ដើម្បីសមស្របទៅតាមបរិបថទំនើបនឹងទំនោរនិយមក្នុងការលេងស្តាយ៍ទៅតាមរដូវកាលផងនោះ ជាក់ស្ដែងសម្រាប់រដូវរំហើយឈានចូលមកដល់ម៉ូដសម្លៀកបំពាក់ក៏មានការផ្លាស់ប្ដូរទៅតាមអាកាសធាតុផងដែរ។ ជានិច្ចកាលនៅក្នុងទំព័រហ្វេហ្សិនរបស់ សូវរីន តែងតែពាំនាំនិងបង្ហាញជូនប្រិយមិត្តនូវម៉ូដសម្លៀកបំពាក់ ដែលទាន់សម័យនឹងពេញនិយមទៅតាមរដូវកាលដើម្បីជាចំណេះដឹងតូចមួយជួយបង្កើតជាគំនិតក្នុងការរៀបចំខ្លួនទៅតាមកាលៈទេសៈនឹងសម័យកាលដែលគេពេញនិយម។ ដោយឡែកម៉ូដសក់ក៏ជាចំណុចចម្បងដែលអាចផ្លាស់ប្តូរភាពស៊ីវីល័យ និងសម្រស់របស់មិត្តនារីក្នុងរយៈពេលដ៏ខ្លី ហេតុដូចនេះ សូវរីន សូមលើកបង្ហាញអត្ថបទមួយ ដែលនឹងពិពណ៌នាអំពីម៉ូដសក់កំពុងពេញនិយមក្នុងឆ្នាំ ២០១៨ ទៅតាមប្រវែងសក់ និងទម្រង់មុខនីមួយៗផងដែរ។
ក្រៅអំពីអត្ថបទសម្រស់និងហ្វេហ្សិន សូវរីន ក៏បានធ្វើបទសម្ភាសន៍ជាមួយបុគ្គលឆ្នើមៗក្នុងសង្គមតួយ៉ាងដូចជាក្នុងលេខនេះផ្ទាល់តែម្ដង សូវរីន ក៏នឹងបង្ហាញអំពីគោលជំហររបស់ អ្នកស្រី ខៃ ចិន្តា ស្ថាបនិកនៃសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា ដែលបានសម្រេចចិត្តទិញសត្វដំរីស្រុកចំនួន៤ក្បាល ដែលជាសត្វដំរីចុងក្រោយគេបង្អស់ក្នុងខេត្តរតនគិរីមកចិញ្ចឹមថែទាំ។
Image Courtesy: CHENDA CLAIS
វិចិត្រករ ឈើន ចាន់នី បានកែប្រែវិប្បដិសារីចំពោះកំហុសឆ្គងពីអតីតកាលឱ្យក្លាយជាស្នាដៃសិល្បៈគំនូរដ៏អស្ចារ្យ លោកក៏នឹងបង្ហាញអំពីដំណើរដើមទងនៃការចាប់ផ្ដើមលើកិច្ចការនេះផងដែរ។ ពិតណាស់នាពេលបច្ចុប្បន្នក្បាលពោះសុទ្ធតែខ្លាញ់(ធាត់)គឺជាប្រធានបទដ៏ក្ដៅគគុក ប៉ុន្តែទន្ទឹមនឹងនេះដែរ សូវរីន ក៏នឹងបង្ហាញអំពីតិចនិកក្នុងការសម្រកខ្លាញ់ក្បាលពោះដោយមិនចាំបាច់ធ្វើលំហាត់ប្រាណ។ វាពិតជាល្អណាស់សម្រាប់អ្នកដែលមិនមានពេលទៅហាត់ប្រាណ តោះចូលអានអត្ថបទជាមួយយើងឥឡូវនេះ! មិនត្រឹមតែអត្ថបទមួយនេះទេ សូវរីន តែងតែប្រមូលផ្ដុំនូវអត្ថបទល្អៗជាច្រើនទៀតសម្រាប់មិត្តអ្នកអាន។
វិចិត្រករ ឈើន ចាន់នី
យើងសូមបង្ហាញពីភោជនីយដ្ឋានបែបថៃរសជាតិដើមមួយកន្លែងដែលទើបតែចាប់បដិសន្ធិឡើងក្នុងរាជធានីភ្នំពេញកាលពីថ្មីៗនេះផងដែរនោះគឺ Nature Thai Bistro។
Nature Thai Bistro
បង្វែរមកអត្ថបទសម្រាប់ទំព័រទេសចរណ៍ប្រចាំខែសីហានេះ សូវរីន សូមបង្វែរអារម្មណ៍ប្រិយមិត្តចាកចេញពីទីក្រុងដែលហ៊ុំព័ទ្ធទៅដោយអគារខ្ពស់ៗ ប្រកបដោយភាពស្អុះស្អាប់ មកស្រូបយកខ្យល់អាកាសបរិសុទ្ធ និងគយគន់នូវសម្រស់ធម្មជាតិដ៏ស្រស់បំព្រង និងសិក្សាពីប្រាសាទបុរាណដែលលាក់ខ្លួនយ៉ាងអាថ៍កំបាំង កម្រនឹងមានទេសចរណាបានទៅដល់ណាស់នោះគឺ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងដែលកំពុងតែលាក់ខ្លួនពួនអាត្មានៅពីក្រោយភ្នំនាងកង្រី។ កន្លែងគោលដៅទាំង៤ក្នុងការទស្សនាទិដ្ឋភាពថ្ងៃរៀបលិចដ៏ស្រស់បំព្រងក្នុងរាជធានីភ្នំពេញក៏នឹងបង្ហាញវត្តមានក្នុងលេខថ្មីនេះផងដែរ៕
ភ្នំនាងកង្រី
សូមអរគុណដល់ការគាំទ្ររបស់ប្រិយមិត្ត!
រក្សាសិទ្ធិដោយ សូវរីន