×

សរ ហាក់ឆាយ ជំនះ​នឹង​គ្រួសារ​ដើម្បី​ក្លាយ​ជា​អ្នក​គូរ​រូប​ដ៏​មាន​ប្រជា​ប្រិយ៍​ម្នាក់

NEWS 3 months ago
 
 

          ​នៅ​ក្នុង​ពិភពការ​ងារ​ច្នៃ​ប្រឌិត ដូច​ជាការ​រចនា​ខិត្តប័ណ្ណ ផ្ទាំង​​ពាណិជ្ជកម្ម ស្លាកសញ្ញា និង​ការ​ងារ​រចនា​មួយ​ចំនួន​ទៀត កំពុង​ត្រូវ​ការ​អ្នក​គូរ​គំនូរ​ជា​ច្រើន ដើម្បី​​ជា​ជំនួយ​ដល់​ការ​រចនា​ឲ្យ​កាន់​តែ​មាន​ភាពស្រស់​ស្អាត និង​ភាពច្នៃ​ប្រឌិត។ ដោយ​សារការគូរ​គំនូរ​ទាមទារ​ឲ្យ​មាន​ភាព​អត់ធ្មត់ និង​ទេពកោសល្យពី​កំណើត​ផង ទើប​ចំនួន​អ្នក​គូរ​គំនូរ​នៅ​ក្នុង​ស្រុក​មាន​ចំនួន​ទាប​ធៀប​នឹង​ជំនាញ​ផ្សេងៗ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី គុណភាព​គំនូរ​របស់​វិចិត្រករ​ខ្មែរ​មាន​កម្រិត​មួយ​ដ៏​គួរ​ឲ្យ​កោតសរសើរ តួ​យ៉ាង​ដូចជា អ្នក​គូរ​គំនូរ​វ័យ ២១ឆ្នាំ សរ ហាក់​ឆាយ ជា​អ្នក​គូរ​គំនូរ​សម្រាប់​ការ​រចនា (Illustrator) ដែល​កំពុង​ព្យាយាម​កសាង​ស្នា​ដៃ​របស់​ខ្លួន​នៅ​ក្នុង​ទី​ផ្សារ​ការ​ងារ​ក្នុង​ស្រុក។


