មួកត្នោត តម្រូវការច្រើនតែអ្នកផលិតតិចហាក់កំពុងប្រឈមនឹងការបាត់បង់
TRAVEL & LIVING 6 years agoមួកត្នោត ត្រូវបានគេចាត់ទុកថាជាផលិតផលអត្តសញ្ញាណជាតិមួយដ៏សំខាន់ក្នុងចំណោមផលិតផលជាតិជាច្រើនទៀត ដែលប្រជាពលរដ្ឋកម្ពុជានៅតែឲ្យតម្លៃរហូតមកដល់សព្វថ្ងៃ។ គេបានសង្កេតឃើញថាមានប្រជាពលរដ្ឋជាច្រើននៅតែបន្តពាក់ក្នុងពិធីបុណ្យជាតិផ្សេងៗ ជាពិសេសគឺពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីឆ្នាំទៅ នៅឯខេត្តសៀមរាបនិងតាមបណ្តាខេត្តដទៃទៀតគួរឱ្យកត់សម្គាល់។ បើទោះបីជាមានការគាំទ្រពីប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករដូចនេះក្តី ក៏សង្វាក់នៃការផលិតមួកត្នោតនៅភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញ្ញាឮ ខេត្តកណ្តាល ហាក់កំពុងតែប្រឈមនឹងការបាត់បង់ ដោយសារតែកង្វះអ្នកផលិត ដែលនេះគឺជាសញ្ញាមួយគួរឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។
ស្ថិតនៅក្បែរភ្នំព្រះរាជទ្រព្យហៅភ្នំឧដុង្គ ភូមិ អូរស្លាត ឃុំភ្នំបាត ស្រុកពញ្ញាឮខេត្តកណ្តាល គឺជាកន្លែងផលិតមួកត្នោតច្រើនជាងគេ ក្បែររាជធានីភ្នំពេញ ហើយក៏ជាកន្លែងដែលផ្គត់ផ្គង់មួកត្នោតសឹងតែនៅទូទាំងប្រទេសផងដែរ។ មិនត្រឹមតែផ្គត់ផ្គង់តែនៅក្នុងស្រុកប៉ុណ្ណោះទេ ក៏មានផងដែរនូវការបញ្ជារទិញនាំចេញទៅក្រៅប្រទេសថែមទៀតផង។ យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភូមិមួកត្នោត ដែលធ្លាប់តែមានភាពមមាញឹកសឹងគ្រប់គ្រួសារដោយសារនាំគ្នាប្រកបរបរធ្វើមួកត្នោតនេះ បែរជាមានសភាពស្ងាត់ជ្រងំនិងមានតែប្រមាណជាបី បួនគ្រួសារប៉ុណ្ណោះដែលបន្តនូវមុខរបរមួយនេះ ខណៈដែលតម្រូវការតែងតែមានឥតដាច់។ លោក សៀក ដែលជាអ្នកផលិតមួកត្នោតមួយរូបក្នុងចំណោមអ្នកធ្វើមួកត្នោតនេះបានប្រាប់ឲ្យដឹងថា ដោយសារតែការចំណាយសឹងតែស្មើនឹងចំណូល ម្យ៉ាងត្រូវប្រើកម្លាំងពលកម្មច្រើនក្នុងការផលិតទៀតនោះ ទើបធ្វើឲ្យអ្នកភូមិមួយភាគធំ ជាពិសេសគឺយុវជនជំនាន់ក្រោយត្រូវបង្ខំចិត្តបោះបង់នូវរបរមួយនេះចោល ហើយក៏ចំណាកស្រុកដើម្បីស្វែងរកការងារថ្មី។ លោកបាននិយាយទាំងរអ៊ូរទាំថា