×

ទី​តាំង​អតីត​វាំង​សម័យ​ឧដុង្គ​ត្រូវ​បាន​ក្រសួង​ទេសចរណ៍​បង្កើត​​កម្មវិធី​​រៀបចំ​ជា​វត្ត​ទេសចរណ៍​គំរូ

TRAVEL & LIVING 3 months ago
 
 

          “​វត្ត​ហរិរក្សរាជិនី (វត្ត​វាំង​ចាស់) ជា​វត្ត​ទេសចរណ៍​គំរូ” បាន​ក្លាយជា​វិញ្ញាសារ​ក្នុង​ប្រធាន​បទ​នៃ​ការ​រៀបចំ វត្ត​ទេសចរណ៍​គំរូ ក្នុង​កម្មវិធី​​ប្រកួត​ប្រជែង​យុវជន​ទេសចរណ៍​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៨ ក្នុង​គោល​បំណង​​ដើម្បី​​ជាការ បញ្ជ្រាបការ​យល់​ដឹង​សាធារណៈ​អំពី​វិស័យ​ទេសចរណ៍​ដល់​យុវជន​កម្ពុជា ក៏​ដូច​ជាការ​លើក​ទឹក​ចិត្ត​ដល់​ការ​ចូល​រួម របស់​យុវជន​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ប្រកប​ដោយ​ភាពច្នៃ​ប្រឌិត ដោយ​និរន្តរភាព និង ការ​ទទួល ខុស​ត្រូវ។ តើទី​អារាម​ហរិរក្សរាជិនី ហៅ វត្ត​វាំង​ចាស់ មាន​ទី​តាំង​ស្ថិត​នៅ​ឯណា? ហើយ​តើ​វត្ត​នេះ​មាន​សាវតារ​ខុស​ប្លែក ពិសេស​ជាង​វត្ត​ដទៃ​យ៉ាង​ណា​ខ្លះ​បាន​ជា​ក្រសួង​ទេសចរណ៍​ជ្រើសរើស​ទី​តាំង​នេះ​ធ្វើ​ជា​វិញ្ញាសារ​ប្រកួត​ប្រជែង?

          វត្ត​វាំង​ចាស់ មាន​ឈ្មោះ​ជា​ផ្លូវ​ការថា វត្ត​ហរិរក្សរាជិនី ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ក្នុង​វាំង ឃុំវាំង​ចាស់ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រមណីយដ្ឋាន​ភ្នំ​ព្រះ​រាជ​ទ្រព្យ ឬ ភ្នំឧដុង្គ។ ប្រសិន​បើ​លោក​អ្នក​ចង់​ធ្វើ ដំណើរ​ទៅ​កាន់​វត្ត​ដែល​មាន​ប្រវត្តិ​ដ៏​ចំ​ណាស់​នេះ លោក​អ្នក​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥ តាម​ទិសដៅ​ទៅ​កាន់ ផ្សារ​ឧដុង្គ ទី​រួម​ស្រុក​ឧដុង្គ។ ពីក្លោងទ្វារ​ចូល​រមណីយដ្ឋាន​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ទៅ​ដល់​ផ្លូវ​ជាតិ​លេខ​៥១ (ផ្លូវ​ភ្ជាប់​ពីឧដុង្គ​ទៅ ផ្សារ​ថ្នល់​ទទឹង ផ្លូវ​ជាតិ​លេខ​៤) ដែល​ជា​ផ្លូវ​បត់​ចូល​វត្ត​នេះ​មាន​ចម្ងាយ​ជិត​២​គីឡូ​ម៉ែត្រ។ លោក​អ្នក​ត្រូវ​បត់​ចូល​តាម​ផ្លូវនោះ (ទៅ​ពី​ភ្នំពេញ ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ) ក្នុង​ចម្ងាយ​ជាង​៨០០​ម៉ែត្រ​ទើប​ដល់​ក្លោងទ្វារ​វត្ត។