          ហាក់​ឆាយ ត្រូវ​បាន​គេ​ស្គាល់​ថាជា​អ្នក​គូរ​គំនូរ​វ័យ​ក្មេង ដែល​ល្បីល្បាញ​តាម​រយៈការ​ផ្សព្វ​​ផ្សាយ​ស្នា​ដៃ​ផ្ទាល់​ខ្លួន​នៅ​លើ​បណ្តាញ​សង្គម។ អ្នក​គូរ​គំនូរ​ឯករាជ្យ​រូប​នេះ និយម​គូរ​គំនូរ​បែប​ហ្វេហ្សិន និង​ការ​សរសេរ​អក្សរ​ប្លែកៗ (graffiti)។ ថ្មីៗ​នេះ សិល្បៈ​នៃ​ការគូរ​គំនូរ​របស់​ហាក់​ឆាយ ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​កម្មវិធី "និទាន" ក្នុង​ការគូរ​គំនូរ​ភ្លាមៗ នូវ​ផ្នែក​មួយ​នៃ​រឿង​និទាន​ខ្មែរ រឿង "ក្អែក​មួយ​ជាក្អែកដប់"។ ត្បិតតែ​មិន​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​នៅ​គ្រឹះស្ថាន​អប់រំ​ផ្នែក​គូរ​គំនូរ​វិចិត្រកម្ម​ណាក្តី ប៉ុន្តែ ហាក់​ឆាយ មាន​ស្នា​ដៃ​គូរ​គំនូរ​ប្លែក​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​ថែម​ទាំង​អាចរក​ចំណូល​សម្រាប់​ខ្លួន​ឯង​តាំង​ពី​វ័យ​ប្រមាណ ១៦ឆ្នាំ ចាប់​ផ្តើម​ពីការគូរ​គំនូរ​សម្រាប់​បោះ​ពុម្ភលើអាវយឺត​របស់​ក្រុម​ហ៊ុន​កាហ្វេ ប្រោន។
ការគូរ​គំនូរ គឺជា​ការ​ងារ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ដែល​បាន​ផ្តល់​ជាការ​កំសាន្ត​ថែម​ទាំង​អាចរក​ចំណូល​បាន​ថែម​ទៀត​ផង។ លើស​ពី​នេះ​ទៅ​ទៀត សម័យ​ទំនើប​នេះ​បាន​ផ្តល់​តម្លៃ​ការ​ងារ​ជា​អ្នក​គំនូរ ថាជាសិល្បករ​ដែល​មាន​ភាពច្នៃ​ប្រឌិត​មួយ​បែប​តាម​រយៈការ​បង្ហាញ​ពីភាពស្រ​មើល​ស្រមៃ​របស់​ខ្លួន​ឲ្យ​ចេញ​ជា​រូបភាព។ ហាក់​ឆាយ និយាយ​ថា «ការ​ងារ​សិល្បៈ​គឺជា​ការ​ធ្វើ​ការ​ងារ និង​ការ​រីក​រាយ​នូវ​អ្វី​ដែល​យើង​ចូល​ចិត្ត​ធ្វើ​ខ្លាំង​បំផុត។»
          អ្វី​ដែល​ជាការ​លំបាក​នៅ​ក្នុង​ការ​ដើរ​លើវិថីសិល្បៈ​គំនូរ គឺការ​ព្យាយាម​ទាញ​យកផ្នត់​គំនិត​ក្នុង​សង្គម​ខ្មែរ ដែល​ធ្លាប់​តែ​គិត​ថា​ជំនាញ​គូរ​គំនូរ គឺជា​ជំនាញ​ដែល​ពិបាក​រក​ទី​ផ្សារ​ការ​ងារ។ «កាល​ខ្ញុំ​នៅ​ពី​ក្មេង ប៉ា​របស់​ខ្ញុំ​ថែម​ទាំង​ធ្លាប់​ដុត​សៀវភៅ​គំនូរ​របស់​ខ្ញុំ​ចោល​ថែម​ទៀត​ផង។ អ្វី​ដែល​ខ្ញុំ​ចង់​ផ្តាំ​ទៅ​កាន់​អ្នក​ផ្សេង គឺ​ពេល​ខ្លះ​យើង​មិន​បាច់​ប្រាប់​ដល់​ឪពុក​ម្តាយ​របស់​យើង​ថា​យើង​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ​នោះ​ទេ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​បង្ហាញ​គាត់​ម្ដង​បន្តិចៗ ដើម្បី​​ឲ្យ​គាត់​បាន​ឃើញ​ការ​ងារ​របស់​យើង​សិន ព្រោះ​យើង​កំពុង​រស់​នៅ​ក្រោម​ការគ្រប់​គ្រង​របស់​ឪពុក​ម្តាយ ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ស្តាប់​ការ​សម្រេច​ចិត្ត​របស់​គាត់​ផង និង​ខ្លួន​ឯង​ផង។»ទី​ផ្សារ​ការ​ងារ​សម្រាប់​អ្នក​គំនូរ Illustrator ដូចជា​ហាក់​ឆាយ​មាន​ច្រើន​គួរ​សម ដែល​អាចរក​ចំណូល​សម្រាប់​ខ្លួន​បាន ទាំង​ការ​ធ្វើ​ការ​ឯករាជ្យ និង​ការ​ងារ​ពេញ​ម៉ោង បើ​ទោះ​យ៉ាង​នេះ​ក្តី អ្នក​គំនូរ​វ័យ​ក្មេង​រូប​នេះ ចូល​ចិត្ត​ធ្វើ​ការ​បែប​ឯករាជ្យ​ច្រើន​ជាង ដើម្បី​​កាត់​បន្ថយ​សម្ពាធ។ បច្ចុប្បន្ន​នេះ ហាក់​ឆាយ កំពុង​ផ្តោត​លើការគូរ​គំនូរ​លើក្រដាស ហើយ​ជំហាន​បន្ទាប់គឺ​ខិតខំ​បង្កើន​​សមត្ថភាព​និង​ស្នា​ដៃ​ការ​ងារ​របស់​ខ្លួន ដើម្បី​​បំ​ពេញ​ក្តីស្រមៃ​របស់​ខ្លួន​ក្នុង​ការ​ទៅ​សិក្សា​មហា​វិទ្យា​ល័យ​ដើម្បី​​បង្កើន​​ជំនាញ​ក្នុង​ការគូរ​គំនូរ​នៅ​បរទេស។