ទម្រាំតែអាចផលិតមួកនេះឡើង លោក សៀក ត្រូវចំណាយប្រាក់ជាច្រើនដូចជាការជួលអ្នកឡើងទៅកាប់ស្លឹកត្នោត ដោយក្នុងមួយដើមគេយកកម្រៃពីប្រាំពាន់រៀល ទៅមួយម៉ឺនរៀលទៅតាមទំហំការងារនិងតម្រូវការដែលលោកចង់បាន។ មិនត្រឹមតែប៉ុណ្ណោះ លោកត្រូវទិញស្លឹកត្នោតពីម្ចាស់ត្នោតនីមួយៗ ដោយម្ចាស់ត្នោតគេលក់ឲ្យប្រាំដើមក្នុងតម្លៃ ៤០០០ រៀលទៅ ៥០០០រៀលទៀតផង។ ទាំងអស់នេះនៅមិនទាន់គិតពីតម្លៃនៃការដឹកស្លឹកត្នោត និងការទិញក្រណាត់ អំបោះនិងគ្រឿងបរិក្ខារមួយចំនួនទៀតដើម្បីផលិតចេញជារូបរាងមួកត្នោតនេះនៅឡើយផង។ ចំណែកឯចំណូលវិញលោកសៀកបានបង្ហើបឲ្យដឹងថា លោកលក់មួកមួយតម្លៃ ៣០០០រៀល ក្នុងតម្លៃលក់រាយ និងទទួលធ្វើក្នុងតម្លៃមួយសមរម្យសម្រាប់អ្នកដែលចង់ជាវដើម្បីទៅបោះដុំបន្ត។
ក្នុងវ័យ ៦២ ឆ្នាំ លោក សៀក និងភរិយាបានប្រកបមុខរបរជាអ្នកធ្វើមួកត្នោតនេះអស់រយៈពេលជាងសាមសិបឆ្នាំមកហើយ។ ដោយសារតែមានវ័យចំណាស់បែបនេះ លោកមិនអាចទៅធ្វើការឬស្វែងរកមុខរបរណាផ្សេងក្រៅពីរបរធ្វើមួកស្លឹកត្នោតនេះលក់ដែលអាចឲ្យលោកអាចសម្រាកនៅផ្ទះផង និងស្វែងរកប្រាក់ចំណូលខ្លះដើម្បីចិញ្ចឹមគ្រួសារផង។ សព្វថ្ងៃអ្នកដែលបន្តធ្វើមួកត្នោតនៅភូមិអូរស្លាត ឃុំបាត ស្រុកពញ្ញាឮ ខេត្តកណ្តាលភាគច្រើនសុទ្ធសឹងតែអ្នកភូមិចាស់ដែលលោក ពុំដឹងធ្វើអ្វីក្រៅពីមុខរបរទម្លាប់ប្រចាំថ្ងៃរបស់ខ្លួនឡើយ។ ដោយសារតែសេដ្ឋកិច្ចមានការរីកចម្រើន សង្គមកាន់តែមានការអភិវឌ្ឍគួបផ្សំជាមួយនិងការងារក៏កាន់តែសម្បូរបែបជាមួយនឹងការអប់រំកាន់តែទូលំទូលាយ យុវជនមួយចំនួននៅភូមិអូស្លាតនេះបាន ធ្វើចំណាកស្រុកមកកាន់រាជធានីភ្នំពេញដើម្បីបន្តការសិក្សានិងស្វែងរកការងារដែលអាចរកប្រាក់ចំណូលតាមរយៈចំណេះនិងជំនាញរបស់ពួកគេរៀងៗខ្លួន។ យុវជនខ្លះទៀតក៏សម្រេចចិត្តនាំគ្នាទៅធ្វើជាកម្មកររោងចក្រព្រោះពួកគេគិតថាការប្រកបមុខរបរធ្វើមួកត្នោតនេះទទួលបានចំណូលតិចតែចំណាយកម្លាំងច្រើនដូច្នេះហើយទើប មិនសូវមានយុវជនច្រើនឡើយដែលបន្តមុខរបរផលិតមួកត្នោតពីឳពុកម្តាយរបស់ពួកគេហើយនេះពិតជាសញ្ញាមួយដែលធ្វើឲ្យមួកត្នោតខ្មែរប្រឈមនឹងការបាត់បង់នៅថ្ងៃអនាគត៕
Article by KEO SONG