          ទី​តាំង​វត្ត​នេះ​ជា​អតីត​ព្រះ​បរមរាជវាំងសារពើយុត្តិ​ដែល​ជា​ព្រះ​រាជនិវេសនដ្ឋាន​សម័យ​ឧត្តុង្គ ហើយ​វត្ត​នេះ កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះ​បាទ​សម្តេច​ហរិរក្សរាមាឥស្សរាធិបតី​ព្រះ​អង្គឌួង (គ.ស. ១៨៤០ ដល់ គ.ស. ១៨៥៩)។ យោង​តាម​ឯកសារ រាជ​ពង្សាវតារ​ជាសាស្រ្តា​ស្លឹក​រឹត​នៅ​វត្ត​កោកកាក វត្ត​វាំង​ចាស់​ត្រូវ​បាន​កសាង​ដំណាល​គ្នា​នឹង វត្ត​ព្រះ​ពុទ្ធ​សេយ្យាសន៍ វត្ត​គ្រាំងពន្លៃ វត្ត​ព្រះ​វិហារសំណ វត្ត​សាលា​គូ និង វត្ត​វិហារ​ខ្ពស់ ដែល​សុទ្ធ​សឹងតែស្ថិត​នៅ​ក្នុង បរិវេណ​រាជធានី ក្រុង​ឧតុង្គ​មាន​ជ័យ។ ចំពោះ​មូល​ហេតុ​ដែល​វត្ត​នេះ​មាន​ឈ្មោះ​ជា​ផ្លូវ​ការថា វត្ត​ហរិរក្សរាជិនី ពី​ព្រោះដំបូង​ឡើយ ព្រះ​បរមកោដ្ឋ​បាន​ថ្វាយ​ទី​តាំង​ព្រះ​បរមរាជវាំង​ចាស់​នេះ​ឲ្យ​ ព្រះ​វររាជិនី​ដែល​ជា​ព្រះ​មាតា​របស់​ព្រះ​អង្គ គង់ប្រថាប់ ពេល​ដែល​ព្រះ​អង្គ​ត្រូវ​យាង​ទៅ​គង់​នៅ​ព្រះ​បរមរាជវាំងចតុ​មុខ​វិញ។ ក្រោយ​មកទី​នោះ​​ក៏​ក្លាយជា​វត្ត​អារាម ហើយ​ជាប់​នាមជា វត្ត​ហរិរក្សរាជិនី ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

          ក្នុង​សម័យ​ដើម​វត្ត​នេះ​មាន​ភាពរុង​រឿង ជា​វត្ត​សំបូរ​ដោយ​គម្ពីរ​ដីកា ភាសា​បាលី និង សំរាយ ជា​វត្ត​ដែល​បណ្តុះ បណ្តាល​ព្រះ​សង្ឃ បណ្ឌិត ជា​ច្រើន​អង្គ​ក្រោម​ព្រះ​រាជូបត្ថម្ភ​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ។ ប៉ុន្តែ​វត្ថុ​បុរាណ និង សមិទ្ធផល ស្ទើរតែ​ទាំង​អស់​នៅ​ក្នុង​ទី​អារាម​នេះ​ត្រូវ​បាន​បាត់​បង់អន្តររាយ​ដោយ​សារសង្រ្គាម និង របបប្រល័យពូជសាសន៍។ ក្រោយ​ថ្ងៃ​០៧ មករា ឆ្នាំ​១៩៧៩ ទី​អារាម​នេះ​ត្រូវ​បាន​បើក​ដំណើរ​ការ​ឡើង​វិញ ប៉ុន្តែ​ដំបូង​ឡើយ​មាន​តែសាឡុំ​មួយ ដែល​សង់​លើទីទួល​ព្រះ​វិហារ​ចាស់។ លុះមក​ដល់​ថ្ងៃ​ច័ន្ទ ៥​កើត ខែ​ពិសាខ ឆ្នាំ​ជូត អដ្ឋស័ក ត្រូវ​នឹង​ថ្ងៃ​ទី២៤ ខែ​មេសា ឆ្នាំ​១៩៩៦ ព្រះ​វិហារ​ថ្មី​សព្វ​ថ្ងៃ​ត្រូវ​បាន​​ចាប់​ផ្តើម​ស្ថាបនា​ក្រោម​គំនិត​ផ្តួច​ផ្តើម​ដឹក​នាំ​របស់​សម្តេច​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ដែល​ជា​ពុទ្ធ​សាសនូបត្ថម្ភ​ដ៏​សកម្ម។ ព្រះ​វិហារ​វត្ត​វាំង​ចាស់​ត្រូវ​បាន​បញ្ចុះ​សី​មាន​ៅ​ថ្ងៃ​សុក្រ ១២រោច ខែផល្គុន ឆ្នាំ​ជូត អដ្ឋស័ក ព.ស. ២៥៤០ ត្រូវ​នឹង​ថ្ងៃ​ទី០៤ ខែ​មេសា ឆ្នាំ​១៩៩៧។