          គូរ​គំនូរ​បណ្តើរជជែកបណ្តើរ ហាក់​ឆាយ ពន្យល់​ពី​បច្ចេកទេស​ខ្លះៗ​នៃ​ការគូរ​គំនូរ​ថា YouTube ជា​កន្លែង​ដែល​អាច​រៀន​ពី​តិច​និកគូរ​គំនូរ​ថ្មីៗ​បាន​យ៉ាង​ងាយ ហើយ​ក្រៅ​ពី​នោះ​គឺពឹង​លើការ​អត់ធ្មត់​និង​ការ​សង្កេត​ផ្ទាល់​ខ្លួន។ «ពេល​ខ្លះ​ដែល​ខ្ញុំ​ឃើញ​រូប ឬ​ឃើញ​ពណ៌​ថ្មីៗ​ប្លែក​នៅ​កន្លែង​ណាមួយ ខ្ញុំ​តែង​តែកត់ត្រាទុក ឬ​គូររូប​នោះ​ទុក ដើម្បី​​យកមក​ទុក​ប្រើ​ពេល​ក្រោយ។ ពេល​ខ្លះ​ខ្ញុំ​មើល​រូប​ផ្សេងៗ និង​ពណ៌​ដែល​គេ​និយម​នៅ​លើ អ៊ីនធឺណេត ហើយ Save វាទុក ដូច្នេះ​ពេល​ក្រោយ​ដែល​ខ្ញុំ​ត្រូវ​គូររូប ខ្ញុំ​មាន​គំនិត​ក្នុង​ខ្លួន​ស្រាប់» ហាក់​ឆាយ​និយាយ​ហើយ​បន្ថែម​ថា ការគូរ​គំនូរ​កាន់​តែ​ច្រើន នឹង​បណ្តុះ​គំនិត​ថ្មីៗ​កាន់​តែ​ច្រើន ដែល​ជំរុញ​ការគូរ​គំនូរ​ឲ្យ​កាន់​តែងាយស្រួល។ អ្នក​គូរ​គំនូរ​ដូចជា ហាក់​ឆាយ យក​ចិត្ត​ទុក​ដាក់​លើការ​ប្រើ​ប្រាស់​ពណ៌ លោក​និយាយ​ថា «ពណ៌​គឺ​សំខាន់ ដើម្បី​​ចៀស​វាង យើង​ប្រើ​ប្រាស់​ពណ៌​ដ​ដែលៗ ដូច្នេះ​ត្រូវ​មើល​ពណ៌​ដែល​គេ​និយម។» ហាក់​ឆាយ​បន្ថែម​ទៀត​ថា ការគូរ​គំនូរ​សម្រាប់​អ្នក​ដែល​ស្រលាញ់​ការគូរ​គំនូរ ហើយ​ធ្លាប់​គូរ​គំនូរ​លេង​តាំង​ពី​វ័យ​កុមារ​ដូចជា​ខ្លួន មិន​មាន​ការ​លំបាក​ទេ ខណៈ​ដែល អ្នក​គូរ​គំនូរ​រូប​នេះ ត្រូវ​ការ​ពេល​ត្រឹម​តែ ៣​ម៉ោង​ប៉ុណ្ណោះ​សម្រាប់​ការគូរ​គំនូរ​មួយ​ផ្ទាំង។ ប៉ុន្តែ សម្រាប់​អ្នក​ដែល​ចង់​រៀន​គូរ​គំនូរ​ត្រូវ​ទាមទារ​ការ​អត់ធ្មត់​ខ្ពស់​ក្នុង​ការគូររូប ទោះ​បីជាស្នា​ដៃ​គំនូរ​ដំបូង​ពិបាក​ទទួល​យក​យ៉ាង​ណាក្តី។ រីឯ​សម្ភារ​ៈ​គំនូរ​វិញ ហាក់​ឆាយ បន្ថែម​ថា ការគូរ​គំនូរ​ត្រូវ​ការ​ឲ្យ​មាន​សម្ភារ​​ច្រើន​បន្តិច ដែល​សម្ភារ​ទាំង​នោះ​ភាគ​ច្រើន​ត្រូវ​ទិញ​នៅ​ក្រៅ​ប្រទេស៕

Article by VA SONYKA

 



SUGGESTIONS