់​លោក​តាម​រយៈ​លេខ​ទូរសព្ទ៖ 010/12 880095។ យ៉ាង​ណាមិញ លោក ហាស់ វាសនា ហៅ​មីស្ទ័រម៉ាច​ក៏​បាន​ប្រកាស​ឲ្យ​ដឹងពីការ​ស្វែងរក​ដៃ​គូ​វិនិយោគ ដើម្បី​​ផលិត​កង់រទេះគោ​នេះ បន្ថែម​ទៀត​និង​សិក្សា​ពី​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​​មួយ​នេះ​ផង​ដែរ។ «ប្រសិន​បើ​មាន​បងប្អូន​ណាមានចំណាប់​អារម្មណ៍​ពីកង់រទេះគោ​នេះ ឬ​ក៏​មាន​អ្នក​ណា​ដែល​មាន​ដីឡូតិ៍​នៅ​ឯ​ខេត្ត​សៀមរាប យើង​អាច​សហការណ៍​​គ្នា​​ដើម្បី​​បង្កើត​​តំបន់​មួយ​ក្នុង​ការ​វិនិយោគ​កង់រទេះគោ សម្រាប់​ជួល​ឲ្យ​ភ្ញៀវ​ទេសចរណ៍​​ជាតិ​និង​អន្តរជាតិ ជិះ​កំសាន្ត​លេង​ផង​ដែរ។»

Article by KEO SONG



SUGGESTIONS