          ក្រៅ​ពីសមិទ្ធផល​ព្រះ​វិហារ​ថ្មី សមិទ្ធផលជា​ច្រើន​ត្រូវ​បាន​កសាង​អភិវឌ្ឍជា​បន្ត​បន្ទាប់​គួរ​ឲ្យ​កត់​សម្គាល់ រួម​មាន ដងទង់ របង ក្លោងទ្វារ ឧបដ្ឋាន​សាលា កុដិ សាលា​រៀន សាលា​ពុទ្ធិក​សិក្សា រូបសំណាកវីរ​បុរស​ស្នេហា​ជាតិ ព្រម​ទាំង ផ្លូវ​បេតុង។ ទន្ទឹម​នឹង​នេះ វត្ត​ក៏​នៅ​សេសសល់ស្លាកស្នាម​ប្រវត្តិសាស្រ្ត​មួយ​ចំនួន​សម្រាប់​សិស្ស និស្សិត និង អ្នក​ស្រាវ ជ្រាវ​ជាតិ​និង​អន្តរជាតិ​សិក្សា​ស្វែង​យល់​ដូចជា ស្រះ​ទឹក​ឃ្លាំង​ប្រាក់ ស្រះសារពើយុត្តិ ស្រះស្រង់ ទី​តាំង​ខឿន​ព្រះ​វិហារ ចាស់ (អតីត​ប្រាសាទ​ទេវា​វិនិច្ឆ័យ​នៃ​ព្រះ​បរមរាជវាំង​ចាស់) ហោត្រៃ (បណ្ណាល័យ) សាលា​ឆាន់ និង កាំ​ភ្លើង​បុរាណ ចំនួន​១១​ដើម​សម្រាប់​ដាក់​តាំង​លម្អ​ជុំ​វិញ​ទី​តាំង​ព្រះ​វិហារ​ចាស់​ថែម​ទៀត​ផង។ បច្ចុប្បន្ន ទី​អារាម​នេះ​បាន​ក្លាយជា រមណីយដ្ឋាន​សម្រាប់​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កំសាន្ត ជួប​ជុំ​ធ្វើ​បុណ្យ​ទាន​នានា និង ជាទី​តាំង​ប្រវត្តិសាស្រ្ត​ដ៏​ពិសិដ្ឋ សម្រាប់​បណ្តា​សិស្ស​និស្សិត​មកពី​គ្រប់​មជ្ឈដ្ឋាន​ជិត​ឆ្ងាយ​ចុះ​ធ្វើ​កម្ម​សិក្សា​ឬ​ទស្សនកិច្ច​សិក្សា​ជាហូរហែពុំសូវដាច់៕

Article by SRIN SOKMEAN



SUGGESTIONS